សៀមរាបៈ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានក្រើនរំឭកដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនទប់ស្កាត់ភ្លើងឆេះព្រៃក្នុងរដូវប្រាំងដែលធ្វើឱ្យរុក្ខជាតិនៅក្នុងស្រទាប់ក្រោមដីលែងមានការលូតលាស់ជាហេតុធ្វើឱ្យបាត់បង់ប្រភេទរុក្ខជាតិនានា។
ការក្រើនរំឭកនេះក៏ស្របនឹងក្តីបារម្ភរបស់លោក សន ស៊ីនិត ជាម្ចាស់ចម្ការលម៉ើ និងប្រជាកសិករមួយចំនួនទៀត ជាពិសេសអ្នកដែលមានដីចម្ការដើមឈើហូបផ្លែ ក៏បង្ហាញក្តីបារម្ភពីភ្លើងឆេះព្រៃផងដែរ។
លោកសន ស៊ីនិត បានប្រាប់ថា បច្ចុប្បន្នលោករស់នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងដាំដំណាំលម៉ើ លើដីទំហំ ២ ហិកតា។ចំពោះបញ្ហាភ្លើងឆេះព្រៃនេះលោកតែងតែបារម្ភខ្លះដែរព្រោះលោកមានដំណាំហូបផ្លែ ហើយបើកាលណាវាឆេះនឹងធ្វើឱ្យខូចខាតមិនថាដំណាំឬជាទ្រព្យសម្បត្តិអ្វីទេ។ ប៉ុន្តែនៅតំបន់ក្បែរចម្ការរបស់លោកមិនមានព្រៃទេ តែមានជញ្ជ្រាំងស្រូវ និងវាលស្មៅងាប់។ ហេតុដូច្នេះដើម្បីការពារដំណាំ គឺលោកបានជីកជាគូទឹកនៅព័ទ្ធជុំវិញចម្ការរបស់លោកហើយដែរ។
លោកបាននិយាយថា៖«ការត្រៀមបង្ការជាមុននឹងអាចកាត់បន្ថយពីការខាតបង់ តែទោះយ៉ាងណាក៏ខ្ញុំនៅតែមានក្តីបារម្ភខ្លះៗដែរហ្នឹង។ ព្រោះបើយើងបានបង្ការទុកមុន គឺវាមិនបង្កជាបញ្ហាធ្ងន់ធ្ងរអីទេ»។
រីឯលោកឈាវ ហុង ដែលជាកសិករគំរូខាងដាំដំណាំកសិកម្មរស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានថ្លែងក្នុងពេលកំពុងនាំកសិករដើរមើលដំណាំនៅក្នុងបរិវេណដីចម្ការរបស់លោកថា នៅក្នុងតំបន់របស់លោកមានករណីភ្លើងឆេះវាលជញ្ជ្រាំងខ្លះៗដែរនៅរដូវប្រាំងដែលបង្កឡើងដោយអ្នកដើរដុតក្នុងរូងរកសត្វ។ដូច្នេះដើម្បីបង្ការពីគ្រោះថ្នាក់ធម្មជាតិនេះ ជារៀងរាល់ឆ្នាំគឺលោកតែងភ្ជួរដីលុបជញ្ជ្រាំងស្រូវដែលនេះជាវិធីបង្ការភ្លើងឆេះវាល។
លោកបានបន្តថា៖ «បើមានភ្លើងឆេះវាលជញ្ជ្រាំងនឹងធ្វើឱ្យខូចគុណភាពជីកំប៉ុសនៅក្នុងដីស្រែដោយសារកម្តៅ ពីព្រោះគល់ជញ្ជាំងគឺជាជីកំប៉ុសដែលធ្វើឱ្យដីមានសារធាតុចិញ្ចឹមហើយប្រសិនបើច្រូតកាត់រួច ត្រូវភ្ជួរដីលុបគល់ជញ្ជ្រាំងស្រស់ជាការល្អបំផុត»។
