ក្រុងគែរ: ក្រុមអាជ្ញាធរអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនម្ចាស់អូដ្ឋម្នាក់ និងស្ដ្រីម្នាក់ ពីបទជួយជ្រោមជ្រែងជនជាតិដាណឺម៉ាក ២ នាក់ឡើងប្រាសាទពីរ៉ាមីត ជីហ្សា ដើម្បីថតវីដេអូ និងរូបអាក្រាត ដែលបង្កជាការខឹងសម្បាយ៉ាងខ្លាំង។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ដ្រីម្នាក់បានណែនាំទេសចរទាំង ២ ជួបម្ចាស់អូដ្ឋ ដែលបាននាំពួកគេទៅកាន់តំបន់ប្រាសាទដោយខុសច្បាប់នាពេលរាត្រី កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ជាថ្នូរនឹងប្រាក់ ៤០០០ ផោនអេហ្ស៊ីប (២២៥ ដុល្លារ)។
ក្នុងវីដេអូ ដែលហៅថា «ឡើងប្រាសាទពីរ៉ាមីត ជីហ្សា» ជាងថតរូបដាណឺម៉ាក Andreas Hvid បានឡើងប្រាសាទផ្នូរបុរាណ ៤៥០០ ឆ្នាំ នៅ ក្រៅក្រុងគែរជាមួយស្ដ្រីម្នាក់ ដែលក្រោយមក ត្រូវបានមើលឃើញដោះអាវថែមទៀត។
Hvid បាននិយាយថា វីដេអូនោះ ត្រូវបានថតនាចុងខែវិច្ឆិកា និងបង្ហោះលើបណ្ដាញសង្គម យូធូប កាលពីថ្ងៃទី ៨ ខែធ្នូ ដែលនាំឲ្យអាជ្ញាធរអេហ្ស៊ីបបើកការស៊ើបអង្កេតតែម្ដង។
គ្រាន់តែ ៣ នាទី ប៉ុណ្ណោះ វីដេអូមួយនេះ មានអ្នកចូលទស្សនាជាង ៤,៥ លានដង ហើយបានបង្កជាកំហឹងពាសពេញប្រទេសអេហ្ស៊ីប។
អ្នកប្រើប្រាស់បណ្ដាញសង្គម twitter នៅអេហ្ស៊ីប បានសរសេរថា៖ «ភាពស៊ីវិលល័យ ៧០០០ ឆ្នាំនេះ ត្រូវរលាយខ្សុលហើយ»។
លោក Hvid អាយុ ២៣ ឆ្នាំ បានរៀបរាប់ប្រាប់កាសែតក្នុងស្រុក Ekstra Bladet ថា លោកមានក្ដីប្រាថ្នាចង់ឡើងប្រាសាទពីរ៉ាមីត ព្រមទាំងថតរូបអាក្រាតថែមទៀត។
ប្រាសាទពីរ៉ាមីត ជាប្រាសាទធំបំផុតនៅជីហ្សា ដោយមានកម្ពស់ ១៤៦ ម៉ែត្រ និងជាសំណង់បុរាណស្ថិតក្នុងអច្ឆរិយទាំង ៧ ក្នុងលោក។ ការឡើងប្រាសាទបុរាណនេះ ត្រូវបានហាមឃាត់៕