ក្រុង​សៀមរាប៖ ធ្នូ​បុរាណ ​ធ្នូ​សម័យ​​ និង​​គ្រាប់​ព្រួញ​ទាំង ​២ ​ប្រភេទ​ ត្រូវ​បាន​តម្រៀប​នៅ​លើ​តុ​វែង​​​រួច​ជា​ស្រេច ត្រៀម​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​​មក​រៀន​បាញ់​ធ្នូ​កម្សាន្ត​​ ក៏​ដូចជា​​រំឭក​នឹក​ដល់​គុណ​មហា​បុព្វ​បុរស​ខ្មែរ​នា​សម័យ​​មហានគរ​ នៅ​ទឹក​ដី​រលួស នៅ​​ក្រុង​សៀមរាប​។

កងទ័ព​ធ្នូ​​ ៦ នាក់​ គ្រង​​ឈុត​បុរាណ​ក្បិន​ខ្មៅ ​​​​អាវ​ពណ៌​ក្រហម​ពី​ជំនាន់​សតវត្សរ៍​ទី ​៩ ត្រៀម​ ស្មឹង​ស្មាធិ៍​រង់ចាំ​សំឡេង​​ស្នែង​ក្របី​​ពី​នាយ​ព្រាហ្ម​ជា​ព្រះរាជ​គ្រូ ក្នុង​ការ​បង្ហាញ​ពី​ក្បួន​ ៨ ជំហរ​នៃ​ការ​បាញ់​ធ្នូ​​ តាម​​បញ្ជា​ពី​មេ​ទ័ព​ដែល​ឈរ​នៅ​ខាង​មុខ​ក្បួន​។

ការ​បង្ហាញ​ពី​របៀប​បាញ់​ធ្នូ​ ទាំង ​៨ ជំហរ​នេះ ​ត្រូវ​បាន​​រៀបចំ​ផ្ទាល់​ពី​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិ​ធ្នូ​ខ្មែរ​ លោក​ ទិល ចាន់លិន​​ ដែល​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ នៅ​ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​ បន្ទាយជ័យ​ ៨០២ ក្នុង​ទឹកដី​សៀមរាប​អង្គរ​។

អ្នក​ជំនាញ​រូប​នេះ​បាន​​ពន្យល់​​ថា៖ «​​របៀប​បាញ់​ធ្នូ​​ទាំង​ ៨ ជំហរ​ ​បង្ហាញ​ពី​ភាព​ខ្លាំង​ក្លា​នៃ​ការ​បាញ់​ធ្នូក៏​ជា​​ការ​រំឭក​គុណ​មហា​បុព្វបុរស​ដែល​បាន​កសាង​ទឹក​ដី​ ដូច​ជា​ការ​កសាង​ប្រាសាទ​ឲ្យ​កូន​​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ​ ព្រម​ទាំង​បាន​រស់នៅ​ និង​ជា​ពិសេស​បង្ហាញ​ពី​ភាព​ខ្លាំង​ក្លា​របស់​កងទ័ព​ វីរបុរស​ខ្មែរ​នា​សម័យ​​កាល​នោះ​ផង​ដែរ»​។

ការ​សម្ដែង​ពី​របៀប​បាញ់ធ្នូ​បុរាណ នៅក្លិប​កីឡាបាញ់ធ្នូភូមិន្ទកម្ពុជា បន្ទាយជ័យ ​៨០២។ហុង មិនា

