សៀមរាប៖ ធ្លាប់តែទិញផលិតផលសម្រេចស្រាប់ៗពីប្រទេសជិតខាង ប្រជាកសិករដាំបន្លែរមែងតែពឹងអាស្រ័យលើដីបណ្ដុះពីប្រទេសថៃ។ ប៉ុន្ដែពេលសកលលោកជួបវិបត្ដិកូវីដ ១៩ ដែលរារាំងដល់ការធ្វើដំណើរ រួមទាំងចរាចរណ៍ទំនិញឆ្លងប្រទេសការដឹកជញ្ជូនដីបណ្ដុះហាក់បានបង្កការរាំងស្ទះដល់ប្រជាកសិករខ្មែរ។
ដោយមើលឃើញថា ដីបណ្ដុះត្រូវបានផលិតឡើងពីវត្ថុធាតុដើម ដែលអាចរកបាននៅក្នុងស្រុក កសិករម្នាក់ក្នុងស្រុកបន្ទាយស្រីបានសហការជាមួយអង្គការកសិកម្មមួយ រិះរកវិធីសាស្ដ្រផលិតដីបណ្ដុះសម្រាប់ធ្វើការបណ្ដុះដំណាំបន្លែរបស់ខ្លួន ក៏ដូចជាប្រជាកសិករដទៃទៀត។
លោក ខុង សោភ័ណ ប្រធានអង្គការ International Development Enterprises (iDE) បាននិយាយថា៖ «គោលបំណងចម្បង គឺការកាត់បន្ថយការនាំចូលផលិតផលមកពីបរទេស។ ជាក់ស្ដែង កាលពីបិទទ្វារព្រំដែនប្រទេសថៃ នៅខែមីនា ឆ្នាំមុន កសិករជួបការលំបាករកទិញដីបណ្ដុះ។ យើងគិតថា ចុះបើគេបិទរហូតថា តើយើងមានដីបណ្ដុះឯណាមកដាំត្រសក់ផ្អែម?»។
លោក ឡុង គាន អាយុ ៤៦ ឆ្នាំ ជាកសិករគំរូ និងជាអ្នកផលិតដីបណ្ដុះតែ ១ គត់របស់អង្គការ (iDE) នៅក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ អង្គការ iDE បច្ចុប្បន្នផ្ដោតសំខាន់លើកម្មវិធីដំណាំបន្លែក្នុងខេត្ដសៀមរាប បន្ទាយមានជ័យ និងឧត្ដរមានជ័យ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពេលមើលដីបណ្ដុះគេ ខ្ញុំពិគ្រោះជាមួយ iDE ថា យើងសមតែអាចធ្វើកើត ហើយខាងអង្គការបានទិញម៉ាស៊ីនកិនស្រកីដូងមកខ្ញុំធ្វើធ្យូងអង្កាម លាមកគោ និងដីដំបូក បន្ថែមថ្នាំផ្សិតទ្រូកូឌើម៉ា (trichoderma)»។
ដោយសារលោក ឡុង គាន ជាកសិករគំរូ ទើបអង្គការបានជ្រើសរើសផ្ដល់អាទិភាពឱ្យធ្វើគម្រោងនេះមុនគេ ដែលខាងអង្គការបានផ្ដល់ម៉ាស៊ីន កិនស្រកីដូងសម្រាប់ការកែច្នៃ។
លោកបន្ដថា៖ «ដំបូងឡើយ ខ្ញុំដាំត្រសក់ ហើយពេលធ្វើដីបណ្ដុះជោគជ័យ ខ្ញុំអាចប្រើប្រាស់ខ្លួនផង ហើយកសិករផ្សេងៗទិញយកទៅប្រើយល់ថា ល្អដែរ។ ខ្ញុំក៏ចាប់ផ្ដើមត្រសក់ផ្អែម ប៉េងប៉ោះឈើរី ហើយបច្ចុប្បន្ននេះ ខ្ញុំសាកល្បងការ៉ុត និងឪឡឹកលឿង»។
ដោយសារវាជារបរថ្មីថ្មោង ដែលទើបទទួលបានការបណ្ដុះបណ្ដាលជំនាញពីអង្គការកសិកម្ម និងទាមទារឱ្យកសិករចំណាយធនធានលើការទិញម៉ាស៊ីន អ្នកផលិតដីបណ្ដុះមានតែម្នាក់គត់ប្រចាំស្រុកបន្ទាយស្រី។
