ការប៉ង​ប្រាថ្នា បូក​នឹង​ការតស៊ូ ពេល​ខ្លះ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ក្តី​បំណង ប៉ុន្តែ​ភាព​ជោគជ័យ នោះ​ស្ថិត​នៅ​ជាមួយ​បុគ្គល​អ្នក ប៉ងប្រាថ្នា​រយៈពេល​យូរ​ប៉ុន​ណា​មិន​អាច​កំណត់​បាន​ឡើយ​។ យ៉ាងណា​មិញ​យុវជន​ កង គឹមហាក់ បាន​ជួប​នឹង​ភាពជោគជ័យ​ក្នុង​ជីវិត​ដូច​ក្តី​ប្រាថ្នា ដែល​ការ​ស្រមៃ​នោះ គឺ​លោក​ចង់​ក្លាយ​ជា​តំណាងរាស្ត្រ​តាំងពី​លោក​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ ហើយ​ក៏​បាន​សម្រេច​ដូច​បំណង​មែន ប៉ុន្តែ​ការពិត​ដែល​កើតឡើង​សម្រាប់​លោក​មិន​ស្ថិតស្ថេរ​ក្នុង​រយៈពេល​មួយ​ដែល​ចង់​បាន​។

ពិតណាស់​អតីត​តំណាងរាស្ត្រ​ កង គឹមហាក់ មុន​ជាប់​ឆ្នោត​ក្លាយ​ជា​តំណាងរាស្ត្រ លោក​ធ្លាប់​បាន​ស្រមៃ​គិត​ដល់​រឿង​ធ្វើ​នយោបាយ​ដើម្បី​បាន​ក្លាយជា​តំណាងរាស្ត្រ​។ មិន​យូរ​ប៉ុន្មាន​ក្តី​ប្រាថ្នា​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ដែល​នាំ​ឲ្យ​លោក​ក្លាយ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​កាលពី​បោះឆ្នោត​ឆ្នាំ​ ២០១៣ ​ក្នុង​អាណត្តិ​ទី​ ៥​។

ប៉ុន្តែ​ភាព​ជោគជ័យ​នេះ​នៅ​ជាមួយ​លោក​ប្រមាណ​ជាង​ ២ ​ឆ្នាំ​ប៉ុណ្ណោះ​ពោល​គឺ​លោក​បាន​អង្គុយ​កៅអី​តំណាងរាស្ត្រ​រយៈពេល​ប្រមាណ​ពាក់​កណ្តាល​អាណត្តិ​ ៥ ​ឆ្នាំ​។ ខណៈ​ពេល​ដែល​កំពុង​ស្រមៃ​ចង់​ក្លាយ​ជា​តំណាងរាស្ត្រ​កាលពី​ជាង​ ១០ ​ឆ្នាំ​មុន​លោក​​ កង គឹមហាក់ ធ្លាប់​ធ្វើ​ជា​ជំនួយការ​អតីត​តំណាងរាស្ត្រ​លោក​ ជាម ច័ន្ទនី​។

កាល​នោះ​លោក​នៅ​ក្រោម​ដំបូល​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ប៉ុន្តែ​ដោយសារ​តែ​មហិច្ឆតា​ចង់​ទៅ​អង្គុយ​កៅអី​ក្នុង​រដ្ឋសភា​ដែល​ជា​តំណាងរាស្ត្រ លោក​បាន​ចាកចេញ​ពី​ការងារ​ជា​ជំនួយការ ហើយ​មក​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ​ក្នុង​បក្សប្រឆាំង​មួយ​ទៀត​គឺ​បក្ស​សិទ្ធិមនុស្ស​របស់​លោក​ កឹម សុខា ​។

ក្រោយ​ពី​ចាកចេញ​ពី​លោក​ ជាម ច័ន្ទនី ក្នុង​ដំបូល​គណបក្ស​ សម រង្ស៊ី ជាមួយ​គ្នា​នោះ​លោក​ កង គឹមហាក់ បាន​ភ្ជាប់​ទំនាក់​ទំនង​ដើម្បី​បន្ត​ធ្វើ​នយោបាយ​ជាមួយ​អតីត​តំណាងរាស្ត្រ​លោក​ ម៉ៅ មុនីវណ្ណ នា​ឆ្នាំ​ ២០១១​។