លោក​ ទិល​ ចាន់លីន​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ធ្នូ​ខ្មែរ ដោយ​ចងក្រង​សម្ដី​​ចាស់​ព្រឹទ្ធាចារ្យ​ ពិនិត្យ​តាម​សារមន្ទីរ​ នៅ​លើ​ជញ្ជាំង​ប្រាសាទ។ ​​ទិន្នន័យ​ដែល​លោក​ទទួល​បាន​ច្រើន​ជាង​គេ ​គឺ​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ ដែល​បាន​បង្ហាញ​ពី​រូបភាព​ធ្នូ​ ជំហរ​បាញ់​ធ្នូ​ របៀប​បាញ់​ធ្នូ​ បច្ចេកទេស​នៃ​ការ​បាញ់​ធ្នូ​ ទិដ្ឋភាព​នៃ​ធ្នូ​ទាំង​មូល​ និង​ភាព​ខ្លាំង​​នៃ​ធ្នូ​។

អ្នក​ជំនាញ​ធ្នូ​រូប​នេះ​​បាន​ពន្យល់​ថា​៖​​ «ធ្នូ​បាន​មាន​រូបរាង​​ឡើង​នៅ​ជញ្ជាំង​ប្រាសាទ​​ក្នុង​សម័យ​ព្រះបាទ​សូរ្យវរ្ម័ន​ទី​ ២ ក៏​ប៉ុន្តែ​មុន​សូរ្យវរ្ម័ន​ទី ​២ មាន​នៅ​ប្រាសាទ​បាពួន​ នៅ​ប្រាសាទ​​បន្ទាយ​ស្រី​ មាន​ន័យ​ថា ​ធ្នូ​ខ្មែរ​ គឺ​មាន​មក​យូរ​ហើយ​ ប៉ុន្តែ​ទិន្នន័យ​បច្ចុប្បន្ន ​គឺ​នៅ​លើ​ប្រាសាទ​បន្ទាយ​ស្រី​»​។

លោក​បាន​ស្រាវជ្រាវ​ជំហរ​នៃ​ការ​បាញ់​ធ្នូ ពី​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ ដោយ​បាន​ឆ្លាក់​រៀប​ជា​ជួរ​ ហើយ​ការ​បង្ហាញ​របស់​ធ្នូ​មាន​ត្រឹម​តែ​ ៨ ជំហរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាម​ការ​សិក្សា​​របៀប​បាញ់​ធ្នូ​​មាន​​រហូត​ទៅ​ដល់​ ៣២ ជំហរ ដែល​លោក​កំពុង​តែ​សិក្សា​បន្ថែម​ និង​គ្រោង​​ដាក់​បញ្ចូល​ក្នុង​ការ​សម្តែង​ទាំង​ ៣២ ជំហរ​នៅ​ក្នុង​ថ្ងៃ​ខាង​មុខ​ ដើម្បី​បង្ហាញ​ដល់​​ប្រជាជន​ក្នុង​ស្រុក​ និង​ជាតិ​​សាសន៍​ដទៃ​ បាន​ស្គាល់​ពី​ធ្នូ​ខ្មែរ​។

ស្ថិត​នៅ​ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​ បន្ទាយ​ជ័យ​ ៨០២ លោក សា ឌីណា ជា​ម្ចាស់​ក្លិប​​បាន​និយាយ​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «​យើង​បាន​ចាប់​ផ្តើម​បាន​រយៈពេល​ ៨ ខែ​មក​ហើយ​ ដោយ​ដី​នេះ​ដំបូង​គ្មាន​អ្វី​ទាំង​អស់​ មាន​តែ​វាល​ស្រែ វាល​ខ្សាច់​មាន​ស្មៅ​តិច​តួច​ ហើយ​យើង​ក៏​បាន​ជីក​ស្រះ​ ឆ្ការ​ព្រៃ ព្រោះ​ថា​ទី​នេះ​ព្រៃ​ក្រាស់​ សូម្បី​អ្នក​ភូមិ​ក៏​មិន​ហ៊ាន​ចូល​ដែរ»។

ស្ថាបនិក​​វ័យ ​៣៣ ឆ្នាំ រូប​នេះ​ ​​​បាន​ផ្តួច​ផ្តើម​​​គំនិត​បង្កើត​នូវ​ភូមិ​បុរាណ​មួយ​ដូច​ជា​បន្ទាយ ដោយ​ជ្រើស​យក​ទីតាំង​ជិត​​អតីត​​​បារាយណ៍​នៅ​សតវត្សរ៍​ទី ​៩។

