កិច្ចគាំពារវិនិយោគិន គឺជាការងារចម្បង និងអាទិភាពសម្រាប់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងវិស័យមូលបត្រនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងបទប្បញ្ញតិ្តត្រូវបានរៀបចំជាបន្តបន្ទាប់ ក្នុងគោល ដៅធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសណ្តាប់ធ្នាប់ នៃដំណើរការរបស់ទីផ្សារមូលបត្រកម្ពុជា ជាពិសេសរក្សាទំនុកចិត្តរបស់វិនិយោគិនមូលបត្រ។
ន.ម.ក.ត្រួតពិនិត្យលក្ខណសម្បតិ្តគ្រប់បុគ្គលទាំងអស់ ហើយផ្តល់ការអនុញ្ញាត អាជ្ញាបណ្ណ ឬការទទួលស្គាល់ឱ្យធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ឬផ្តល់ការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទិ្ធ ឬបំណុលជាសាធារណៈ ចំពោះតែក្រុមហ៊ុន ឬបុគ្គលទាំងឡាយ ដែលបំពេញបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវ ដែលបញ្ញតិ្តក្នុងច្បាប់ និងបទប្បញ្ញតិ្តជាធរមានតែប៉ុណ្ណោះ ជាអាទិ៍ លក្ខខណ្ឌផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស ប្រព័ន្ធបច្ចេកវិទ្យា និងលក្ខខណ្ឌតម្រូវផ្សេងទៀត។
ន.ម.ក. បន្តតាមដានប្រតិបតិ្តការអាជីវកម្ម និងសុខភាពរបស់បុគ្គលទាំងអស់នេះ ហើយនឹងបើកនីតិវិធីបុននីតិសម្បទា និង/ឬការជម្រះបញ្ជីនៅក្នុងករណីមាន ឬអាចមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ អនុក្រឹត្យ លេខ ២៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្តីពី «បុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ» ត្រូវបានរៀបចំឡើងក្នុងគោលដៅកំណត់អំពីបែបបទនីតិវិធីក្នុងការធ្វើបុននីតិសម្បទា និងការជម្រះបញ្ជីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលអាចជួបនឹងវិបតិ្តហិរញ្ញវត្ថុ អសាធនីយ ក្ស័យធន ឬស្នើសុំជម្រះបញ្ជីដោយស្មគ្រ័ចិត្ត។
តើអ្វីទៅជាបុននីតិសម្បទា?
បុននីតិសម្បទា (Rehabilitation) សំដៅដល់យន្តការ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលមានបញ្ហាហិរញ្ញវត្ថុអាចត្រូវបានសង្គ្រោះមិនឱ្យអសាធនីយ និងបន្តដំណើរការប្រក្រតីឡើងវិញ។ ក្រុមហ៊ុនឬបុគ្គលបោះផ្សាយ អាចជួបនឹងវិបតិ្តហិរញ្ញវត្ថុ ឬការខាតបង់ ដោយសារតែកត្តាផ្សេងៗ ជាអាទិ៍ សង្គ្រាម គ្រោះធម្មជាតិ ការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលបណ្តាលឱ្យក្រុមហ៊ុនក្លាយជាអសាធនីយ។
អសាធនីយ (Insolvent) គឺជាស្ថានភាព ដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមិនមានលទ្ធភាពសង បំណុលនៅពេលដល់ឥណប្រតិទាន(កាលកំណត់សង)។ ម្ចាស់បំណុលអាចនឹងដាក់ពាក្យបណ្តឹង ដើម្បីបើកសំណុំរឿងក្ស័យធនប្រឆាំងនឹងក្រុមហ៊ុន ឬបុគ្គលបោះផ្សាយជាកូនបំណុល ដែលអលទ្ធភាពសងបំណុល ដើម្បីទាមទារឱ្យតុលាការជម្រះបញ្ជី និងរំលាយក្រុមហ៊ុន។ បុននីតិសម្បទា គឺជាយន្តការស្តារ ឬសង្គ្រោះក្រុមហ៊ុនពីអសាធនីយ ឱ្យក្លាយជាសាធនីយឡើងវិញ ពោលគឺមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទូទាត់បំណុល។
បុននីតិសម្បទា គឺជានីតិវិធី ដែលបង្ការក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពីការក្ស័យធន ប៉ុន្តែមិនមានន័យថាបុននីតិសម្បទាអាចសង្គ្រោះក្រុមហ៊ុនពីការក្ស័យធនគ្រប់ករណីនោះទេ។ ក្នុងករណីខ្លះ ក្រុមហ៊ុនមិនអាចទូទាត់បំណុលបាន មិនមែនដោយសារតែក្រុមហ៊ុនអសាធនីយនោះទេ ប៉ុន្តែអាចបណ្តាលមកពីក្រុមហ៊ុនបង្វិលប្រាក់មិនទាន់ ការយឺតយ៉ាវនៅក្នុងការទូទាត់ប្រាក់ពីអតិថិជនរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនមានសិទិ្ធលើបំណុលច្រើន ដែលមិនទាន់ដល់ឥណប្រតិទាន ឬក្រុមហ៊ុនមានទ្រព្យសម្បតិ្តច្រើនដែលមិនងាយនឹងបំលែងជាសាច់ប្រាក់ ក្នុងរយៈពេលខ្លីជាអាទិ៍ ដី អគារ។
