ភ្នំពេញ: នៅ​កម្ពុជា ការទទួល​ទាន​សាច់​សុនខ​ (​ឆ្កែ​) ពាក់ព័ន្ធ​នឹង​ការសម្លាប់​សត្វ​ទាំងនេះ​ចំនួន ​៣​ លាន​ក្បាល​ ក្នុង ​១​ ឆ្នាំ បាន​ក្លាយជា​ប្រធានបទ​ជជែក​ដ៏​ចម្រូង​ចម្រាស​។ នេះ​បើ​យោងតាម​របាយ​ការណ៍​របស់​អង្គការ FOUR PAWS ឆ្នាំ​ ២០២០​។ ការអនុវត្ត​នេះ​ពាក់ព័ន្ធ​នឹង​អ្នកចូលរួម​ចម្រុះ រួមទាំង​អ្នកលក់ និង​អ្នក​ទទួលទាន​ដែល​ម្នាក់ៗ​មាន​ទស្សនៈ​រៀងៗ​ខ្លួន​។​

​ទោះជា​យ៉ាងណា​ការហាមប្រាម​នាពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​​ខាងត្បូង​លើ​ការផលិត និង​លក់​សាច់​ឆ្កែ​បាន​បំផុសទឹកចិត្ត​អ្នក​ស្រឡាញ់​សត្វ​នៅ​កម្ពុជា​គិតដល់​ការស្នើច្បាប់​។ ពួកគេ​ចាត់ទុក​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង​ថា ជា​កត្តា​ជំរុញ​សម្រាប់​ការផ្លាស់​ប្តូរ ដោយ​ធ្វើ​ការតស៊ូ​មតិ​សម្រាប់​សកម្មភាព​នីតិប្បញ្ញត្តិ​ស្រដៀង​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ហេង រតនា អគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដែល​បាន​អបអរ​ចំពោះ​ការ​​សម្រេច​ដាក់​ច្បាប់​ហាមឃាត់​ទទួលទាន​សាច់​សុនខ​នាពេល​ថ្មីៗ​នេះ​នៅ​កូរ៉េខាងត្បូង បាន​ថ្លែងថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់ និង​អង្គភាព CMAC ក៏ដូចជា​អ្នក​ស្រឡាញ់​សុនខ ពិតជា​ត្រូវការ​ច្បាប់​ការពារ​សត្វ​ចិញ្ចឹម​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​អង្គភាព​ក៏​យើង​បានរៀបចំ​ដែរ ពីព្រោះ​សុនខ​ជា​កងកម្លាំង​របស់​យើង ហើយ​បើ​យើង​ហូប​សាច់​សុនខ ក៏ដូចជា​ហូប​សាច់​មិ​ត្ដ​ភក្ដិ ដែល​ពួកគេ​បានធ្វើ​កិច្ចការ​មនុស្ស ដោយ​ការ​ដោះ​គ្រាប់មីន​ការពារ​អាយុជីវិត​ប្រជាជន​យើង​ដែរ​»​។​

​ក្នុង​ឈុត​ឯកសណ្ឋាន​កងកម្លាំង​ដោះមីន​កម្ពុជា កញ្ញា​ ស៊ា​ប ផានី​ត បាន​ស្ម័គ្រចិត្ត​ចាប់​អាជីព​ជាម​ន្ដ្រី​ដោះមីន​ជាមួយ​សត្វ​សុនខ បន្ដវេន​ពី​គ្រួសារ​ជាមួយ​អង្គភាព​ដោះមីន​ស៊ីម៉ាក់ ដៃ​ម្ខាង​កាន់​ខ្សែ​ចង​សុនខ និង​មាត់​ស្រែក​បញ្ជា​ឱ្យ​កងកម្លាំង​ជើង​ ៤ ​នេះ​ស្ដាប់បង្គាប់​ទាំង​កាយវិការ​ដើរ អង្គុយ និង​ហិត ប្រកបដោយ​ភាព​ម៉ឺង​​ម៉ាត់​។

