បាត់ដំបង: ក្នុងសកម្មភាពបែបមិត្តភាពអន្តរជាតិ និងការពង្រឹងកាយសម្បទាសម្រាប់អត្ដពលិក ហ្វារពន្លឺសិល្បៈរៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ និងជិះកង់នៅតាមបណ្តោយដងស្ទឹងសង្កែដ៏ស្រស់ស្អាតក្នុងរយៈចម្ងាយឆ្ងាយដំបូងបំផុតនៅខេត្តបាត់ដំបង។
ដោយប្រារឰឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ខាងមុខ ព្រឹត្តិការណ៍ដែលរំពឹងទុកយ៉ាងអន្ទះសានេះបានទាក់ទាញអ្នករត់និងអ្នកជិះកង់ចំនួន ១៦០
នាក់មកពីប្រទេសចំនួន ១២ រួមមាន កម្ពុជា វៀតណាម ប៉ាគីស្ថាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ បែលហ្ស៊ិក អេស្ប៉ាញ បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ការប្រកួតចម្ងាយ ៣០ គីឡូម៉ែត្រនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា «រត់តាមដងស្ទឹងសង្កែ» បង្កើតជាផ្នែកស្នូលនៃការប្រារឰខួបគម្រប់ ៣០ ឆ្នាំរបស់អង្គការហ្វារពន្លឺសិល្បៈ។
ព្រឹត្តិការណ៍នេះ គឺបើកចំហសម្រាប់អ្នករត់ទោល អ្នករត់បណ្ដាក់ (ដោយម្នាក់ៗរត់ ១០ គីឡូម៉ែត្រ) និងអ្នកជិះកង់។ វាចាប់ផ្តើមនៅពីជើងភ្នំបាណន់ ជិតប្រាសាទហិណ្ឌូ និងពុទ្ធសាសនាសតវត្សរ៍ទី១១ ឆ្លងកាត់ទេសភាពវាលស្រែ លើស្ពានព្យួរ និងឆ្លងកាត់ក្រុងបាត់ដំបង បញ្ចប់នៅបរិវេណសាលាហ្វារពន្លឺសិល្បៈ។ ផ្លូវសម្រាប់អ្នកជិះកង់នឹងប្រែប្រួលបន្តិចពីផ្លូវដែលកំពុងរត់ ដើម្បីធានាសុវត្ថិភាពនិងភាពរលូនសម្រាប់អ្នកជិះកង់លើផ្លូវ។
អ្នកចូលរួមនឹងទទួលបានវត្ថុផ្សេងៗ ដូចជា អាវយឺតសម្រាប់ព្រឹត្តិការណ៍ផ្លូវការ អាវកាក់សម្រាប់អ្នករត់ប្រណាំង មេដាយបញ្ចប់ការប្រកួត និងអាហារនៅកន្លែងបញ្ចប់ការប្រកួត។
លោក Osman KHAWAJA នាយកប្រតិបត្តិនៃអង្គការហ្វារពន្លឺសិល្បៈបានឱ្យដឹងថា៖ «យើងមានសេចក្ដីរំភើបរីករាយក្នុងការស្វាគមន៍អ្នករត់ចម្ងាយនិងអ្នកជិះកង់មកពីជុំវិញពិភពលោក ដែលបានចុះឈ្មោះចូលរួមជាមួយយើងក្នុងព្រឹត្ដិការណ៍រត់តាមដងស្ទឹងសង្កែ និងដើម្បីកៀរគរមូលនិធិសម្រាប់សាលា។ ព្រឹត្ដិការណ៍នេះបានរៀបចំឡើងយ៉ាងល្អ ហើយក៏នឹងបង្ហាញពីទិសដៅសិល្បៈ និងវប្បធម៌ ព្រមទាំងទេសភាពដ៏ស្រស់ស្អាតតាមស្ទឹងសង្កែខេត្ដបាត់ដំបងផងដែរ»។
