ភ្នំពេញៈ ជាមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី ដែលទើបសាងសង់រួចនៅលើទឹកដីខេត្តកំពង់ឆ្នាំង ក្រុមកង់គួកចំនួន ៩៥ នាក់ បាននាំគ្នាជិះប្រដេញគ្នា យ៉ាងមានសណ្តាប់ធ្នាប់ ក្រោមការឃ្លាំមើលពីមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រ យានកម្ពុជា និងមានការសម្របសម្រួលបើកផ្លូវដោយក្រុមម៉ូតូធំចំនួន ២៦ គ្រឿងផងដែរ។ ចំណែកក្រុមកង់ភ្នំវិញ ក៏បានយកទីលានដែលមានផ្លូវបត់បែបឡើងភ្នំ ចុះភ្នំប្រកបដោយគ្រោះថ្នាក់ស្ថិតនៅភ្នំទ្រោក ខេត្តកំពង់ឆ្នាំង ជាកន្លែងប្រកួតប្រជែងគ្នាដូចគ្នា។
រូបភាពទាំងអស់នេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីរបៀបរបបថ្មីនៃការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ ដែលត្រូវបានធ្វើឡើងកាលថ្ងៃទី ៥ ដល់ទី ៨ ខែមករា ឆ្នាំ ២០២៤ ស្របពេល ដែលសហព័ន្ធកីឡាទោចក្រ យានបានចាប់ផ្តើមយករូបមន្តប្រកួត ៨០ ភាគរយរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ហៅកាត់ថា UCI មកអនុវត្តក្នុងការប្រកួតថ្នាក់ជាតិនេះជាលើកដំបូង ដើម្បីសម្រួចការប្រកួតនេះ ឈានទៅរកភាពស្តង់ដាអន្តរជាតិ។
រូបមន្ត ៨០ ភាគរយ សំដៅទៅលើការកំណត់ថិរវេលា និងល្បឿននៃការជិះកង់របស់កីឡាករ កីឡាការិនី ដើម្បីកាត់អ្នកដែលជិះដាច់ឆ្ងាយចុងក្រោយគេ ចេញពីការប្រកួតទៅតាមជុំនីមួយៗទៅតាមការកំណត់របស់គណៈកម្មការ។ ឧទាហរណ៍ថា ក្នុង ១ ជុំគេជិះ ១០ នាទី អ៊ីចឹងបើអ្នកនាំមុខ ជិះដាច់ ៨ នាទីហើយ គឺអ្នកនៅក្រោយ ត្រូវកាត់ចេញ មិនឱ្យប្រកួតនៅជុំបន្ទាប់ទៀតទេ ហើយបើគិតជារយៈចម្ងាយវិញ បើប្រកួត ១ ០០០ ម៉ែត្រ អ្នកនាំមុខជិះដាច់ ៨០០ ម៉ែត្រហើយ អ្នកក្រោយត្រូវកាត់ចេញ។
ជាមួយគ្នានេះ ស្នងការរៀបចំការប្រកួតអន្តរជាតិតែម្នាក់គត់របស់កម្ពុជា លោក សែម ប៊ុតឌី ដែលទើបទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយ UCI កាលខែតុលា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា និងជាអ្នកនាំយករូបមន្ត ៨០ ភាគរយមកអនុវត្តក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ បានឱ្យដឹងថា ការប្រើរូបមន្តនេះ ដើម្បីបញ្ចៀសនូវបញ្ហា និងការតវ៉ាផ្សេងៗ ពិសេសរៀបចំការប្រកួតដែលមានភាពស្តង់ដានិងទទួលបានគុណផលខ្ពស់ ទាំងទៅលើការប្រកួតប្រជែងនិងការរៀបចំ។
លោកបានបញ្ជាក់ថា៖ «រូបមន្ត ៨០ ភាគរយ ត្រូវបានគេប្រើនៅក្នុងការប្រកួតស៊ីហ្គេម និងគ្រប់ព្រឹត្តិការណ៍អន្តរជាតិទាំងអស់ ដែលរៀបចំដោយ UCI ព្រោះរូបមន្តនេះ អាចជួយទប់ស្កាត់ការតវ៉ាពីកីឡាករ ជុំវិញការជិះបិទផ្លូវ ឬជិះរំខានក្នុងពេលប្រកួត អ៊ីចឹងនឹងធ្វើឱ្យកីឡាករដែលមានសមត្ថភាពខ្ពស់អាចជិះទៅមុខយ៉ាងរលូន ចំណែកការតវ៉ាផ្សេងៗទៀត ក៏នឹងមិនកើតមានដូចគ្នា»។