កាល​នោះ​លោក​ ម៉ៅ មុនីវណ្ណ បាន​ចាកចេញ​ពី​បក្សប្រឆាំង​សម រង្ស៊ី ទៅ​បន្ត​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​មួយ​ទៀត​ដែរ ​គឺ​បក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក​ កឹម សុខា ហើយ​ពេល​នោះ​លោក​ កង គឹមហាក់ ក៏​បាន​ទៅ​បន្ត​ជីវិត​នយោបាយ​ជាមួយ​គ្នា​ក្រោម​ដំបូល​គណបក្ស​សិទ្ធិមនុស្ស​ដោយ​បាន​ទទួល​តួនាទី​ជា​ប្រធាន​បក្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ មុន​គណបក្ស​ទាំង​ ២ ​រួម​កម្លាំង​គ្នា​នា​ឆ្នាំ​ ២០១២ ដែល​ដាក់​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​តទល់​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​។

ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្លាស់ប្តូរ​ឲ្យ​មក​ជួយ​ក្រុម​ការងារ​បក្ស​ខេត្ត​កំពង់ចាម​ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​ ១០ ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ ខេត្ត​កំពង់ចាម ឆ្នាំ​ ២០១៣​។

លោក​និយាយ​ថា​៖ «​បើ​ខ្ញុំ​នៅ​ជាមួយ​ឯកឧត្តម​ ជាម ច័ន្ទនី ទៀត​ខ្ញុំ​មាន​ឱកាស​ត្រឹម​តែ​ធ្វើ​ជា​សហការី​ជំនួយការ​អី​គាត់​ប៉ុណ្ណឹង ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តី​ស្រមៃ​របស់​ខ្ញុំ​ថា ខ្ញុំ​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ខ្លួន​ទៅ​​ជា​តំណាងរាស្ត្រ​ដូច​ ជាម ច័ន្ទនី ដែរ​។ ខ្ញុំ​ចាំ​មិន​ភ្លេច ពេល​ដែល​ឯកឧត្តម​ ជាម ច័ន្ទនី ឲ្យ​ខ្ញុំ​ដើរ​មើល​សភា​ហ្នឹង​ពី​បន្ទប់​មួយ​ទៅ​បន្ទប់ មួយ​រហូត​ទៅ​ដល់​សាលប្រជុំ​ដែល​គេ​កំពុង​តែ​រៀបចំ ព្រោះ​សភា​ហ្នឹង​គេ​កំពុង​ដេគ័រ​ក្នុង​សាលប្រជុំ​សភា​ហ្នឹង​»​។

លោក​បន្ថែម​ថា​៖ «​ពេល​ហ្នុង​ខ្ញុំ​នឹកភ្នក ហើយ​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ឱកាស​មក​អង្គុយ​កៅអី​នៅ​ក្នុង​សភា​ហ្នឹង​ដែរ​។ ក្រោយមក​បាន​ខ្ញុំ​កើត​គំនិត​ថា ខ្ញុំ​នឹង​ទៅ​ប្រកប​មុខរបរ​អី​ដើម្បី​ឲ្យ​មាន​ចំណូល ហើយ​មាន​ធនធាន​អាច​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​បាន ហើយ​ឲ្យ​ក្លាយ​ខ្លួន​ជា​អ្នកនយោបាយ​»​។

បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​មិន​អំណោយផល​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​អតីត​តំណាងរាស្ត្រ​រូប​នេះ​បាន​ប្តេជ្ញា​មិន​ដក​ថយ​ពីស​ង្វៀន​នយោបាយ​នោះ​ឡើយ​។ ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​នយោបាយ​វិល​រក​ភាពប្រក្រតី​វិញ​លោក​នឹង​បន្តជីវិត​ជា​អ្នក​នយោបាយ​ឡើង​វិញ​ដោយ​រំពឹង​យ៉ាង​មុតមាំ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស ប្រសិន​បើ​បរិយាកាស​នយោបាយ​ល្អ ហើយ​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​ដែល​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។

