​ភ្នំពេញៈ សំឡេង​អ៊ូអរ​លាយ​ឡំ​ដោយ​សំណើច​ក្អាកក្អាយ នៃ​ការជជែក​គ្នា​លេង ខ្លះ​អង្គុយ​ចុច​ទូរស័ព្ទ ខ្លះទៀត​ដេញចាប់​កូនតូច និង​អ្នក​មួយចំនួនទៀត​អង្គុយ​អាន​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ខណៈ​អ្នក​ខ្លះទៀត​ឈរ​ធ្វើ​កាយ​វិការ​និយាយ​គ្នា​ពីនេះ​ពី​នោះ នៅ​ផ្នែក​ខាងក្រោម​ចំហៀង​ខាងឆ្វេង នៃ​អគារ​ធំ​ស្កឹមស្កៃ​កម្ពស់​​ ២១ ​ជាន់ ស្ថិតនៅ​ផ្លូវ​​បេតុង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ គឺជា​សកម្មភាព​ប្រជាពលរដ្ឋ កំពុង​រង់ចាំ​ចុះឈ្មោះ​ជាស​មា​ជិ​ក​បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) នៅ​ស្នាក់ការ​កណ្តាល​។​

​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស ទាំងនេះ​មាន​ទាំង​កម្មករ​និ​យោ​ជិត បុគ្គលិក​ក្រុមហ៊ុន ដែលមាន​ប្រាក់​ឈ្នួល​។ ជាពិសេស ក្រោយពេល​រាជរដ្ឋាភិបាល ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​​និ​យោជន៍ ​(​បុគ្គល​រក​ចំណូល​ផ្ទាល់ខ្លួន​ដោយ​មិន​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល ឬ​បៀវត្សរ៍​) តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត កាល​​ពីថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក៏មាន​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​មុខរប​រ និង​ចំណូល​ផ្ទាល់ខ្លួន បាន​សម្តែង​ការសប្បាយ​ចិត្ត និង​បាន​ទៅ​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស យ៉ាង​ច្រើន​ទៀតផង​។  

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម បានឱ្យដឹងថា ភាព​មមាញឹក​នៃ​ប្រជាពលរដ្ឋ បាននាំគ្នា​មក​ធ្វើការ​ចុះឈ្មោះ ចូល​ជា​សមាជិក ប​.​ស​.​ស យ៉ាងសកម្ម នៅ​គ្រប់​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម នៅ​ទូទាំងប្រទេស​មិន​រំលង​ថ្ងៃ​ណា​ ១​ សោះ ជា​សក្ខីភាព​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​កាន់តែ​មានកា​រយ​ល់​ដឹង បាន​ទូលំទូលាយ​ពី​ការទទួល​បាន​អត្ថប្រយោជន៍ ប​.​ស​.​ស​។  

​លោក​បញ្ជាក់ថា ចាប់ពី​រាជ​រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​របប​សន្តិ​សុខ​សង្គម​ថែទាំ​សុខភាព សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស គិត​រហូតមកដល់​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២៣ មានការ​ចុះបញ្ជី​ជា​សមាជិក ប​.​ស​.​ស សរុប​ចំនួន ១១១ ៧២៣ ​នាក់ ក្នុងនោះ​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន​ ១០០ ២១៤ នាក់ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជាង​ ១ ​ម៉ឺន​នាក់​។​

