កំពង់ឆ្នាំងៈ ចាប់តាំងពីសមាជិកគ្រួសារម្នាក់មានជំងឺមហារីកគ្រាប់ឈាមហើយត្រូវលក់ដីព្យាបាលជំងឺមក គ្រួសារយាយតាសក់ស ដែលចិញ្ចឹមចៅរហូតដល់ ១៩ នាក់ ដែលមានជីវភាពក្រីក្រស្រាប់ កាន់តែធ្លាក់ខ្លួនទីទ័លក្រខ្លាំងឡើងថែមទៀត ដោយត្រូវដើររើសកួរស្រូវតាមវាលស្រែយកមកបុកយកអង្ករដាំបាយហូប។
ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ក្រហម ខោខ្មៅគ្របដណ្តប់ទៅដោយស្បែកដ៏ជ្រីវជ្រួញ ខណៈសក់ក្បាលទាំង ២ នាក់ ក៏មានសម្បុរសក្បុស នោះជាយាយ-តាដែលចិញ្ចឹមចៅប្រុស-ស្រីរហូតទៅដល់ ១៩ នាក់ រស់នៅក្នុងភូមិប្រចក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងចំណោមក្មេងៗទាំង ១៩ នាក់ កុមារាឈ្មោះសុវណ្ណ រិទ្ធី អាយុ ១៤ ឆ្នាំរៀនថ្នាក់ទី៧ បានរៀបរាប់់ថា ម្តាយរបស់គេបានលែងលះគ្នា ជាមួយឪពុក តាំងពីរូបគេនៅតូចៗម្ល៉េះ ហើយរូបគេត្រូវបានម្តាយយកមកផ្ញើឱ្យយាយមើលថែ។
ចំណែកឯម្តាយរបស់គេទៅធ្វើការរោងចក្រកាត់ដេរ នៅទីក្រុងភ្នំពេញ តែឧស្សាហ៍មកស្រុកកំណើតដែរ។ ដោយសារតែយាយ-តាក្រលំបាកហើយត្រូវចិញ្ចឹមចៅៗច្រើននាក់ទៀត ធ្វើឱ្យរូបគេ និងបងប្អូននៅជាមួយនាំគ្នាដើររើសកួរស្រូវនៅតាមវាលស្រែដែលគេច្រូតរួចដើម្បីបុកយកអង្ករដាំបាយហូប។ ក្រៅពីដើររើសកួរស្រូវក៏នាំគ្នាដើរបេះស្លឹកបន្លែតាមព្រៃ ឬក៏ដើរចាប់ក្តាម រកត្រីយកមកស្លហូប។
រិទ្ធីបានរៀបរាប់ថា៖ «ខ្ញុំចេញពីសាលារៀន ក៏មកជួយការងារយាយ-តានៅផ្ទះរកត្រីបេះបន្លែ។ ដោយសារតែបញ្ហាជីវភាពខ្ញុំរៀនមិនបានពិន្ទុល្អដូចកូនគេទេ។ ខ្ញុំចង់បានខោអាវថ្មីស្លៀកពាក់រៀនដូចគេដែរតែធ្វើម៉េចបើយើងអត់»។
លោកយាយ ឡុង សារឿង អាយុ ៦៨ ឆ្នាំ បាននិយាយថា គាត់មានកូនស្រីទាំងអស់ចំនួន ៧ នាក់ ដែលបច្ចុប្បន្នកូនស្រី ៣ នាក់ រស់នៅជាមួយលោកយាយ ៣ នាក់ទៀត ទៅធ្វើការនៅប្រទេសថៃ និងម្នាក់ទៀតទៅធ្វើការរោងចក្រនៅភ្នំពេញ។
ចំពោះកូនស្រី ៣ នាក់ ដែលកំពុងរស់នៅជាមួយលោកយាយក្នុងនោះម្នាក់នៅផ្ទះត្បាញចង្អេរជាមួយគាត់ និង ២ នាក់ទៀតទៅធ្វើការនៅរោងចក្រកាត់ដេរក្នុងភូមិ។ បច្ចុប្បន្នទាំង ២ នាក់យាយ-តា រ៉ាប់រងចិញ្ចឹមចៅប្រុសស្រីដល់ទៅ ១៩ នាក់ (ប្រុស ១០ នាក់) ដែលឪពុកម្តាយរបស់ពួកគេប្រទុក្ខប្រដាក់នឹងពួកគាត់ទាំងអស់។
យាយបាននិយាយរៀបរាប់ទៀតថា ចំណែកកូនស្រីដែលទៅធ្វើការនៅប្រទេសថៃ ពួកគេក៏បានផ្ញើលុយកាក់មកឱ្យគាត់ខ្លះៗដែរ តែនៅតែមិនអាចទប់ទល់នឹងជីវភាពបានទេ ព្រោះចៅច្រើនដល់ទៅ ១៩ នាក់ឯណោះដែលត្រូវចំណាយទៅលើការហូបចុកច្រើន។
