ភ្នំពេញៈ ដោយបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០១៧ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងអាណត្តិទី២ ឆ្នាំ ២០២១-២០២៥ ដែលមានសមាសភាពគណៈកម្មាធិការប្រតិបត្តិចំនួន ១១ នាក់ ហើយសហព័ន្ធនេះតែងតែយកចិត្តទុកដាក់ខ្ពស់លើការ បណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងជំរុញការហ្វឹកហាត់អភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ដល់កីឡាករកីឡាការិនី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិនានា។
ជាមួយការខិតខំប្រឹងប្រែងនេះ បានជួយឱ្យសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា អាចពង្រីកសក្តានុពលយ៉ាងលឿន ដោយគិតត្រឹមអាណត្តិទី២ នេះក្រុមអត្តពលិកជឺជីតស៊ូកម្ពុជា អាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោកសរុបចំនួន ៨៧ ក្នុងនោះមានមេដាយមាស ២៨ មេដាយប្រាក់ ៣២ និងមេដាយសំរឹទ្ធ ២៧ ព្រមទាំងបណ្ដុះបណ្ដាលមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកកម្រិតមូលដ្ឋានចំនួន ៤២ នាក់។
ជាមួយសមិទ្ធផលទាំងអស់នេះ ការដណ្តើមបានមេដាយមាស ១ ពីការប្រកួតកីឡាអាស៊ី ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីរបស់វីរកីឡាការិនី ខាន់ ចេសា ត្រូវបានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ចាត់ទុកថា ជាសមិទ្ធផលកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អបំផុតដែលបានជំរុញឱ្យប្រភេទកីឡានេះកាន់តែមានភាពផុសផុលខ្លាំង និងអាចបង្កើតបាននូវកំណត់ត្រាថ្មីមួយទៀតពីការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដោយពួកគេ ដណ្តើមបានមេដាយមាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ១ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនោះខាន់ ចេសា ឈ្នះបានមេដាយមាស ១ និងប្រាក់ ១ តែម្នាក់ឯង។
តែទោះបីជាយ៉ាងណា ការសម្រេចដកខ្លួនចេញពីការប្រកួតដោយមូលហេតុផ្ទាល់ខ្លួនរបស់វីរកីឡាការិនី ខាន់ ចេសា ពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី ១៩ ឆ្នាំ ២០២២ នៅប្រទេសចិន ដែលបានរៀបចំពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បានធ្វើឱ្យក្រុមជឺជីតស៊ូកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះ ហើយជាលទ្ធផលរួមគឺកម្ពុជា ដណ្តើមបានត្រឹមមេដាយ ១ គត់ ដែលរកបានដោយក្រុមកីឡាការ៉ាតេ គឺផ្ទុយពីការប្រកួតកីឡាអាស៊ីឆ្នាំ ២០១៨ ដោយកម្ពុជា ដណ្តើមបានមេដាយមាស ២ និងសំរឹទ្ធ ១។
ជាមួយលទ្ធផលដ៏ក្រឡាប់ចាក់ ដោយរំពឹងខ្លាំងតែទៅលើកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា នេះសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាននិងកំពុងសម្រួចផែនការ ដើម្បីបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីល្អៗឱ្យបានកាន់តែច្រើន ដើម្បីស្នង ខាន់ ចេសា ទៅថ្ងៃអនាគត។
លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាថ្លែងថា៖ «កិច្ចការងារខ្លះនៅក្នុងកីឡា ដែលធ្វើឱ្យអត្តពលិកយើង មិនបានចូលប្រកួតនេះ ដោយសារតែនយោបាយកីឡា ព្រោះជួនកាលយើងល្អពេកទៅ ក៏គេមិនចង់ឱ្យយើងចូលរួមដែរ ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេម នៅស្រុកយើង ទោះបីជា ខាន់ ចេសា បានចាញ់ក្នុងការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសា Women's newaza gi ទម្ងន់ ៥២ គីឡូក្រាម តែការប្រកួត Women's newaza nogi ទម្ងន់ ៥២ គីឡូក្រាមដូចគ្នា គឺគាត់ធ្វើបានយ៉ាងល្អដើម្បីឈ្នះបានមេដាយមាស»។
