​បន្ទាប់ពី​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​មក​) ដោយ​ជោគជ័យ តើ​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ត្រូវអនុវត្ត​កាតព្វកិច្ច​អ្វីខ្លះ​?

​បន្ទាប់ពី​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ ផ​មក ដោយ​ជោគជ័យ​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​មាន​កាតព្វកិច្ច​ក្នុងការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម​របស់ខ្លួន​ជូន​វិនិយោគិន ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លា​ភាព គណនេយ្យភាព នៅក្នុង​ទីផ្សារ​និង​ជាពិសេស​ធានា​នូវ​កិច្ច​គាំពារ​វិនិយោគិន​សាធារណៈ តាមរយៈ​ការ​​ធ្វើ​សេចក្តីសម្រេចចិត្ត​វិនិយោគ​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេល​។​

​តើ​អ្វី​ទៅជា​ព័ត៌មាន​សាជីវកម្ម​? តើ​ព័ត៌មាន​អ្វីខ្លះ​ដែល​ចាត់ទុកជា​ព័​ត៌​​មាន​សាជីវកម្ម​?

​ព័ត៌មាន​សាជីវកម្ម សំដៅ​ដល់​ឯកសារ​ផ្តល់ព័ត៌មាន​ជាប្រចាំ ដែល​ពណ៌នា​អំពី​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅពេល​ណាមួយ នៃ​អាយុកាល​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ដែល​រួមមាន ព័ត៌មាន​ទាន់ពេល របាយការណ៍​សាមាយិក ព័ត៌មាន​ពិសេស និង​ព័ត៌មាន​តាម​ការស្នើសុំ​។​ការបង្ហាញ​ព័ត៌មាន​សាជីវកម្ម​នេះ ត្រូវ​ធានា​ឱ្យបាន​នូវ​ភាពត្រឹមត្រូវ ពេញ​​លេញ ច្បាស់លាស់ និង​ទាន់ពេល​។​ 

​ព័ត៌មាន​ទាន់ពេល សំដៅ​ដល់​ព័ត៌មាន​ទាំងឡាយណា ដែល​អាចមាន​ផលប៉ះពាល់​ដល់​ថ្លៃ ឬ​ការ​ជួញ​​ដូរ​មូល​ប​ត្រ​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ហើយ​នៅពេលដែល​ព័​ត៌​មាន​ទាំងនោះ កើតមានឡើង បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ត្រូវធ្វើ​ការបង្ហាញ ព័ត៌មាន​នោះ​ភ្លាម​។ ព័ត៌មាន​ទាន់​ពេលនេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​វិ​យោគិន ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ទិញ ឬ​លក់​ភាគហ៊ុន​របស់​ក្រុម​​ហ៊ុន​នោះ ដូចនេះ បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ភ្លាមៗ​នៅលើ​គេហទំព័រ ផ​មក ក្នុងករណី​មាន​ព្រឹត្តិការណ៍​ណាមួយ​កើតឡើង​ទាក់ទង​នឹង​ព័ត៌មាន​ទាន់​ពេលនេះ​។​

​របាយការណ៍​សាមាយិក សំដៅ​ដល់​របាយការណ៍ ដែល​ត្រូវ​បានរៀបចំ សម្រាប់​រយៈពេល​នៃ​ការរាយការណ៍​ជាក់លាក់​ណាមួយ រួមមាន របាយ​ការណ៍​ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ​។​របាយការណ៍​សាមាយិក​មាន​សារៈ​សំខាន់​សម្រាប់​វិនិយោគិន​ក្នុងការ​ពិនិត្យ និង​តាមដាន​ប្រតិបត្តិការ​អាជីវកម្ម និង​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ តួយ៉ាង ប្រាក់ចំណូល ប្រាក់​ចំ​ណេ​ញ​/​ខាត មានការ​កើនឡើង ឬ​​ថយចុះ ធៀប​នឹង​ឆ្នាំ​កន្លងទៅ​ជាដើម​។​

