ភ្នំពេញៈ ទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា ជាទំនាក់ទំនងដ៏យូរលង់ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រមានភាពស៊ីជម្រៅ និងរស់រវើក ដែលភាគីបារាំងបានហៅថា ជាទំនាក់ទំនងប្រកបដោយការចែករំលែក និងសមានចិត្តដ៏ពិតប្រាកដមួយតាមរយៈប្រទេសនិយាយភាសាបារាំង ហ្រ្វង់កូហ្វូនី (Francophonie)។
ភាគីបារាំងក៏បានចាត់ទុកដែរថា ទំនាក់ទំនងនេះជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការឥតងាករេ ដែលបែរឆ្ពោះទៅកាន់អនាគត និងបញ្ហាប្រឈមនានា។ប្រទេសបារាំងក៏បានប្រកាសគាំទ្របេក្ខភាពរបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ ២០២៦។
ទំនាក់ទំនងនៃប្រទេសទាំង ២ ផ្តោតលើអាទិភាពសំខាន់ៗដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាពឆ្លើយតបនឹងតម្រូវការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការការពារជីវៈចម្រុះ តួនាទីនៃវប្បធម៌ និងការលើកកម្ពស់បេតិកភណ្ឌកម្ពុជា។ បារាំងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល អប់រំ បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «បារាំង និងកម្ពុជាមានទំនាក់ទំនងគ្នាជាប្រវត្តិសាស្ត្រតាំងពីយូរលង់មកហើយ។ ទំនាក់ទំនងជាទូទៅគឺល្អ យល់ចិត្តគ្នាតាំងពីដើមអើយមក»។
ក្រោយពីចូលកាន់តំណែងបានរយៈពេលជាង ៥ ខែ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅបារាំងតាមការអញ្ជើញរបស់លោកអេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វ៊ីស ចាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤។
លោក ប៉ែន បូណា ថ្លែងបន្តថា តាមរយៈដំណើរបំពេញទស្សនកិច្ចនេះសង្ឃឹមថា កម្ពុជា និងបារាំងមានកិច្ចសហប្រតិបត្តិការគ្នាល្អ រឹងមាំ និងសំខាន់ទៅមុខទៀត។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងហ្រ្វង់កូហ្វូនី បារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការពារសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ក្រោយពីព្រះរាជដំណើរទស្សនកិច្ចព្រះមហាក្សត្រកម្ពុជានឹងពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធនធានមនុស្ស ការការពារវប្បធម៌ ព្រមទាំងលើកកម្ពស់បរិយាកាសធុរកិច្ចរបស់កម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគពីប្រទេសបារាំងបន្ថែម។
លោកថ្លែងថា៖ «បច្ចុប្បន្ន ប្រទេសបារាំងកំពុងជួយកម្ពុជាក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងការអប់រំ ខណៈដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បាននិងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧស្សាហកម្មតាំងពីឆ្នាំ ១៩៩៣ ដោយមានជំនួយ ៣០០ លានអឺរ៉ូ (៣២៨ លានដុល្លារអាមេរិក)។ បារាំង និងកម្ពុជាចាំបាច់ត្រូវពិចារណាបន្ថែមលើការពង្រឹងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត កិច្ចសហប្រតិបត្តិការយោធា និងការលើកកម្ពស់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង-ត្បូង»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ម៉ាក្រុង បានទទួលព្រះរាជសវនាការ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅវិមានអេលីហ្ស៊េ (Elysee) ប្រទេសបារាំង ដោយភាគីបារាំងលើកឡើងថា ជំនួបសវនាការនេះឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពិសេសរវាងបារាំង និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។