លើសពីការសាកល្បងកម្លាំងកាយសម្បទា ព្រឹត្តិការណ៍នេះគឺជាការរៃអង្គាសថវិកាដ៏សំខាន់មួយក្នុងគោលបំណងប្រមូលប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអា
មេរិកដើម្បីជួយជំរុញកម្មវិធីសិល្បៈ ការអប់រំ និងយុវជនសំខាន់ៗរបស់សាលារបស់អង្គការ ដោយបណ្តុះគំនិតច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ក្រោយ។ហ្វារពន្លឺសិល្បៈបានត្រួសត្រាយផ្នែកសិល្បៈ ការអប់រំ និងកម្មវិធីយុវជនអស់រយៈពេលជាង ៣ ទសវត្សរ៍មកហើយ។ សាលាផ្តល់ជូននូវកម្មវិធីសិក្សាសិល្បៈយ៉ាងទូលំទូលាយដែលរួមបញ្ចូលសិល្បៈទស្សនីយភាព តន្ត្រី របាំ ល្ខោន និងសៀកហ្វារដែលមានការទទួលស្គាល់ជាអន្តរជាតិ។
កម្មវិធីទាំងនេះមិនត្រឹមតែនិយាយពីការអភិវឌ្ឍជំនាញសិល្បៈប៉ុណ្ណោះទេ តែក៏ជាមធ្យោបាយព្យាបាលសម្រាប់ការបញ្ចេញមតិដោយខ្លួនឯង និងការព្យាបាលផ្លូវចិត្ត ជាពិសេសសម្រាប់យុវជនជួបប្រទះបញ្ហាប្រឈមផ្សេងៗ។
អង្គការផ្តល់ឱកាសសិក្សាជាច្រើនចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាថាសិស្សទទួលបានការអប់រំល្អ ដែលរៀបចំពួកគេសម្រាប់ភាពជោគជ័យនាពេលអនាគត។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ កម្មវិធីនេះប្រមូលប្រាក់បាន ១៧ ៧៣០ ដុល្លារ ដោយជោគជ័យស្មើនឹង ៦ ភាគរយនៃគោលដៅសរុប។ទោះបីជាការចុះឈ្មោះសម្រាប់ការប្រណាំងត្រូវបានបិទជាផ្លូវការនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ក៏ដោយ ក៏ស្មារតីនៃព្រឹត្តិការណ៍នេះនៅតែបន្តរីកចម្រើន។ អ្នករត់ប្រណាំង និងអ្នកជិះកង់ជាច្រើននៅតែចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកាដោយប្រើប្រាស់ប្លេតហ្វម SimplyGiving ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុបុគ្គល ឬក្រុមរបស់ពួកគេ។
លោក ឃួន ចាន់រស្មី នាយកផ្នែកគម្រោងអង្គការហ្វារពន្លឺសិល្បៈ និងអ្នករៀបចំព្រឹត្ដិការណ៍នេះ បានឱ្យដឹងថា៖ «មហិច្ឆតារបស់យើងក្នុងការបង្កើត និងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំនេះ មិនមែនគ្រាន់តែដើម្បីរៃអង្គាសថវិកាសម្រាប់សាលានោះទេ ប៉ុន្តែក៏ដើម្បីអភិវឌ្ឍខេត្តបាត់ដំបងជាគោលដៅសម្រាប់ភ្ញៀវទេសចរផងដែរ»។
លោកបន្ដថា៖ «នៅប៉ុន្មានឆ្នាំទៅមុខទៀតយើងសង្ឃឹមថា ព្រឹត្ដិការណ៍រត់ឬជិះកង់តាមដងស្ទឹងសង្កែ អាចក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់ក្រុង និងខេត្តបាត់ដំបងដោយពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌របស់កម្ពុជា»។
