​ភ្នំពេញ​: លោក ​វេ​ង ចិត​ ជា​ឪពុក​របស់ ​វេ​ង ជី​ម៉េង ប្រឈម​នឹង​ការលំបាក ខណៈ​កូនប្រុស​កើត​អាការ​ត្រចៀក​រួម​តូច ឬ​មីក្រូ​ធា (Microtia)​។ នៅពេលដែល​វិបត្តិ​កូ​វីដ​​ ១៩​ បាន​រំខាន​ឱកាស​នៃ​ការវះកាត់​កែ​ត្រចៀក​របស់​កូន លោក ចិត ពិចារណា​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​តាម​សំណើ​របស់​កូន​។​

​ទោះជា​យ៉ាងណា​ក៏​ការចំណាយ​ខ្ពស់​បាន​រារាំង​ទឹក​ចិ​ត្ដ​ឪពុក​រូប​​នេះ ដោយបាន​ត្រឹមតែ​វេច​បង្វេច​ត្រឡប់មកផ្ទះ​វិញ​។ មិនយូរប៉ុន្មាន លោក​បានឮ​ដំណឹង​ថា អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា (Smile Cambodia) បាន​ផ្សព្វផ្សាយ​អំពី​ការចុះ​បេសកកម្ម​ក្រុមគ្រូពេទ្យ​មកពី​អាមេរិក លោក ចិត ក៏បាន​ធ្វើការ​ទាក់ទង​ម្ដងទៀត​។ កាលពី​ឆ្នាំ​២០២២ ការវះកាត់​លើក​ដំបូង ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរ​ពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត បុរស​ជា​ឪពុក​រូបនេះ​បានបង្ហាញ​ពី​អា​​រ​ម្មណ៍​រំភើប​រីករាយ​លាយឡំ​នឹង​ទឹកភ្នែក​ស្រក់ នៅពេល​វេជ្ជបណ្ឌិត​បាន​ហៅ​លោ​កមក​មើល​ត្រចៀក​របស់​កូន​។​

​លោក​បាន​រំឭកថា​៖ «​ខ្ញុំ​និង​ប្រពន្ធ​ក៏​សែនសប្បាយ​ចិ​ត្ដ ស្រក់​ទឹកភ្នែក​។ អរគុណ​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ និង​អង្គ​​ការ ដោយសារ​យើងខ្ញុំ​អាណិតកូន​ពេក ពេលមុនៗ មាន​គេ​ហៅ​កូន​ខ្ញុំ​អា​អត់​ស្លឹកត្រចៀក និង​ចោមរោម​មើល​គាត់ ដែល​ធ្វើឱ្យ​គាត់​ខ្មាស​គេ​»​។

​ដោយមាន​ស្ថាន​ភាពស្រដៀងគ្នា អ្នកស្រី មាស រំដួល ជា​ម្ដាយ​របស់​យុវតី រៀល សុ​ដា​លី​ស និង រៀល សុ​ខេ​មា បាន​រំឭក​អំពី​ការ​ប្រសូត្រ​កូន ដែលមាន​អាការ Microtia ថា អ្នកស្រី មានការ​​ភ្ញាក់ផ្អើល និង​តក់ស្លុត​យ៉ាងខ្លាំង ដោយសារ​អ្នកស្រី​មិន​ធ្លាប់​ជួប​ប្រទះ រួមទាំង ក្រុមគ្រួសារ​សាច់​ញាតិ​មិនមាន​អាការ​បែបនេះ​ឡើយ​។​

​អ្នកស្រី បាន​និយាយថា​៖ «​មានកូន​បែបនេះ ខ្ញុំ​កើតទុក្ខ ខ្ញុំ​យំ និង​បង្ខាំង​ខ្លួនឯង​នៅក្នុង​ផ្ទះ​ជាមួយ​កូនស្រី​រយៈពេល​មួយឆ្នាំ​។ ខ្ញុំ​មិន​អស់សង្ឃឹម​ទេ ខ្ញុំ​ចង់បាន​កូន​មួយទៀត ហើយ​រយៈពេល ៣-៤​ ឆ្នាំក្រោយ ខ្ញុំ​និង​ប្ដី​ទៅពិនិត្យ​សុខភាព​ដើម្បី​ត្រៀម​យក​កូន​មួយទៀត​»​។

