
ដោយមើលឃើញពីតម្រូវការម៉ាស់ស្អាតៗ អ្នកច្នៃម៉ូដវៀតណាមបានរំលេចសិល្បៈប៉ាក់ផ្កា និងរូបភាពលើក្រណាត់ម៉ាស់។ រូបថត AFP
ក្រុងហាណូយ : ការពាក់ម៉ាស់លែងជារឿងគួរឲ្យធុញទ្រាន់ទៀតហើយ នៅវៀតណាម។ អ្នកច្នៃម៉ូដសម្លៀកបំពាក់ឯទីក្រុងហាងណូយ បានបន្ថែមរចនាប័ទ្មលម្អដល់គ្រឿងពាក់ការពារខ្លួន ដើម្បីជំរុញឲ្យមនុស្សកាន់តែច្រើនជ្រើសរើសពាក់ម៉ាស់ការពារខ្លួន និងមនុស្សជុំវិញខ្លួន។
អ្នកច្នៃម៉ូដនៅវៀតណាម បានបង្កើតម៉ាស់ដែលមានប៉ាក់រូបភាពទាក់ទាញចិត្តមនុស្សឲ្យចាប់អារម្មណ៍នឹងការពាក់ម៉ាស់ការពារខ្លួនពីវីរុសកូរ៉ូណា។
នៅប្រទេសវៀតណាម ការពាក់ម៉ាស់នៅទីសាធារណៈគឺជាកតព្វកិច្ច ហើយអជ្ញាធរក៏ធ្វើការពិន័យដល់អ្នកដែលមិនគោរពបទបញ្ជានេះផងដែរ។
យ៉ាងណាមិញ ជនបរទេស និងភ្ញៀវទេសចរតែងតែត្រូវបានគេប្រទះដើរតាមផ្លូវដោយមិនមានពាក់ម៉ាស់។

អ្នកពាក់ម៉ាស់នឹងលែងត្អូញពីភាពគួរឲ្យធុញទ្រាន់នៃការពាក់ម៉ាស់ដដែលៗ។ រូបថត AFP
អ្នកច្នៃម៉ូដនៅក្រុងហាណូយ ដូ ង្វៀនហាវ រំពឹងថា ការបន្ថែមក្បាច់ផ្កា រូបសត្វ សត្វល្អិត និងរូបភាពនានាប៉ាក់ដោយដៃ អាចទាញចំណាប់អារម្មណ៍មនុស្សឲ្យជ្រើសរើសយកការពាក់ម៉ាស់ស្អាតៗ។
អ្នកច្នៃម៉ូដរូបនេះបានលើកឡើងថា៖ «ជនបរទេសខ្លះនៅតែស្រពិចស្រពិលពីការពាក់ម៉ាស់ ព្រោះពួកគេគិតថា ទាល់តែអ្នកមានជំងឺទើបត្រូវពាក់ម៉ាស់»។
អ្នកនាង ដូ ង្វៀនហាវ បានលើកឡើងទៀតថា៖ «អ៊ីចឹងហើយ ខ្ញុំចង់ប្រើប្រាស់សិល្បៈដេរប៉ាក់ដ៏ផ្ចិតផ្ចង់នេះ ផ្លាស់ប្ដូរគំនិតរបស់ពួកគេ។
នាងបាននិយាយថា ម៉ាស់ប៉ាក់ដោយដៃមួយ ត្រូវប្រើពេលប្រមាណ ៣ ថ្ងៃ ខណៈម៉ាស់ប៉ាក់ដោយម៉ាស៊ីនងាយស្រួល និងមានល្បឿនលឿនក្នុងការផលិត។
អ្នកច្នៃម៉ូដ ដូ ង្វៀនហាវ បានឲ្យដឹងទៀតថា៖ «ខ្ញុំចង់ឲ្យម៉ាស់ទាំងនេះមានភាពពិសេសលើពីម៉ាស់ពាក់ការពារទូទៅ។ វាជាហ្វេសសិនសម្រាប់ទាំងបុរស និងនារី»។

ម៉ាស់មានជម្រើសប៉ា់ក់ដោយដៃ តម្លៃ ២១ ដុល្លារ និងប៉ាក់ដោយម៉ាស៊ីនងាយផលិត ហើយធូរថ្លៃជាង។ រូបថត AFP
ម៉ាស់ធ្វើពីក្រណាត់កប្បាសមានរូបប៉ាក់មួយ មានតម្លៃ ២១ ដុល្លារអាមេរិក ដែលលើសពីលទ្ធភាពចំណាយរបស់ពលរដ្ឋវៀតណាមជីវភាពមធ្យម។ ប៉ុន្តែគ្រាន់តែចាប់ផ្ដើមដេរដំបូង នាងទទួលបានការកុម្ម៉ងកាលពីខែមីនា រហូតចំនួន ២០០ ម៉ាស់។
រីឯអ្នកស្រី ង្វៀន ម៉ាយត្រា ជាអ្នកសារព័ត៌មាន ដែលមានចំណាប់អារម្មណ៍លើសិល្បៈវាយនភណ្ឌ បានធ្វើម៉ាស់ពីក្រណាត់សូត្រ មានប៉ាក់ក្បាច់ផ្កាប្រពៃណី។
អ្នកស្រីមានជំនួយពីកូនប្រុសស្រីរបស់អ្នកស្រីបានសម្រាកសិក្សានៅផ្ទះ ព្រោះតែសាលារៀនត្រូវបានបិទទ្វារ។
អ្នកស្រីបានចាត់ទុកកិច្ចការដេរប៉ាក់ម៉ាស់ គឺជាទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឲ្យគ្រួសារកាន់តែស្និទ្ធស្នាល។
អ្នកស្រីបាននិយាយថា៖ «ពេលយើងទាំងបីធ្វើម៉ាស់រូបមឮគ្នា យើងកាន់តែមានមនោសញ្ចេតនា អារម្មណ៍ជិតដិត នឹងស្រឡាញ់គ្នាទ្វេឡើង។ អ្នកដែលទទួលម៉ាស់ពីយើង បានប្រាប់យើងថា ពាក់ទៅធ្វើឲ្យពួកគេសប្បាយចិត្ត ជាជាងកើតទុក្ខព្រួយ»៕ AFP

ការដេរប៉ាក់ដោយដៃ ម៉ាស់មួយត្រូវប្រើពេលរហូតដល់ ៣ ថ្ងៃ។ រូបថត AFP

អ្នកច្នៃម៉ូដរំពឹងថា សិល្បៈដេរប៉ាក់ នឹងលើកសោភ័ណភាពម៉ាស់ ហើយទាក់ទាញចិត្តអ្នកពាក់កាន់តែច្រើន។ រូបថត AFP