វិស័យសុខាភិបាលក្នុងវិស័យសុខាភិបាល ប្រទេសបារាំង បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា តាមរយៈការចូលរួមចំណែកក្នុងយន្តការកូវ៉ាក់ (CoVAC) និងសកម្មភាពរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Pasteur)។
ប្រទេសបារាំង បានទទួលស្វាគមន៍គ្រូពេទ្យជំនាញកម្ពុជាជាង ១ ០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩៦ បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា ដោយមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរបស់កម្ពុជា ដែលជាដៃគូប្រវត្តិសាស្ត្ររបស់ប្រទេសបារាំង។
ស្ថានទូតបារាំងនៅកម្ពុជាលើកឡើងថា វត្តមានរបស់វិទ្យាស្ថានស្រាវជ្រាវបារាំងរួមមានវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD) មជ្ឈមណ្ឌលស្រាវជ្រាវបារាំង (CIRAD)ទីភ្នាក់ងារបារាំងស្រាវជ្រាវវិទ្យាសាស្ត្រ (ANRS-MIE) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមន្ទីរពេទ្យ និងឧត្តមសិក្សា ការស្វែងរកហិរញ្ញប្បទាន និងការផ្តល់នូវអ្នកជំនាញបច្ចេកទេស បានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហការយូរអង្វែង និងប្រកបដោយទំនុកចិត្តរវាងបារាំង និងកម្ពុជា។
បារាំងគឺជារដ្ឋបរទេសមួយផងដែរដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត។ ស្ថានទូតបារាំងលើកឡើងថា តាមរយៈសមាជិក នេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំង ២ ក្នុងវិស័យសុខាភិបាល។ កិច្ចសហប្រតិបត្តិការដែលមានតាំងពីយូរលង់ណាស់មកហើយនេះសឱ្យឃើញជាពិសេសតាមរយៈការគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជាផ្នែកវេជ្ជសាស្ត្រ និងការកៀរគរអ្នកជំនាញអន្តរជាតិនៅតាមបណ្តាស្ថាប័នសំខាន់ៗក្នុងវិស័យសុខាភិបាល។
ដោយឡែកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលជាមួយកម្ពុជា បារាំងក៏បានគាំទ្រការពង្រឹងជំនាញថែទាំព្យាបាលជំងឺសួត។ បច្ចុប្បន្ន ជារៀងរាល់ឆ្នាំ គ្រូពេទ្យជំងឺសួតកម្ពុជាប្រមាណ ១២ នាក់ទទួលបានការបណ្តុះបណ្តាល ភាគច្រើននៅប្រទេសបារាំង។
វិស័យការអប់រំ
ជារៀងរាល់ឆ្នាំ ប្រទេសបារាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិតឆ្នើមកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនៅប្រទេសបារាំង នៅសាកលវិទ្យាល័យ សាលាល្បីៗ ឬវិទ្យាស្ថានឧត្តមសិក្សាបារាំង។ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាប្រមាណ ១៥០ នាក់ចេញទៅសិក្សានៅប្រទេសបារាំង។
និស្សិតភាគច្រើនទទួលបានអាហារូបករណ៍បារាំងដូចជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលបារាំងដែលផ្តល់ប្រមាណ ៥០ នាក់ក្នុង ១ ឆ្នាំ កម្មវិធី Excellence Eiffel ផ្តល់ប្រមាណ ១០នាក់ក្នុង ១ ឆ្នាំ កម្មវិធី Erasmus+ ផ្តល់ប្រមាណ ១៥ នាក់ក្នុង ១ ឆ្នាំ និងកម្មវិធីសញ្ញាបត្របណ្តុះបណ្តាលវេជ្ជសាស្ត្រផ្តល់ប្រមាណ ៧០ នាក់ក្នុង ១ ឆ្នាំ។យោងតាមស្ថានទូតបារាំងបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ និស្សិតកម្ពុជាចំនួន ៣១២ នាក់ ទទួលបានសញ្ញាបត្របារាំង បន្ទាប់ពីបានសិក្សានៅប្រទេសបារាំង ឬនៅតាមថ្នាក់ពិសេសនៃគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។បច្ចុប្បន្ន និស្សិតកម្ពុជាជាង ៨០០ នាក់កំពុងសិក្សានៅប្រទេសបារាំង។