ព្រឹទ្ធាចារ្យកីឡារូបនេះ បានបន្ថែមថា៖ «អ្វីដែលយើងចង់បាននោះមិនមែនមានតែ ខាន់ ចេសា ម្នាក់នោះទេគឺយើងចង់បានចេសា ច្រើននាក់ថែមទៀត មិនថាជាយុវជនស្នូលនោះទេ ព្រោះជឺជីតស៊ូរបស់យើង មិនមែនផ្តោតតែលើការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៥ នៅប្រទេសថៃ ឬស៊ីហ្គេមក្រោយៗទៀតនោះទេ គឺយើងផ្តោតរហូតដល់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ អ៊ីចឹងខ្ញុំជឿថា ធនធានកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អៗដូច ខាន់ ចេសា នឹងមានច្រើនទៀត នៅថ្ងៃអនាគត»។
ទន្ទឹមនឹងនេះ កីឡាករ គង់ ម៉ូណាមិថុរ៉ា ដែលដណ្តើមបានមេដាយមាស ២ និងប្រាក់ ១ លើវិញ្ញាសាសម្តែង ក្នុងការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជានោះ បានសម្តែងការគាំទ្រចំពោះផែនការរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីសម្រាប់ស្នងវីរកីឡាការិនី ខាន់ ចេសា។
កីឡាករវ័យ ២៥ ឆ្នាំ គង់ ម៉ូណាមិថុរ៉ា បានប្រាប់កាលពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ ថា៖«ខ្ញុំគាំទ្រចំពោះផែនការបណ្តុះធនធានសម្រាប់ស្នងវីរកីឡាការិនី ខាន់ ចេសារបស់ប្រធានសហព័ន្ធ ព្រោះ ចេសា រស់នៅក្រៅប្រទេស អ៊ីចឹងការទំនាក់ទំនង ក៏ដូចជាការគ្រប់គ្រង អាចមានការពិបាកដែរ អ៊ីចឹងបើយើងមានធនធានដែលមានសមត្ថភាពល្អគាត់ ឬក៏ប្រហាក់ប្រហែលគាត់ នោះជារឿងល្អបំផុត សម្រាប់វិស័យកីឡាជឺជីតស៊ូរបស់យើង»។
យ៉ាងណាក៏ដោយ ម៉ូណាមិថុរ៉ា បានមើលឃើញថា ការរកអ្នកស្នង ខាន់ ចេសា អាចប្រើពេលយូរឆ្នាំ ដោយគេបានបញ្ជាក់ថា៖ «ខាងកីឡាជឺជីតស៊ូ ផ្នែកប្រយុទ្ធនេះ យើងមិនសូវមានកីឡាការិនីទេ ចំណែកផ្នែកបុរសវិញ ខ្ញុំឃើញថា មានថ្នាលច្រើន ដែលល្អទាំងកាយសម្បានិងសមត្ថភាពអ៊ីចឹងខ្ញុំជឿថា សហព័ន្ធ អាចបណ្តុះបណ្តាលធនធានល្អៗដូច ចេសា បាន គ្រាន់តែចំណាយពេលយូរបន្តិច ចំណែកពួកខ្ញុំ ដែលប្រកួតផ្នែកវិញ្ញាសាសម្តែង ក៏កំពុងពង្រឹងសមត្ថភាពឱ្យបានកាន់តែល្អដូចគ្នា ដើម្បីត្រៀមស្វែងរកមេដាយជូនជាតិ ជាពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៥»។
ជាមួយគ្នានេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ទើបតែធ្វើមហាសន្តិបាតវិសាមញ្ញនៅទីស្នាក់ការ NOCC កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ដើម្បីផ្លាស់ប្តូរមន្ត្រីបច្ចេកទេសមួយចំនួនចេញ និងដាក់អ្នកថ្មីមកជំនួស ដោយក្នុងនោះលោកសៀន សុភក្ត្រ ជាអគ្គលេខាធិការលោកអន សុវឌ្ឍីយ៉ា ជាអគ្គហេរញ្ញិក និងលោក សៀន សុភា ជាអគ្គហេរញ្ញិករង សុទ្ធតែបានលាឈប់។
ចំពោះការដកខ្លួនរបស់អ្នកទាំង ៣ នេះ សហព័ន្ធ បានជ្រើសរើសលោក ឃឹម សាមាន មកធ្វើជាអគ្គលេខាធិការថ្មី លោក ឆេង សីឡាងជាអគ្គហិរញ្ញិកនិងលោក ជឹម ធារ៉ា ជាអគ្គហេរញ្ញិករង ចំណែកលោកបណ្ឌិត សេង ប៊ុនសុងបន្តធ្វើជាប្រធាន លោកថោង បញ្ញាធនជាអនុប្រធានទី ១ លោក ប៊ុត សុទ្ធី និងលោក Jasper Martijn Paas បន្តធ្វើជាអនុប្រធាន រីឯលោក សំអុន បូរមី ជាអគ្គលេខាធិការរង ហើយលោក គិម កែវមង្គល លោក Oliver King និងលោក ជាន ជូផេង ជាសមាជិក។
