ភ្នំពេញៈ ការដណ្តើមបានមេដាយសំរឹទ្ធ ជាលើកដំបូង ពីការប្រកួតស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម និងការបន្តឈ្នះបានមេដាយប្រាក់ ពីស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុកថា ជាសមិទ្ធផលដ៏ជោគជ័យជាប្រវត្តិសាស្ត្រ ដែលក្រុមជម្រើសជាតិបាល់ទះកម្ពុជា បង្កើតឱ្យមានឡើង បន្ទាប់ពីបានទន្ទឹងរង់ចាំអស់រយៈពេលជាង ៤០ ឆ្នាំ។
ចំពោះការកែប្រែប្រវត្តិសាស្ត្រ ពីការលេងមិនធ្លាប់ឈ្នះសោះ រហូតដណ្តើមបានមេដាយជាបន្តបន្ទាប់នៅស៊ីហ្គេមនេះ បានធ្វើឱ្យប្រទេសនៅក្នុងតំបន់អាស៊ាន ដែលធ្លាប់ចាត់ទុកក្រុមជម្រើសជាតិកម្ពុជា ថា ជាក្រុមខ្សោយជាងគេ នៅក្នុងតំបន់នោះ មានការភ្ញាក់ផ្អើល និងបានកោតសរសើរពីគុណភាពលេងដ៏ល្អរបស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ទន្ទឹមជាមួយគ្នានេះ កីឡាករ គួន មុំ ដែលធ្លាប់ត្រូវបានផ្ទេរទៅលេងឱ្យក្លិប Jakarta Garuda នៃលីគកំពូលឥណ្ឌូនេស៊ី រយៈពេល ៣ ខែ កាលដើមឆ្នាំ ២០២០ មុនពេលទទួលបានឱកាសទៅលេងនៅក្លិប Long An របស់វៀតណាម កាលពីចុងឆ្នាំ ២០២៣ នោះ បានមើលឃើញពីភាពអំណោយផលពីកីឡាករកម្ពុជា បើធៀបទៅនឹងកីឡាកររបស់បណ្តាប្រទេសក្នុងតំបន់ គ្រាន់តែកីឡាករកម្ពុជានៅខ្វះបទពិសោធន៍។
កីឡាករ គួន មុំ ថ្លែងថា៖«តាមបទពិសោធន៍ ដែលខ្ញុំបានទៅលេងនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ឃើញថា ការរៀបចំរបស់គេច្បាស់លាស់ មានលីគ មានពានច្រើន តែធនធានកីឡាកររបស់គេ អត់លើយើងប៉ុន្មានទេ។ កាយសម្បទារបស់ក្រុមកម្ពុជាយើង ចង់ល្អជាងគេផង គ្រាន់តែយើងខ្វះបទពិសោធន៍នៃការលេង និងបច្ចេកទេសរបស់គ្រូបង្ហាត់ ព្រោះគ្រូបង្វឹកគេមានផ្លាស់ប្តូរពីក្លិបមួយទៅក្លិបមួយច្រើន ធ្វើឱ្យកីឡាករគេ ទទួលបានបទពិសោធន៍ថ្មីៗច្រើន សមត្ថភាពកាន់តែរីកចម្រើន»។
យ៉ាងណាក៏ដោយ កីឡាករមានដើមកំណើត នៅខេត្តតាកែវ គួន មុំ បានសម្តែងការអបអរ ចំពោះការបង្កើតឱ្យមានការប្រកួតកីឡាបាល់ទះ «តេជោលីគ» ជាលើកដំបូង នៅកម្ពុជានេះ ដែលការប្រកួតនេះ នឹងជួយឱ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែខ្លាំង។
មុំ ថ្លែងថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងដែលសហព័ន្ធ អាចបង្កើតលីគបានជាលើកដំបូង ព្រោះនេះជាការអភិវឌ្ឍមួយជំហានទៀត ដែលយើងមិនធ្លាប់មានពីមុន ហើយខ្ញុំសង្ឃឹមថា លីគតេជោនេះ នឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទះនៅកម្ពុជា និងជំរុញឱ្យកម្ពុជា កាន់តែសម្បូរធនធានកីឡាករ ហើយនឹងធ្វើឱ្យក្រុមជម្រើសជាតិរបស់យើងកាន់តែខ្លាំង»។
