ភ្នំពេញ: នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីអបអរសាទរដល់ឧត្តមភាពម្ហូបខ្មែរកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យផ្ដល់ព្រះរាជសវនាការដល់អ្នកស្រី រស់ រតនៈ ហៅ ចុងភៅណាក់ និងក្រុមការងារចងក្រងសៀវភៅម្ហូប«សោយមរតករសជាតិពីព្រះរាជដំណាក់ខ្មែរ»។
នៅក្នុងព្រះរាជសវនាការនេះ មានលើកឡើងពីតួនាទីដ៏សំខាន់របស់ចុងភៅ ណាក់ ក្នុងការអភិរក្សនិងលើកកម្ពស់បេតិកភណ្ឌធ្វើម្ហូបខ្មែរ។
ចុងភៅ ណាក់ ឱ្យដឹងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសណាស់ដែលមានឱកាសទទួលការព្រះរាជទានសវនាការជាមួយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ព្រះរាជទទួលស្គាល់នេះជំរុញទឹកចិត្តខ្ញុំឱ្យបន្តការតស៊ូនិងដាក់បេតិកភណ្ឌធ្វើម្ហូបតែមួយគត់របស់យើងនៅលើឆាកពិភពលោក»។
ចុងភៅ ណាក់ ជាអ្នកបម្រើក្នុងវិស័យធ្វើម្ហូបអាហារតែងតែរុករក និងជីកកកាយមុខម្ហូបបែបប្រពៃណីខ្មែរ ដោយផ្តោតជាពិសេសលើព្រះក្រយារបស់ក្សត្រ។ ការចូលរួមចំណែករបស់អ្នកស្រីមិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងមុខមាត់ម្ហូបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញការចាប់អារម្មណ៍ជាសកលចំពោះប្រវត្តិសាស្ត្រអាហារដ៏សម្បូរបែបរបស់ខ្មែរផងដែរ។
ចុងភៅ ណាក់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការងាររបស់ពួកគេក្នុងការផ្សព្វផ្សាយម្ហូបខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ អ្នកស្រីបានកត់សម្គាល់ថា ម្ហូបខ្មែរដែលមានប្រវត្ដិតាំងពីយូរលង់នៅក្នុងបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិ និងជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណខ្មែរ ដូចដែលបានបង្ហាញដោយចម្លាក់បុរាណនៃប្រាសាទបាយ័ន។
ព្រះវររាជមាតាជាតិខ្មែរជាអ្នកតស៊ូមតិសម្រាប់ការអភិរក្សវប្បធម៌ទ្រង់មានព្រះរាជសុវណ្ណនីកោតសរសើរមេចុងភៅ ណាក់ ចំពោះការលះបង់ចំណាយពេលស្រាវជ្រាវនូវប្រពៃណីធ្វើម្ហូបដែលប្រឈមនឹងការបាត់បង់។
«សោយ» បង្ហាញពីបទពិសោធន៍នៃមុខម្ហូបជាច្រើនមុខនៅព្រះបរមរាជវាំងដែលបានស្រាវជ្រាវក្នុងសម័យសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ដោយការប្រើប្រាស់គ្រឿងផ្សំដ៏ប្រណីត និងការរួមបញ្ចូលឥទ្ធិពលបរទេស។
ចុងភៅ ណាក់ និយាយថា៖ «ការផ្តោតអារម្មណ៍របស់ខ្ញុំគឺលើការបង្ហាញរូបភាព ការឌីហ្សាញ និងរូបមន្តដែលតំណាងឱ្យពិតប្រាកដនៃម្ហូបខ្មែរ»។