ជា​អកុសល កូន​ក្រោយនេះ ក៏មាន​អាការ Microtia ដូចគ្នា​។ យ៉ាងណាមិញ វា​មិនបាន​ធ្វើឱ្យ​អ្នកស្រី រំដួល បាក់ទឹកចិត្ដ​នោះទេ តែ​វា​ធ្វើឱ្យ​អ្នក​ម្ដាយ​រូបនេះ កាន់តែ​រឹងមាំ​ផ្លូវ​​ចិ​ត្ដ​។​ 

​អ្នកស្រី ទទួលស្គាល់ថា អ្នក​ស្រី មានការ​បារម្ភ​ខ្លាំង​មិន​ថា កូនស្រី​ទាំង ​២ ​របស់​អ្នកស្រី​អាច​រៀន​បាន និង​ទទួលខុសត្រូវ​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា​នោះទេ​។ អ្នកស្រី​រំដួល​ថា​៖ «​ប៉ុន្ដែ​រហូតដល់​ពេលនេះ យើង​មាន​ក្ដីសង្ឃឹម យើង​មាន​ស្នាម​ញញឹម បាន​ជួប​ក្រុម​វេជ្ជបណ្ឌិត ដែល​ជួយ​ឱ្យ​ពួកយើង​មាន​ស្នាម​ញញឹម​ទាំងនេះ​។ កូនស្រី​បង​ពេលនេះ​បាន​រៀន​ថ្នាក់​ទី​ ១២ និង​កូនស្រី​ប្អូន​បាន​រៀន​ថ្នាក់​ទី ៧ ហើយ​។ អរគុណ​ដល់​ក្រុម​គ្រួ​សារ​ស្ម័គ្រចិត្ដ​ទាំងអស់ និង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​»​។​

​កញ្ញា រៀល សុ​ដា​លី​ស អាយុ ១៧ ឆ្នាំ រៀន​ថ្នាក់​ទី ១២ ដែល​ធ្លាប់​និយាយ​ពាក្យ​មិន​ពេញចិត្ដ​ចំពោះ​រូបរាង​ខ្លួនឯង បានឱ្យដឹងថា កញ្ញា​មាន​ជំនឿ​ចិ​ត្ដ​ជាង​មុន នៅពេល​ទទួលបាន​ត្រចៀក​ថ្មី​មួយ​ក្រោយ​ការវះកាត់​លើកទីមួយ​។ កញ្ញា​និយាយថា​៖«​ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ឥឡូវនេះ​ខ្ញុំ​អាចមាន​អារម្មណ៍​ធម្មតា​។ ម្តាយ​របស់ខ្ញុំ​បាន​ព្យា​យាម​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​គ្លីនិក​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់ខ្ញុំ​បាន​។ ពេល​ឮថា Smile Cambodia រៀបចំ​កម្មវិធី​មិន​គិតថ្លៃ​សម្រាប់​អ្នក​ដែលមាន Microtia ខ្ញុំ​មានឱកាស​បាន​ត្រចៀក​មួយទៀត​»​។​

​តាំងពី​មាន​ត្រចៀក​ ២ ​មក​កញ្ញា​មាន​អារម្មណ៍​ផាសុកភាព ជំនឿ​ចិ​ត្ដ ក្លាហាន ដោយ​កញ្ញា​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​និង​អង្គ​ការដែល​ផ្ដល់​ក្ដីសង្ឃឹម និង​ស្នាមញញឹម​ដល់ក​ញ្ញា រួមទាំង​ប្អូនស្រី​។​

​សាស្ដ្រាចារ្យ ម៉ក់ ធា​វី មកពី​ក្រសួងសុខាភិបាល​ថ្លែងថា នេះ​ជា​គ្រួសារ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដែលមាន​ក្រុមប្រឹក្សាភិបាល ដែល​ដឹកនាំ​ដោយ​លោកស្រី ពេជ្រ ច័ន្ទ​មុន្នី​ភរិយា​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។ «​ការរៀបចំ​កម្មវិធី​នេះ​បានបង្ហាញ​ពី​ភាព​ស្និទ្ធ​​ស្នាល​រវាង​បងប្អូន​ទាំងអស់ ដែល​ទទួល​ការព្យាបាល​នៅ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដែល​លោកជំទាវ​ខិតខំ​កសាង​មជ្ឈមណ្ឌល​ស្នាមញញឹម​កម្ពុជា​នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​។ យើង​បង្កើត​ទំនាក់​ទំនងជា​មួយអង្គ​ការ​អន្ដរ​ជាតិ​ផ្សេងៗ​»​។​