លោក សា ឌីណា ស្ថាបនិក​ក្លិប​បាញ់ធ្នូ​ភូមិន្ទ​កម្ពុជា​​។ ហុង មិនា

លោក​លើក​ពី​គោល​បំណង​ដូច្នេះ​ថា​​៖ «​បើ​យើង​និយាយ​ពី​ខេត្ត​សៀមរាប​ យើង​នឹង​នឹក​ឃើញ​ពី​សម័យ​កាល​ដ៏​រុង​រឿង​របស់​ខ្មែរ​យើង​គឺ​ មហា​​នគរ​ខ្មែរ​ ឬ​មហា​អាណាចក្រ​ខ្មែរ​ ពេល​នោះ​គឺ​ប្រទេស​ខ្មែរ​មាន​​ភាព​រីក​ចម្រើន​ណាស់​ អ៊ីចឹង​ដើម្បី​ផ្សារ​ភ្ជាប់​នៃ​ភាព​រីក​ចម្រើន​ទាំង​នោះ​ ឲ្យ​សម​ស្រប​ទៅ​នឹង​ភូមិសាស្ត្រ​នៃ​ខេត្ត​សៀមរាប​ផង​ដែរ​»។

បន្ទាយជ័យ​ ៨០២ មិន​មាន​ត្រឹម​តែ​ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​មួយ​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​មាន​គម្រោង​ក្នុង​​ការ​រៀបចំ​ភូមិ​បុរាណ​ ដែល​មាន​ដូចជា​ ​ផ្សារ​បុរាណ​ កន្លែង​សិប្បកម្ម​ ​កន្លែង​ផលិត​ធ្នូ ដាវ​លំពែង​ ​បណ្ណាល័យ​ ​ផ្ទះ​ស្នាក់​ កន្លែង​បោះតង់​ ​និង​អាហារដ្ឋាន​។

អ្នកនាង​ ស្រី​នី ពិសី ជា​អ្នក​ភ្នំពេញ​ដែល​បាន​ផ្លាស់​ទី​លំនៅ​មក​រស់នៅ​ក្រុង​សៀមរាប​ ក៏​ជា​អ្នក​មក​កម្សាន្ត​នៅ​បន្ទាយ​ជ័យ​ ៨០២​ បាន​ប្រាប់​មក​ភ្នំពេញ​ ប៉ុស្តិ៍​ ថា​៖​ «​ដោយសារ​ទី​នេះ​គេ​ទើប​នឹង​ធ្វើ​ថ្មី​ ហើយ​សំខាន់​នោះ​មាន​កន្លែង​បាញ់​ធ្នូ​ដែល​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​ ព្រោះ​អត់​ដែល​បាន​សាក​បាញ់​ធ្នូ​ពី​មុន​​មក​ អ៊ីចឹង​ក៏​ចង់​មក​សាក​ និង​មក​មើល​ថា​គាត់​បាន​រៀបចំ​ដូច​ខ្មែរ​យើង​ពី​ដើម​ ឬ​ក៏​អត់​។ នៅ​ទី​នេះ​មាន​អារម្មណ៍​ថា​ ស្រស់ស្រាយ​ល្អ​ធម្មជាតិ​។ បន្ទាប់​ពី​មក​ម្តង​នេះ​ហើយ​ គិត​ថា​នឹង​មក​ម្តង​ទៀត​ ដោយសារ​ឮ​គាត់ ​(លោក​ សា ឌីណា) ​ថា​​ នឹង​មាន​ធ្វើ​អ្វី​បន្ថែម​ទៀត»។

