ភ្នំពេញៈ ទីផ្សារផ្លែមៀនកម្ពុជាបានបង្ហាញភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ ២០២៣ កន្លងមកការនាំចេញផ្លែមៀនស្រស់ទៅទីផ្សារអន្តរជាតិសម្រេចបានជាង ១៧ ពាន់តោន កើនជិត ៥០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួន ១៧ ៤៩៧,៣៩ តោន កើនឡើង ៤៥៤,៥៩ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ទោះយ៉ាងណា ទិន្នន័យមិនបានបង្ហាញបរិមាណនាំចេញផ្លែមៀនក្រៀមនោះឡើយ។
ទិន្នផល និងតម្លៃផ្លែមៀនមានភាពល្អប្រសើរក្នុងឆ្នាំ ២០២៣
លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ហ្រ្វូតប្រូដាក់សិន ភីអែហ្វភី ដែលជាក្រុមហ៊ុនប្រមូលទិញ និងវេចខ្ចប់ផ្លែមៀនសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែមករា ថា ភាពអំណោយផលនៃកត្តាអាកាសធាតុ ការពង្រីកផ្ទៃដីដាំដុះ និងបច្ចេកទេស បានជួយឱ្យទិន្នផល និងគុណភាពផ្លែមៀនក្នុងឆ្នាំ ២០២៣ មានភាពប្រសើរច្រើនបើធៀបនឹងឆ្នាំ ២០២២។ ជាមួយគ្នានេះតម្លៃក៏កើនខ្ពស់ជាងមុនដែរ។ លោកបន្តថា ភាគច្រើនផ្លែមៀនស្រស់កម្ពុជាត្រូវបាននាំទៅប្រទេសចិន ថៃ និងវៀតណាម ចំណែកមៀនក្រៀមនាំទៅប្រទេសចិន ថៃ និងប្រទេសនៅអារ៉ាប់មួយចំនួន។
លោកបន្ថែមថា ភាពប្រទាក់ក្រឡាគ្នាល្អរវាងម្ចាស់ចម្ការ រោងចក្រកែច្នៃវេចខ្ចប់ និងក្រុមហ៊ុនបញ្ជាទិញជួយឱ្យទីផ្សារនាំចេញផ្លែមៀនកម្ពុជាកាលពីឆ្នាំ ២០២៣ មានភាពល្អប្រសើរដោយកើនទាំងបរិមាណនាំចេញ និងតម្លៃ។
លោកបានថ្លែងថា៖ «ការនាំចេញផ្លែមៀនទៅទីផ្សារអន្តរជាតិ គឺមានភាពល្អប្រសើរក្នុងឆ្នាំ ២០២៣។ សម្រាប់ក្រុមហ៊ុនខ្ញុំ គឺនាំចេញទាំងមៀនស្រស់ និងមៀនក្រៀម ដោយមៀនស្រស់នាំទៅប្រទេសចិន ថៃ និងវៀតណាម និងមៀនក្រៀម នាំទៅប្រទេសចិន ថៃ អារ៉ាប់រួម និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន។ បច្ចុប្បន្នយើងក៏កំពុងចរចាលើបញ្ហារបាំងភូតគាមអនាម័យ បច្ចេកទេសផ្សេងៗដើម្បីបើកច្រកនាំចេញទៅប្រទេសជាច្រើនទៀត»។
ដូចគ្នាទៅនឹងទិន្នន័យនាំចេញរបស់ក្រសួងកសិកម្ម លោក សុផាន់បូរី បានបញ្ជាក់ថា៖ «បើតាមសង្កេត គឺការនាំចេញមៀនស្រស់ និងមៀនក្រៀមកាលពីអំឡុងឆ្នាំ ២០២៣ បានកើនលើសឆ្នាំ ២០២២ ពី ៤-៥ ដង។ ប្រទេសចិន គឺជាទីផ្សារធំជាងគេដែលទទួលទិញមៀនពីប្រទេសកម្ពុជា»។
ទោះបីផលិតកម្មផ្លែមៀនកំពុងស្ថិតនៅលើផ្លូវល្អ និងមានកំណើនការដាំដុះ ក៏ដោយ ក៏លោក សុផាន់បូរី អះអាងថា នៅមានបញ្ហាប្រឈមជាច្រើនដូចជា កត្តាអាកាសធាតុ តម្លៃដឹកជញ្ជូនកើនឡើង កង្វះកម្លាំងពលកម្ម(ពេលប្រមូលផល និងវេចខ្ចប់) និងលក្ខខណ្ឌផ្លូវច្បាប់សម្រាប់ការនាំចេញទៅប្រទេសមួយចំនួន។
លោកបញ្ជាក់ថា៖ «ទិន្នផលផ្លែមៀនដែលត្រូវប្រមូលផលក្នុងឆ្នាំ ២០២៤ នេះ គឺអាចមានបរិមាណលើសឆ្នាំមុន ដោយសារប្រជាកសិករពង្រីកការដាំដុះនារយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយតម្លៃក៏អាចខ្ពស់ជាងមុនដែរ។ ទោះយ៉ាងណានេះគ្រាន់តែការព្យាករប៉ុណ្ណោះ ព្រោះអ្វីៗត្រូវរង់ចាំមើលអាកាសធាតុថា នឹងមានទឹកភ្លៀងធ្លាក់ច្រើនគ្រប់គ្រាន់ដែរឬទេ?»។
យោងតាម លោក សុផាន់បូរី ទោះបីគេអាចកំណត់ពេលសម្រាប់ការប្រមូលផល ប៉ុន្តែជាទូទៅការប្រមូលផលផ្លែមៀនស្រស់ត្រូវធ្វើឡើង ៣ ដងក្នុង ១ ឆ្នាំ គឺនៅរដូវវស្សា រដូវប្រាំង និងចុងរដូវប្រាំង។ កាលពីឆ្នាំ ២០២៣ ផ្លែមៀនស្រស់មានតម្លៃជាមធ្យមចន្លោះពី ៣ ៣០០-៤ ៥០០ រៀលក្នុង ១ គីឡូក្រាម ចំណែកមៀនក្រៀម ដែលលក់ផ្ទាល់ទៅអ្នកបញ្ជាទិញនៅក្រៅប្រទេសគឺតម្លៃជាង ៩ ដុល្លារ។