ដូចនេះ បុននីតិសម្បទា គឺជាយន្តការដ៏មានប្រសិទ្ធភាព និងតម្លាភាពមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវពេលវេលាបន្ថែម ក្នុងការប្រមូលប្រាក់សម្រាប់ទូទាត់បំណុល ដោយមានការសម្របសម្រួលជាមួយនឹងម្ចាស់បំណុលទាំងអស់ ក្រោមការដឹកនាំ និងចាត់ចែងជាបណ្តោះអាសន្ន ដោយ «អភិបាលបណ្តោះអាសន្ន» នៅក្នុងអំឡុងពេលបុននីតិសម្បទានេះ។
ន.ម.ក.អាចប្រកាសបើកនីតិវិធីបុននីតិសម្បទាដោយផ្ទាល់ ឬតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់ អ្នកគ្រប់គ្រង ឬភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនចំនួនច្រើន ឬបុគ្គលផ្សេង ទៀត ដូចមានចែងនៅក្នុងលក្ខនិ្តកៈ
របស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ក្នុងករណី ដែលក្រុមហ៊ុន ឬបុគ្គលបោះផ្សាយមាន ឬអាចមានបញ្ហាហិរញ្ញវត្ថុ ដូចខាងក្រោម៖
- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចស្ថិតក្នុងស្ថានភាពមិនអាចមានលទ្ធភាពក្នុងការបំពេញតាមលក្ខខណ្ឌមូលធនអប្បបរមាកំណត់ដោយ ន.ម.ក.។
- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យឃើញថា ហានិភ័យដែលមានចែងក្នុងផែនការគ្រប់គ្រងហានិភ័យដែលតម្រូវដោយ ន.ម.ក. ឬហានិភ័យផ្សេងទៀតអាចកើតឡើងជាក់ស្តែងចំពោះក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ឬក្រុមហ៊ុន ឬបុគ្គលបោះផ្សាយអាចប្រឈមនឹងហានិភ័យ ដែលបណ្តាលឱ្យក្រុមហ៊ុន ឬបុគ្គលបោះផ្សាយត្រូវជួបប្រទះ ឬអាចជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុ។
- ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយពិនិត្យ ឃើញថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ អាចនឹងក្លាយជាអសាធនីយ។
- និងស្ថានភាពផ្សេងទៀត ដែលកំណត់ដោយ ន.ម.ក.។
អគ្គនាយកនៃ ន.ម.ក. នឹងតែងតាំងអភិបាលបណ្តោះអាសន្ន ដែលបុគ្គលនេះត្រូវចាត់ចែង និងគ្រប់គ្រងក្រុមហ៊ុន ឬបុគ្គលបោះផ្សាយដើម្បីស្តារក្រុមហ៊ុនឡើងវិញ ដោយប្រើប្រាស់សិទិ្ធ និងអនុវត្តកាតព្វកិច្ច ដូចមានកំណត់នៅក្នុងអនុក្រឹត្យស្តីពី «បុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ»។
ក្នុងករណីដែលអភិបាលបណ្តោះអាសន្នវាយតម្លៃជាស្ថាពរ ថាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ស្ថិតក្នុងស្ថានភាពអសាធនីយ អគ្គនាយកនៃ ន.ម.ក. សម្រេចឱ្យអភិបាលបណ្តោះអាសន្ន ទូទាត់ ឬផ្ទេរភ្លាមនូវទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ សាធារណៈ ដែលកាន់កាប់ដោយក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ប្រសិនបើមាន ទៅក្រុមហ៊ុនផ្សេងទៀត ឬអ្នកវិនិយោគសាធារណៈ រួចប្តឹងទៅតុលាការមានសមត្ថកិច្ច ដើម្បីជម្រះបញ្ជី។
ឯកសារយោង៖ អនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្តីពី «បុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រ»
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានកិច្ចការគតិយុត្ត
អ៊ីមែល៖ legal@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១