​ជា​អ្នកនាំពាក្យ ប​.​ស​.​ស ផង​នោះ លោក ហេង សុផាន់​ណា​រិ​ទ្ធ ប្រាប់ថា តាមរយៈ​យុទ្ធនាការ នៃ​ការផ្សព្វផ្សាយ​ក្នុងពេល​កន្លងមក បង្ហាញថា ប្រជា​ពល​​រដ្ឋ​ចាប់ផ្តើម​មើលឃើញ​ពី​គុណ​តម្លៃ នៃ​ការប្រើប្រាស់​បណ្ណ ប​.​ស​.​ស ដោយ​ពួកគាត់​អាច​ធានាថា សេដ្ឋកិច្ច​គ្រួសារ​មាន​ស្ថិរភាព​តាមរយៈ​ការ​រ៉ាប់រង​ថ្លៃ​ចំណាយ​មន្ទីរពេទ្យ ការទទួលបាន​ប្រាក់​បំណាច់​មាតុភាព ហើយ​ក្នុងករណី​ជា​អកុសល​ណាមួយ​កើតឡើង ប​.​ស​.​ស និង​ផ្តល់ប្រាក់​វិភាជន៍​បូជាសព ជាហេតុ​ធ្វើឱ្យ​សមាជិក និង​ក្រុមគ្រួសារ​មិន​ងាយ​រង​ហានិភ័យ​ធ្លាក់ចូល​បន្ទាត់​នៃ​ភាពក្រីក្រ​នោះឡើយ​។  

​លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ និង​ពេញចិត្ត​យ៉ាងខ្លាំង ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ លើ​សុខុមាលភាព និង​ជីវភាពរ​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ក្រៅ​សំណាញ់​ការពារ ពី​ប្រព័ន្ធ​សន្តិសុខ​សង្គម​»​។​

​មកដល់ពេលនេះ​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយនឹង​មូលដ្ឋាន​សុខាភិបាល ទាំង​សាធារណៈ និង​ឯកជន ផ្នែក​ថែទាំ​សុខភាព​ទូទាំងប្រទេស​សរុប​ចំនួន ១ ៥២៩ មូលដ្ឋាន​សុខាភិបាល ក្នុងនោះ មាន​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ចំនួន ១ ៣៩៥​ កន្លែង និង​ឯកជន ១៣៤ កន្លែង​ផងដែរ​។ យោងតាម​លោក ហេង សុផាន់​ណា​រិ​ទ្ធ​។​

​អង្គុយ​នៅ​កន្លែង​រង់ចាំ​មុខ​បន្ទប់​ចុះបញ្ជី ប​.​ស​.​ស ដៃ​កាន់​ទូរស័ព្ទ និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ បុរស​សម្បុរ​ស្រអែម​វ័យ​ ៣៦ ​ឆ្នាំ លោក យិន សំអឿន ជា​អ្នក​ធ្វើការ​ផ្នែក​ជួសជុល​បរិក្ខារ​ពេទ្យ នៅ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា តាមរយៈ​ការផ្សព្វផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ផ្សេងៗ ធ្វើឱ្យ​លោក​បាន​យល់ដឹង​ពី​អត្ថ​ប្រយោជន៍ ប​.​ស​.​ស មួយចំនួន​។ លោក​បាន​សម្តែង​ការសប្បាយ​ចិត្ត និង​បាន​រូតរះ​មក​ធ្វើ​ការចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស នៅពេល​ដឹងថា អ្នកធ្វើការងារ​រក​ចំណូល​ផ្ទាល់ខ្លួន​ដូចជា​រូប​លោក​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ដូច​អ្នកធ្វើការងារ​មាន​ប្រាក់ខែ​ផងដែរ​។​