លោកលើកឡើងទៀតថា៖ «ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងជំរុញការនាំចេញផលិតផលផ្លែមៀនទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន ក្រុមហ៊ុនរបស់លោក ក៏មានរៀបចំវគ្គបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការដាំដុះ ការប្រើជី/ថ្នាំ និងថែទាំដើមមៀនផងដែរ»។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បាននិយាយថា ផលិតកម្មមៀនកំពុងស្ថិតនៅលើផ្លូវវិជ្ជមាន ប៉ុន្តែអ្វីៗក៏ត្រូវពឹងផ្អែកទៅលើកត្តាអាកាសធាតុ និងទីផ្សារផងដែរ។ ផលិតកម្មមៀនកាលពីឆ្នាំ ២០២៣ អាចចាត់ទុកថាមានភាពល្អខ្លាំងទាំងការដាំដុះ គុណភាព និងតម្លៃ។ ជាទូទៅការប្រមូលផលផ្លែមៀន គឺចាប់ផ្តើមពីខែកញ្ញានៃឆ្នាំនីមួយៗ រហូតដល់ខែឧសភា ឆ្នាំបន្ទាប់។ លោកបន្តថា ប្រទេសចិន គឺជាទីផ្សារធំ និងអាចផ្តល់ផលវិជ្ជមានច្រើនសម្រាប់កសិករដាំមៀននៅកម្ពុជា។ ក្រៅពីទីផ្សារនាំចេញទៅប្រទេសចិនផ្លែមៀនស្រស់ក៏ត្រូវបាននាំទៅប្រទេសជិតខាងផងដែរ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះខ្ញុំមិនទាន់ហ៊ានព្យាករទេ ព្រោះបើតាមព័ត៌មានស្តីពីអាកាសធាតុ គឺទិន្នផលផ្លែមៀនអាចជួបបញ្ហាដោយសារមិនមានភ្លៀងគ្រប់គ្រាន់។ កង្វះទឹក គឺមិនត្រឹមតែធ្វើឱ្យទិន្នផល និងគុណភាពធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឱ្យការចំណាយរបស់ប្រជាកសិករខ្ពស់ជាងមុនផងដែរ»។
កត្តាអាកាសធាតុអាចដាក់កម្រិតលើទិន្នផលកសិកម្មក្នុងឆ្នាំ ២០២៤
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីពេលនេះដល់ខែឧសភា សីតុណ្ហភាពនឹងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧C និងសីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១C នៅក្នុងខែមេសា និងដើមខែឧសភា។ ចំណែកភ្លៀងកក់ខែអាចមានតិចតួចជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ផ្តើមយឺត (យឺតជាងឆ្នាំ ២០២៣)។
យោងលើស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សាប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ប្រទេសចិន គឺជាទីផ្សារធំជាងគេសម្រាប់ផ្លែមៀនស្រស់ និងក្រៀម
ទីផ្សារផ្លែមៀនស្រស់កម្ពុជា បានចាប់ផ្តើមមានភាពល្អប្រសើរតាំងពីចុងខែតុលា ឆ្នាំ ២០២២ ដោយអាជ្ញាធរចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅទីផ្សាររបស់ខ្លួន។ មៀនស្រស់ គឺជាផ្លែឈើទី ៣ របស់កម្ពុជាដែលមានឱកាសបង្ហាញវត្តមាននៅទីផ្សារប្រទេសចិនបន្ទាប់ពីផ្លែស្វាយ និងចេក។
ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅទីផ្សារចិន កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា៖ «ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅកាន់ប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់ផលិតផលកសិកម្មកម្ពុជា។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាមានផលិតកម្មមៀនប៉ៃលិន ប្រមាណជាង ១,៨ ម៉ឺនហិកតា និងអាចប្រមូលផលបានប្រមាណជាង ១៣ ម៉ឺនតោន ក្នុង ១ ឆ្នាំ៕