ងាក​មក​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​វិញ អតីត​តំណាងរាស្ត្រ​ ៥៥ ​រូប និង​មន្ត្រី​ជាន់ខ្ពស់​ឯទៀតៗ​សរុប​ចំនួន​ ១១៨ ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​ក្រោយ​បក្ស​របស់​ពួកគេ​ត្រូវ​បាន​រំលាយ​ជិត​ ៤ ​ខែ​មក​នេះ​គឺ​ត្រូវ​សំងំ​ស្ងៀម​មិន​ហ៊ាន​និយាយ​ ឬ​ក៏​ធ្វើ​សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​នៅក្នុង​ប្រទេស​កម្ពុជា​សូម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​មាន​ការលំបាក​ក្នុង​ការ​ទំនាក់ទំនង​ពួកគេ​ដើម្បី​ធ្វើ​កិច្ចសម្ភាសន៍​ដែរ​។

ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៦ ​ខែ​កុម្ភៈ​អតីត​តំណាងរាស្ត្រ​លោក​ កង គឹមហាក់ ​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​បង្ហាញ​នូវ​ក្តី​រំពឹង​ទៅ​លើ​ការវិល​ត្រឡប់​មក​វិញ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​នេះ​ជាមួយ​គូប្រកួត​របស់​ខ្លួន​ដែល​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

ការវិល​ត្រឡប់​មក​វិញ​នូវ​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​លោក​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​បាន​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នេះ​តាំងពី​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ ដោយ​មាន​ការខិតខំ​ជួយ​ជំរុញ​ពី​អន្តរជាតិ​ផង​ដែរ ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១​។ លើសពី​នេះ​ទៀត​ខ្មែរ និង​ខ្មែរ​ក៏​អាច​និយាយ​គ្នា​រក​ដំណោះស្រាយ​រួម​បាន​ដែរ​ដើម្បី​ប្រយោជន៍​ជាតិ​។

លោក​ កង គឹមហាក់ ថ្លែង​ថា​៖ «​ហើយ​ខ្ញុំ​មាន​ជំនឿ​ថា ខ្មែរ​យើង​អាច​ជជែក​គ្នា​បាន​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដើម្បី​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ឲ្យ​បាន​រីកចម្រើន​ទាំងអស់​គ្នា​ទៅ​ហើយ​ខ្ញុំ​ជឿ​ថា បើ​សិន​ជា​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​ទេ នេះ​បង្ហាញ​ថា​ស្ថានភាព​ប្រទេស​កម្ពុជា នឹង​រអិល​ធ្លាក់​ចេញ​ពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិភពលោក​ហើយ​»​។

បើ​តាម​លោក​ កង គឹមហាក់ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​មន្ត្រី​ជាន់ខ្ពស់​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ ទាំង​ថ្នាក់ដឹកនាំ​បក្ស​ក៏​ដូចជា​សមាជិក​នៅ​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​រៀងៗ​ខ្លួន​ដោយសារ​តែ​មាន​ការ​គំរាមកំហែង​ផង និង​ការអូសទាញ​ផង​។

ការព្រួយបារម្ភ​នេះ គឺ​ដោយសារ​ថា​ភាគច្រើន​នៃ​ថ្នាក់ដឹកនាំ​ក៏ដូចជា​សកម្មជន និង​សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចុះ​ចូល​ទៅ​តាម​ការ​លួងលោម​ ឬ​អូសទាញ​ពី​សំណាក់​មន្ត្រី​របស់​គណបក្ស​កាន់អំណាច​។ ហេតុ​ដូច្នេះ​បាន​ជា​ថ្នាក់ដឹកនាំ​ថា្នក់​ជាតិ​ក៏​ដូចជា​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​សម្រេចចិត្ត​ភៀស​ខ្លួន​ចេញ​ក្រៅប្រទេស ឬ​ភៀស​ខ្លួន​ចេញ​ពី​ភូមិឋាន​ដើម្បី​គេចវេះ​ពី​ការ​គំរាមកំហែង​។

(​សូម​រង់ចាំ​អាន​ភាគ​បន្ត​សប្តាហ៍​ក្រោយ​)