រូបមន្តភាគច្រើនគឺបានមកពីសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ជាព្រះមាតុច្ឆាជា ទីស្រឡាញ់របស់សម្ដេចព្រះបាទ នរោត្ដម សីហនុ ជារាជវង្ស ១ អង្គ ដែលដាក់ព្រះទ័យបង្ហាត់បង្រៀនក្មេងស្រីៗនៅសាលាសុធារស អំពីគេហវិជ្ជា ហើយព្រះអង្គក៏បានបង្រៀនតម្រាភោជនាហារផងដែរ។ ការរំលេចព្រះឆាយាល័ក្ខណ៍នៅក្នុងសៀវភៅរបស់សម្ដេចព្រះរាជកនិដ្ឋា ជាមួយប្រធានាធិបតីអាមេរិក John F. Kennedy បង្ហាញពីឥទ្ធិពលនៃចំណងការទូតអន្តរជាតិរបស់ព្រះអង្គ។ «សោយ»មានន័យថា «បរិភោគក្នុងរាជវាំង» មានមុខម្ហូបជាច្រើនដែលត្រូវបានចម្អិននៅក្នុងព្រះរាជវាំង ដែលត្រូវបានស្រាវជ្រាវនិងកត់ត្រាដោយសម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០។
ជំនួបជាមួយសម្តេចម៉ែនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងរបស់ចុងភៅណាក់ ដោយព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យកោតសរសើរអ្នកស្រី និងក្រុមការងារចំពោះតួនាទីរបស់ពួកគេ ក្នុងការស្តារ និងថែ រក្សានូវខ្លឹមសារនៃមរតកម្ហូបខ្មែរ។ សម្ដេចម៉ែទ្រង់បានចាត់ទុក ព្រះរាជសវនាការជាមួយក្រុមការងារសៀវភៅ «សោយ» ជាជំនួបលក្ខណៈគ្រួសារដោយទ្រង់ប្រដូចចំណង់ចំណូលចិត្តរបស់ចុងភៅ ណាក់ ក្នុងការធ្វើម្ហូប ទៅនឹងព្រះហឫទ័យស្រឡាញ់របស់អតីតព្រះមហាក្សត្រ ចំពោះសិល្បៈធ្វើម្ហូប។
លោក ខៀវ សុវណ្ណរស្មី អ្នកឌីហ្សាញសៀវភៅ «សោយ» បានសម្តែងនូវមោទនភាពក្នុងការរួមចំណែកចំពោះគម្រោងនេះដោយសង្កត់ធ្ងន់លើជម្រើសនៃការរចនា ដែលបង្ហាញពីភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្រធ្វើម្ហូបកម្ពុជា។
លោក សុវណ្ណរស្មី និយាយថា៖ «ការចងក្រងសៀវភៅនេះគឺជាការងារនៃចំណង់ចំណូលចិត្ត និងការលះបង់គ្មានទីបញ្ចប់។ ទំព័រនីមួយៗត្រូវបានរៀបរៀងឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីរំលេចភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្រធ្វើម្ហូបរបស់យើង។ ខ្ញុំរីករាយដែលបានជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះ»។
លោក ហេង សំណាង ជាអ្នករៀបរៀង និងជាអ្នកបកប្រែសៀវភៅ បានឱ្យដឹងថា ការសរសេរ និងចងក្រងឯកសាររូបមន្តក៏ដូចជាគ្រឿងផ្សំទាំងនេះគឺជាបទពិសោធន៍មិនគួរឱ្យជឿ។ រាល់មុខម្ហូប និងគ្រឿងផ្សំបានបង្រៀនរូបលោកពីអ្វីដែលថ្មី រួមទាំងរឿងរ៉ាវមិនធ្លាប់ស្គាល់ពីមុនមក។
លោកបាននិយាយថា លោកពិតជាមានកិត្តិយសក្នុងការជួយថែរក្សា និងលើកតម្កើងមរតកម្ហូបខ្មែរ ខណៈដែលអ្នកថតរូប លោកមីន លី (ឡាម៉ូ) ជាអ្នកថតរូបនៃសៀវភៅធ្វើម្ហូបបានបង្ហាញពីការដឹងគុណចំពោះការទទួលស្គាល់នេះ ដោយបញ្ជាក់ថា វាជាឯកសិទ្ធិដ៏ធំធេងដែលបានជួបសម្តេចម៉ែ។