កញ្ញា ស៊ា​ប ផានិត ជា​កងកម្លាំង​បណ្ដើរ​សុនខ​វ័យក្មេង​មកពី​ខេត្តកំពង់ឆ្នាំង ស្លៀកពាក់​ឯកសណ្ឋាន​អង្គភាព​ដោះមីន​​កម្ពុជា​។ កញ្ញាធ្លាប់ប្រើ​ឧបករ​ណ៍​ម៉ាស៊ីន​រា​វ មុនពេលសហការជាមួយសុខន ដោយពេល​កញ្ញា​រាវប្រ​ទះ​ឃើញគ្រាប់​មិន​ទាន់​ផ្ទុះ ដែល​អាច​បង្កហា​និភ័យ​ផ្ទុះគ្រ​ប់ពេល​វេលា​ កញ្ញា​បាន​ជូន​ដំណឹង​ទៅកា​ន់ខា​ងជំ​នាញ EoD (Bomb disposal) មក​យកគ្រា​ប់នោះ​ ឬកម្ទេច​ចោលនៅ​នឹងក​ន្លែង​។ ដោយ​ប្រើ​ខ្សែ​ ១ ​ក្នុង​ដៃ នាង​ណែនាំ​ឆ្កែ​ឱ្យ​ផ្លាស់​ទី អង្គុយ និង​ស្វែងរក​មីន​ដោយ​ឧស្សាហ៍​ព្យាយាម​។​

​ក្នុងពេល​បំពេញការងារ កញ្ញា ផានី​ត អាយុ ២២ ​ឆ្នាំ​ បាន​បង្កើត​ចំណង​មិ​ត្ដ​ភាព​ពិសេស​ជាមួយ​សុនខ​ញី ១​ ក្បាល ឈ្មោះ​ដាំ ដោយ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា និង​ការជឿទុកចិត្ត​លើ​ទំនាក់ទំនង​ការងារ​របស់​មនុស្ស និង​សត្វ​។ ចំណង​នេះ​មិនមែន​គ្រាន់តែ​អំពី​ភាពជា​ដៃគូ​ប៉ុណ្ណោះ​ទេវា​មាន​សារៈសំខាន់​ចំពោះ​ប្រសិទ្ធភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដោះមីន​របស់​ពួកគេ​។ 

កញ្ញា ផានី​ត បន្ដថា​៖ «​ធ្វើការ​ជាមួយ​សុនខ ចំពោះ​ខ្ញុំ​មិន​ពិបាក​ទេ​។ បើសិនជា​យើង​យក​ចិ​ត្ដរបស់​យើង​ទៅ​ដាក់​ក្នុង​ចិ​ត្ដ​សុនខ និង​ផ្លាស់ប្ដូរ​ចិ​ត្ដ​គ្នា​យើង​យល់​ពី​ដៃគូ​របស់​យើង ការងារ​អ្វី​ក៏ដោយ វា​នឹង​ដំណើរ​ការ​ទៅ​រលូន​។ យើង​ត្រូវ​ចេះ​ថែ​ទាំ​ពួកវា ធ្វើ​ម៉េច​ឱ្យ​វា​មាន​ទំនុក​ចិ​ត្ដ និង​បាត់​ភាពភ័យខ្លាច​។ កត្ដា​ដំបូង​បំផុត យើង​ត្រូវ​ស្វែង​យល់​ពី​ចិ​ត្ដរប​ស់វា និង​បំពេញតម្រូវការ​ឱ្យ​វា​។ ក្រោយមក ពួកវា​នឹងធ្វើ​អ្វីៗ​ដើម្បី​ផ្គាប់​ចិ​ត្ដ​យើង​វិញ​ម្ដង​»​។​

​លោក រតនា បាន​ឯកភាព​ថា កងកម្លាំង​មនុស្ស​ធ្វើការ​ជាមួយ​សុនខ ពួកគេ​ពិតជា​ស្រឡាញ់គ្នា ពីព្រោះ​ដើម្បី​បំពេញការងារ​ជា​​មួយ​គ្នា​បាន​រលូន ទាល់តែ​យល់​ពី​បេះដូង​គ្នា​ទៅវិញទៅមក និង​និយាយ​ស្ដាប់​គ្នា​។