លោក សា ឌីណា ក៏​ជា​អ្នក​ដឹកនាំ​ Cambodia Amazing Trip Planner ​មាន​គម្រោង​​បង្កើត​ភូមិ​បុរាណ រួមមាន​បណ្ណាល័យ ​ការ​ប្រមូល​ផ្តុំ​នៃ​រូបភាព ​វីឌីអូ ពី​ភូមិសាស្ត្រ​​តំបន់​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ប្រទេស ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

កន្លែង​បាញ់ធ្នូ នឹង​ពង្រីក​បន្ថែម​គម្រោង​​ភូមិ​បុរាណ មាន​ផ្ទះ​ស្នាក់បែប​ខ្មែរ​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ស្ថានិក​ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា ​និង​ជា​អ្នក​ដឹកនាំ​ Cambodia Amazing Trip Planner ​រូប​នេះ​បង្ហើប​ពី​គម្រោង​ភូមិ​បុរាណ​ថា​​៖ ​«អាហារដ្ឋាន​យើង​បង្កើត​ដោយ​អាច​ឲ្យ​ភ្ញៀវ​មក​ចំណាយ​ពេលវេលា​ក្នុង​ការ​ញ៉ាំ​អាហារ​បែប​ថ្មី​ បែប​ធម្មជាតិ​ យើង​បង្កើត​ឈ្មោះ​ប្លែក​ដូច​ជា​មាន់​ដុត​បន្ទាយ​ទ័ព​ ត្រី​ដុត​បន្ទាយ​ទ័ព​ដោយ​ការ​ញ៉ាំ​ដូចជា​នៅ​ក្នុង​បន្ទាយ​ទ័ព ការ​​អាំង​​បែប​បុរាណ​​ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​»។ ​​

ផ្ទះ​ស្នាក់​​រចនាប័ទ្ម​របស់​ខ្មែរ​យើង​នា​សតវត្សរ៍ទី ៩ ដែល​លោក​គ្រោង​នឹង​សាងសង់​​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះ​ បាន​កំណត់​​តម្លៃ​ ដោយ​​ផ្ទះ​មេទ័ព​ ៣៥ ដុល្លារ ផ្ទះ​មេ​ក្រុម ២៥ ដុល្លារ ផ្ទះ​កូន​ទ័ព ១៥ ដុល្លារ និង​មាន​កន្លែង​​បោះ​តង់​បាន​រហូត​ដល់​ ២៥០ តង់ តម្លៃ​ក្នុង ​១ ​តង់​ ១០ ដុល្លារ​​។

ចំពោះ​ភ្ញៀវ​ទេសចរ​ ដែល​មាន​បំណង​មក​កម្សាន្ត​នៅ​បន្ទាយ​ជ័យ​ ៨០២ ជា​ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​ ដែល​មាន​បំណង​​ចង់​ចេះ​បាញ់​ធ្នូ បន្ទាយ​ជ័យ​ ៨០២ ក៏​មាន​ការ​បង្ហាត់​បង្រៀន​ពី​អ្នក​មាន​ជំនាញ​ ក្នុង​រយៈពេល​ ៩០ ​នាទី តម្លៃ ៥ ដុល្លារ សម្រាប់​ភ្ញៀវ​ជាតិ និង​ ៩ ដុល្លារ សម្រាប់​ភ្ញៀវ​អន្តរជាតិ​។

ធ្នូ​មាន​ ២ ប្រភេទ​សម្រាប់​ឲ្យ​ភ្ញៀវ​​ជ្រើសរើស ដោយ​ពី​សម័យ​បុរាណ​គេ​ចាត់​ទុក​ធ្នូ​ជា​អាវុធ​ធ្វើ​សង្គ្រាម ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ចាត់​ទុក​ជា​ប្រភេទ​កីឡា​។

តម្លៃបាញ់ធ្នូ​ត្រឹមតែ ៥ដុល្លារ ក្នុង​រយៈពេល ៩០ នាទី ​សម្រាប់​ភ្ញៀវ​ខ្មែរ។ហុង មិនា

