ភ្នំពេញៈ ក្រោយពីចាកចេញពីផលិតកម្មល្បីទ្រនំថោនមួយរយៈមកបង្កើតក្រុមហ៊ុនខ្លួនឯងឈ្មោះថា «Home Music» ដែលផ្ដោតទៅលើចម្រៀងកំប្លែងៗ និងកម្មវិធីកម្សាន្តផ្សេងៗ និងជាអ្នកកាន់ការងារផ្នែកដឹកនាំទូទៅនៅផលិតកម្មថ្មីគឺផលិតកម្ម Galaxy Navatra មកនោះ អ្នកនិពន្ធទំនុកច្រៀង និងទំនុកភ្លេងល្បីលោក យឹម តាស្រង់ ហាក់ដូចជាមានចេតនាចង់ងាកមកផ្តួចផ្តើមជួយដល់ជនពិការវិញម្តងនៅលើវិថីសិល្បៈនោះ។
នេះបើតាមសម្តីរបស់កវីទំនុកច្រៀង និងភ្លេងល្បីខ្លាំងមានស្រុកកំណើតនៅឯស្រុកព្រះប្រសប់ ខេត្តក្រចេះ លោក យឹម តាស្រង់ ដែលធ្លាប់បាននិពន្ធបទចម្រៀងជួយស្ទួយតារាចម្រៀងប្រុសស្រីនៅទ្រនំចាស់ឲ្យមានប្រជាប្រិយភាពល្បី និងមានឈ្មោះបោះសំឡេងជាច្រើននាក់ និងច្រើនឆ្នាំកន្លងមកនោះ បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងក្រោយពីលោកប្រកាសជួយនិពន្ធបទចម្រៀងឲ្យយុវជនពិការដោយសារមានជំងឺស្វិតដៃជើងឈ្មោះ ប្រាក់ សុផាន់ណា ថ្មីៗនេះ។
លោក យឹម តាស្រង់ ក៏បានបង្ហើបប្រាប់ថា៖ «តាមពិតទៅ!គម្រោងជួយទៅដល់ជនពិការដែលមានទេពកោសល្យផ្នែកសិល្បៈគឺខ្ញុំបានចិញ្ចឹមគិតទុកយូរមកហើយ ខណៈពេលនេះស្របនឹងគំនិតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ចង់ជួយដល់ពួកគាត់ដែរនោះ ខ្ញុំក៏ចាប់ផ្តើមតែម្តងដោយបានជួយដល់ប្អូនប្រុស សុផាន់ណា មុនគេ។ ក្រោយពីបានជួបគាត់មក ខ្ញុំចូលរួមជួយ និងផ្តល់សិទ្ធិឲ្យគាត់ [ប្អូនប្រុស ប្រាក់ សុផាន់ណា] ជ្រើសរើសយកការនិពន្ធបទចម្រៀងដោយខ្លួនឯងខ្លះផងដែរ សរុបទៅយើងកំពុងតែធ្វើបទចម្រៀងបានចំនួន ៣ បទសម្រាប់ឲ្យគាត់ ហើយក៏គ្រោងចេញផ្សាយនូវបទចម្រៀងទាំងនោះនៅខែក្រោយនេះតាម Channel របស់ «Home Music»។
កវីដែលបានដើរចេញពីទ្រនំថោនក្រោមមូលហេតុមិនមានការអាក់អន់ចិត្ត ឬខឹងនឹងម្ចាស់ផលិតកម្មទេគឺមកពីលោកចង់រកផ្លូវដើរមួយដោយខ្លួនឯងក្រោយពីធ្វើការឲ្យគេជាង ១០ ឆ្នាំ មកហើយនោះបានបន្តទៀតថា៖ «ធ្លាប់បានជួយអ្នកសិល្បៈដែលជាមនុស្សមានកាយសម្បទាល្អច្រើននាក់មកហើយ ខណៈពេលនេះចង់មកជួយដល់បងប្អូនដែលជាជនពិការវិញម្តង ព្រោះយល់ថាពួកគាត់ហាក់ដូចជាត្រូវបានគេមើលរំលងពីសមត្ថភាព ឬទេពកោសល្យសិល្បៈរបស់ពួកគាត់ បើប្រៀបទៅនឹងជនពិការនៅក្រៅប្រទេស ឬ ប្រទេសជិតខាងយើងនោះ។
ដូច្នេះហើយទាំងខ្ញុំក៏ដូចជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងជួយពួកគាត់ផងដែរនោះ ទើបក្តីបំណងដែលខ្ញុំកួចចិត្តជាយូរមកហើយ បានដល់ពេលត្រូវធ្វើវាហើយ»។
នាពេលនេះលោក យឹម តាស្រង់ ក្រៅពីបានបើកក្រុមហ៊ុនខ្លួនឯងមានឈ្មោះថា «Home Music» ដែលបានផ្ដោតលើការផលិតបទចម្រៀង កំប្លែងៗ និងកម្មវិធីកម្សាន្តផ្សេងៗនោះលោកក៏បានប្រមែប្រមូលបានតារាចម្រៀងល្បីៗមកចូលរួមនៅក្នុងផលិតកម្ម Galaxy- Navatra ផងដែរដូចជា កុមារា ធឿន បូរី អ្នកនាង រ័ត្ន រចនា កុមារី ហេង សុវណ្ណារី និងតារាចម្រៀងជាច្រើនរូបទៀតផងដែរ។
នាពេលកន្លងមកការចម្លងបទចម្រៀងពីគេ ជាពិសេសពីប្រទេសជិតខាង ថៃ ចិន និងវៀតណាមជាដើមនោះក៏បានធ្វើឲ្យផលិតកម្មធំៗមួយចំនួនរងការរិះគន់ពីទស្សនិកជនយ៉ាងខ្លាំងទើបបានជំរុញឲ្យអ្នកនិពន្ធទាំងទំនុកច្រៀង ឬភ្លេងជំនាន់ថ្មីព្យាយាមនិពន្ធទំនុកបទថ្មីដោយខ្លួនឯង។ ប៉ុន្តែបើទោះបីជាពួកគេខិតខំនិពន្ធបទភ្លេងថ្មីជាច្រើនក្តី ក៏បទទាំងនោះហាក់ដូចជាមិនមានទីផ្សារចម្រៀងទេ ខណៈលោក យឹម តាស្រង់ ក៏បានលើកឡើងដែរថា មូលហេតុផលិតកម្មមិនទិញបទភ្លេងថ្មី ដែលនិពន្ធសុទ្ធសាធរបស់កូនខ្មែរ ដោយសារតម្លៃថ្លៃ ហើយត្រូវយកមកកែកុនទៀត៕