លោក​លើកឡើងថា សង្គម​វប្បធម៌​ខ្មែរ​ពី​បុរាណ​ពិតជា​ថ្លៃថ្លា​ណាស់​ពីមុនមក ដោយសារ​បុគ្គល​ដែល​ទទួល​ទាន​សាច់​សុនខ មិន​ត្រូវបាន​ស្វាគមន៍​ដោយ​ប្រជាពលរដ្ឋ​ទូទៅ​នោះទេ​។ ដោយមាន​ការ​លើកឡើង​ពី​ភាពខុសប្លែក​គ្នា​រវាង​សុនខ ជា​កងកម្លាំង និង​សុនខ​ចិញ្ចឹម​តាម​ផ្ទះ លោក រតនា បាន​ឆ្លើយតប​ថា នេះ​ជា​ទស្សនៈ​ខុសឆ្គង​មួយ ពីព្រោះ​សុនខ​នៅតាម​ផ្ទះ ក៏​ចេះ​ការពារ​ផ្ទះ ពេល​ម្ចាស់ផ្ទះ​នៅផ្ទះ ហើយ​ពួកវា​ជា​សត្វ​សំណព្វ​ចិ​ត្ដ​ចំពោះ​អ្នក​ស្រឡាញ់​សុនខ​។​

Madame Loan គេ​ស្គាល់​ជា​អ្នកស្រី គីម ឡូ​ន ដែលមាន​ទឹកចិត្ត​លះបង់​ដើម្បី​សុខុមាល​ភាព​សត្វ បានប្រែក្លាយ​ផ្ទះ​របស់​អ្នកស្រី​នៅ​ភូមិ​កោះនរា រាជធានី​ភ្នំពេញ ទៅជា​ជម្រក​សម្រាប់​សត្វ​ឆ្កែ​ជាង ២៥០ ​ក្បាល រួម​ជា​​មួយ​នឹង​សត្វ​ឆ្មា​ជាច្រើន​ក្បាល​ផងដែរ​។ ចាប់តាំងពី​ផ្លាស់​លំនៅ​ឋាន​ពី​បារាំង​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០០៥ អ្នកស្រី​បាន​ប្រើ​ជីវិត​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​ដើម្បី​មើលថែ​សត្វ​ទាំងនេះ ដែល​ភាគ​ច្រើន​ជាស​ត្វ​អនាថា ឬ​ត្រូវគេ​បោះបង់ចោល និង​កន្លែង​សត្ត​​ឃាត​។ 

​អ្នកស្រី ឡូ​ន អាយុ ៦៦ ឆ្នាំ បាន​បង្កើត​សមាគម​ការពារ​សត្វ​កម្ពុជា ​(CAPA) ដើម្បី​ដោះ​ស្រាយ​តម្រូវការ​សត្វ​ទាំងនេះ​។ ការប្តេជ្ញាចិត្ត​របស់​អ្នកស្រី​ធានាថា សត្វ​ទាំងនោះ​ត្រូវបាន​យកទៅ​ចិញ្ចឹម​នៅក្នុង​ផ្ទះ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកប​​ដោយ​ក្តី​ស្រឡាញ់​។ អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​មនុស្ស​បាន​បោះចោល​ឆ្កែ និង​ឆ្មា ហើយ​ពួកគេ​គ្មានអ្វី​បរិភោគ​ទេ​។ សត្វ​ឆ្កែ​ជាច្រើន​ក្បាល​ត្រូវបាន​សម្លាប់​យ៉ាង​ឃោរឃៅ​ជា​អាហារ​»​។

ឆ្កែ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅលក់​ឱ្យ​អ្នក​កាប់សាច់​ពីពេលកន្លងមក​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​មូលនិធិ Animal Hope & Wellness Foundation (AHWF) បានបង្ហាញ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ខ្លួន​ប្រឆាំងនឹង​ការជួញដូរ​សាច់​ឆ្កែ​ដោយសារតែ​អ្នកខ្លះ​មានជំនឿថា កម្រិត​ខ្ពស់​នៃ​អ័រម៉ូន adrenaline នៅក្នុង​ប្រព័ន្ធ​របស់​សត្វ​ឆ្កែ​មុនពេល​ស្លាប់ បង្កើន​រសជាតិ និង​អត្ថប្រយោជន៍​សុខភាព​។ នេះ​ជា​មូលហេតុ​មួយ​ដែល​សត្វ​ឆ្កែ​ត្រូវបាន​សម្លាប់​យ៉ាង​ទារុណ​។​