​បេសកកម្ម​ថ្មី​ដើម្បី​នាំមក​នូវ​ក្តីសង្ឃឹម និង​ទំនុកចិត្ត​

Smile Cambodia គាំទ្រ​ដោយ​អ្នកស្ម័គ្រចិត្ត​ផ្នែក​វេជ្ជសាស្ដ្រ​មកពី North West Medical Volunteers (NWMV) សហ​​រដ្ឋ​អាមេរិក និង​មូលនិធិ Standish សហរដ្ឋអាមេរិក ប្រកាស​ធ្វើការ​វះកាត់​អ្នកជំងឺ Microtia រួម​​ទាំង​បញ្ហា​មាត់​ឆែប​ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ចាប់ពី​ថ្ងៃទី ៧ ដល់ ១២ ខែមករា ឆ្នាំ ២០២៤​។​

​លោក​ចាន់ កុក​ឆ​យ ហៅ (​ខេ​ស៊ី ចាន់​) អគ្គនាយករង​អង្គ​​ការ Smile Cambodia បានឱ្យដឹងថា​៖«​ក្រុម​អ្នកស្ម័គ្រចិត្ត​មាន​សមាជិក ៣១ ​នាក់ របស់ NWMV រួមមាន គ្រូពេទ្យ​វះកាត់​ដែលមាន​បទពិសោធន៍​និង​មាន​សមត្ថភាព​ខ្ពស់​ចំនួន ១២ នាក់ គ្រូពេទ្យ​វះកាត់​កែស​ម្ជ​ស្ស ៤ នាក់ អ្នកឯកទេស​ជីវិត​កុមារ ២ នាក់ គ្រូពេទ្យ​កុមារ និង​គិ​លា​នុប​ដ្ឋា​យិ​កា​ជាដើម​»​។ លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​យើង​ផ្តល់​អា​​ទិ​ភាព​ដល់​អ្នកជំងឺ Microtia ជា​ចម្បង​ដោយសារ​ក្រុមគ្រូពេទ្យ​មកពី​សហរដ្ឋអាមេរិក​ធ្វើដំណើរ​មក​កម្ពុជា​តែម្តង​ក្នុង​មួយឆ្នាំ​។ យើង​នៅតែ​សង្ឃឹមថា នឹង​ព្យាបាល​អ្នកជំងឺ Microtia ចំនួន ៥០ នាក់ និង​មាត់​ឆែប​ ២០ ​នាក់​ក្នុងឱកាស​ប៉ុន្មាន​ថ្ងៃនេះ​»​។

North West Medical Volunteers (NWMV) សហ​រដ្ឋ​អាមេរិក គឺជា​អង្គការ​ស្ម័គ្រចិត្ត​មិន​រកប្រាក់​ចំណេញ ​ដែល​ផ្តល់​ការថែទាំ​សុខភាព​អន្តរជាតិ​ដល់​អ្នកជំងឺ​ដែលមាន​ការ​ខូច​ទ្រង់​ទ្រាយ​មុខ​ពី​កំណើត របួស ឬ​ក្រោយ​មហារីក​។ នៅក្នុង​កម្មវិធី​ជួបជុំ​គ្រួសារ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ៦ ខែមករា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ លោក ខេ​ស៊ី ចាន់ បាន​និយាយថា ព្រឹត្តិការណ៍​នេះ​អនុញ្ញាតឱ្យ​អ្នកមាន​បញ្ហា​ត្រចៀក​រួម​តូច​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​។​

​លោក​បានឱ្យដឹងថា​៖«​ក្នុងនាម​អង្គការ Smile Cambodia យើង​មាន​អំណរគុណ​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​បែបនេះ ដែល​គាំទ្រ​ដោយ​មូលនិធិ Standish ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ឱ្យទទួល​បានការ​វះកាត់ Microtia ដោយ​មិន​គិតថ្លៃ​»​។ ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ដ​នឹងធ្វើ​ការ​ជាមួយ​ក៏​ដូច​ជា​គាំទ្រ​ដោយ​អ្នកស្ម័គ្រចិត្ត​ពេទ្យ​ក្នុងស្រុក​។ 