បច្ចុប្បន្ននៅប្រទេសកម្ពុជា និស្សិតក៏អាចទទួលបានសញ្ញាបត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងនៅលើជំនាញជាច្រើនតាមរយៈការបណ្តុះបណ្តាលជាភាសាបារាំងនៅតាមសាកលវិទ្យាល័យកម្ពុជាចំនួន ៤ គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ក្រៅពីនេះបារាំងក៏បានខិតខំប្រឹងប្រែងលើកកម្ពស់ការសិក្សាភាសាបារាំងនៅកម្ពុជា។ ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំកម្ពុជា ស្ថានទូតបារាំងនៅកម្ពុជាបានបង្កើតកម្មវិធីពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន និងលើកកម្ពស់ភាសាបារាំង។ ឆ្នាំ ២០២៤ ចក្ខុវិស័យផ្តោតលើការពង្រឹងសមត្ថភាពគ្រូបង្រៀនភាសាបារាំង និងការលើកកម្ពស់ភាសាបារាំងជាភាសាវិទ្យាសាស្ត្រ និងការងារ។
វិស័យវប្បធម៌តំបន់រមណីយដ្ឋានអង្គរនៅកម្ពុជាត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ដោយមានប្រាសាទជាង ២០០ និងទីស្ថានបុរាណវិទ្យាប្រមាណ ៦០០។
បារាំង និងជប៉ុនបានធ្វើជាសហប្រធានគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រអង្គរ (CICអង្គរ) អស់រយៈពេល ៣០ ឆ្នាំមក។ ប្រទេសទាំង ២ នេះនឹងបន្តធ្វើជាសហប្រធានរយៈពេល ១០ ឆ្នាំទៀតពីឆ្នាំ ២០២៤-២០៣៣ ដែលនឹងផ្តោតលើការអភិវឌ្ឍ និងការលើកស្ទួយតម្លៃរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។
ក្នុងរយៈពេល ៣០ ឆ្នាំចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ តាមរយៈការគាំទ្ររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងរបស់ប្រទេសបារាំង ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បានអនុញ្ញាតជាពិសេសឱ្យមានការជួសជុលប្រាសាទសំខាន់ចំនួន ២ គឺប្រាសាទបាពួនដែលត្រូវបានបញ្ចប់កាលពីឆ្នាំ ២០១១ និងការជួសជុលប្រាសាទមេបុណ្យខាងលិចដែលបច្ចុប្បន្នកំពុងដំណើរការ។ ក្នុងរយៈពេល ៣០ ឆ្នាំនេះក៏មានការបណ្តុះបណ្តាលមុខអាជីពទាក់ទងនឹងបេតិកភណ្ឌដល់មន្ត្រីជាច្រើនរយនាក់ និងការពង្រឹងការស្រាវជ្រាវផ្នែកបុរាណវិទ្យា។
វិស័យការពារជាតិ
ប្រទេសបារាំងបានធ្វើជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩១ គឺរយៈពេលជាង ៣២ ឆ្នាំមុន ដែលជាការចាប់ផ្តើមនៃការវិលត្រឡប់មកវិញនៃសន្តិភាព និងការផ្សះផ្សារនៅប្រទេសកម្ពុជា ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ។បារាំងគឺជាប្រទេសលំដាប់លេខ ២ ដែលបានបញ្ជូនកងមួកខៀវមកកម្ពុជាក្នុងសម័យ អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិនៅកម្ពុជា ហៅថាអ៊ុនតាក់ (UNTAC) ក្នុងទស្សវត្សឆ្នាំ ១៩៩០។
ទំនាក់ទំនងដ៏យូរលង់លើវិស័យការពារជាតិរវាងកម្ពុជា និងបារាំងបន្តមានតាមរយៈកិច្ចសហប្រតិបត្តិការយោធា ជាពិសេសការបណ្តុះបណ្តាល និងការជួយជ្រោមជ្រែងដល់ការដាក់ពង្រាយកងមួកខៀវកម្ពុជាដើម្បីបំពេញបេសកកម្មអង្គការសហប្រជាជាតិ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ចំនួនកងមួកខៀវកម្ពុជាដែលទៅបំពេញបេសកកម្មត្រូវបានពង្រឹងថែមទៀត។
ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ យោធាចារ្យបារាំង ២ រូបបានមកចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការស្វែងរក ទប់ស្កាត់ និងការគ្រប់គ្រងគ្រឿងផ្ទុះកែច្នៃនៅកម្ពុជាដល់កងកម្លាំងរក្សាសន្តិភាពចំនួន ១៩ នាក់មកពីប្រទេស ១០ នៅអាស៊ី ដែលក្នុងនោះមកពីកម្ពុជាមាន ១៥ នាក់។
គិតត្រឹមខែតុលា ឆ្នាំ ២០២៣ កងមួកខៀវកម្ពុជាចំនួនប្រមាណ ៨០០ នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ភាគច្រើននៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង៕