ជាមួយគ្នានេះក្លិបបាល់ទះអាជីពធំៗ នៅតាមបណ្តាប្រទេសមួយចំនួន ក៏បានចាប់ផ្តើមចែចូវកីឡាករកម្ពុជា ទៅលេងឱ្យក្លិបរបស់ខ្លួន។ ជាក់ស្តែង ក្រោយការឈ្នះបានមេដាយសំរឹទ្ធ នៅស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាម កីឡាករ មានសមត្ថភាពល្អជាងគេក្នុងក្រុមជម្រើសជាតិ វឿន វាសនា ត្រូវបានក្លិប Long An របស់ប្រទេសវៀតណាម ខ្ចីជើងពីក្លិបវិសាខា ក្នុងរយៈពេល ២ សប្តាហ៍ ហើយទទួលបានតម្លៃខ្លួនជាង ២ ម៉ឺនដុល្លារ ដែលបានបំបែកឯតទគ្គកម្មតម្លៃខ្លួន ជាប្រវត្តិសាស្ត្រ ក្នុងពិភពបាល់ទះនៅស្រុកខ្មែរ។
ចំណែកបច្ចុប្បន្ននេះ កីឡាករមានដើមកំណើត នៅស្រុកមោង ឫស្សី ខេត្តបាត់ដំបង វឿន វាសនា បាននិងកំពុងលេងនៅលីគបាល់ទះរបស់កោះតៃវ៉ាន់ បន្ទាប់ពីរូបគេត្រូវបានក្លិប Win Streak ខ្ចីជើងទៅលេងនៅទីនោះរយៈពេល ២ ឆ្នាំ ដោយមានតម្លៃខ្លួនខ្ពស់បំផុតគឺរហូតដល់ជាង ១០ ម៉ឺនដុល្លារ។
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកការទទួលបានឱកាសទៅលេងនៅក្រៅប្រទេសរបស់កីឡាករ វឿន វាសនា, គួន មុំ និងកីឡាករបាល់ទះមួយចំនួនទៀតថា គ្រាន់តែជាការចាប់ផ្តើមមួយ ដែលវាមិនទាន់ស្របតាមការចង់បានរបស់កម្ពុជានោះទេ ហើយជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានឈានដល់ការរៀបចំឱ្យមានការប្រកួតកីឡាបាល់ទះ «តេជោលីគ» ជាលើកដំបូង ដើម្បីបើកផ្លូវក្នុងការពង្រីកទីផ្សារដោះដូរកីឡាកររបស់កម្ពុជា កាន់តែធំ ទៅលើឆាកអន្តរជាតិ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ២៥ ខែធ្នូ ថា៖ «តេជោលីគ ដែលមានឈ្មោះផ្លូវការថា TECHO Volleyball Cambodia League ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៅក្នុងវិស័យកីឡាបាល់ទះកម្ពុជា ព្រោះតាំងពីកកើតមានសហព័ន្ធនេះ យើងធ្លាប់បានរៀបចំការប្រកួតត្រឹមកម្រិត Cup ប៉ុណ្ណោះ ហើយលីគបាល់ទះអាជីពនៅកម្ពុជានេះ គឺត្រូវបានបង្កើតឡើង តាមការចង់បានរបស់ថ្នាក់ដឹកនាំសហព័ន្ធ»។