ក្នុងការបង្ហាញពីការតាំងចិត្ត និងស្មារតីសហគមន៍ លោក ហុង វ៉ាន់ថេត ជាបុគ្គលិកក្រុមហ៊ុនឯកជនបានត្រៀមខ្លួនចូលរួមប្រកួតការរត់ប្រណាំងដ៏ទោល ក្នុងកម្មវិធីរត់តាមដងស្ទឹងសង្កែ។
ការខិតខំរបស់លោកមិនមែនគ្រាន់តែសាកល្បងកម្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខិតខំប្រឹងប្រែងក្នុងការប្រមូលមូលនិធិសម្រាប់បុព្វហេតុល្អក្នុងការកែប្រែជីវិតតាមរយៈសិល្បៈ ក្រោមការឧបត្ថម្ភរបស់ហ្វារពន្លឺសិល្បៈ។
ដោយមានបំណងខ្ពស់ លោក វ៉ាន់ថេត បានកំណត់គោលដៅរៃអង្គាសប្រាក់ចំនួន ១ ពាន់ដុល្លារ ហើយលោកប្រមូលបានជាង ៥០០ ដុល្លាររួចហើយគិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤។
លោកបានឱ្យដឹងថា៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តភក្តិ និងសហការីទាំងអស់ដែលបានចូលរួមចំណែកជាបន្តបន្ទាប់ ហើយយើងបានឈានដល់ពាក់កណ្តាលផ្លូវហើយ។ សូមធ្វើឱ្យសហគមន៍របស់យើងកាន់តែប្រសើរឡើងទាំងអស់គ្នា»។
ទោះជាយ៉ាងណាក៏ដោយគិតត្រឹមថ្ងៃទី ៥ ខែមករា អ្នកនាង Keiko UEHARA បានដាក់គោលដៅរៃអង្គាសថវិកាតិចតួចត្រឹមតែ ៩០ ដុល្លារប៉ុណ្ណោះដើម្បីឆ្ពោះទៅរកការគាំទ្រកម្មវិធីសិល្បៈនិងការអប់រំនៅអង្គការហ្វារពន្លឺសិល្បៈ។ ថ្វីបើមានក្តីប្រាថ្នាត្រឹមប្រាក់តិចតួចនេះក៏ដោយ តែវាហាក់ដូចជា មិនទាន់មានការចូលរួមចំណែកពីមហាជនឡើយ។
អបអរសាទររយៈពេល ៣ ទសវត្សរ៍នៃការទ្រទ្រង់ និងធ្វើឱ្យវប្បធម៌ខ្មែររស់ឡើងវិញ អង្គការបានរំឭកដំណើរនេះជាមួយនឹងព្រឹត្តិការណ៍នានា ដូចជា កម្មវិធីរត់តាមដងស្ទឹងសង្កែ ដែលបង្ហាញពីបេសកកម្មដ៏យូរអង្វែងរបស់ខ្លួនក្នុងការប្រែក្លាយជីវិតតាមរយៈសិល្បៈ។
លោក KHAWAJA បានបន្ដថា៖ «អំឡុងពេលយើងប្រារឰខួប ៣០ ឆ្នាំរបស់ហ្វារពន្លឺសិល្បៈ ខ្ញុំទន្ទឹងរង់ចាំថាតើ ៣០ ឆ្នាំខាងមុខទៀត នឹងមានអ្វីដែលអាចនាំមកនូវការផ្លាស់ប្ដូរជីវិតតាមរយៈសិល្បៈ។ ខ្ញុំជឿជាក់ថា ឥឡូវ យើងគ្រាន់តែស្ថិតនៅលើជំហានដំបូងនៃអ្វីដែលយើងអាចធ្វើទៅបានតែប៉ុណ្ណោះ»។
ហ្វារពន្លឺសិល្បៈគ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមីនា ដែលជាផ្នែកមួយនៃការប្រារឰខួបលើកទី ៣០ ដែលកំពុងបន្ត៕