ក្រុងញូវដែលី: សមាជិកក្រុមគ្រួសារ Bathini Goud បានផ្ដល់ «ឱសថត្រី» ដល់អ្នកជំងឺម្នាក់នៅទីលានពិព័រណ៍ក្នុងក្រុងហៃដឺរ៉ាបាប រដ្ឋតេឡានហ្គាណា ប្រទេសឥណ្ឌា នាខែមិថុនានេះជាមួយពិធីស្វាគមន៍រដូវមូសុងប្រចាំឆ្នាំ។
ឱសថ ដែលត្រូវបានផ្ដល់ដោយក្រុមគ្រួសាររស់នៅក្នុងទីក្រុងឥណ្ឌាភាគខាងជើងនេះដល់អ្នកជំងឺតាំងពីឆ្នាំ ១៨៤០ ជាវិធីព្យាបាលជំងឺហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងៗ ត្រូវបានញាត់ត្រីមូរ៉េទាំងរស់ចូលមាត់អ្នកជំងឺ។
ពួកគេប្រើឱសថបុរាណពណ៌លឿង ដែលគេជឿថាបានផ្ដល់ការព្យាបាលជំងឺច្រើនមុខ បើលេបជាប្រចាំរយៈពេល ៣ ឆ្នាំ។ សម្រាប់អ្នកទទួលទានបួស ក្រុមគ្រួសារប្រើឱសថបុរាណនេះជាមួយស្ករអំពៅ។
Bathini Harinath Goud បាននិយាយថា សមាជិកគ្រួសារពួកគេបានផ្ដល់វេជ្ជសាស្ដ្របុរាណនេះទៅកាន់អ្នកជំងឺចំនួន ៤០ ទីតាំង។ ក្រសួងនេសាទ បានផ្គត់ផ្គង់ត្រីប៉ុនម្រាមដៃប្រមាណ ១៣ ម៉ឺនក្បាល សម្រាប់ដាក់លក់នៅតាមទីតាំងនីមួយៗ ទោះចំនួនអ្នកជំងឺពិតប្រាកដដែលហ៊ានលេបត្រីរស់នេះមានមិនដល់ ១០ ម៉ឺននាក់ក៏ពិតមែន។
ការព្យាបាលបែបបុរាណ ដែលពឹងលើរូបមន្ដថ្នាំបុរាណដ៏អាថ៌កំបាំងនេះ បានទាក់ទាញមនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេស។ ប៉ុន្ដែចំនួនអ្នកជំងឺហ៊ានលេបឱសថនេះបានថមថយពីមួយឆ្នាំទៅមួយឆ្នាំ។
វិស័យវេជ្ជសាស្ដ្រ ចាត់ទុកជាទង្វើបោកប្រាស់ ប៉ុន្ដែ ក្រុមគ្រួសារ Goud បានអះអាងថា ការពិសោធបានបង្ហាញ ថា ឱសថបុរាណនេះមានសុវត្ថិភាព៕