លោក ថ្លែងថា៖ «ផ្អែកលើគោលការណ៍ និងអ្វីដែលជាមហិច្ឆតារបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា គឺចង់ឱ្យលីគបាល់ទះអាជីពនៅកម្ពុជា បានកកើត និងមានការទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក និងសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ ព្រោះបើយើងបង្កើតលីគតែក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេសរបស់យើង គឺមិនមានផលចំណេញទេ!»។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា នៅពេលលីគនេះ ត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោកហើយ គឺវានឹងក្លាយជាឱកាសមួយ សម្រាប់ក្លិបបាល់ទះអាជីព នៅកម្ពុជា បានទៅលេងនៅព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះអាស៊ាន និងអាស៊ី ហើយតាមរយៈនៃការចូលរួមនោះ នឹងធ្វើឱ្យការដោះដូរកីឡាកររបស់កម្ពុជាទៅក្រៅប្រទេស កាន់តែមានទីផ្សារ។
លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «តាមរយៈការបង្កើតឱ្យមានតេជោលីគនេះ នឹងបង្កើតឱ្យមានទីផ្សារសម្រាប់កីឡាករយើង ព្រោះកាលណាយើងមានលីគអាជីព ការដោះដូរកីឡាករ នឹងមានចរន្ត អ៊ីចឹងពីក្លិបមួយទៅក្លិបមួយ អត្តពលិករបស់គាត់អាចធ្វើការដោះដូរគ្នា ទិញដាច់ ឬក៏ខ្ចីជើង ហើយការដោះដូរទាំងអស់ ត្រូវឆ្លងកាត់ និងទទួលស្គាល់ដោយសហព័ន្ធ ដើម្បីចៀសវាងកុំឱ្យមានជម្លោះ ដែលធ្លាប់តែកើតមានកន្លងមក»។
លោក អាំង សិរីពិសិដ្ឋ បានប្រាប់ទៅបណ្តាក្លិបទាំង ៨ ដែលចូលរួមការប្រកួត «តេជោលីគ» នេះ រួមមានវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលពោធិ៍សាត់ និងក្រុមស្នងការដ្ឋាននគរបាលកណ្តាល ត្រូវបញ្ជូនព័ត៌មានឱ្យសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីចុះឈ្មោះជាក្លិបអាជីពឱ្យបានត្រឹមត្រូវ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះពិភពលោក។
ទន្ទឹមនឹងនេះ សាមីក្លិបទាំង ៨ នោះ ក៏ត្រូវព្យាយាមចុះឈ្មោះកីឡាកររបស់ខ្លួន ទៅក្នុងប្រព័ន្ធសហព័ន្ធកីឡាបាល់ទះពិភពលោក ដើម្បីមានភាពងាយស្រួល ក្នុងការបញ្ជូនកីឡាករកម្ពុជា ចេញទៅលេងនៅក្រៅប្រទេស នៅពេលមានទីផ្សារដោះដូរកីឡាករបានកើតឡើង ហើយកីឡាករ ខ្លួនឯងផ្ទាល់ ត្រូវខំប្រឹងប្រែងបញ្ចេញសមត្ថភាព តាមរយៈការប្រកួតកីឡាបាល់ទះតេជោលីគនេះ ដើម្បីទាញការចាប់អារម្មណ៍ពីបណ្តាក្លិប នៅក្រៅប្រទេស។
លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «អត្តពលិកទាំងអស់ ត្រូវបង្កើតស្នាដៃរបស់ខ្លួន ធ្វើម៉េចឱ្យបណ្តាក្លិបនៅក្រៅប្រទេស មានការចាប់អារម្មណ៍ និងចាប់ផ្តើមអង្កេត ដើម្បីចាប់យកពួកយើងទៅលេងឱ្យក្លិបរបស់គេ ហើយនេះជានីតិវិធីក្នុងការបង្កើតប្រភពចំណូលរបស់កីឡាករយើង ជាក់ស្តែង វឿន វាសនា ចាប់ផ្តើមបានតម្លៃខ្លួនលេងនៅក្រៅប្រទេសពី ១ ម៉ឺន ២ ម៉ឺនដុល្លារ រហូតដល់ជាង ១០ ម៉ឺនដុល្លារ ប៉ុន្តែយើងត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លិបរបស់គេកាន់តែចាប់អារម្មណ៍ និងដំឡើងតម្លៃខ្លួនដល់យើងទៀត»។
