
តាមគម្រោងការជិះក្នុងចម្ងាយ ២០០គីឡូម៉ែត តែវាត្រូវបានបន្ថយត្រឹមតែ ១៣០គីឡូម៉ែត្រវិញ។ រូបថត សហការី
សៀមរាប៖ មកដល់ប្រទេសកម្ពុជាលើកដំបូងក្នុងអាយុ ១៨ឆ្នាំ អ្នកនាងជនជាតិអូស្រ្តាលី អេមមីលី វីល្លាមស៊ុន (Emily Williamson) ត្រូវបានជំរុញផ្លូវចិត្តឱ្យត្រឡប់មកដែនដីនេះវិញ ដើម្បីជួយប្រជាជនក្រីក្រលំបាក និងការអភិវឌ្ឍសហគមន៍។
នៅឆ្នាំ២០១៦ អ្នកនាងក៏បានសម្រេចចិត្តមករស់នៅលើទឹកដីសៀមរាប និងលះបង់ជីវិតកម្លាំងកាយចិត្តផ្ដួចផ្ដើមបង្កើតអង្គការ REACH ជាអង្គការសប្បុរសធម៌ចុះបញ្ចីនៅអូស្ត្រាលី និងកម្ពុជា ក្នុងបេសកកម្មជ្រោមជ្រែងក្រុមគ្រួសារសហគមន៍ប្រឆាំងនឹងភាពក្រីក្រ។
ប៉ុន្តែកិច្ចការនេះមិនមែនជារឿងងាយស្រួលនោះ ជាពិសេសក្នុងស្ថានភាពវិបត្តិកូវីដជាសកលលោក។
អ្នកនាង Shiv Fray ជាប្រធានទំនាក់ទនងបានប្រាប់ថា៖ «អង្គការយើងឈរនៅលើការឧបត្ថម្ភពីឯកជនជុំវិញពិភពលោក គ្មានការឧបត្ថម្ភពីម្ចាស់ជំនួយណាធំដុំទេ។ ហេតុនេះពួកយើងមានការប្រឈមមុខនឹងបញ្ហាច្រើនដែរ កាន់តែពេលកូវីដលុកលុយ ពួកយើងកាន់តែជួបប្រទះវិបត្តិហិរញ្ញវត្ថុខ្លាំង»។

លើកទីមួយធ្វើនៅថ្ងៃទី៩ និងទី១០ និងលើកទីពីរធ្វើនៅថ្ងៃទី ១៦ និង ១៧។ រូបថត សហការី
អង្គការក៏បានព្យាយាមរិះរកមធ្យោបាយកៀងគរមូនិធិ ដើម្បីទ្រទ្រង់សកម្មភាពរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។
អ្នកនាង Fray ក៏បានឱ្យដឹងទៀតថា គំនិតនៃការធាក់កង់ដើម្បីសប្បុរសធម៌នេះកើតឡើងពីអ្នកនាង អេមមីលី ផ្ទាល់ព្រោះអ្នកនាងធ្លាប់ជាសមាជិកចូលរួមការធាក់កង់ ដើម្បីសប្បុរសធម៌នេះនៅប្រទេសថៃ ហើយឃើញថាវាទទួលបានការគាំទ្រច្រើនសម្រាប់ការជួយដល់សង្គម។
អាស្រ័យហេតុនេះអ្នកនាងសម្រេចចិត្តយកគម្រូនេះមកអនុវត្តជាមួយអង្គការ REACH ដើម្បីជួយដល់កុមារ និងគ្រួសារក្រីក្រជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដោយសព្វថ្ងៃថ្ងៃអង្គការបានជួយកុមារចំនួន ២២០នាក់មកពី ១៣៥គ្រួសារ។
ការរៀបចំកម្មវិធីការធាក់កង់សប្បុរសធម៌នេះ ដើមឡើយមានការចូលរួមពីអ្នកឧបត្ថម្ភមកពីបណ្ដាប្រទេសផ្សេងៗមកកាន់ប្រទេសកម្ពុជា ហើយក៏ជាការជិះកង់លំដាប់អន្តរជាតិ ក្នុងរយៈចម្ងាយ ៦៥០គីឡូម៉ែត ដើម្បីជួយដល់អង្គការ REACH ក្នុងខែមករា ឆ្នាំ២០២១។

ការចិះកង់ចម្ងាយ ២០០គីឡូម៉ែតចំនួន ២ លើកមុនមានកុមារចំនួន ២១នាក់ចាប់ពីអាយុ ១៥ ទៅ១៧ឆ្នាំបានចូលរួម។ រូបថត សហការី
ប៉ុន្តែដោយសារតែមានការបិទព្រំដែនពីប្រទេសមួយទៅមួយ ការប្រព្រឹត្តទៅនៃកម្មវិធីត្រូវបានសន្មតថា មិនអាចទៅរូច។
យ៉ាងណាមិញអ្នកគ្រប់គ្រង REACH បានប្ដូរយុទ្ធសាស្រ្តដោយបំបែកព្រឹត្តិការណ៍តែមួយ ទៅជាបីកម្មវិធី និងមានការចូលរួមពីចំនួន ១១ប្រទេស នៅតាមទីតាំងរៀងៗខ្លួនវិញ ដោយខ្លះជាការធាក់កង់ ខ្លះជាការហែលទឹក និងខ្លះជាការរត់តាមចំណូលចិត្ត។
អ្នកនាង Fray បានរៀបរាប់ពីកម្មវិធីមួយៗមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «លើកទីមួយធ្វើនៅថ្ងៃទី៩ និងទី១០ និងលើកទីពីរធ្វើនៅថ្ងៃទី ១៦ និង ១៧។ លើកទីមួយ មានកុមារ ១០នាក់ និងលើកទីពីរគឺយើងរៀបចំឡើងចម្ងាយក្នុងការធាក់កង់ចំនួន ២០០គីឡូម៉ែត ដោយមានកុមារចំនួន ១១នាក់ចាប់ពីអាយុ ១៥ ទៅ១៧ឆ្នាំ»។
អ្នកនាងបន្តទៀតថា៖ «សម្រាប់លើកទី៣ គឺធ្វើនៅចុងសប្ដាហ៍នេះតែម្ដងគឺថ្ងៃទី២៣ និង២៤ ដោយអ្នកធាក់កង់គឺកុមារ ដែលមានអាយុពី ១២ ទៅ ១៦ឆ្នាំ ដែលជាក្រុមដែលក្មេងជាងគេ។ ដូច្នេះជំនួសឱ្យដំណើរការទៅតាមគម្រោង ដែលបានគ្រោងទុកសម្រាប់ចំនួន ២០០គីឡូម៉ែត ប្តូរទៅត្រឹមតែ ១៣០គីឡូម៉ែត្រវិញ»។