លោក ឃីម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជាក់ស្ដែង ការផលិតដីបណ្ដុះដំណាំ (បញ្ជាក់ នេះមិនមែនជាជីកំប៉ុសទេ) ទើបតែចាប់ផ្ដើមចុះបង្រៀនបាន ៦ ខែ និងមានតែ ១ គ្រួសារ ក្នុងភូមិអូរទទឹងនេះ ដោយសារមើលឃើញថា វាចំណាយដើមទុនច្រើនក្នុងការទិញម៉ាស៊ីនកិនស្រកីដូង ទើបការអនុវត្ដមិនទាន់ទូលំទូលាយ»។
កន្លងមក កសិករដាំដំណាំតែងតែបណ្ដុះគ្រាប់ផ្ទាល់ទៅនឹងដី ដែលជួនកាលស្រមោចស៊ី ហើយពេលខ្លះល្អ និងពេលខ្លះវាមិនល្អទៅ។ ដើម្បីដាំដំណាំបានល្អ ដីបណ្ដុះកូន គឺជាសមាសធាតុសំខាន់ដ៏ចាំបាច់ ដែលជួយកូនដំណាំដុះលូតលាស់។
លោក សោភ័ណ បានឱ្យដឹងថា៖ «ចំពោះដំណាំត្រសក់ផ្អែម និងដំណាំមួយចំនួនទៀត យើងពឹងដីបណ្ដុះពីស្រុកគេ។ ប្រទេសជិតខាង គេទិញស្រកីដូង និងអង្កាមពីយើងក្នុងតម្លៃថោកៗ ហើយគេបញ្ជូនមកវិញនូវដីបណ្ដុះដែលមានតម្លៃថ្លៃ»។
ប្រសិនបើមានវត្ថុធាតុដើមគ្រប់គ្រាន់ ដូចជា ស្រកីដូងកិនរួច អង្កាមដុតរួច និងលាមកគោ កសិករគំរូ លោក ឡុង គាន អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ទាយស្រី និងអាចទៅដល់ជីក្រែង និងបន្ទាយមានជ័យខ្លះដែរ។ លោកអាចផលិតបាន ១ ថ្ងៃ ពី ៣០ ទៅ ៤០ ការុង។ ដីបណ្ដុះ ១ ការុងតម្លៃ ១ ម៉ឺនរៀល ដែលមានទម្ងន់ជាង ១០ គីឡូក្រាម។
លោក ឡុង គាន បានរៀបរាប់វិធីធ្វើដីបណ្ដុះថា ៖ «ដំបូង យើងទិញអង្កាមមកដុតធ្វើជាធ្យូងអង្កាម លាមកគោក្រៀមជាប្រភេទកំប៉ុសកិនឱ្យល្អិតៗ ស្រកីដូង ដែលសកចេញពីត្រឡោកកិនក្នុងម៉ាស៊ីន ហើយដីដំបូក ក៏យើងមកកិនផងដែរ។ បន្ទាប់មក លាយល្បាយទាំងអស់នេះ យកទៅចំហុយ និងទុកឱ្យត្រជាក់ ទើបលាយថ្នាំ ទ្រូកូឌើម៉ា (trichoderma)»។
លោកបន្ដថា៖ «ខ្ញុំសប្បាយចិត្ដ ប្រសិនបើកសិករយើងដទៃទៀត ចេះយល់ពីរបៀបផលិតដីបណ្ដុះនេះដូចខ្ញុំ។ ប៉ុន្ដែរបរផលិតដីបណ្ដុះនេះ រាងនឿយដែរ ហើយប្រសិនបើអ្នកមិនចេះស៊ូ ក៏ធ្វើមិនបានដែរ»។
ដោយសារតែវាជារបរមិនទាន់មានការពេញនិយម វាបានផ្ដល់ប្រាក់ចំណេញច្រើនគួរសមដល់អ្នកផលិត។ អ្នកមានបំណងចាប់អាជីពនេះត្រូវពិចារណាចំណាយទិញម៉ាស៊ីន ដែលលោក សោភ័ណ អះអាងថា មានតម្លៃជាង ២ ពាន់ដុល្លារ។
លោក សោភ័ណ បាននិយាយថា៖ «តាមខ្ញុំដឹង ផលិតផលក្នុងស្រុកយើងអត់ទាន់មាននរណាធ្វើបាននោះទេ ហើយខាងយើងខ្ញុំក៏មិនទាន់បានធ្វើពេញដៃពេញជើងនៅឡើយទេ ដោយយើងនៅបន្ដជ្រើសរើសស្វែងរករូបមន្ដឱ្យបានត្រឹមត្រូវតាមស្ដង់ដា»។
លោកបញ្ជាក់ថា អង្គការនឹងផ្សព្វផ្សាយរបរផលិតដីបណ្ដុះដល់កសិករដទៃទៀត ដែលចង់ចាប់ជំនាញនេះ ដោយនាំពួកគេមកមើលការផលិតផ្ទាល់របស់លោក ឡុង គាន ហើយអង្គការជួយផ្នែកបច្ចេកទេស៕