លោកលើកឡើងថា ទាក់ទងនឹងភ្លើងឆេះវាល គឺវាធ្វើឱ្យអស់សារធាតុពពួកជីកំប៉ុស ព្រោះនៅពេលដែលកសិករប្រមូលផលស្រូវរួចហើយវានៅសល់កាកសំណល់គល់ជញ្ជ្រាំង និងកម្ទេចកម្ទីនៅក្នុងដី។ ដូចនេះបើកម្ទេចកម្ទីទាំងនោះត្រូវភ្លើងឆេះអស់វានឹងក្លាយទៅជាធ្យូងទៅជាផេះហើរតាមខ្យល់អស់ដែលនេះក៏ជាការនាំបញ្ហាដល់កសិករដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឱ្យដឹងថា បញ្ហាការងារភ្លើងឆេះព្រៃឬឆេះវាលជញ្ជ្រាំងគឺខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានត្រៀម និងបង្ការដើម្បីទប់ស្កាត់ភ្លើងឆេះជារៀងរាល់ឆ្នាំ តែបើឱ្យមានរហូតដល់រថយន្តពន្លត់ អគ្គិភ័យ[ភ្លើងឆេះព្រៃ]គឺនៅមិនទាន់មានទេ ប៉ុន្តែទោះយ៉ាងណាលោកបានសហការយ៉ាងល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់តំបន់មូលដ្ឋាន និងជាមួយអង្គការដៃគូមួយចំនួន ជាពិសេសនៅតំបន់ព្រៃលិចទឹកដោយបានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងពីផលវិបាកដែលកើតឡើងពីភ្លើងឆេះព្រៃ និងវិធីទប់ស្កាត់មិនឱ្យភ្លើងរាលដាលខ្លាំងទៅដល់កន្លែងផ្សេងៗទៀតបាន។
លោកបានបន្តថា៖ «ប៉ុន្តែវាមិនអាចជាទ្រង់ទ្រាយធំទៅពន្លត់ទេប្រសិនបើភ្លើងឆេះទ្រង់ទ្រាយធំក៏នៅតែពិបាកពោលគឺនៅតែមានការជួយអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានដដែលទេទើបបានទៅរួច»។
បើតាមលោក ទា គឹមសុទ្ធ នៅខេត្តសៀមរាបហាក់មិនមានការឆេះព្រៃ ឬឆេះវាលស្រែជាទ្រង់ទ្រាយធំអីទេ តែអាចមានឆេះនៅចម្ការពោត ចម្ការឈើដំណាំខ្លះ។ បើមានការទន្ទ្រានដីក៏មានការដុតនៅតំបន់នោះដែរ ជួនកាលអ្នកចម្ការដុតស្មៅទៅវាឆេះរាលមកចម្ការអ្នកដទៃក៏មានដែរ។ ចំពោះការងារពន្លត់ភ្លើងបានតែភ្ជួរកាត់ផ្លូវភ្លើងឆេះ តែនៅពេលមានភ្លើងឆេះត្រូវតែមានខ្យល់ដែលពេលខ្លះភ្លើងឆេះហោះរំលងផ្លូវភ្ជួរនោះទៅទៀតក៏មានដែរ។
លោកបានថ្លែងថា៖ «ជាទូទៅបើមានភ្លើងឆេះព្រៃ វានឹងបង្កជាមហន្តរាយ ព្រោះវាធ្វើឱ្យរុក្ខជាតិនៅស្រទាប់ក្រោមដីលែងមានការលូតលាស់។ ប៉ុន្តែជាទូទៅវាឆេះតែក្នុងតំបន់ព្រៃរបោះទេ ពីព្រោះព្រៃឈើតូចៗខែវស្សាវាដុះ ដល់ចូលខែប្រាំងវាត្រូវក្តៅងាប់ អ៊ីចឹងវាងាយនឹងឆេះហើយ»។
លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មិនមានទិន្នន័យផ្លូវការណាមួយដែលបង្ហាញពីដីព្រៃដែលត្រូវភ្លើងឆេះនោះទេ ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីបញ្ហាភ្លើងឆេះព្រៃដែលអាចនឹងកើតមានឡើងជាយថាហេតុណាមួយ។
លោកបានឱ្យដឹងដែរថា ការជូនដំណឹងនេះមានគោលបំណងដើម្បីក្រើនរំឭកដល់ប្រជាពលរដ្ឋមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីត្រៀមខ្លួនទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ក្នុងរដូវប្រាំងដែលងាយនឹងមានករណីភ្លើងឆេះព្រៃកើតឡើង។