អំឡុងពេលធាក់កង់ផងដែរ និងមានរថយន្ត ឬរ៉ឺម៉កផ្ទុកឧបករណ៍សង្រ្គោះបឋម និងជិះតាមមើលថែកុមារ។ រូបថត AFP
មុនដំណើរការធាក់កង់ និងក្នុងអំឡុងពេលធាក់កង់ Fray បានឱ្យដឹងថា ពួកគាត់មានការរៀបចំល្អិតល្អន់ណាស់សម្រាប់ក្មេងៗក្នុងការធ្វើកម្មវិធីនេះ ដោយមុនការចាប់ផ្ដើមពួកគាត់ត្រូវតែច្បាស់ថា កុមារបានទទួលទានអាហារបំប៉នត្រឹមត្រូវ។
អំឡុងពេលធាក់កង់ផងដែរ និងមានរថយន្ត ឬរ៉ឺម៉កផ្ទុកឧបករណ៍សង្រ្គោះបឋម និងជិះតាមមើលថែកុមារណា ដែលចង់សម្រាក ឬមានការណីដួលជាដើម។
អ្នកនាងក៏បានឱ្យដឹងដែរថា៖ «ចំពោះកម្មវិធីកន្លងមក កុមារមានឧបសគ្គខ្លះដែរក្នុងការធាក់កង់ ព្រោះនៅតាមផ្លូវវាមានកន្លុកគន្លាក់ច្រើន តែក្រៅពីនេះពួកគេអស្ចារ្យណាស់ ដែលអាចសម្រេចបានទៅដល់គោលដៅ»។
អ្នកនាងបានបន្តទៀតថា៖ «នៅថ្ងៃបញ្ចប់ ឪពុកម្ដាយកុមារ និងអ្នកចូលរួមផ្សេងទៀតនឹងឈរចាំអបអរសាទរផ្ដល់កម្លាំងចិត្តដល់ពួកគេពេលធាក់មកដល់ទិសដៅបញ្ចប់។ បន្ទាប់ពីនោះអង្គការបានចែកជូនជារង្វាន់ និងមេដៃដល់ពួកគេលើឆាកជាការទទួលស្គាល់ពីលទ្ធផលសម្រេចពួកគេ»។

ក្មេងៗចូលរួមជិកង់លើចម្ងាយផ្លូវវែង ត្រូវបានស្ញប់ស្ញែងពីភាពអស្ចារ្យ ដែលអាចសម្រេចបានទៅដល់គោលដៅ។ រូបថត សហការី
សម្រាប់រយៈពេលពីរលើក ដែលកុមារបានចូលរួមធាក់កង់រួចមកហើយ គឺទទួលបានជោគជ័យយ៉ាងខ្លាំងក៏មានការចូលរួមបរិច្ចាគសមល្មមសម្រាប់ទ្រទ្រង់អង្គការបានរយៈពេលបួនខែកន្លះផងដែរ។ នេះបើតាមសម្ដីរបស់អ្នកនាង Fray។
មូលនិធិនេះអង្គការនឹងយកមកបែងចែកចំណាយទៅលើដំណើរការជាច្រើនដូចជា ផ្ដល់ទៅការសិក្សាអប់រំ សុខភាព អាហាររួបត្ថម្ភ ចំណេះជំនាញកុំព្យូទ័រ និងការចែកជូនជាអង្ករទៅតាមគ្រួសារ។
អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមការបរិច្ចាគដល់អង្គការ សូមចូលទៅកាន់វិបសាយ www.reachsiemreap.org/donate។ ការបរិច្ចាគទៅលើអ្នកចូលរួមធាក់កង់អាចធ្វើឡើងតាមតំណរភ្ជាប់https://reachsiemreap.org/collections/side-by-side-riders/products/side-by-side និងមួយទៀតការបរិច្ចាគប្រចាំខែអាចធ្វើឡើងតាម https://reachsiemreap.org/pages/running-costs-club៕

មុនការចាប់ផ្ដើមពួកគាត់ត្រូវតែច្បាស់ថា កុមារបានទទួលទានអាហារបំប៉នត្រឹមត្រូវ។ រូបថត សហការី

ឪពុកម្ដាយកុមារ និងអ្នកចូលរួមផ្សេងទៀតនឹងឈរចាំអបអរសាទរផ្ដល់កម្លាំងចិត្តដល់ពួកគេពេលធាក់មកដល់ទិសដៅបញ្ចប់។ រូបថត សហការី