​លោក​ប្រាប់ថា ការ​មក​ចុះ​ឈ្មោះ​ជា​សមាជិក ប​.​ស​.​ស នេះ គឺ​លោក​ចុះឈ្មោះ​ដើម្បី​ទទួលបាន​របប​សន្តិសុខ​សង្គម​ថែទាំ​សុខភាព សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ ដែល​ការបង់​ភាគទាន ប​.​ស​.​ស ក្នុង  ១​ខែ ១៥ ៦០០​ រៀល ប៉ុណ្ណោះ ចំនួន​នៃ​ការបង់​ភាគទាន​នេះ​មិន​ថ្លៃ​ទេ ហើយ​ផ្ទុយទៅវិញ គឺ​បាន​នាំមក​នូវ​ការជួយ​សម្រាលទុក្ខ​លំបាក​បាន​ច្រើន​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់ ឬ​បញ្ហា​សុខភាព​ផ្សេងៗ ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បានដឹង​ពី​អត្ថប្រយោជន៍ ប​.​ស​.​ស តាម​​រយៈ​បណ្តាញសារព័ត៌មាន ហើយ​ថ្ងៃនេះ​ខ្ញុំ​មករក​ចុះឈ្មោះ​ដោយ​ខ្លួនឯង​។ ខ្ញុំ​គិតថា ប​.​ស​.​ស បានរួម​ចំណែក​ច្រើន​ក្នុងការ​សម្រាលទុក្ខ​លំបាក​នៃ​ការ​ចំ​​ណាយ​នៅ​មន្ទីរពេទ្យ យើង​បង់​ភាគទាន​តិចៗ ហើយ​ងាយ​​ស្រួល ឥឡូវ​បង់​តាម​អ៊ែ​ប​ក៏បាន យើង​បង់​នៅ​កន្លែង​ណា​ក៏បាន​»​។​

​អង្គុយ​លើ​បង់​ថ្ម នៅ​កន្លែង​រង់​​ចាំ​ក្បែរ​នោះ លោក ផាន ធី វ័យ ៥៦​ ឆ្នាំ សម្បុរ​ខ្មៅ ជា​កសិករ​មកពី​ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល ដែល​កំពុង​អាន​ខិ​ត្ត​ប័ណ្ណ​ផ្សព្វផ្សាយ​របស់ ប​.​ស​.​ស បាន​និយាយ​ជាមួយ​អ្នក​សារព័ត៌​​មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​បានដឹង​ព័ត៌មាន អត្ថប្រយោជន៍ ប​.​ស​.​ស នេះ តាមរយៈ​ការមើល​ទូរ​ទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ការផ្សាយ​ពី​អត្ថប្រយោជន៍​ទាំងនោះ ធ្វើឱ្យ​លោក​ចង់​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស យ៉ាងខ្លាំង​។​

​បុរស​ជា​កសិករ​លើកឡើងថា លោក​មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង នៅពេល​ឃើញ​មានការ​ផ្សាយ​ថា អ្នកធ្វើ​ស្រែចម្ការ​ដូចជា​រូបលោក ក៏​អាច​ចូលរួម​ចុះឈ្មោះ​ជាស​មា​​ជិ​ក ប​.​ស​.​ស តាមរយៈ​ការបង់​ភាគទាន​ដោយ​ខ្លួនឯង​បានដែរ​។ លោក​បញ្ជាក់ថា ពីមុន​ក្នុង​ក្រុមគ្រួសារ​របស់លោក មានតែ​កូនៗ និង​ក្មួយ​ទេ ដែល​អាចធ្វើ​បណ្ណ ប​.​ស​.​ស បាន ព្រោះ​ពួកគេ​មានការ​ងារ​ធ្វើ​នៅ​ក្រុមហ៊ុន មាន​ប្រាក់​ឈ្នួល​ច្បាស់លាស់​។​

​មានកូនៗ និង​ក្មួយ​ដែលមាន​បទពិសោធន៍​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស នៅ​មន្ទីរពេទ្យ បុរស​ដដែល​នេះ​បាន​ប្រាប់ថា តាមរយៈ​ការជូន​កូនក្មួយ​ទៅ​ពេទ្យ នៅតាម​បណ្តា​មន្ទីរពេទ្យ​ជា​ដៃគូ​ជាមួយ ប​សស បច្ចុប្បន្ននេះ​មានការ​យកចិត្តទុកដាក់​បាន​យ៉ាង​ល្អ​ជាមួយ​អ្នកមាន​បណ្ណ ប​.​ស​.​ស ផ្ទុយ​កាលពីមុន ដែល​នៅតាម​មន្ទីរពេទ្យ​មួយចំនួន ហាក់​មានការ​រើស​​អើ​ង​អ្នកប្រើប្រាស់​បណ្ណ ប​.​ស​.​ស នេះ​។​

