​ភ្នំពេញៈ មានការ​គប់​សម្លាប់​ហ្វូង​សត្វ​ប្រចៀវ​នៅ​រមណី​យ​ដ្ឋា​ន​ភ្នំ​សំពៅ ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ខណៈ​ហ្វូង​សត្វ​ធម្មជាតិ​ទាំង​នេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​បរទេស​ទៅ​ទស្សនា​ក្នុង​​ ១​ ថ្ងៃៗ​ប្រមាណ​ ១៥០​ នាក់​ក្នុងនោះ​ភ្ញៀវ​បរទេស​ប្រហែល ​១០០ ​នាក់​។​

​គ្លី​ប​វីដេអូ​ ១​ ដែលមាន​រយៈ​-​ពេល​ជិត​ ៥ ​នាទី​បានបង្ហាញ​ពី​សកម្មភាព​ក្រុមមនុស្ស​ ៣​ នាក់ ​កាន់ដំបង​រត់​គប់​ហ្វូង​សត្វ​​ប្រចៀវ​ហើយ​សកម្មភាព​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង​ ១៧​ លាន​ដង ​(Views)​ និ ង​មាន​អ្នក​បញ្ចេញមតិ​ជាង ​៣​ ពាន់​នាក់​។​ក្នុងនោះ​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​TonSen ​បាន​បញ្ចេញមតិ​ថា​៖«​គិត​ទៅ​ប្អូន​រស់​បំពុលសង្គម​មិន​គ្រប់​ថែមទាំង​បំផ្លាញ​សត្វព្រៃ​ទៅទៀត​។​ឧទាហរណ៍​ថាបើ​គេ​តាម​គប់​ក្បាល​ប្អូនៗ​អ៊ីចឹង​តើ​ប្អូន​មាន​អារម្មណ៍​បែបណា​?»​។​

​សង្ឃ​ ១​ អង្គ​ដែល​ដាក់​ព្រះ​នាម ​Virak Hsbu​ បាន​បញ្ចេញ​សង្ឃដីកា​ដែរ​ថា​មិនល្អ​ទេ​ក្មួយៗ​សត្វ​ប្រចៀវ​ទាំងអស់នេះ​ពួកវា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​មើល​តំបន់​ទេស​ចរ​ធម្មជាតិ​នៅ​ភ្នំ​សំពៅ​ស្ថិតនៅក្នុង​ស្រុក​បាណន់​ខេត្ត​បាត់​ដំបង​ច្រើនណាស់​។​

​ព្រះអង្គ​បន្តថា​៖«​ដូច្នេះ​ពួក​ក្មួយៗ​ធ្វើ​សម្មភាព​យ៉ាងនេះ​មិន​គាប់ប្រសើរ​ទេ​។​វា​បង្ហាញ​ពី​កម្រិតវប្បធម៌​និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​យើង​ដោយ​ទង្វើ​របស់​ក្មួយៗ​ថា​នៅមាន​កម្រិតយល់ដឹង​ទាប​ណាស់​»​។​

​ថ្វីដ្បិតតែ​មាន​ហ្វូង​សត្វ​ប្រចៀវ​ រាប់ម៉ឺន​ក្បាល​ទាំងនោះ​វារ​ស់​នៅតាម​ធម្មជាតិ​ក៏ពិតមែន​តែ​កំពុងមាន​ការអភិរក្ស​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ពី​សហគមន៍​នៅ​តំបន់​នោះ​យ៉ាង​ត្រឹមត្រូវ​។​

​លោក យឿន ថុល នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្លី​ប​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​ក្រុមយុវជន​គប់​សត្វ​ប្រចៀវ​នោះបាន​ប្រព្រឹត្ត​នៅ​ចុងខែ​ធ្នូ ឆ្នាំ ​២០២៣​ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​របស់លោក​ឃើញ​ក៏​ស្រាវជ្រាវ​និង​ចុះទៅ​ដល់ផ្ទះ​ដែល​ក្រុមយុវជន​ទាំងនោះ​រស់នៅ​ហើយ​លោក​បានធ្វើ​ការអប់រំ​ណែនាំ​និង​ពន្យល់​អំពី​ច្បាប់​ដល់​ពួកគេ​និង​ហាម​មិនឱ្យ​បង្ក​សកម្មភាព​អាក្រក់​បែបនេះ​បន្តទៀត​។​

