ភ្នំពេញ: គ្រងឈុតអាវពណ៌លឿង អាវកាក់ស្បែកសម្បុរត្នោតរួមជាមួយខោខូវប៊យ និងស្បែកជើងកវែងពណ៌ត្នោត បុរសរូបនេះគឺជាវិចិត្រករដែលស្នាដៃរបស់លោកមាននៅផ្ទៃខាងក្រោយនៃរូបថត។
វិចិត្រករស្រឡាញ់ព្រៃភ្នំព្រឹក្សា ណូត ដារ៉ូ បានប្រែក្លាយធម្មជាតិទៅជាស្នាដៃសិល្បៈដ៏វិសេសជាមួយអត្ដសញ្ញាណរូបភាពស្លឹកឈើ ទម្រង់សិល្បៈបុរាណ និងធម្មជាតិដទៃទៀត។
សកម្មភាពនៃការយកចិត្ដទុកដាក់ចំពោះបរិស្ថានតាមរយៈសិល្បៈមានលើសពីផ្ទាំងគំនូរដោយការគូររបស់លោក ណូត ដារ៉ូ បានបង្ហាញពីចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
ស្នាដៃដ៏ទាក់ទាញមួយដែលមានចំណងជើងថា «My Life My Rule» និយាយអំពីការប្តេជ្ញាចិត្តរបស់លោក ដារ៉ូ ចំពោះស្នាដៃគំនូរ រួមជាមួយភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ។ វាជាប្រភេទគំនូរកាវថ្លាលើផ្ទាំងក្រណាត់ «My Life My Rule» ផ្ដោតលើទិដ្ឋភាពធម្មជាតិដែលរំលេចទៅដោយរូបរាងមនុស្សមានស្នែងវែងស្រោបដោយស្លឹកឈើ។
ដៃលើកប្រណម្យដែលចងវល្លិតំណាងអំបោះឆៅនៃឈុតយុទ្ធគុនល្បុក្កតោខ្មែរក្ដោបផ្កាឈូកក្រពុំរំលេចនូវភាពស្រស់ស្អាត តំណាងឱ្យភាពបរិសុទ្ធ និងការកើតជាថ្មី។
លោក ណូត ដារ៉ូ បានថ្លែងថា៖ «ខ្ញុំជ្រើសរើសយកធម្មជាតិវល្លិផ្កាឈូក ស្នែង ជាពិសេសស្លឹកឈើតំណាងឱ្យសេរីភាពនៃការលូតលាស់។ទម្រង់ដៃលើកសំពះតំណាងឱ្យការគោរពខណៈផ្កាឈូកមានសណ្ឋានដូចជា សំណង់វិមានឯករាជ្យ តែខ្ញុំមិនបានប្រើរូបភាពវិមានឯករាជ្យផ្ទាល់នោះទេ»។
ដោយបានចូលរួមប្រកួតប្រជែងគំនូរក្នុងកម្មវិធីពិព័រណ៍ «ស្នាដៃពហុសិល្បៈឯករាជ្យ» នៅសាលសិល្បៈសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោក ដារ៉ូ បានពន្យល់ថា ចំពោះផ្កាឈូកពេលដុះពីភក់ឡើងមកបានស្ថិតនៅលើទីខ្ពស់បំផុតសម្រាប់គោរពបូជា។ ចំណែកឯស្លឹកឈើវាដុះលូតខ្ពស់ហើយពេលវាងាប់ធ្លាក់ចុះមកដីវិញវាប្រែក្លាយទៅជាជីសម្រាប់ទ្រទ្រង់បរិស្ថានធម្មជាតិ។
ថ្វីដ្បិតរូបភាពមានរូបរាងដូចមនុស្សបន្ដិច និងសត្វបន្ដិច តែលោក ដារ៉ូ បានអះអាងថា គំនូររបស់លោកនេះមិនមែនតំណាងឱ្យសត្វអ្វីនោះទេ ដោយលោកគ្រាន់តែយកលំនាំតាមទម្រង់គុនល្បុក្កតោខ្មែរដែលរំលេចនូវវល្លិរុំជាខ្សែអំបោះឆៅ ខណៈស្នែងជាប្រពៃណីជនជាតិដើមភាគតិចចារ៉ាយនៅខេត្ដមណ្ឌលគិរីដែលជាប្រភេទរបាំរបស់ពួកគេ។
លោក ដារ៉ូ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «រាល់រូបគំនូររបស់ខ្ញុំទាំងអស់សុទ្ធតែរំលេចរូបភាពស្លឹកឈើដោយតំណាងឱ្យធម្មជាតិដែលខ្ញុំជាអ្នកចូលចិត្ដដើរលេងផ្សងព្រេងបោះតង់។ ខ្ញុំអត់គូរពីរបស់អ្វីផ្សេងៗទេ ពីព្រោះវត្ថុធម្មជាតិ ដែលវាជ្រុះធ្លាក់ វាប្រាកដជារលាយទៅជាដី»។