​ពួកគេ​មួយចំនួន​បាន​ចូលរួម​ធ្វើការ​វះកាត់​អ្នកជំងឺ​បញ្ហា​ត្រចៀក​រួម​តូច​នេះ តាំងពី​ឆ្នាំ ២០០៦​ ហើយ​បាន​បំពេញ​បេស​ក​កម្ម​វះកាត់​ចំនួន ១២ ដង​ក្រោម​អង្គការ Operation Smile Cambodia ក្រោយមក​ប្ដូរ​ទៅជា Smile Cambodia​។ មកដល់​បច្ចុប្បន្ន​ពួកគេ​បានធ្វើ​ការវះកាត់​ត្រចៀក​ចំនួន ២៨៦ នាក់​។​

​លោក​វេជ្ជបណ្ឌិត នូ សា​រុំ អ្នក​ជំនាញ​ផ្នែក​វះកាត់​កែ​សម្ផស្ស​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជានា​យក​អង្គការ Smile Cambodia បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការចូលរួម​របស់​វេជ្ជបណ្ឌិត​អាមេរិក​។ វា​នាំមក​នូវ​ក្តីសង្ឃឹម និង​ស្នាមញញឹម​ដល់​គ្រួសារ​ដែល​សាច់ញាតិ​របស់​ពួក​គេ​មាន​ជំងឺ​ត្រចៀក​រួម​តូច​។

លោក​បន្ដថា​៖«​កិច្ចសហការ​របស់​អង្គ​ការ Smile Cambodia ជាមួយ​មូលនិធិ Standish នាំឱ្យ​ក្រុម​វេជ្ជបណ្ឌិត​សហរដ្ឋអាមេរិក​ផ្តល់​ជំនាញ​ដែល​អាច​ប្រៀបធៀប​ទៅនឹង​អ្នកជំងឺ​កម្ពុជា​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ព្យាបាល ដោយសារ​ជំនាញ​វះកាត់​របស់​ពួក​គេ​ក្នុង​វិស័យ​ឯកទេស​នេះ​»​។​

​ស្វែងយល់​ពី​អាការ​ត្រចៀក​រួម​តូច (​មីក្រូ​ធា​)

​វេជ្ជបណ្ឌិត Thruong Mai Thy គ្រូពេទ្យ​ឯកទេស​ខាង​រោគ​ត្រចៀក​កុមារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលី​​ហ្វ័​រ​នីញ៉ា​ដោយ​ផ្តោតលើ​លក្ខខណ្ឌ​នៃ​ត្រចៀក​ច្រមុះ​និង​បំពង់ក (ENT)​ និយាយថា Microtia គឺជា​ជំងឺ​ពី​កំណើត​ដែល​ត្រចៀក​ខាងក្រៅ​បាន​អភិវឌ្ឍ​តិចតួច​ខុស​ប្រក្រតី ឬ​អត់​មានតែ​ម្ដង​។​

​មូលហេតុ​របស់​វា​មិន​ច្បាស់​​លាស់​ដែល​ទំនងជា​ពាក់ព័ន្ធ​នឹង​កត្តា​ហ្សែ​ន​និង​បរិស្ថាន​។ វា​កើតឡើង​ចំពោះ​មនុស្ស​ម្នាក់​ក្នុងចំណោម​១​ម៉ឺន​នាក់​ពី​កំណើត​ដែលជា​ធម្មតា​ប៉ះពាល់​ដល់​ត្រចៀក​ម្ខាង​ជា​ញឹកញាប់​ខាងស្តាំ​ហើយ​ច្រើនតែ​កើតមាន​ចំពោះ​បុរស​។​