ទន្ទឹមនឹងនេះ លោក សែម ប៊ុតឌី បានអះអាងថា ការអនុវត្តរូបមន្ត ៨០ ភាគរយ សម្រាប់ការប្រកួតនៅក្នុងប្រទេសកម្ពុជា ជារឿងសំខាន់ដែលមិនត្រឹមតែជំរុញឱ្យកីឡាករ កីឡាការិនីឱ្យមានការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធ ក៏ទទួលបានចំណេះជំនាញ ព្រោះលោកមានទម្រង់បែបបទត្រឹមត្រូវ ក្នុងការជួយឱ្យគណៈកម្មការ ចេះវាស់ថិរវេលា និងវាស់ល្បឿនជិះបានល្អ បើទោះបីជាពេលនេះ កម្ពុជានៅមិនទាន់មានម៉ាស៊ីនវាស់ពេលវេលាបែបអន្តរជាតិក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាការអនុវត្តរូបមន្ត ៨០ ភាគរយ គឺជាភាពចាំបាច់ ដែលយើងត្រូវប្រើប្រាស់ សម្រាប់ការប្រកួតនៅក្នុងស្រុករបស់យើង ព្រោះវានឹងជួយជំរុញឱ្យក្រុមអត្តពលិករបស់យើងមានសមត្ថភាពល្អជាងមុន ចំណែកគុណភាពប្រកួតរបស់យើងក៏មានភាពស្តង់ដាអន្តរជាតិ។
ចំណែកមន្ត្រីបច្ចេកទេសរបស់យើងក៏កាន់តែមានភាពស្ទាត់ជំនាញដែលអាចនឹងរៀបចំការប្រកួតអន្តរជាតិដោយខ្លួនឯងបានជាពិសេសដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ ២០២៩ នៅកម្ពុជា»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអនុវត្តរូបមន្ត ៨០ ភាគរយនេះ តែទៅលើការប្រកួតកង់ភ្នំទេ ដែលមានការប្រកួតវិញ្ញាសា MTB-XCO ប្រភេទ Man Elite ចំនួន ៦ ជុំ, Man Junior ប្រកួត ៥ ជុំ, Man Master ប្រកួត ៤ ជុំ និងវិញ្ញាសា MTB-XCO ប្រភេទនារីប្រកួត ៤ ជុំទេ ហើយក៏បានកាត់កីឡាករមួយចំនួនធំចេញពីការប្រកួតតាមរូបមន្តថ្មីនេះផងដែរ តែសហព័ន្ធ នៅមិនទាន់ដាក់ពិន័យ និងផាកពិន័យនៅឡើយទេ។
ចំណែកការប្រកួតកង់គួកទាំងលើវិញ្ញាសាបុរសថ្នាល (Men Junior Road Bike) កង់គួកបុរសឈុតធំ (Men Elite Road Bike) និងវិញ្ញាសាកង់គួកបុរស (Men Master Road Bike) គឺសហព័ន្ធនៅមិនទាន់បានអនុវត្តរូបមន្ត ៨០ ភាគរយនៅឡើយទេ ព្រោះការប្រកួតកង់គួកជើងឯកថ្នាក់ជាតិលើកនេះ ជាការប្រកួតលើផ្ទៃរាប ដោយមិនបានកំណត់ការប្រកួតទៅតាមជុំនោះទេ។
ទោះបីជាយ៉ាងណា លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអះអាងថា កម្ពុជា ត្រូវតែអនុវត្តរូបមន្ត ៨០ ភាគរយនេះ ចាប់ពីឥឡូវទៅនិងការប្រកួតជាបន្តបន្ទាប់ទៀតដើម្បីពង្រឹងគុណភាពការប្រកួតរបស់កីឡាករកុំឱ្យដាច់ឆ្ងាយពីគ្នាពេក ហើយការធ្វើបែបនេះ អ្នកទទួលបានជយលាភីពិតជាមានមោទនភាពចំពោះសមត្ថភាពខ្លួនឯង ចំណែកអ្នកត្រូវបានគេកាត់ចេញនឹងខិតខំពង្រឹងសមត្ថភាពឡើងវិញ នៅពេលដឹងថា ខ្លួនឯងមានសមត្ថភាពដាច់ឆ្ងាយពីគេពេកបែបនេះ។