លោកបានលើកឡើងថា ទម្រាំតែបានលេចចេញជារូបរាង ឬរូបភាព ១ ផ្ទាំងធំដែលមានទំហំ ២x៣ ម៉ែត្រនេះ លោកបានចាប់ផ្ដើមគូរពីសត្វគោ ១ ក្បាល និងមនុស្សម្នាក់។ ប៉ុន្ដែក្រោយមក លោកគិតថា វាច្រើនពេក រួចក៏លុបមនុស្សចោល និងទុករូបក្បាលគោកូនតែ ១។
ដើម្បីឱ្យសមរម្យទៅតាមប្រធានបទឯករាជភាព ការគូររូបកូនគោ លោកគិតថា វាមិនអាចទៅរួច ដោយសារក្មេងស្ថិតនៅក្រោមអាណាព្យាបាលរបស់ឪពុកម្ដាយនោះទេ។ ដូច្នេះ លោកក៏ផ្លាស់ប្ដូរទៅជាគោស្ទាវដែលផ្គុំពីស្លឹកឈើ ប៉ុន្ដែវានៅតែមិនពាក់ព័ន្ធនឹងប្រធានបទស៊ីជម្រៅនៅឡើយ។ នៅទីបំផុតលោកក៏សម្រេចប្ដូរមកជាទម្រង់មនុស្សដោយបន្ថែមនូវទម្រង់វប្បធម៌ជាច្រើន។
វាបានឆ្លុះបញ្ចាំងពីឆាកជីវិតរបស់លោកភាគច្រើន ហើយដែលការសម្រេចចូលសិល្បៈរបស់លោកគ្មាននរណាជាអ្នកបង្ខិតបង្ខំឡើយ។
លោក ដារ៉ូ បានបញ្ជាក់ថា៖ «ចាប់តាំងពីខ្ញុំគូររូបប្រធានបទនេះ និងទម្រាំបាន ១ ផ្ទាំងចុងក្រោយនេះ ខ្ញុំចំណាយពេលប្រហែលជា ២ ឆ្នាំ។ ឆ្នាំទី១ រូបដំបូង ខ្ញុំដាក់ប្រឡងទៅម៉ុងហ្គោលីអំឡុងរដូវកាលកូវីដ ១៩ ខ្ញុំបានជាប់ក្នុងចំណោម ៣ នាក់ដើម្បីបន្ដប្រកួតនៅប្រទេសបារាំង ប៉ុន្ដែដោយសារកូវីដ ១៩ រីករាលខ្លាំងពេកកម្មវិធីត្រូវបានលុបចោល»។
ជំនាញសិល្បៈគំនូរមិនមែនកើតឡើងដោយចៃដន្យពេកនោះទេ ដោយលោក ដារ៉ូ ក៏មានឈាមជ័រជាអ្នកសិល្បៈជាជាងចម្លាក់ និងឪពុកជាជាងឈើដ៏ជំនាញ។ ដោយមានការជំរុញ និងលើកទឹកចិត្ដពីឪពុកមា លោក ដារ៉ូ បានសម្រេចចូលរៀនជំនាញសិល្បៈនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈនិងបន្ដទៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្រោយពីវិបត្ដិជំងឺរាតត្បាតសកលកូវីដ ១៩ បានរសាយទៅលោក ដារ៉ូ បានចាប់ផ្ដើមដាក់បង្ហាញស្នាដៃនៅប្រទេសជប៉ុនជាទីដែលលោកបានថ្លែងការពេញចិត្ដចំពោះវិចិត្រករដទៃក្នុងការដាក់តាំងបង្ហាញស្នាដៃធំៗរបស់ពួកគេ។
លោកបាននិយាយថា៖ «នៅពេលមានការប្រកួតប្រជែងនៅសូហ្វីតែលនេះ ខ្ញុំចាប់ផ្ដើមប្រើគំនិត និងគំនូរស្នាដៃទាំងអម្បាលម៉ានមកប្របាច់បញ្ចូលគ្នាដែលស័ក្ដិសមសម្រាប់ប្រធានបទចម្រុះសិល្បៈឯករាជភាពនេះ»។
វិចិត្រករវ័យ ៣៣ រូបនេះបានបន្ដថា លោកចូលចិត្ដប្រើប្រាស់រូបភាពបង្កប់អត្ថន័យច្រើនដោយមិនចង់បង្ហាញឱ្យច្បាស់ៗនូវសារក្នុងរូបភាពនោះឡើយ។ ក្រៅពីស្នាដៃធំ ១ ផ្ទាំងដែលត្រូវបានតាំងបង្ហាញនៅច្រកចូលសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាសម្រាប់ការប្រកួតប្រជែង និងលក់តម្លៃ ១៥ ០០០ ដុល្លារ វិចិត្រករ ដារ៉ូ នៅមានរូបគំនូរយក្សប៉ុន្មានផ្ទាំងទៀត ដែលលោកនៅមិនទាន់បានដាក់តាំងបង្ហាញនៅឡើយ។
លោកបានប្រាប់ថា៖ «សម្រាប់ពិព័រណ៍តែឯងដែលទំនងជាធ្វើនៅក្នុងខែមិថុនាខាងមុខ ខ្ញុំមិនកំណត់ទីតាំងនោះទេ។ វានឹងក្លាយជាពិព័រណ៍តែម្នាក់ឯងជាលើកដំបូង ជាពិសេសការបង្ហាញវត្ថុសិល្បៈធំៗដោយខ្ញុំធ្លាប់តែមានស្នាដៃតូចៗជាមួយសិល្បករ»៕