​ការព្យាបាល​ពាក់ព័ន្ធ​នឹង​ការ​​បង្កើត​ត្រចៀក​ឡើងវិញ​និង​ប្រហែលជា​ឧបករណ៍​ជំនួយការ​ស្តាប់​។ ខណៈពេលដែល​មូល​ហេតុ​ភាគច្រើន​មិនត្រូវ​បានដឹង​វា​មិន​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​ឪពុកម្តាយ​អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ក៏ដោយ កុមារ​ដែលមាន​ត្រចៀក​ខុស​ប្រក្រតី អាចដឹកនាំ​ជីវិត​ដែល​បំពេញបាន​ហើយ​ឪពុកម្តាយ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ពង្រឹង​ភាព​​ពិសេស​របស់​ពួកគេ​និង​ការគោរព​ខ្លួនឯង​។ វេជ្ជបណ្ឌិត Mai Thy និយាយថា​៖«​អ្នកមាន​អាការ​ត្រចៀក Microtia អាច​ស្ដាប់ឮ តែ​ខ្សោយ​ហើយ​សរសៃប្រសាទ​ក្នុង​ត្រចៀក​ដំណើរការ​ជាធម្មតា​គ្រាន់តែ​សំឡេង​មិនអាច​ចូល​បាន​»​។​

​ការ​កាត់​ឆ្អឹងជំនីរ​មក​ច្នៃ​ជា​ត្រចៀក​ថ្មី​

​ការ​កាត់​ឆ្អឹងជំនីរ​មក​ច្នៃ​ជា​ត្រចៀក​ថ្មី​សម្រាប់​អ្នកជំងឺ Microtia ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ឆ្អឹងជំនីរ​ផ្ទាល់ខ្លួន​របស់​អ្នកជំងឺ​ដែលជា​ធម្មតា​ត្រូវ​ប្រើ​ឆ្អឹងជំនីរ​ទី ​៦ ​ទី​ ៧ ​និង​ទី​ ៨​ ដើម្បី​បង្កើត​ទម្រង់​ត្រចៀក​ថ្មី​។ អ្នកស្រី Mai Thy ឱ្យដឹងថា​៖«​បន្ទាប់មក​ឆ្អឹងខ្ចី​នេះ​ត្រូវបាន​ឆ្លាក់​ចេញ​ជា​រាង​ត្រចៀក រួច​ដេរ​ភ្ជាប់​ជាមួយ​សាច់​ក្បែរ​ត្រចៀក​»​។ 

​ដំណើរការ​វះកាត់​នេះ​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​អនុវត្ត​លើ​កុមារ​អាយុ​ពី​៨​ទៅ​១០​ឆ្នាំ​ដោយសារ​ឆ្អឹងជំនីរ​របស់​ពួកគេ​មានការ​អភិវឌ្ឍ​ល្អ​ជាង​។​

​ជាធម្មតា​វា​ត្រូវការ​ ២​ ដំណាក់​កាល​ដើម្បី​បញ្ចប់​ការផលិត​ត្រចៀក​ថ្មី​។ បច្ចេកទេស​នេះ​ត្រូវបាន​គេ​ពេញចិត្ត​សម្រាប់​ការរួមបញ្ចូល​ជាលិកា​ធម្មជាតិ​របស់​វា​។ ទោះបីជា​ដំណើរការ​វះកាត់​ទាំង​ ២ ​ត្រូវបានធ្វើ​ដោយ​ជោគជ័យ​ក៏ដោយ​អ្នក​ដែលមាន Microtia មិនអាច​បង្កើន​សមត្ថ​ភាព​ស្តាប់​របស់​ពួក​​គេ​បានទេ ដោយសារ​ការវះកាត់​ពា​ក់​ព័ន្ធ​នឹង​ភាពស្រស់ស្អាត​ខាងក្រៅ​ប៉ុណ្ណោះ​។​

​ស្ថិតក្នុង​បញ្ជី​រង់ចាំ​

​ដោយសារ​តែមាន​អ្នក​ចុះឈ្មោះ​ច្រើន រួមទាំង​បញ្ហា​ខ្វះ​លក្ខខណ្ឌ​មួយចំនួន អ្នកជំងឺ​ជាច្រើន​ត្រូវ​បន្ដ​រង់ចាំ​ដល់​បេសកកម្ម​បន្ទាប់ៗ​ទៀត​។ និយាយ​មុនពេល​វះកាត់​កែលម្អ​ទម្រង់​ត្រចៀក​ថ្មី យុវជន យូ លៃ​វីន ដែលមាន​អការ​ត្រចៀក​ខ្ជិ​ប​តូច​ម្ដា​ង ថ្លែង​អំពី​អារម្មណ៍​ភ័យខ្លាច​និង​រំភើប​ក្រោយ​ខកខាន​ពេលវេលា​វះកាត់​អំឡុងពេល​កូ​វីដ​ ១៩​។ យុវជន រៀន​ថ្នាក់​ទី ១១ ដែល​ឪពុកម្ដាយ​ជូន​មក​ពិនិត្យ​សុខភាព​មុនពេល​វះកាត់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ឃើញ​គេ​ធ្វើ​ត្រចៀក​ស្អាត​រួចហើយ ខ្ញុំ​អត់​សូវ​ភ័យ​និង​មាន​ចិ​ត្ដ​អន្ទះសា​ចង់​ស្អាត​ដូច​អ្នកដទៃ​ដែរ​»​។​