លោកបានបន្តថា ពាក់ព័ន្ធ នឹងឧបករណ៍ពន្លត់ភ្លើងព្រៃ ជួយដល់សហគមន៍មូលដ្ឋានហាក់ដូចនៅមានកម្រិតនៅឡើយ។ ជាមួយគ្នានេះលោកបានរំឭកប្រាប់ថា កាលពីឆ្នាំ ២០២០ រដ្ឋបាលព្រៃឈើបានទទួលជំនួយរថយន្តពន្លត់ភ្លើងព្រៃចំនួន ៥ គ្រឿង ពីអង្គការ Asian Forest Cooperation Organization(AFOCO)។ រីឯកាលពីឆ្នាំ ២០២៣ កន្លងទៅក៏រដ្ឋបាលព្រៃឈើបានទទួលជំនួយថវិកាពីអង្គការ (AFoCO) មកអនុវត្តគម្រោងចំនួន២ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃផងដែរ។ គម្រោងនេះនឹងរួមចំណែកក្នុងការងារគ្រប់គ្រងភ្លើងឆេះព្រៃជាច្រើន តាមរយៈឧបករណ៍ដូចជា early warning system សម្ភារពន្លត់ភ្លើង ការកសាងសមត្ថភាពយុទ្ធនាការ និងការស្ដារព្រៃឡើងវិញ ក្រោយភ្លើងឆេះជាដើម ហើយបច្ចុប្បន្នគម្រោងទាំង ២ ទើបតែចាប់ផ្តើមទេ។
លោក ហ្វីណង់ បានបញ្ជាក់ដែរថា៖ «ភាគច្រើនភ្លើងឆេះព្រៃបង្កឡើងដោយសារសកម្មភាពរបស់មនុស្ស មានដូចជា ការដុតព្រៃដើម្បីរានយកដី ការបរបាញ់សត្វជាដើម។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលព្រៃឈើបានផ្សព្វផ្សាយអំពីបច្ចេកទេសទប់ស្កាត់ភ្លើងឆេះព្រៃ ជាពិសេសដល់សហគមន៍ព្រៃឈើ ដូចជាការធ្វើផ្លូវភ្លើងជាដើម»។
ជុំវិញបញ្ហាភ្លើងឆេះព្រៃឬឆេះវាលជញ្ជ្រាំងស្រូវក៏ជាចំណែកមួយនៃផលប៉ះពាល់ដល់បរិស្ថានផងដែរ តែភ្នំពេញប៉ុស្តិ៍មិនអាចសុំសម្រង់សម្តីបន្ថែមតាមរយៈទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាមពីលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថានបានទេ។ទោះជាយ៉ាងណា លោកប៊ូវរសក្យ នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញបានប្រាប់ថា បញ្ហាភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងរដូវប្រាំងដែលនៅតំបន់ព្រៃស្ងួត តែងតែមានការឆេះព្រៃក្នុងដែនជម្រកសត្វព្រៃដូចជា នៅតំបន់លំផាត់ ខេត្តរតនគិរីជាដើម។
អ៊ីចឹងផលប៉ះពាល់ពីចំហេះផ្សែងឧស្ម័នកាបូនិកគឺជាមូលហេតុ ១ នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាមួយទៀតសត្វដែលរស់នៅក្នុងគម្ពោតព្រៃហ្នឹងវានឹងត្រូវភ្លើងឆេះងាប់ដូចជា សត្វអណ្តើក ឬសត្វព្រៃផ្សេងៗទៀត។
លោកបានបញ្ជាក់ដែរថា៖«វាឆេះមកពីកត្តាមនុស្ស កើតឡើងដោយចេតនា ឬអចេតនាឬមួយមកពីភាពក្តៅហួតហែងក៏មាន។ បើឆេះនៅក្នុងព្រៃតំបន់ខ្ញុំ អាជ្ញាធរមានសមត្ថកិច្ចរួមទាំងអង្គការខ្ញុំផង គឺគ្មានឧបករណ៍អីសម្រាប់ទប់ស្កាត់ទេមានតែធ្វើផ្លូវកាត់កុំឱ្យភ្លើងឆេះរាលបន្តតែប៉ុណ្ណោះ»៕