​លោក​ថ្លែងថា​៖ «​ពេទ្យ​ឥឡូវ​អត់​ដូច​មុន​ទេ ឥឡូវ​ស្រួល​ណាស់ ពីមុន​ខ្ញុំ​ធ្លាប់​ជូន​ក្មួយៗ​ខ្ញុំ​មក​ពេទ្យ ឆ្ងាយ​អស់​លុយ​ហើយ​ពិបាក​ទៀត តែ​ឥឡូវ អត់​អស់​លុយ​ហើយ​ស្រួល​ទៀត​»​។​

​អង្គុយ​ជាប់​គ្នា​នោះដែរ​ស្ត្រី​វ័យ ៥៤ ​ឆ្នាំ សម្បុរ​ស រាង​ធាត់​បន្តិច ជា​កសិករ​មកពី​ខេត្ត​កណ្តាល អ្នកស្រី តន់ អេង បាន​និយាយថា ពីមុន​អ្នកស្រី​ប្រើប្រាស់​បណ្ណសម​ធម៌ ប៉ុន្តែ​ដោយសារតែ​បណ្ណ​នោះ​ផុត​កំណត់ ហើយ​ស្របពេលនោះ​អ្នកស្រី​បានដឹងថា រាជ​រដ្ឋា​ភិ​បាល​បានប្រកាស​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទូទៅ​អាចធ្វើ​បណ្ណ ប​.​ស​.​ស បាន ទើប​អ្នកស្រី​ឆ្លៀតពេល​វេលា មក​ចុះឈ្មោះ​ធ្វើជា​សមា​ជិ​ក​តែម្តង​។​

​ប្រភព​ដដែល​និយាយថា ការ​មាន​បណ្ណ ប​.​ស​.​ស ជួយ​សម្រាល​បន្ទុក​ចំណាយបាន​ច្រើន ពិសេស​ពេល​សម្រាល​កូន​មិន​អស់ថ្លៃ​សម្រាល ហើយ​ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម ទៀតផង​។​

​មិន​ខុសពី​លោក ផាន ធី ប៉ុន្មាន​ទេ អ្នកស្រី តន់ អេង ក៏មាន​កូនៗ​ក្មួយ​ធ្លាប់ប្រើ​ប្រាស់​បណ្ណ ប​.​ស​.​ស ផងដែរ​។ តាម​​រយៈ​បទពិសោធន៍​ជូន​កូន​ទៅ​ពេទ្យ អ្នកស្រី​ប្រាប់ថា នៅតាម​បណ្តា​មន្ទីរពេទ្យ​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ពិត​ជាមាន​ការយក​ចិត្ត​ទុកដាក់​បានល្អ​ជាង​មុន ជាមួយ​អ្នកជំងឺ​ដែល​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​។​

​អ្នកស្រី​ថ្លែងថា​៖ «​ឥឡូវ​គេ​យកចិត្តទុកដាក់​ច្រើន មាន​ភាព​រួសរាយ​រាក់ទាក់ ថ្វីបើ​ត្រូវ​រង់ចាំ​បន្តិច ប៉ុន្តែ​ច្បាស់លាស់​អ្នក​មក​មុន​ឆាប់​ហើយ​មុន​។ ទៅ​ពេទ្យ ឥឡូវ​គេ​សួរ​យើង​ហ្មង គេ​សួរថា យើង​ប្រើ​បណ្ណ​អី បើ​យើង​មាន​បណ្ណ​ហុច​បណ្ណ​ទៅ ពេទ្យ​គេ​រៀបចំ​ឱ្យ​ភ្លាម​»​។​

