ត្បួងឃ្មុំៈ រមណីយដ្ឋានបឹងក្រមស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃអាទិត្យមានការរៀបចំកម្មវិធីចាប់ត្រីតាមទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរដោយអ្នកចូលរួមជាង ២ ម៉ឺននាក់នាំគ្នាញាប់ដៃ ញាប់ជើងចាប់ត្រីប្រើឧបករណ៍នេសាទលក្ខណៈគ្រួសារ។
មេភូមិសាទុំ លោក ធាន សាន់ បានប្រាប់ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «កម្មវីធីនេះធ្វើឡើងតំណពីចាស់ទុំ ១ ឆ្នាំម្តងកាលពីនៅតូច ខ្ញុំមកលេងតាមម្តាយឪពុក មកជាមួយគូកនក្មេងៗអ៊ីចឹងគឺពួកគាត់មានអង្រុតមានឈ្នាងចុះចាប់ត្រីអ៊ីចឹង យើងក៏មានធ្វើតាមគាត់អ៊ីចឹងរហូតមកហើយឥឡូវគ្មានអីប្រែប្រួលទេ ទេសភាពបឹង ដើមឈើអីនៅដដែល»។
កម្មវិធីអាយុកាលប្រមាណ ៥០០ ឆ្នាំនេះត្រូវបានលោកមេភូមិបញ្ជាក់ថា៖ «ការចាប់ត្រីនេះមិនមែនជាពិធីបុណ្យអីនោះទេគឺជាកម្មវិធីកម្សាន្តសប្បាយជួបជុំបងប្អូនគ្រួសារខ្មែរ សម្រាកលម្ហែក្រោយពីប្រមូលផលដំណាំមកចាប់ត្រីយកទៅហូបលេង និងរាំកម្សាន្តលេង»។
មេភូមិវ័យ ៤៥ ឆ្នាំរូបនេះបានថ្លែងថាដំណើរការនៃការរៀបចំកម្មវិធីចាប់ត្រីបែបប្រពៃណីនេះធ្វើឡើងដោយចំណាយរយៈពេល ៣ ខែហើយគណៈកម្មការរៀបចំកម្មវិធីបានដាក់ប្រជាការពារភូមិឲ្យចុះត្រួតពិនិត្យ និងការពារតំបន់បឹងក្រមនេះចៀសវាងពីការនេសាទពីប្រជាពលរដ្ឋ ខណៈកន្លងមកមានប្រជាជនខ្លះបានប្រើប្រាស់ឧបករណ៍ឆក់ត្រីធ្វើឲ្យអាជ្ញាធរបារម្ភខ្លាចបាត់បង់ត្រី និងធ្វើឲ្យវប្បធម៌ដូនតាមួយនេះបាត់បង់ផងដែរ។
ពលរដ្ឋមួយរូបរស់នៅក្នុងឃុំក្រវៀន លោក ឈ្មោះ សំ ភឿន បានរៀបរាប់ថា៖ «ខ្ញុំដឹងក្តីមក ឃើញចាស់ៗធ្វើកម្មវិធីនេះរាល់ឆ្នាំ គេធ្វើវាឡើង ដើម្បីកេរដំណែលពីបរមបុរាណមក។ ខ្ញុំមកចូលរួមកម្មវិធីនេះរាល់ឆ្នាំ មកមួយគ្រួសារ និយាយពីសប្បាយណាស់ ព្រោះខ្ញុំមកទាំងគ្រួសារអ៊ីចឹង មកចាប់ត្រីផង មកលេងផង។ ឆ្នាំនេះរកបានត្រីតិចដែរ បានប្រហែលប្រាំគីឡូ ព្រោះថាឆ្នាំនេះទឹកធ្លាយចុងខែ អត់សូវត្រូវត្រីទេ ខុសពីឆ្នាំមុនៗហើយមនុស្សមកលេងច្រើនឆ្នាំនេះ»។
ចំណែកពលរដ្ឋមកពីខេត្តកំពង់ធំលោក វ៉ែន អាយុ ២៥ ឆ្នាំបានប្រាប់ថា៖ «ខ្ញុំចាប់ត្រីនៅទីនេះមក ២ នាក់បងប្រុសមកពីខេត្តកំពង់ធំ តែប្រពន្ធខ្ញុំរស់នៅហ្នឹង ខ្ញុំមកចាប់ត្រីនេះបានក្រែលដែល។ បើនិយាយពីអារម្មណ៍សប្បាយ ព្រោះអត់ដែលបានជួបអ៊ីចឹងពីមុនមក អត់ដែលឃើញមនុស្សចាប់ត្រីច្រើនអ៊ីចឹងទេ ខុសពីខេត្តយើង»។
ទឹកបឹងក្រមនេះមានប្រភពមកពីបណ្តាបឹងនានាដែលហូរចាក់ចូលមកនារដូវទឹកឡើងដោយបាននាំមកនូវត្រីជាច្រើនប្រភេទតម្កល់ទុកនៅក្នុងបឹងក្រឡាផ្ទៃជាង ១ ម៉ឺនមែត្រការ៉េ។
កម្មវិធីចាប់ត្រីនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួមទាំងបណ្ដាញសង្គម ដែលបានធ្វើឲ្យកម្មវិធីនេះកាន់តែអ៊ូអរពី ១ ឆ្នាំទៅ ១ ឆ្នាំ។
ទន្ទឹមនឹងការចូលរួមសប្បាយពីប្រជាពលរដ្ឋលោកមេភូមិ ធាន សាន់ ក៏បានសំណូមពរឲ្យចូលរួមអនុវត្តនូវចំណុចសំខាន់ចំនួន ៣ គឺ៖ រក្សាព្រៃឈើ ចូលរួមរក្សាបរិស្ថាន មិនបោះចោលសំរាម និងរក្សាទំនាក់ទំនងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់។
នាថ្ងៃអនាគត មេភូមិក៏មានគម្រោងអភិវឌ្ឍតំបន់បឹងក្រមនេះឲ្យក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរព្រមទាំងបង្កើតរូបសំណាក និងកសាងកន្លែងផ្សេងៗ ដើម្បីអភិរក្សតំបន់នេះទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ៕
វីដេអូ៖