ការប្រកួតកីឡាបាល់ទះតេជោលីគ រដូវកាលទី ១ ឆ្នាំ ២០២៤ នេះ មានការប្រកួតចំនួន ៣ ជុំ គឺជុំទី ១ ជាការប្រកួតវិលជុំសន្សំពិន្ទុរវាងក្រុមទាំង ៨ ដែលត្រូវធ្វើរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី ១២ ខែមករាតទៅ ហើយបន្ទាប់មកយកក្រុមឈរលេខ ១ ដល់លេខ ៦ ទៅប្រកួតនៅជុំទី ២ ដើម្បីចម្រាញ់យកក្រុមខ្លាំង ៤ ក្រុមចុងក្រោយ ទៅប្រកួតនៅជុំទី ៣ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកក្រុមឈ្នះ នៅជុំទី ៣ ត្រូវឡើងទៅប្រកួតដណ្ដើមជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤។ ចំណែកប្រាក់រង្វាន់វិញ គឺផ្តល់ឱ្យតែក្រុមជើងឯកមួយទេ ដែលមានចំនួន ៦០ លានរៀល ប៉ុន្តែគ្រប់ក្រុមទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ទៅតាមចំនួនជុំនៃការប្រកួតរបស់ខ្លួន។
លោក សិរីពិសិដ្ឋ បញ្ជាក់ថា មិនមានក្លិបណាមួយ មិនទទួលបានប្រាក់ឧបត្ថម្ភនោះទេ ហើយការធ្វើបែបនេះ សហព័ន្ធ បានចាយទុនច្រើនជាងការរៀបចំប្រាក់រង្វាន់លេខ ១ លេខ ២ និងលេខ ៣ ទៅទៀត ប៉ុន្តែអ្វីដែលសប្បាយចិត្តនោះ គឺគ្រប់ក្លិបទាំងអស់ សុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភ ដែលធ្វើឱ្យពួកគាត់មានទឹកចិត្ត និងខំប្រឹងប្រកួត ព្រោះឡើង ១ ជុំឡើងលុយៗ គឺលេងដល់ជុំចុងក្រោយ ទទួលបានលុយកាន់តែច្រើន ហើយបើបូកសរុបខ្ទង់ចំណាយសរុបចូល ១០០ លានរៀល។
ការប្រកួតកីឡាបាល់ទះ «តេជោលីគ» ក៏បានបើកឱ្យក្លិបនីមួយៗ អាចនាំយកកីឡាករបរទេសចំនួន ៣ នាក់ ដែលមិនជាប់បម្រាមរបស់សហព័ន្ធកីឡាបាល់ទះពិភពលោក មកចូលរួមប្រកួតបាន ទោះកីឡាករបរទេសនោះ មកពីអាស៊ាន អាស៊ី ឬអឺរ៉ុបក៏ដោយ ហើយការធ្វើបែបនេះ ដើម្បីឱ្យកីឡាករកម្ពុជា មានឱកាសកាន់តែច្រើន។
លោក ថ្លែងថា៖ «យើងចង់ឱ្យកីឡាករបរទេសចូលរួមជាមួយបណ្តាក្លិបរបស់យើង គឺដើម្បីធ្វើឱ្យការប្រកួតរបស់យើងកាន់តែស្វិតស្វាញ ហើយមានការប្រកួតប្រជែងកាន់តែខ្ពស់ វាធ្វើឱ្យយើងកាន់តែខ្លាំង។ បើយើងមិនខ្លាំងធ្វើម៉េចគេដំឡើងកៅអីឱ្យយើង ផ្ទុយទៅវិញបើយើងដណ្តើមយកកៅអីពីកីឡាករបរទេសបាន នោះទីផ្សាររបស់យើង គឺមានច្រើន»៕