លោក សុត សេរី អ្នករចនាម្នាក់និយាយថា៖ «វាមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំដែលបានជួបសម្តេចម៉ែ។ ខ្ញុំធ្លាប់តែឃើញព្រះភក្ដ្រទ្រង់ក្នុងកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។ ខ្ញុំរីករាយណាស់ដែលទ្រង់កោតសរសើរការងាររបស់យើង។ ខ្ញុំនឹងបន្ដសកម្មភាពនេះកាន់តែច្រើនថែមទៀត»។ ការទទួលស្គាល់ពីសម្តេចម៉ែ មិនត្រឹមតែលើកតម្កើងស្នាដៃរបស់ចុងភៅណាក់ប៉ុណ្ណោះទេ តែថែមទាំងជំរុញទឹកចិត្តមនុស្សជំនាន់ក្រោយឱ្យស្រឡាញ់ និងលើកតម្កើងមរតកវប្បធម៌ដ៏សម្បូរបែបរបស់ពួកគេ។
ចុងភៅណាក់បាននិយាយថា៖ «អ្វីដែលយើងកំពុងធ្វើចំពោះបទពិសោធន៍នៃការញ៉ាំអាហារនៅផ្ទះរបស់យើងនៅទីនេះ ការបង្កើតសៀវភៅធ្វើម្ហូបគឺដើម្បីចែករំលែករសជាតិរបស់យើងពីរបៀបដែលយើងញ៉ាំ និងរបៀបដែលយើងរស់នៅទៅកាន់ពិភពលោក»។
អ្នកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖«អាហាររបស់យើងច្រើនតែស្រស់ ទៅតាមរដូវកាល និងតាមតំបន់។ ដូច្នេះម្ហូប និងគ្រឿងផ្សំរបស់យើងភាគច្រើនមកជាមួយរឿងដែលបង្ហាញថាយើងមានអ្វីប្លែក ចម្រុះ និងច្នៃប្រឌិត»។
ភាពជោគជ័យថ្មីៗនៃសៀវភៅ «សោយ» គឺការឈ្នះពានរង្វាន់ «សៀវភៅល្អបំផុតលើពិភពលោក» (Books Publishers B02) នៅក្នុងកម្មវិធី Gourmand World Cookbook Awards លើកទី២៩ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ចុងភៅ ណាក់ បានបង្ហាញក្ដីសោមនស្សរីករាយនិងមោទនភាពចំពោះកាសែត ភ្នំពេញ ប៉ុស្តិ៍ ដោយបានបញ្ជាក់ថា៖ «យើងបានធ្វើវាហើយ! សៀវភៅចម្អិនអាហារល្អបំផុតក្នុងពិភពលោក ២០២៣!»។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ក៏បានសម្តែងការគាំទ្រចំពោះវត្តមានរបស់ក្រុមចុងភៅណាក់ នៅទីក្រុងរីយ៉ាដ ក្នុងគោលបំណងរួមចំណែកដល់ភាពជោគជ័យរបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំរីករាយដែល UYFC និងខ្ញុំអាចចូលរួមចំណែកក្នុងសកម្មភាពតូចមួយឆ្ពោះទៅរកភាពជោគជ័យទាំងមូលរបស់ពួកគេ»។ ចុងភៅ ណាក់ ស្រមៃមើលអនាគតដែលម្ហូបខ្មែរទទួលបានការទទួលស្គាល់ជាសកល។ ចក្ខុវិស័យនេះត្រូវបានសម្រេចតាមរយៈបទពិសោធន៍ធ្វើម្ហូបពិសេសៗដូចជា ការទទួលទានអាហារនៅផ្ទះដ៏ប្រណីត ថ្នាក់បង្រៀនធ្វើម្ហូបឯកជន ផ្ទះស្នាក់នៅនិងការប្រឹក្សាភោជនីយដ្ឋាន។
បន្ថែមពីនេះ អ្នកស្រីផ្តោតលើការបោះពុម្ពសៀវភៅធ្វើម្ហូប និងចូលរួមក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទាំងអស់នេះមានគោលបំណងថែរក្សា និងលើកកម្ពស់បេតិកភណ្ឌផ្នែកធ្វើម្ហូបដ៏សម្បូរបែបរបស់កម្ពុជា៕