​មិន​ឆ្ងាយ​ពី​នោះ​ប៉ុន្មាន យុវតី​សម្បុរ​ស រាងស្តើង​ក្នុង​វ័យ ១៨​ ឆ្នាំ ធ្វើការ​ងារ​ជា​បុគ្គលិក​សិក្សា​នៅ​សាលា​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ កំពុង​អង្គុយ​នៅក្បែរ​សួនផ្កា​ចម្រុះ​នៅមុខ​កន្លែង​ចុះ​ប​ញ្ចី ប​.​ស​.​ស កញ្ញា ឆន សុខ​ធីតា បាន​និយាយថា ការ​មាន​បណ្ណ ប​.​ស​.​ស គឺមាន​ភាពងាយស្រួល​ស​ម្រា​ប់​ថ្ងៃ​ខាងមុខ ប្រសិនបើ​មាន​បញ្ហា​គ្រោះថ្នាក់ បញ្ហា​សុខភាព ត្រូវ​ចូល​មន្ទីរពេទ្យ ឬ​ត្រូវ​សម្រាលកូន​នោះ នឹង​ទទួលបាន​របប​សន្តិសុខ​សង្គម​ជួយ​គាំពារ សន្សំ​បានការ​ចំណាយ និង​មានការ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។​

ហេង ជីវ័ន

​កញ្ញា​និយាយថា​៖ «​ខ្ញុំ​គិតថា ពេល​យើង​ឈឺ​ថ្កាត់​ឬក៏​គ្រោះថ្នាក់ ផ្សេងៗ​អាច​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ដោយ​មិន​អស់​លុយ វា​ងាយស្រួល បើ​យើង​មាន ប​. ស​.​ស​»​។​

​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ អង្គុយ​ជជែក​គ្នា​ជាមួយ​មិត្តភក្តិ បុរស​វ័យ ២៧ ​ឆ្នាំ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​រាជ​​ធានី​ភ្នំពេញ លោក ធី ធា​រិ​ទ្ធ ដែល​កំពុង​រង់ចាំ​ចុះឈ្មោះ​ជា​សមាជិក ប​.​ស​.​ស ដែរនោះ បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ដែល​រដ្ឋាភិបាល​បាន​បើកទូលាយ​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់គ្នា អាច​ទទួលបាន​របប​សន្តិសុខ​សង្គម​។ លោក​ថា នេះ​ជាការ​រួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ជាការ​គិតគូរ​ខ្វល់ខ្វាយ​ដល់​សុខទុក្ខ​ប្រជា​ពលរដ្ឋ ពី​សំណាក់​អ្នកដឹកនាំ​ប្រទេស​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ល្អ​ព្រោះ​អី​សម្រាប់​ប្រជាជន​យើង​ទូទៅ សូម្បី​អ្នកធ្វើការ ឬ​អ្នករក​ស៊ី អាច​ប្រើ​បណ្ណ​ហ្នឹង​បាន​ទាំង​អស់ ពេល​ត្រូវ​ទៅ​ពេទ្យ​ទៅ​អី ប្រើ​បណ្ណ​ហ្នឹង​ទៅ​វា​អាច​ធូរ​ដែរ អត់​សូវ​ចំណាយលុយ​ច្រើន​»​។