បន្ថែមពីលើនេះ ការប្រើរូបមន្ត ៨០ ភាគរយ ជាការបោះជំហានមួយកម្រិតទៀតរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជាក្នុងការពង្រឹងពីគុណភាព និងឥរិយាបថការប្រកួតទាំងទៅលើការរៀបចំទីលាន ការប្រើប្រាស់សម្ភារក្នុងពេលប្រកួត ការចែកទឹក ការបោះដបទឹកសុទ្ធចោល ដែលសុទ្ធតែមានបែបបទ និងកន្លែងដែលបានកំណត់ត្រឹមត្រូវ ខណៈពេលនេះសហព័ន្ធបានឈានដល់ការប្រើប្រាស់រថយន្តដើម្បីចែកទឹកដល់កីឡាករឬដឹកគ្រឿងបន្លាស់ផ្សេងៗគឺមិនអនុញ្ញាតឱ្យមានការដឹកដោយម៉ូតូ និងចូលចែកទឹកដោយផ្ទាល់នាំឱ្យរំខានដល់ការប្រកួតដល់អត្តពលិកផ្សេងៗទៀតនោះទេ។
នៅត្រង់ចំណុចនេះ លោក នូ ចំរើន បានពន្យល់ថា វាជាការវិវឌ្ឍថ្មីមួយ សម្រាប់ការរៀបចំការប្រកួតកីឡាទោចក្រយាននៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យ UCI ទទួលស្គាល់ការប្រកួតរបស់យើងនិងអនុញ្ញាតឱ្យយើង អាចចុះឈ្មោះកីឡាករ កីឡាការិនីរបស់យើងទៅក្នុងបញ្ជីឈ្មោះផ្លូវការរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិដើម្បីអាចចាត់ជាចំណាត់ថ្នាក់ពិភពលោក។
លោក នូ ចំរើន បានបញ្ជាក់ថា៖ «ការប្រើប្រាស់រូបមន្ត ៨០ ភាគរយនេះ ជាការបង្រៀនពីក្បួនច្បាប់ និងលក្ខខណ្ឌនៃការប្រកួតបែបស្តង់ដាអន្តរជាតិទៅដល់កីឡាករ កីឡាការិនី និងសាមីក្លិបសមាគម ស្ថិតក្រោមចំណុះឱ្យសហព័ន្ធ ហើយនៅពេលពួកគាត់បានយល់ច្រើនហើយ ទើបយើងចុះឈ្មោះការប្រកួតរបស់យើងទៅក្នុងកម្មវិធីរបស់ UCI ដើម្បីឱ្យគេទទួលស្គាល់យើងដែលអាចប្រើពេល ២ ពីទៅ ៣ ឆ្នាំអីទៀត»។
លោកបានបន្ថែមថា៖ «នៅពេលដែល UCI ទទួលស្គាល់ការប្រកួតរបស់យើងហើយ គឺកីឡាករ កីឡាការិនីរបស់យើងនឹងទទួលបានពិន្ទុទៅតាមលទ្ធផលប្រកួតរបស់ពួកគាត់ ហើយពិន្ទុនេះនឹងត្រូវបូកជាបន្តបន្ទាប់ដើម្បីចាត់ជាចំណាត់ថ្នាក់ពិភពលោក ប៉ុន្តែពេលនេះយើងមិនទាន់អាចចុះការប្រកួតរបស់យើងទៅក្នុងកម្មវិធីរបស់ UCI នោះទេ ព្រោះបើអត្តពលិករបស់យើងធ្វើខុសឬសាមីក្លិបបំពានលក្ខខណ្ឌណាមួយ គឺ UCI នឹងផាកពិន័យច្រើន ហើយក៏អាចព្យួរ ឬបិទក្លិបនោះផងដែរ»។
យ៉ាងណាក្ដី លោក នូ ចំរើន បានអះអាងថា ការចុះកម្មវិធីប្រកួតក្នុងស្រុករបស់យើងឱ្យមានការទទួលស្គាល់ដោយ UCI វាជារឿងចាំបាច់ ព្រោះសហព័ន្ធកីឡាទោចក្រយានកម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ UCI ដែលស្ថិតនៅក្នុង Zone 4 ចុងក្រោយគេ ជាមួយឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងទីម័រខាងកើត ចំណែកថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ស្ថិតក្នុង Zone 3 ហើយការប្រឹងប្រែងនេះ ដើម្បីឱ្យអត្តពលិកកម្ពុជា ទទួលបានកាតទទួលស្គាល់សមត្ថភាពពី UCI កាន់តែច្រើន ដើម្បីអាចសន្សំបានពិន្ទុ។