​ពង្រឹង​ជំនាញ​វះកាត់​នៅ​កម្ពុជា​

​ក្រុមការងារ​មកពី​ស​ហ​រដ្ឋ​អា​​មេ​រិ​ក​ក៏បាន​គាំទ្រ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុងស្រុក​ចំពោះ​ប្រតិបត្តិ​ការវះកាត់​បបូរ​មាត់​ឆែប​ក្រអូមមាត់​ឆែប​និង​ការ​ខូច​ទ្រង់ទ្រាយ​មុខ​ផ្សេងទៀត​។ បេសកកម្ម​ប្រចាំ​ឆ្នាំនេះ​គឺជា​ឱកាស​មួយ​សម្រាប់​ការផ្ទេរ​ចំណេះដឹង​ដោយ​ក្រុម​វេជ្ជ​​សាស្ដ្រ NWMV ខណៈដែល​អ្នក​​ស្ម័គ្រចិត្ត​មួយចំនួន​ក៏​ជា​សាស្ត្រា​ចា​រ្យ​នៅក្នុង​សាកលវិទ្យាល័យ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​

​វេជ្ជបណ្ឌិត Sam Most ដែល​បណ្ដុះបណ្ដាល​ក្រុមគ្រូពេទ្យ​កម្ពុជា ឱ្យដឹងថា​៖ «NWMV បាន​ចាប់​​ផ្តើម​បេសកកម្ម​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៦ ​ហើយ​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជា​មជ្ឈមណ្ឌល​អប់រំ​និង​បង្រៀន​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់​»​។​

​អ្នកស្រី Andrea 'Andy' Mangione Standish ស្ថាបនិក​និង​ជា​ប្រធាន​មូលនិធិ Standish ថ្លែងថា អ្នកស្រី​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ចូលរួម​ក្នុង​គម្រោង​ដែល​នាំ​អ្នកជំនាញ​របស់​សហរ​ដ្ឋ​អាមេរិក​មក​កម្ពុជា​។​«​សូម​អរគុណ​ដល់​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​ជាមួយ​លោក​វេជ្ជបណ្ឌិត​សា​រុំ​ដែល​ពួកគេ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ធ្វើការ​វះ​កាត់​ដល់​អ្នកជំងឺ​មាត់​ឆែប​»​។​

​លោក​សាស្ត្រាចារ្យ​ងី ម៉េង​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​ទទួលស្គាល់​ការ​សាទរ​ជា​អន្តរ​ជាតិ​ចំពោះ​ការវះកាត់​បបូរមាត់​និង​ក្រអូមមាត់​និង​បានលើកឡើង​ពី​ជំនាញ​ដែល​កំពុង​រីកចម្រើន​ក្នុងការ​វះកាត់​ត្រចៀក Microtia​។​

​លោក​ងី ម៉េង ថ្លែងប្រាប់​ភ្នំពេញ​​ប៉ុស្ដិ៍​នៅមុខ​សាល​ចុះឈ្មោះ​អ្នកជំងឺ​ថា​៖«​យើង​ទទួលស្គាល់ថា ការវះកាត់​មាត់​និង​ក្រអូមមាត់​ឆែប​គឺជា​ជំនាញ​ដែល​ទទួល​បានការ​កោតសរសើរ​ពី​អ្នកជំនាញ​អន្ដរ​​ជាតិ​។ ប៉ុន្ដែ​អាការ​ត្រចៀក Microtia យើង​កំពុងតែ​ស្ថិត​ក្នុងការ​បណ្ដុះបណ្ដាល​ពី​ជំនាញ​មកពី​បណ្ដា​ប្រទេស​នានា​ជាពិសេស ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​មកពី​សហរដ្ឋអាមេរិក​»៕