ក្រុងច្បារមនៈ ដោយមានវិសាលភាពផ្ទៃទឹកធំទូលាយ នាំខ្យល់បក់ត្រសៀកៗមកប៉ះនឹងកាយា តំបន់ទំនប់ទឹកអន្លង់ជ្រៃ ជាទីមនោរម្យសម្រាប់ការទទួលទានអាហារថ្ងៃត្រង់ ដែលវេចខ្ចប់ពីផ្ទះដាក់តាមរថយន្ត ជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ឬក្រុមរួមការងារ នាឱកាសនៃដំណើរកម្សាន្តធ្វើបុណ្យទានរដូវកាលបុណ្យភ្ជុំបិណ្ឌ ក៏ដូចជានៅថ្ងៃចុងសប្តាហ៍ផងដែរ។
អមដោយទេសភាពជួរភ្នំ មានពពករសាត់យ៉ាងសក្បុសពីចម្ងាយ តំបន់ទំនប់ទឹកអន្លង់ជ្រៃ មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ការធ្វើដំណើរអាចចេញពីទីរួមខេត្តចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រ។ ប្រសិនបើជិះហួសតំបន់ទំនប់បន្តិចទៀតប្រមាណ ៥ ឬ៦ គីឡូម៉ែត្រ អ្នកដំណើរនឹងទៅដល់វាលផ្កាពណ៌លឿងដ៏ស្រស់បំព្រងជាចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។
លោកគៀត គន្ធា ជាអ្នកមើលប្រចាំការមេភ្លើងនៅទំនប់ទឹកទឹកអន្លង់ជ្រៃ បានបង្ហើបឲ្យដឹងពីការស្តារសាងសង់ទំនប់សល់ពីជំនាន់ខ្មែរក្រហមមកនោះ ឲ្យក្លាយជាទំនប់វារីអគ្គិសនីថ្មីថា៖ «ទំនប់វារីអគ្គិសនីនេះ សាងសង់តាំងពីឆ្នាំ ២០១២ ដែលទួលទំនប់មានប្រវែង ៦,២០ គីឡូម៉ែត្រ ហើយផ្ទៃទឹកអាងទំនប់អន្លង់ជ្រៃ នារដូវវស្សាអាចមានផ្ទៃទំហំប្រមាណជា ៤៧៩ គីឡូម៉ែត្រការ៉េ។ ទីនេះជាប្រភពដ៏សំខាន់សម្រាប់ផ្តល់ទឹកធ្វើកសិកម្ម និងប្រភពផ្តល់ថាមពលអគ្គិសនីរបស់ស្រុកថ្ពងផងដែរ»។
លោកបន្តថា៖ «ក្រៅពីជាទីលម្ហែកាយនោះ ទំនប់ទឹកអន្លង់ជ្រៃ គឺជាទីផ្តល់នូវប្រភពផ្តល់ថាមពលអគ្គិសនី យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋទូទាំងស្រុកថ្ពង ប្រើប្រាស់គ្រប់គ្រាន់នៅរដូវវស្សា តែនៅរដូវប្រាំងវិញមិនបានគ្រប់គ្រាន់ទេដោយសារមានទឹកតិចពុំអាចផ្តល់ចរន្តខ្លាំងក្នុងការ បង្កើតថាមពលអគ្គិសនីបានច្រើនដូចនៅរដូវវស្សានោះឡើយ»។
ចំពោះថាមពលអគ្គិសនីវិញ លោកបានបញ្ជាក់ថា មានតម្លៃ ៨០០ រៀល ក្នុង ១ គីឡូវ៉ាត់ ខណៈតម្លៃអាចនឹងចុះថ្លៃជាងនេះនៅពេលខាងមុខ។
ទោះបីពុំទាន់មានការកែច្នៃបន្ថែមឲ្យមានលក្ខណៈទាក់ទាញ បែបជាតំបន់ទេសចរណ៍លម្ហែកាយនៅឡើយក្តី តែទីនេះឃើញបណ្តុំទេសភាពព្រៃព្រឹក្សាចោលម្លប់ត្រជាក់ និងអាចសង់ជាក្យូសលម្ហែកាយតាមទួលទំនប់ សម្រាប់ផ្តល់សេវាកម្មភ្ញៀវមកកម្សាន្តថតរូបលេង និងទទួលទានអាហារ។
លោក គៀត គន្ធា ក៏ប្រាប់ពីសក្តានុពលនៃការទាក់ទាញភ្ញៀវទេសចរទៅលម្ហែនៅតំបន់ទំនប់អន្លង់ជ្រៃនេះដែរថា៖ «សម្បូរទេសចរទាំងជិត និងឆ្ងាយ ចូលទៅលម្ហែកាយ ទទួលទានបាយវេចខ្ចប់ដាក់តាមរថយន្ត ជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិ ឬក្រុមរួមការងារ នៅរដូវកាលបុណ្យភ្ជុំបិណ្ឌ និងនៅថ្ងៃចុងសប្តាហ៍ (សៅរ៍ និងអាទិត្យ) ក៏សម្បូរទេសចរមកកម្សាន្តលេងផងដែរ»។
លោកបញ្ជាក់ទៀតថា៖ «ក្រៅពីនេះ ទំនប់អន្លង់ជ្រៃ ក៏ជាទីកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យអុំទូកដែរ នៅក្នុងខែ វិច្ឆិកា ដែលជារដូវកាលប្រារព្ធបុណ្យអុំទូក ជារៀងរាល់ឆ្នាំរបស់ស្រុកថ្ពង គឺមានភ្ញៀវមកលេងយ៉ាងច្រើនកកកុញ។ ថ្មីៗនេះ ក៏បានលេចឮថា មានក្រុមហ៊ុនឯកជននានា ចង់សហការកែច្នៃឲ្យក្លាយជាតំបន់រមណីយដ្ឋានកសិទេសចរណ៍ផងដែរ»៕