លោក​ ទិល​ ចាន់លីន​ បាន​បង្ហាញ​ពី​របៀប​ប្រើ​នៃ​ធ្នូ​ទាំង​ ២ ប្រភេទ​នេះ​ថា​៖​ «សម្រាប់​ធ្នូ​បុរាណ​យើង​ ប្រើ​តាម​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​​មក​មាន ​៣ ប្រភេទ​​ ​មាន​ធ្វើ​មក​ពី​ឫស្សី ផ្តៅ និង​ទ្រាំង​។ ធ្នូ ដែល​ធ្វើ​មក​ពី​ ឫស្សី និង​ផ្តៅ​​​ប្រើ​សម្រាប់​បរ​បាញ់​សត្វ​ធម្មតា​។ ចំពោះ​ធ្នូ​ដែល​ធ្វើ​អំពី​ទ្រាំង​នេះ​ក៏​បរ​បាញ់​សត្វ​ដែរ ប៉ុន្តែ​បើ​កាល​ពី​សម័យ​មុន​គេ​យក​ទៅ​ធ្វើ​សង្គ្រាម​ ដើម្បី​ការពារ​ទឹក​ដី​»។

លោក​បញ្ជាក់​ដែរ​ថា៖ «​ធ្នូ​ខ្មែរ និង​ធ្នូ​សម័យ​មាន​របៀប​នៃ​ការ​បាញ់​ខុស​គ្នា ដោយ​ធ្នូ​ខ្មែរ​យើង​រាង​ពិបាក​បាញ់​ជាង​ធ្នូ​សម័យ​ ប៉ុន្តែ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​គាត់​ចង់​ចេះ​ប្រើ​​នូវ​អ្វី​ដែល​ខ្មែរ​យើង​មាន​តាំង​ពី​បុរាណ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ក៏​គិត​ថា​ចង់​ចេះ​ទាំង​ធ្នូ​សម័យ​ និង​ធ្នូ​បុរាណ​»​។

ក្រៅ​ពី​គម្រោង​បង្កើត​ភូមិ​បុរាណ​លើក​ស្ទួយ​វប្បធម៌​​បុព្វបុរស​​ខ្មែរ​​ ក្លិប​កីឡា​បាញ់​ធ្នូ​ភូមិន្ទ​កម្ពុជា​ ក៏​គ្រោង​​​​ចាត់​ចែង​សំរាម​ដោយ​រក​ឡ​ដុត​ និង​កាត់​បន្ថយ​​​​ផ្សែង​ពុល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ ទន្ទឹម​នឹង​នោះ ស្ថាបនិក​ក៏​ព្យាយាម​កំណត់​តម្លៃ​​ដ៏​ទាក់ទាញ​សម្រាប់​ជាតិ​សាសន៍​ខ្លួន​មក​លេង​​កម្សាន្ត។​

ស្ថាបនិក ​សា ឌីណា​ បាន​និយាយ​​​ថា​៖ ​«​យើង​ព្យាយាម​យក​នូវ​តម្លៃ​​មួយ​ដែល​សមរម្យ​ សម​ស្រប​​ទៅ​នឹង​ជីវភាព​នៃ​ប្រជាជន​​យើង​ដែល​បាន​មក​ទី​នេះ​ម្តង​ហើយ​ និង​ចង់​មក​ម្តង​ទៀត​។ ទាក់ទង​នឹង​ការ​ចូល​មក​ទស្សនា​​នៅ​ទី​នេះ​ ទោះបី​ជា​បងប្អូន​មិន​ជ្រើសរើស​យក​កញ្ចប់​មួយ​ណា​ក៏​ដោយ​ ក៏​យើង​ខ្ញុំ​អនុញ្ញាត​ឲ្យ​បង​ប្អូន​មក​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ​»៕

វីដេអូ៖