លោកយាយសារឿងបន្តថា ចៅប្រុសស្រីដែលគាត់ចិញ្ចឹមមានអាយុចាប់ពី ២ ខែដល់អាយុ ២០ ឆ្នាំ ហើយពួកគេខ្លះបានចូលរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៧ នៅសាលាបឋមសិក្សាក្នុងភូមិ។
ក្នុង ១ ថ្ងៃ គាត់ត្រូវដាំបាយអស់អង្ករចំនួន ១៦ គីឡូក្រាម ឯម្ហូបវិញគាត់ចេះតែដើរបេះបន្លែត្រកួន ព្រលឹត រកជញ្ជាត់ត្រីចាប់ក្តាមខ្យងស្លឱ្យតែបានហូបរួច ១ គ្រាៗទៅជាជាងអត់។ ប៉ុន្តែបើឱ្យចៅរបស់គាត់ម្នាក់ៗបានហូបឆ្អែតនោះ គឺហូបមិនបានឆ្អែតទេ។
បើតាមលោកយាយ សារឿង ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ គ្រួសារគាត់ក៏មានដីស្រែ បង្កបង្កើនផលដូចអ្នកភូមិដទៃទៀតដែរ តែកាលពីប៉ុន្មានឆ្នាំមុនចៅស្រីរបស់គាត់ម្នាក់មានជំងឺមហារីកគ្រាប់ឈាម ហើយក៏លក់ដីយកលុយព្យាបាលជំងឺចៅអស់ទៅ ហើយចៅក៏ស្លាប់ទៀត។
បញ្ហានេះហើយដែលបានធ្វើឱ្យគ្រួសាររបស់លោកយាយទីទ័លក្ររហូតដល់សព្វថ្ងៃនេះតែមិនដឹងធ្វើយ៉ាងម៉េចមានតែរកបាន ១ ថ្ងៃដោះទ័ល ១ ថ្ងៃទៅ។បច្ចុប្បន្នយាយជាមួយតាគឺត្បាញចង្អេរលក់ដើម្បីយកលុយទិញអង្ករហូបដែលក្នុង ១ ថ្ងៃធ្វើបាន ៥ ទៅ ១០ ចង្អេរលក់បានលុយ ២ ម៉ឺនរៀល រីឯឫស្សីប្តីលោកយាយជាអ្នកដើរកាប់តាមព្រៃ។
លោកយាយ សារឿង ប្រាប់ទៀតថា៖ «ខ្ញុំ និងប្តីចាស់ៗអស់ហើយ ហើយមករ៉ាប់រងចិញ្ចឹមចៅទៀត ធ្វើម៉េចបើម្តាយ-ឪពុកពួកគេខ្លះទៅធ្វើការនៅឆ្ងាយ ហើយបើយកកូនទៅជាមួយគឺធ្វើការមិនកើតទេ។ បើនិយាយពីក្រលំបាកវេទនានោះ គឺខ្ញុំនិយាយលែងចេញហើយ»។
ដោយសារតែជីវភាពខ្វះខាតខ្លាំងហើយបើសង្ឃឹមលើកូនៗដែលរស់នៅជាមួយគាត់ក៏ពួកគេជួយផ្គត់ផ្គង់ឱ្យលុយកាក់ខ្លះដែរ តែនៅតែទប់ទល់នឹងជីវភាពមិនជាប់។ ហេតុដូច្នេះហើយពេលដល់រដូវច្រូតកាត់ស្រូវ យាយក៏នាំចៅៗដើររើសកួរស្រូវ ដែលជ្រុះនៅតាមវាលស្រែ សន្សំបាន ៣ ថ្ងៃទើបបុកយកអង្ករម្តងបាន១តៅអង្ករសម្រាប់ដាំបាយហូប។
ជុំវិញបញ្ហានេះត្រូវបានលោកស្រី ថោង ហុង មេឃុំព្រៃមូលបានប្រាប់ថា គ្រួសារ ២ នាក់ប្តី-ប្រពន្ធខាងលើ ពីដើមមកពួកគាត់មានដីធ្លីមានគោក្របីធ្វើស្រែដែរដែលបានពីអាជ្ញាធរមូលដ្ឋានចែកជូន។ ប៉ុន្តែការប្រកបរបររកស៊ីយូរៗទៅក៏ជួបប្រទះជំងឺតម្កាត់ក្នុងគ្រួសារហើយអត់លុយក៏ចេះតែលក់គោក្របីដីស្រែដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសាររហូតអស់ទៅ។ តែទោះជាយ៉ាងនេះក្តី ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន គឺលោកស្រីតែងតែជួយកៀរគរប្រមូលសប្បុរសជនមានតាំងពីព្រះសង្ឃជួយផ្គត់ផ្គង់ដល់គ្រួសារមួយនេះ ព្រោះលោកស្រីមើលឃើញថា គាត់ចិញ្ចឹមចៅដល់ទៅ ១៩ នាក់។