​នៅក្បែរ​នោះដែរ​ស្ត្រី​ម្នាក់​សម្បុរ​ស រាង​តូច​ច្រឡឹង ឈរ​ក្បែរ​សសរ កំពុង​សម្លឹង​រក​មើល​អតិថិជន​ដើម្បី​ណែនាំ​ឱ្យ​បើក​គណនេយ្យ​ធនាគារ អ្នក​​ស្រី ទឹម ស្រីរ័ត្ន អាយុ​ ៣០ ​ឆ្នាំ ធ្វើការ​ងារ​នៅ​ស្ថាប័ន​ធនាគារ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ពីបទ​ពិសោធន៍​ក្នុងការ​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស ថា ពេល​ទៅ​មន្ទីរពេទ្យ​ម្តងៗ អ្នក​ស្រី​ទទួលបាន​ការយកចិត្ត​ទុក​ដាក់​ពី​ក្រុមគ្រូពេទ្យ ជាពិសេស ក្រោយពេល​សម្រាលកូន អ្នក​ស្រី​អាច​ស្នើសុំ​ការចំណាយ​ពី ប​.​ស​.​ស មកវិញ​បាន​យ៉ាង​ស្រួល និង​ឆាប់រហ័ស​ទៀតផង​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អ្នកនាំពាក្យ ប​.​ស​.​ស ថ្លែង​ដោយបាន​មើលឃើញថា ការ​​ផ្តល់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល ទៅកាន់​សមាជិក ប​.​ស​.​ស គឺជា​គំរូ​ល្អ និង​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ស្គាល់ និង​គាំទ្រ​ការផ្តល់សេវា សុខាភិបាល​នៅ​កម្ពុជា​ទាំង​មូល​។ គំរូ​ល្អ​នៅត្រង់ថា ឥរិយា​​បថ​ឬ​ក្រមសីលធម៌​វិជ្ជាជីវៈ​នៃ​ការព្យាបាល របស់លោក​គ្រូពេទ្យ អ្នកគ្រូ​ពេទ្យ ចាប់ផ្តើម​រីកចម្រើន​ដូច​ទៅនឹង​បណ្តា​ប្រទេស​ជិត​ខាង ក៏ដូចជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​នានា ដែល​គេ​ប្រើតែ​កាត ​១​ សន្លឹក អាច​គ្រប​ដណ្តប់​រាល់​ការចំណាយ​ទាំង​អស់​នៅ​មន្ទីរពេទ្យ​។​

​លោក​ថ្លែងថា​៖ «​នេះ​ជាការ​ចូលរួម​កាត់បន្ថយ និង​លុប​បំបាត់​ទាំងស្រុង​នូវ​ការទារ​កម្រៃ​ក្រៅផ្លូវការ និង​អំពើ​ពុក​​រលួយ​គ្រប់​រូបភាព​។ ទោះបីជា​ស្ថានភាព​ល្អប្រសើរ​ជាង​មុន តែ ប​.​ស​.​ស នៅតែ​ពង្រឹងពង្រីក លើ​ការទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​ដដែល​»​។​

​ប្រភព​ដដែល​បញ្ជាក់ថា ការ​ពង្រឹង​ការទទួល​សេវា​នៅ​មូល​ដ្ឋា​ន​សុខាភិបាល នឹង​ធ្វើឡើង​តាមរយៈ​ការសហការ​ជាមួយ​មូលដ្ឋាន​សុខាភិបាល តាមដាន និង​ពង្រឹងគុណភាព​សេវា​។ បន្ត​ពិនិត្យ​លទ្ធភាព​ពង្រីក​មូលដ្ឋាន​សុខាភិបាល​ជាមួយ ប​.​ស​.​ស បន្ថែមទៀត ឱ្យ​កាន់តែច្រើន​ដោយ​ផ្អែកលើ​ដង់ស៊ីតេ​សមាជិក​។ ប​.​ស​.​ស ក៏​នឹង​ពង្រីក​សេវា​គាំទ្រ​ដល់​សមាជិក ប​.​ស​.​ស តាមរយៈ​យន្តការ​ផ្តល់ព័ត៌មាន​។​

​លោក​ថា ប​.​ស​.​ស នឹងសិក្សា​រៀបចំ​បង្កើត​គណៈកម្មកា​រ បង្ការ​សុខភាព និង​បង្កើន​ការផ្សព្វផ្សាយ​អប់រំ អំពី​វិធាន​ការបង្ការ​ហានិភ័យ​ការងារ និង​សុខភាព ព្រមទាំង​បង្កើន​ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍ និង​នីតិវិធី​នៃ​ការប្រើ​ប្រាស់​សេវា ប​.​ស​.​ស​៕   ​