​លោក​ថ្លែងថា​៖«​រឿងនេះ​យើង​មិនបាន​យកមក​ផ្តន្ទា​ទោស​អី​ទេ​យើង​ចុះ​ទៅដល់​កន្លែង​នោះ​ហើយ​យើង​ហាម​ប្រាម​ពួកគាត់​ឱ្យ​ឈប់​ប្រព្រឹត្ត​អ៊ីចឹង​ទៀត​។​យើង​ពន្យល់​ដល់​យុវជន​ទាំង​ ៣ ​នាក់​នោះ​ថា​សត្វ​ប្រចៀវ​ជា​សម្បត្តិ​ធម្មជាតិ​ហើយ​តាំង​ពីថ្ងៃ​នោះមក​មិនឃើញ​មាន​សកម្មភាព​អី​ទៀត​ទេ​»​។ ដោយសារ​ភ្នំ​សំពៅ​មាន​សត្វ​ប្រចៀវ​រស់នៅ​ច្រើន​បែបនេះហើយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​ពិសេស​ភ្ញៀវ​បរទេស​ឱ្យមក​ទស្សនា​ហើយ​នៅពេល​ភ្ញៀវ​មក​ទស្សនា​គឺ​គាត់​ក៏ត្រូវ​ការចាយវាយ​នៅ​ទីនោះ​ដែរ​។​

​បើតាម​លោក យឿន ថុល នៅពេលដែល​ភ្ញៀវ​មក​ច្រើន​វា​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដូចជា​ចំណេញ​ដល់​អ្នកលក់ដូរ​បានក​ម្រៃ​ផ្គត់ផ្គង់​ជីវភាព និង​បាន​ចំណេញ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ព្រោះ​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ​មាន​ឆ្លាក់​រូប​ពុទ្ធបដិមា​ធំ​ចេញពី​ផ្ទាំង​ថ្មភ្នំ​ធម្មជាតិ​តែម្តង​។​

​លោក ប៉ិច បឿន មេឃុំ​ភ្នំ​សំពៅ​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ​សម្បូរ​ទៅដោយ​ភ្ញៀវ​បរទេស​មក​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ដែល​ក្នុង​ ១ ​ថ្ងៃៗ​មិនតិចជាង ១០០​ នាក់​ទេ​។​ជាទូទៅ​សត្វ​ប្រចៀវ​ចេញ​រក​ចំណី​ស៊ី​ចាប់ពី​ម៉ោង​៦​កន្លះ​ល្ងាច​ទៅហើយ​នៅវេលា​នោះ​ភ្ញៀវទេសចរ​ប្រុស​ស្រី​ខ្លះ​ឈរ​ខ្លះ​អង្គុយ​ត្រៀបត្រា​ចាំ​ទស្សនា​សត្វ​ប្រចៀវ​ហើរ​ចេញពី​ល្អាង​ភ្នំ​សំពៅ​។​

​លោក​ថា​៖«​ចំនួន​របស់​វា​ខ្ញុំ​មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​ទេ​តែ​ប្រហែល​រាប់ម៉ឺន​ក្បាល​ឯណោះ​ព្រោះ​រយៈពេល​ហើរ​ចេញ​ប្រហែល​ ១ ​ម៉ោង​ទើប​អស់​»​។​

​លោក​បន្តថា​នៅ​រមណីយ​ដ្ឋា​ន​ភ្នំ​សំពៅ​ក្រៅពី​មាន​សត្វ​ប្រចៀវ​នៅមាន​ចម្លាក់​ផុសចេញ​ពី​ផ្ទាំង​ថ្មភ្នំ​តែម្តង​ដូច​មាន​រូប​ព្រះ​ចូល​និព្វាន រូប​ព្រះពុទ្ធ​ត្រាស់ដឹង និង​ព្រះអង្គ​ផ្ចាញ់​មា​និង​មាន​ព្រៃឈើ​ធម្មជាតិ​ច្រើន​ទៀត​សម្រាប់​ទស្សនា​។​

​ហ្វូង​សត្វ​ប្រចៀវ​ទាំងនោះ​បានរស់នៅ​ក្នុង​ល្អាង​ភ្នំ​សំពៅ​ជា​យូរ​ឆ្នាំ​មកហើយ​ហើយក៏​ត្រូវគេ​បាញ់សម្លាប់​ស្ទើរតែ​អស់​ដែរ​នៅមុន​ឆ្នាំ ​១៩៩៥​។​ប៉ុន្តែ​ក្រោយ​ឆ្នាំ ​១៩៩៥​បុរស​ឈ្មោះ​តាំង ឆាង ដែលមាន​លំនៅ​ក្នុង​តំបន់ភ្នំ​សំពៅ​បង្កើតជា​សហ​​គម​ន៍​ ១ ​ដើម្បី​អភិរក្ស​សត្វ​ប្រចៀវ​រហូតដល់​បច្ចុប្បន្ន​។​