លោកស្រីបានថ្លែងថា៖ «លោកយាយ ឡុង សារឿង ក៏មានបណ្ណក្រីក្រដែរ ហើយខាងអាជ្ញាធរមូលដ្ឋានក៏ជួយសម្រាលបន្ទុកជីវភាពគាត់ទៅតាមលទ្ធភាពផងដែរ។ ខ្ញុំមើលឃើញថា គ្រួសារ ១ នេះលំបាកណាស់»។
លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានបញ្ចេញទស្សនៈថា ទាក់ទងនឹងមនុស្សជំនាន់ថ្មី យកកូនច្រើនហើយយកកូនទៅផ្ញើជាមួយនឹងឪពុកម្តាយ ឱ្យមើលថែជំនួសខ្លួន គឺវាពាក់ព័ន្ធនឹងកត្តាជាច្រើន។ ទី១ គឺដោយសារកត្តាជីវភាពដែលពួកគាត់ត្រូវធ្វើចំណាកស្រុក ទៅរស់នៅក្នុងតំបន់ផ្សេង ហើយពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការមើលថែកូនឱ្យបានល្អ។ បញ្ហានេះដោយសារតែពួកគាត់ជាប់រវល់ធ្វើការងារដើម្បីស្វែងរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
កត្តាទី២ គឺដោយសារតែការវិវឌ្ឍនាពេលបច្ចុប្បន្នក្នុងសង្គមមិនទាន់មានការគាំពារដល់ជីវភាពរបស់ពលរដ្ឋទីទ័លក្រឱ្យបានដិតដល់។ ដូច្នេះបញ្ហាទី២ នេះជាបញ្ហា ១ ធ្ងន់ធ្ងររួមផ្សំទាំងជីវភាពខ្វះខាត ពេលវេលាមានដែនកំណត់ហើយប្រាក់ចំណូលទទួលបានតិចតួចក៏បង្ខំឱ្យគាត់ធ្វើការងារទាំងប្តីទាំងប្រពន្ធ និងស្វែងរកការងារបន្ថែមដែលធ្វើឱ្យប៉ះពាល់ពេលវេលាក្នុងការមើលថែកូន។
លោកថ្លែងថា៖ «ខ្ញុំគិតថា កត្តាទាំង ២ ខាងលើសំខាន់មែនទែន ដែលត្រូវយកមកធ្វើការត្រិះរិះហើយនឹងស្វែងរកវិធីសាស្ត្រដើម្បីដោះស្រាយ។ ខ្ញុំក៏គិតថា បញ្ហាទាំងអស់នេះរាជរដ្ឋាភិបាលដើរតួនាទីសំខាន់មែនទែនក្នុងការជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិទាំងអស់នេះ»។
បើតាមលោក សុជាតិ រាជរដ្ឋាភិបាលត្រូវបង្កើតជាគោលនយោបាយ ១ ដើម្បីគាំពារទៅដល់ក្មេងៗដែលគាត់មានអាយុតិចជាង ១៨ ឆ្នាំគួរតែមានគោលនយោបាយ ១ ដើម្បីឱ្យពួកគាត់អាចទទួលបានអាហារូបត្ថម្ភក៏ដូចជាការសិក្សាដែលមានស្តង់ដា ១ ដើម្បីឱ្យគាត់ក្លាយជាមនុស្សល្អទៅអនាគត។ កត្តា ១ ទៀត គឺមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីរកមធ្យោបាយ និងបន្ធូរបន្ថយចំពោះអ្នកដែលមានការងារទាំងប្តីទាំងប្រពន្ធដែលគួរតែមានការបើកទូលាយបន្តិចបើថា ប្តីធ្វើការពេលព្រឹកហើយប្រពន្ធធ្វើការដូចគ្នាតែមានពេលម៉ោងណាមួយឱ្យគាត់នៅមើលថែកូនបាន៕