​ខណៈ​មានការ​និយាយ​តៗ​គ្នា​ថា សត្វ​ឆ្កែ​ត្រូវបាន​សម្លាប់​ដោយ​ការ​ច្រក​បាវ​បោះ​ចូលក្នុង​ទឹក​ដើម្បីឱ្យ​ស្លាប់​ដោយសារ​លង់ទឹក អាជីវករ​ម្នាក់​ឈ្មោះ មីន ធឿន បើកហាង​សាច់​ឆ្កែ​មួយកន្លែង​នៅ​ខេត្តកណ្តាល ជាមួយ​ប្តី បាន​ប្រើ​វិធី​សម្លាប់សត្វ​ឆ្កែ ដោយ​ប្រើ​ខ្សែ​ចងក្រៀក ខណៈ​ប្តី​សម្លាប់​វា​ដោយ​ញញួរ​។ វិធី​សាស្ត្រ​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​ការ​ខាំ​បក​របស់​សត្វ​ឆ្កែ​។ ភាគច្រើន​នៃ​សត្វ​ឆ្កែ​ដែល​ពួកគេ​លក់​គឺ​ទទួល​​បាន​ពី​ម្ចាស់​ដែល​មិន​សប្បាយ​ចិត្តនឹង​អាកប្បកិរិយា​របស់​សត្វ​។​

​ទិដ្ឋភាព​មួយទៀត​នៃ​ការលក់​-​ដូរ គឺជា​ហាង​បែប​គ្រួសារ​របស់ យ៉ាន ញ៉ែ​ត ដែល​បើក​អាហារ​​ដ្ឋា​ន​សាច់​ឆ្កែ​សាមញ្ញ​មួយ​នៅ​ស្រុក​សំរោង ខេត្តតាកែវ​។ សត្វ​ឆ្កែ​ត្រូវបាន​ចម្អិន​ជា​សម្លការី ហើយ​លក់​ឱ្យ​អតិថិជន ជា​កម្មករ​នៅពេល​សម្រាក​អាហារ​ថ្ងៃត្រង់​របស់​ពួកគេ​។ វិធីសាស្ត្រ​សម្លាប់សត្វ​ឆ្កែ​ទាំងនេះ ត្រូវបាន​គេ​ប្រដូច​ទៅនឹង​វិធី​សម្លាប់សត្វ​គោ​។​

​លោក ឃឹម ហ្វី​ណង់ អនុ​រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ស្ថានភាព​នៅ​កម្ពុជា និង​កូរ៉េខាងត្បូង មាន​លក្ខណៈ​ខុសគ្នា ដោយសារ​នៅ​កូរ៉េ​មានការ​ចិញ្ចឹម និង​កាប់​យកសា​ច់លក់​តែម្ដង ដែល​គេ​អាច​ហាម​លើ​ករណីនេះ​។ ចំពោះ​នៅ​កម្ពុជា មិនមាន​ច្បាប់​អនុញ្ញាតឱ្យ​កាប់សម្លាប់​សត្វ​ចិញ្ចឹម​ទេ​។​

​លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ដោយ​យើង​មិនមាន​ការ​​ចែង​ជា​ច្បាប់​នៅឡើយ តែ​វប្បធម៌​ខ្មែរ​យើង មិន​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការលក់ដូរ​ដែរ​។ យើង​មិនបាន​ហាម ហើយ​យើង​ក៏​មិន​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការជួញដូរ​ដែរ​ពោលគឺ​ច្បាប់​មិន​ចែង​ថាឱ្យ​ខុស និង​មិន​អនុញ្ញាត​ឱ្យធ្វើ​ដែរ​»​។​

​នៅ​ឆ្នាំ​ ២០២០ ខេត្តសៀមរាប ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​លេចធ្លោ​មួយ​ក្នុងប្រទេស​កម្ពុជា បាន​បោះជំហាន​គួរឱ្យកត់សម្គាល់​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​សត្វ ដោយ​ហាមប្រាម​ការ​​ជួញដូរ លក់ និង​សម្លាប់សត្វ​ឆ្កែ​យក​សាច់​។ សកម្មភាព​នេះ​បង្ហាញ​ពី​ការបង្កើន​ការយល់ដឹង និង​ការយកចិត្តទុកដាក់​ចំពោះ​សិទ្ធិ និង​សុខុមាលភាព​សត្វ​នៅក្នុង​តំបន់​។