​ព័ត៌មាន​ពិសេស សំដៅ​ដល់​ព័​ត៌​មាន​ទាំងឡាយណា ដែលមាន​ផល​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​មួយផ្នែក ឬ​ទាំងស្រុង​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ រួមមាន ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​មកវិញ ការ​​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា និង​ការ​ទិញយក ការទទួល​កាន់កាប់​បន្ត និង​សំណើ​ទិញ​ធែ​ន​ឌ័​រ (Tender offer)​។

​ព័ត៌មាន​តាម​ការស្នើសុំ សំដៅ​ដល់​ព័ត៌មាន​ដែល​ស្នើសុំ​ដោយ ន​.​ម​.​ក​. ឬ ផ​មក ក្នុងករណី​មាន​ពាក្យ​ច​ចាម​អា​រ៉ា​ម ដំណឹង ឬ​ព័ត៌មាន ដែល​អាចធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ឬ​ថ្លៃ​មូល​ប​ត្រ និង​ករណី​មានការ​ប្រែប្រួល​ថ្លៃ ឬ​ទំហំ​ជួញដូរ​មិន​ប្រក្រតី​នៃ​មូល​ប​ត្រ ព្រមទាំង ព្រឹត្តិការណ៍ ដែល​អាចមាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍​វិនិយោគិន​។​

​ព័ត៌មាន​តាម​ការស្ម័គ្រចិត្ត សំដៅ​ដល់​ប្រភេទ​ព័ត៌មាន​ក្រៅពី​ព័ត៌មាន​សាជីវកម្ម ដូច​មានកំណត់​ខាងលើ​។​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​អាច​ស្នើសុំ​បង្ហាញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ធុរកិច្ច​សំខាន់ៗ ឬ​ព័​ត៌​​មាន​ទាំងឡាយណា ដែល​ផ្តល់​ផល​ល្អ​ដល់​កេរ្តិ៍ឈ្មោះ​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ដូចជា ការទទួលបាន​ពានរង្វាន់ និង​អនុលោមភាព​ពន្ធដារ​។ ផ​មក អាច​បដិសេធ​ការស្នើសុំ​បង្ហាញ​ព័ត៌មាន​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ក្នុងករណី​ព័ត៌មាន​នោះ មិនមាន​ភាពចាំបាច់​។​

​តើ​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ត្រូវ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម​ដោយ​របៀប​ណា​?

​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ត្រូវ​ផ្តល់ព័ត៌មាន​ទាន់ពេល ព័ត៌មាន​តាម​ការស្នើសុំ និង​ព័ត៌មាន​តាម​ការ​​ស្ម័គ្រចិត្ត ជូន ផ​មក តាមរយៈ​ប្រព័ន្ធ E-Disclosure និង​ចម្លងជូន ន​.​ម​.​ក​. ក្នុងពេល​ដំណាលគ្នា​។ ដោយឡែក​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ ត្រូវ​ផ្តល់​របាយការណ៍​សាមាយិក ព័ត៌មាន​ពិសេស ព័ត៌មាន​តាម​ការស្នើសុំ ជូន​ ​ន​.​ម​.​ក​. តាមរយៈ​សារ​អេឡិចត្រូនិក disclosure@serc.gov.kh និង​តាម​លិខិត​ជា​លាយលក្ខណ៍អក្សរ​ជូន ន​.​ម​.​ក​. ដើម្បី​ស្នើសុំ​សេចក្តីសម្រេច​ជាមុន​។ ព័ត៌មាន​សាជីវកម្ម​ទាំងអស់នេះ នឹងត្រូវ​ផ្សព្វផ្សាយ​នៅលើ​គេហ​ទំព័រ​របស់ ផ​មក និង​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​៕ 

​យោង​៖ ប្រកា​សលេខ ០០៧/១៨ គ​.​ម​.​ក​./​ប្រ​.​ក​. ចុះ​ថ្ងៃទី ​៣០ ខែតុលា ឆ្នាំ​ ២០១៨ ស្ដីពី​ការបង្ហាញ​ព័ត៌មាន​សាជីវកម្ម​។​
រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​
នាយកដ្ឋាន​គ្រប់គ្រង​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ 
​​អ៊ីមែល​៖ disclosure@serc.gov.kh / ​ទូរ​ស័ព្ទ​៖ ០៩៣ ៨៣៧ ៣៤៥