ជុំវិញការផ្លាស់ប្តូរសមាសភាពមន្ត្រីបច្ចេកទេសនេះលោក សេង ប៊ុនសុង បានថ្លែងថា៖ «ការបំពេញការងាររបស់សហព័ន្ធយើងកន្លងមកហាក់មានភាពរអាក់រអួលខ្លះ អ៊ីចឹងការធ្វើមហាសន្តិបាតវិសាមញ្ញថ្ងៃនេះគឺដើម្បីពង្រឹងសហព័ន្ធឱ្យមានភាពរឹងមាំឡើង ព្រោះបើយើងមិនពង្រឹងថ្នាក់ដឹកនាំទេ ក៏យើងមិនអាចទៅជួយដល់កីឡាករ កីឡាការិនីបានដែរ អ៊ីចឹងសហព័ន្ធហ្នឹងហើយ ដែលជាគោលដៅធំ សម្រាប់ដឹកនាំ និងបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតនានា ក្រោមការជួយទំនុកបម្រុងពីក្រសួងអប់រំ យុវជន និងកីឡា, NOCC និងដៃគូសហការផ្សេងៗទៀត»។
ទន្ទឹមនឹងនេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំនៅក្នុងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជានេះ ប៉ុន្តែលោកបានជំរុញឱ្យក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ គួរតែពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អថែមទៀត ព្រមទាំងបែងចែកតួនាទីគ្នាឱ្យបានដាច់ស្រេចដើម្បីបំពេញការងារទៅបានរលូនល្អ។
លោកបញ្ជាក់នៅក្នុងមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី ៩ ខែមករានោះថា៖ «បន្ទាប់ពីសហព័ន្ធ បានអនុម័តទៅលើគណៈកម្មាធិការប្រតិបត្តិនេះហើយ សូមសហព័ន្ធរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីបែងចែកភារកិច្ច ចៀសវាងមានការប្រចាំគ្នា ដែលនឹងអាចធ្វើឱ្យការអភិវឌ្ឍមានការយឺតយ៉ាវ ព្រោះយើងសង្កេតឃើញថា នៅក្នុងចំណោម ៤៨ សហព័ន្ធកីឡាជាតិ គឺមានសហព័ន្ធមួយចំនួន នៅមានបញ្ហា»។
«សហព័ន្ធខ្លះនៅមានការយល់ច្រឡំទៅលើលាភសក្ការៈ និងជួនកាលការចំណាយមិនមានតម្លាភាព ធ្វើឱ្យមានការថ្នាំងថ្នាក់ ក្នុងផ្លូវអារម្មណ៍ អ៊ីចឹងសំខាន់ យើងគួរបង្កើតគណៈកម្មាធិការអចិន្រ្ដៃយ៍មួយ ដើម្បីសម្រេចទៅលើការចំណាយតិចតួច។ ដោយឡែកការងារធំៗ យើងអាចប្រជុំគ្នាប្រចាំឆមាស ដើម្បីធ្វើការអនុម័តពិសេសក្រោយសន្និបាតនេះ សហព័ន្ធ អាចធ្វើផែនការប្រចាំឆ្នាំការប្រកួតក្រៅប្រទេសនិងក្នុងប្រទេស រួចលើកផែនការថវិកាមកជាមួយគ្នាតែម្តង ដើម្បីកុំឱ្យមានការចោទប្រកាន់គ្នា ទៅលើការចំណាយ នាំឱ្យបាត់បង់ឆន្ទៈក្នុងការបំពេញការងាររួមគ្នានេះ»។ លោក ប៉ែន វុទ្ធី បានបន្ថែម។
បន្ថែមទៅលើមតិណែនាំរបស់លោក ប៉ែន វុទ្ធី នេះ លោក សេង ប៊ុនសុង បានផ្តោតខ្លាំង ទៅលើការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។
លោកថា៖ «នៅក្នុងក្រុមគ្រួសារកីឡាជឺជីតស៊ូកន្លងមកនេះ នៅមានភាពរកាំរកូសខ្លះៗ អ៊ីចឹងយើងត្រូវពង្រឹងស្មារតី និងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ជាមួយការគោរពវិន័យ ការឱ្យតម្លៃគ្នា និងជួយគ្នា ព្រោះបើនៅក្នុងគ្រួសារមួយគ្មានវិន័យ ក៏យើងមិនអាចរីកចម្រើនបាននោះដែរ»។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «ការអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូនេះ មិនមានការប្តេជ្ញាតែខ្ញុំនោះទេ គឺត្រូវប្តេជ្ញាខំប្រឹងប្រែងទាំងអស់គ្នា ជាមួយការសាមគ្គីគ្នាជាធ្លុងមួយដើម្បីខ្លួនឯង ក្រុមយើង និងប្រទេសជាតិរបស់យើង ព្រោះនៅពេលភ្លេងជាតិរបស់យើង និងទង់ជាតិរបស់យើង បានពន្លឺ និងហូតឡើង ក្នុងពេលអត្តពលិករបស់យើងដណ្តើមបានមេដាយមាស គឺយើងពិតជារំភើប និងមានមោទនភាពខ្លាំងបំផុត ហេតុនេះយើងត្រូវប្តេជ្ញាចិត្តថែរក្សាសមិទ្ធផល ដែលយើងមាន និងខិតខំស្វែងរកសមិទ្ធផលថ្មីៗបន្ថែមទៀត»៕