
លោក ផុន ធារិន សមាជិកក្រុមហ៊ុនមេធាវីស៊ីឌីអេស។ សហការី
ការបាត់បង់ទ្រព្យសម្បត្តិឬឯកសារមានតម្លៃដោយចោរលួចឬដោយជ្រុះបាត់ ហើយដើម្បីចង់បានមកវិញ តើម្ចាស់ទ្រព្យនោះគួរតែទៅរាយការណ៍ឬដាក់ពាក្យបណ្តឹងនៅកន្លែងណា? ចុះប្រសិនបើនរណាម្នាក់រើសបានហើយយកទៅប្រើក្នុងមធ្យោបាយទុច្ចរិតផ្ទុយពីច្បាប់តើម្ចាស់ដើមនឹងអាចមានទោសទណ្ឌដែរទេ?
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ផុន ធារិន ជាសមាជិកនៃក្រុមហ៊ុនមេធាវីស៊ីឌីអេស មានការិយាល័យនៅផ្ទះលេខ ៥៤ ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម :
ឧបមាថា លោក (ក) ជ្រុះបាត់អត្តសញ្ញាណប័ណ្ណ ហើយត្រូវលោក (ខ) រើសបាន ប៉ុន្តែលោក (ក) មិនបានប្តឹងទៅប៉ុស្តិ៍នគរបាលពីការបាត់នោះទេ រីឯអត្តសញ្ញាណប័ណ្ណនោះត្រូវលោក (ខ) យកតាមខ្លួននិងបានទៅប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិរបស់គេ ហើយគេចខ្លួនតែបន្សល់ទុកអត្តសញ្ញាណប័ណ្ណនោះនៅកន្លែងកើតហេតុ។ ក្នុងករណីនេះ តើលោក (ក) ត្រូវមានទោសដែរទេពេលសមត្ថកិច្ចរកឃើញតម្រុយអត្តសញ្ញាណប័ណ្ណរបស់គាត់បែបនេះ?
ជាទម្លាប់ប្រជាពលរដ្ឋតែងតែយល់ថា កាលណាគាត់បាត់របស់មានតម្លៃដូចជា ប្រាក់កាស ទូរស័ព្ទដៃ គ្រឿងអលង្ការ ម៉ូតូរថយន្តឬទ្រព្យ ដែលមានតម្លៃផ្សេងៗទៀត។ល។
យើងសង្កេតឃើញថា ពួកគាត់ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីស្វែងរកទ្រព្យសម្បតិ្តទាំងនោះមកវិញជាជាងការដាក់ពាក្យបណ្តឹង ឬរាយការណ៍អំពីការបាត់បង់នោះក្នុងគោលបំណងដើម្បីបង្ការនិងការពារខ្លួនចំពោះការសង្ស័យឬពាក់ព័ន្ធនឹងការចោទប្រកាន់ផ្សេងៗដោយហេតុថាបុគ្គលដែលបានលួចឬរើសបានទ្រព្យសម្បត្តិនោះយកមកប្រើប្រាស់ជាមធ្យោបាយដើម្បីបង្វែងដានចំពោះអំពើល្មើសរបស់ពួកគេ។
ការដែលមិនបានរាយការណ៍ឬដាក់ពាក្យបណ្តឹងចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនមិនមានបញ្ញត្តិណាមួយដាក? ទោសទណ្ឌចំពោះអ្នកមិនបានប្តឹងឬរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ចំពោះសំណួរខាងលើនេះ ទោះបីអត្តសញ្ញាណប័ណ្ណលោក (ក) ត្រូវបានរកឃើញនៅកន្លែងកើតហេតុក៏ដោយ ក៏លោក (ក) មិនត្រូវបានសន្មតថាមានទោសនោះឡើយដរាបណាតុលាការមិនទាន់កាត់ទោស។
យោងតាមមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា «ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោស ជាស្ថាពរ»។
តើមន្ត្រីប៉ុស្តិ៍អាចឃាត់ខ្លួនលោក(ក)បានទេគ្រាន់សំអាងទៅលើវត្ថុតាងជាអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់គាត់? ចុះបើរឿងនេះមានសាក្សីជួយបំភ្លឺ តើគាត់អាចរួចខ្លួនទេ?