លោកបានបញ្ជាក់ថា៖ «គិតមកទល់ពេលនេះ មានតែកីឡាករជម្រើសជាតិ និងអត្តពលិកឆ្នើមៗមួយចំនួនទេ ដែលទទួលបានពិន្ទុពីការប្រកួតរបស់ពួកគាត់ នៅលើឆាកអន្តរជាតិ ដោយទទួលស្គាល់ដោយ UCI ប៉ុន្តែយើងចង់ឱ្យអត្តពលិករបស់យើងច្រើនទៀតទទួលបានឱកាសនេះដែរ ពីការប្រកួតក្នុងស្រុក ព្រោះការសន្សំពិន្ទុនេះ គឺដើម្បីឱ្យកីឡាកររបស់យើងអាចមានឱកាសបានទៅចូលរួមការប្រកួតកីឡាអូឡាំពិកអន្តរជាតិនៅពេលណា គាត់មានពិន្ទុគ្រប់ ទៅតាមការកំណត់របស់ UCI»។
សម្រាប់ លោក នូ ចំរើន បានមើលឃើញថា នៅពេលបច្ចុប្បន្ន ក្លិបសមាគមចំណុះឱ្យសហព័ន្ធ បានព្យាយាមអភិវឌ្ឍខ្លួនខ្លាំង ដោយមានរបៀបរបបការដឹកនាំទំនើបជាងមុន ចំណែកការប្រកួតប្រជែងរវាងក្លិបនីមួយៗ មិនដាច់ឆ្ងាយពីគ្នាដូចមុនឡើយគឺមានកង់ល្អនិងកីឡាករល្អប្រហាក់ប្រហែលគ្នា ហើយដោយសារសហព័ន្ធចាប់ផ្តើមប្រើរូបមន្ត ៨០ ភាគរយទៀត អ៊ីចឹងនឹងធ្វើឱ្យក្លិបនីមួយៗមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង។
បន្ថែមពីលើនេះ ក្រុមហ៊ុន Herbalife ដែលបានឧបត្ថម្ភចំនួន ៤២ ៧៥០ ដុល្លារ សម្រាប់ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិកាលពីឆ្នាំ ២០២៣ ក៏បានសន្យាជួយដល់សហព័ន្ធកីឡាទោចក្រយានកម្ពុជា សម្រាប់រៀបចំការប្រកួតថ្នាក់ជាតិជាបន្តទៀតផងដែរ ហើយជំនួយនេះ នឹងធ្វើឱ្យសហព័ន្ធកាន់តែមានលទ្ធភាព ក្នុងការបណ្តុះបណ្តាលបានធនធានសម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០២៩។
អគ្គលេខាធិការវ័យ ៣៨ ឆ្នាំ លោក នូ ចំរើន បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត ខ្ញុំគិតថា មិនអាចមានក្លិបណា ឈ្នះបានមេដាយមាសដាច់ពីគេនោះទេ ព្រោះអ្នកចាញ់ នឹងប្រជែងដណ្តើមយកលេខ ១ វិញ ជាមួយការខិតខំប្រឹងប្រែងរបស់ពួកគាត់ ហើយក្រុមហ៊ុន Herbalife ក៏បានសន្យាថា នឹងបន្តជួយឧបត្ថម្ភដល់យើងទៀត ដើម្បីធ្វើឱ្យការប្រកួតថ្នាក់ជាតិនេះកាន់តែល្អ និងមានភាពស្តង់ដា អ៊ីចឹងនេះជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពធនធានរបស់យើងទាំងកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសសម្រាប់ការឈានទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី នៅក្នុងឆ្នាំ ២០២៩»៕