​លោក ដាំ ឆាង បច្ចុប្បន្ន​នៅក្នុង​សហគមន៍​របស់​លោកមា​ន​ ២១​ គ្រួសារ​ដាក់​វេន​គ្នា​ដើម្បី​ឃ្លាំមើល​មិនឱ្យ​មាន​អ្នក​សម្លាប់សត្វ​ប្រចៀវ​ទេ ព្រោះថា សត្វ​ប្រចៀវ​បានផ្តល់​ប្រយោជន៍​ច្រើនណាស់​ដល់​មូលដ្ឋាន​ក្នុង​សហគមន៍​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។ ដូចជា​ផ្តល់​អាចម៍​បង្កើតជា​ទស្ស​នី​យ​ភាព​សត្វ​ធម្មជាតិ​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទាំង​ជាតិ​និង​បរទេស​ឱ្យមក​ទស្សនា​រាល់ថ្ងៃ​ហើយ​បើ​ភ្ញៀវ​មក​នឹង​បាន​ចំណេញ​ដល់​អ្នកភូមិ​លក់ដូរ​អាហារ​ភេសជ្ជៈ​ទៀត​។​

​លោក​ឱ្យដឹងថា លោក​បាន​បែងចែក​សមាជិក​ក្នុង​សហ​គម​ន៍​ ១០​ នាក់​ដើម្បី​ដើរ​កើប​អាចម៍​ប្រចៀវ​អាច​ក្នុង​កន្លះ​ខែម្តង​បាន​ប្រហែល​ ១០០ ​ការុង​យកទៅលក់​ហើយ​បែង​ចែក​ដល់​អាជ្ញាធរ​ភូមិ​រហូតដល់​ស្រុក​ព្រោះ​វា​ជា​ប្រយោជន៍​រួម​។​ប្រយោជន៍​របស់​សត្វ​ប្រចៀវ ​១ ​ទៀត​វា​ចេញទៅ​ស៊ី​មូស សត្វ​សុច សត្វ​ក្អាត់​ជាដើម​ដែល​សត្វ​ទាំងនេះ​ជា​ប្រភេទ​សត្វ​បំផ្លាញ​ស្រូវ​ដំណាំ​ដែរ​។

​លោក​ដាំ ឆាង​បាន​ថ្លែងថា​៖«​សត្វ​ប្រចៀវ​បើ​វា​ហើរ​ចេញពី​ល្អាង​ភ្នំ​ទៅរក​ចំណី​ស៊ី​បើ​នៅ​ជិតៗ​តំបន់ភ្នំ​សំពៅ​គឺ​សមាជិក​ក្នុង​សហគមន៍​ខ្ញុំ​តាមឃ្លាំមើល​មិនឱ្យ​នរណា​សម្លាប់​ទេ​ប៉ុន្តែ​បើ​ពួកវា​ហើរ​ទៅរក​ចំណី​នៅ​ឆ្ងាយ​ពី​ភ្នំ​ក៏​មិនអាច​តាមមើល​បានដែរ​ព្រោះ​វេលា​វា​រក​ចំណី​នៅពេល​យប់​»​។​ដោយសារ​ថា​ភ្នំ​សំពៅ​ជា​រមណីយដ្ឋាន​បែប​វប្បធម៌​ប្រវត្តិ​សាស្ត្រ​ ១ ​ដែល​គួរឱ្យ​ទាក់ទាញ​ក្នុងនោះ​សត្វ​ប្រចៀវ​ក៏​រួម​ចំ​​ណែ​ក​ដែរ​។​