ការហាម​ប្រាម​ក្នុង​ខេត្ត​សៀមរាប​ត្រូវបាន​ចាត់ទុកថា ​ជាការ​សម្រេចចិត្ត​ឆ្ពោះទៅមុខ​ដែល​បង្កើតជា​គំរូ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើតាម​។ វា​គូសបញ្ជាក់​អំពី​ការផ្លាស់ប្តូរ​ទស្សនៈ​លើ​ការប្រើ​​ប្រាស់​សាច់​ឆ្កែ និង​ការព្យាបាល​សត្វ​យ៉ាង​ទូលំទូលាយ​។​

​វេជ្ជបណ្ឌិត Katherine Polak ប្រធាន​អង្គការ FOUR PAWS Stray Animal Care នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ពេទ្យ​​សត្វ បាន​និយាយថា​៖ «​យើង​មាន​មោទនភាព​ដែល​បាន​ឈានដល់​ដំណាក់កាល​ដ៏​សំខាន់​ដំបូងបង្អស់​នៃ​ការគាំទ្រ​ជា​សាធារណៈ​ពី​មនុស្ស​ទូទាំង​ពិភពលោក​ដែល​បដិសេធ​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា និង​ការសម្លាប់​យ៉ាង​ឃោរ​ឃៅ​»​។ នេះ​បើ​យោងតាម​របាយ​ការណ៍​អង្គការ FOUR PAWS ស្ដីពី​ការគាំទ្រ​ជា​សកល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពាណិជ្ជកម្ម​ដ៏​ឃោរឃៅ​ក្នុង​ឆ្នាំ ២០២០​។​

​វេជ្ជបណ្ឌិត​បន្ដថា​៖ «​តំបន់​ទេសចរណ៍​កម្ពុជា ខេត្តសៀមរាប ធ្វើជា​គំរូ​មួយ នៅពេល​ខេត្ដ​នេះ​ហាមឃាត់​ការលក់ដូរ​សាច់​ឆ្កែ​។ ប៉ុន្តែ​នៅមាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​»​។ វេជ្ជបណ្ឌិត Polak និយាយថា រួមគ្នា​ជាមួយ​អ្នកគាំទ្រ ១​ លាន​នាក់ ពួកគេ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទូទាំង​ពិភព​លោក​ទទួលខុសត្រូវ និង​ហាម​ប្រាម​ការជួញដូរ​សាច់​ឆ្កែ និង​ឆ្មា ដើម្បី​ការពារ​មនុស្ស និង​សត្វ​ដូចគ្នា ដោយ​គូសបញ្ជាក់​ពី​កិច្ច​​ខិតខំ​ប្រឹងប្រែង​រួមគ្នា និង​អំពាវ​​នាវ​ឱ្យមាន​សកម្មភាព​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ប្រឆាំងនឹង​ការជួញដូរ​នេះ​។​

​អគ្គនាយក CMAC ដែល​បច្ចុប្បន្ន​មាន​កងកម្លាំង​សុនខ​ជាង ៣០០​ ក្បាល បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ឃើញ​ការ​ជួញដូរ និង​លក់​សាច់​ជា​អាហារ អ្នក​ស្រឡាញ់​សុនខ​ពិតជា​មាន​អារម្មណ៍​មិន​ស្រណុក​ចិ​ត្ដ និង​អាណិតអាសូរ​ចំពោះ​សត្វ​។ លើស​នេះ ភ្ញៀវទេសចរ​បរទេស មកពី​អឺរ៉ុប និង​អ្នក​ស្រឡាញ់​សុនខ មិន​ចង់ឃើញ​ទិដ្ឋភាព​បែបនេះ​ឡើយ​»​។​

​លោក​រតនា​បានឱ្យដឹងថា ទាំង​អង្គភាព CMAC និង​អ្នក​​ស្រឡាញ់​សត្វ​ចង់​ការពារ​ប្រពៃ​ណី​ទំនៀមទម្លាប់ រួមទាំង​រូបលោក​ផ្ទាល់​អាច​ចាប់ផ្ដើម​ចូលរួម​សកម្ម​ក្នុង​ចលនា​ស្នើច្បាប់​នេះ​៕ ​