ជាទូទៅលោក (ក) អាចប្រឈមមុខចំពោះការសង្ស័យរបស់សមត្ថកិច្ច ដែលលោក (ក) ជាកម្មវត្ថុក្នុងការតាមដានការស៊ើបអង្កេតឬការនាំខ្លួនដើម្បីសាកសួរទៅតាមនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌។
មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំគោលការណ៍ណែនាំពីព្រះរាជអាជ្ញាដើម្បីធ្វើការឃាត់ខ្លួនលោក (ក) ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌បានដើម្បីស្វែងរកតម្រុយផ្សេងៗទៀតពីលោក (ក) ។យោងតាមមាត្រា ៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា «ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេតមន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស»។
ដោយឡែក ក្នុងករណីលោក (ក) បានបង្ហាញពីភាពស្អាតស្អំរបស់គាត់ថា មិនបានពាក់ព័ន្ធនឹងបទល្មើសដូចដែលមន្ត្រីនគរបាលយុត្តិធម៌បានដាក់ការសង្ស័យមកលើគាត់ដោយលោក (ក) មានភ័ស្តុតាងជាសាក្សីមកបំភ្លឺចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌នោះ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំគោលការណ៍ពីព្រះរាជអាជ្ញាដើម្បីអនុញ្ញាតឲ្យលោក (ក) វិលត្រឡប់ទៅផ្ទះវិញឬក្រោយផុតរយៈពេលនៃការឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ត្រូវបញ្ជូនបុគ្គលដែលឃាត់ខ្លួនទៅព្រះរាជអាជ្ញាដើម្បីធ្វើការសម្រេច។
យោងតាមមាត្រា ១០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា «នៅពេលផុតកំណត់នៃរយៈពេលឃាត់ខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួននោះត្រូវបញ្ជូនខ្លួនទៅព្រះរាជអាជ្ញាឬដោះលែងឲ្យមានសេរីភាពឡើងវិញ។ សេចក្តីសម្រេចនេះធ្វើឡើងដោយព្រះរាជអាជ្ញា»។
ដើម្បីកុំឲ្យមានបញ្ហាលំបាក ពេលជ្រុះបាត់អត្តសញ្ញាណប័ណ្ណ តើលោក (ក) គួរតែទៅរាយការណ៍ឲ្យសមត្ថកិច្ចដឹងជាមុនឬយ៉ាងណា?
ដូចដែលបានរៀបរាប់នៅក្នុងសំណួរទី ១ ខាងលើដែរ លោក (ក) គួរគប្បីរាយការណ៍ភ្លាមទៅសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុតដើម្បីជូនដំណឹងអំពីការបាត់បង់របស់របរទាំងឡាយមុននឹងអង្គហេតុបទល្មើសណាមួយកើតឡើងតាមក្រោយ។ កាលណាមានបទល្មើសណាមួយកើតឡើងពាក់ព័ន្ធនឹងទ្រព្យសម្បត្តិអត្តសញ្ញាណប័ណ្ណរបស់លោក (ក) ដែលបានបាត់បង់ ហើយវាជាតម្រុយដែលបន្សល់ទុកនៅកន្លែងកើតហេតុនោះ សមត្ថកិច្ចមិនមានភាពស្មុគសា្មញចំពោះលោក (ក) ឡើយ។
ម្យ៉ាងទៀតទ្រព្យសម្បត្តិរបស់លោក (ក) នឹងត្រូវបានប្រគល់ជូនគាត់វិញបន្ទាប់ពីទ្រព្យរបស់លោក (ក) ដែលជាវត្ថុតាងនៅកន្លែងកើតហេតុត្រូវប្រមូលចាប់យក៕