​លោក ហម អរុណ អនុ​​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ឱ្យដឹង​ដែរ​ថា សម្រាប់​ភ្ញៀវទេសចរ​ទាំង​ជាតិ​និង​បរទេស​ដែល​មកលេង​ក្នុង​ខេត្តបាត់ដំបង​មិនដែល​រំលង​តំបន់​រមណីយដ្ឋាន​ភ្នំ​សំពៅ​ទេ​។ ព្រោះ​រាល់​អ្នក​ទេសចរណ៍​បន្ទា​ប់​ពី​ដើរ​មើល​កម្សាន្ត​នៅ​តំបន់​សំឡូត រតនៈមណ្ឌល​ហើយ​ពេល​ត្រឡប់មកវិញ​ត្រូវ​ឆ្លងកាត់​ភ្នំ​សំពៅ អ៊ីចឹង​ពួកគេ​មកដល់​ពេល​ល្ងាច​ជា​ពេលវេលា​ល្អ​សម្រាប់​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហើរ​ចេញ​រកស៊ី​ចំណី​។​

​លោក​បន្តថា ភ្ញៀវ​ទេស​ចរ​បរទេស​មាន​ចំណាប់​អា​រ​ម្មណ៍​ខ្លាំង​ក្នុងការ​ទៅ​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ហើយ​ល្អាង​ភ្នំ​ជា​សម្បុក​សត្វ​ប្រចៀវ​ត្រូវបាន​អភិរក្ស​ការពារ​បាន​យ៉ាង​ល្អ​។​ហេតុដូច្នេះ​គ្មាន​អ្នក​ចាប់​ដូចជា​ដាក់មង​ឬ​បាញ់សម្លាប់​បានទេ​ហើយ​បើ​ដឹង​ត្រូវ​ចាត់វិធានការ​ភ្លាមៗ​តែម្តង​។​

​លោក​ថ្លែងថា​៖«​ដោយយោង​តាម​ប្រកាស​រួម​អន្តរក្រសួង ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​​វត្ថុ និង​ក្រសួងទេសចរណ៍គឺ​កំ​ណ​ត់​ភ្ញៀវ​បរទេស​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើង​ក្នុង​ម្នាក់ ​១ ​ដុល្លារ​ ប៉ុន្តែ​បើ​ភ្ញៀវ​ជាតិ​ចូល​ទស្សនា​ហ្វូង​ប្រចៀវ​មិន​គិតថ្លៃ​ទេ​»​។​

​លោក ចេ​ន សុផល ប្រធាន​គម្រោង​សមាគម​មគ្គុទេសក៍​សត្វ​ស្លាប​កម្ពុជា (​ស​.​ម​.​ស​.​ក​) ឬ Cambodia Bird Guide Association CBGA ដែលមាន​ការិយាល័យ​នៅ​ខេត្តសៀមរាប បាន​ប្រាប់ថា សត្វ​​ប្រចៀវ​វា​មាន​ប្រយោជន៍​ច្រើន​ពាក់ព័ន្ធ​នឹង​​ប្រព័ន្ធ​អេកូឡូស៊ី​ ហើយ​បើជា​ការអភិរក្ស​ក៏​គួរតែ​ធ្វើ​វា​ឱ្យបាន​ច្រើន​ដែរ ព្រោះ​សត្វ​ប្រចៀវ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ពាក់ព័ន្ធ​ការគ្រប់គ្រង​សត្វល្អិត ​(​ស៊ី​សត្វល្អិត​)​ តែ​វា​ក៏​ជា​ប្រភព​ចម្លង​មេរោគ​ទៅមក​ជា​មួយ​មនុស្ស​ខ្លាំង​ដែរ​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​ទោះបី​ខ្ញុំ​ធ្វើការ​ផ្តោតទៅលើ​សត្វ​ស្លាប​មែន ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​អះអាងថា ប្រចៀវ​ជាស​ត្វ​ប្រ​ភេទ​ណា​ឬ​ជាស​ត្វ​ត្រូវ​ច្បាប់​ហាមឃាត់​យ៉ាងណា​នោះទេ​។​បើ​និយាយ​ពាក់ព័ន្ធ​នឹង​ការ​អភិ​​រក្ស​យើង​គួរតែ​ធ្វើ​វា​ម្យ៉ាងទៀត​ទាក់ទង​នឹង​ការ​ប្រមាញ់​សត្វ​ប្រចៀវ​ដែល​យើង​សង្កេតឃើញ​មាន​ច្រើន​ទូទៅ​ហ្នឹង វា​ពិតជា​មិនគួរ​ត្រូវបាន​ប្រមាញ់ ឬ​សម្លាប់​ជា​អាហារ​នោះទេ​ព្រោះ​វា​ជា​ប្រភព​ចម្លងជំងឺ​ច្រើនណាស់​»៕