ភ្នំពេញ: ក្នុងទីផ្សារការងារនៅកម្ពុជា ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស វិជ្ជាជីវៈមួយចំនួនមិនគ្រាន់តែជាតម្រូវការនោះទេ តែជំនាញទាំងនោះក៏កំពុងផ្ដល់ឱកាសប្រាក់បៀវត្សរ៍ខ្ពស់ផងដែរ។
ការស្ទង់មតិដ៏ទូលំទូលាយមួយដោយ Talentnet បង្ហាញឱ្យឃើញថា អាជីពផ្នែកវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ បច្ចុប្បន្នទទួលបានប្រាក់ចំណូលច្រើនបំផុតនៅកម្ពុជា។ ជាមួយនឹងក្រុមហ៊ុនប្រឹក្សាផ្នែកធនធានមនុស្សក្នុងតំបន់ Talentnet បង្កើតវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីនិន្នាការសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស។
លោក Paula Nicolas អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Talentnet បានឱ្យដឹងថា៖«ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកយើងនៅ Talentnet ចង់ក្លាយជាផ្នែកមួយនៃការអភិវឌ្ឍនេះ»។ ការអភិវឌ្ឍនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំខាងសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាមួយសម្រាប់អ្នកស្វែងរកការងាររកចំណូលខ្ពស់ថែមទៀត។
កញ្ញា សួន គាឡៃ ជានិស្សិតវិស្វកម្មមេកានិកឆ្នាំទី ៤ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានជ្រើសរើសជំនាញវិស្វកម្មនេះ ដោយការស្រឡាញ់ និងស្វែងរកឱកាសការងារកាន់តែប្រសើរ ដោយកត់សម្គាល់ចំនួននិស្សិតតិចតួច ជាពិសេសស្ត្រីក្នុងវិស័យមេកានិកនេះ។
ក្នុងនាមជានិស្សិតម្នាក់ក្នុងចំណោមសិស្សចំនួន ៣ នាក់ពីចំនួននិស្សិតសរុប ១៩ នាក់នៅក្នុងថ្នាក់ កញ្ញា គាឡៃ វ័យ ២៣ ឆ្នាំបានបង្ហាញពីចំណង់ចំណូលចិត្តចំពោះមុខជំនាញជាក់លាក់ចំនួន ២ នៅក្នុងផ្នែកមេកានិក គឺ មេកានិក ភីអិលស៊ី ដែលពាក់ព័ន្ធនឹងការសរសេរកូដសម្រាប់ម៉ាស៊ីនក្រឡឹងដោយផ្អែកលើចំណង់ចំណូលចិត្តរបស់អតិថិជន និងវិស្វកម្មមេកាត្រូនិក ដែលផ្តោតលើខ្សែផលិតកម្ម និងរួមបញ្ចូលការសរសេរកូដសម្រាប់ដៃមនុស្សយន្ត។ ក
ញ្ញា គាឡៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«មិនមែនដោយសារខ្ញុំមានចំណាប់អារម្មណ៍សិក្សាជំនាញខុសពីនិស្សិតស្រីភាគច្រើនប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏យល់ឃើញថា ទីផ្សារការងាររីកចម្រើន និងប្រាក់ខែប្រកួតប្រជែងក្នុងវិស័យមេកានិកនេះដែរ»។
និស្សិត ដែលត្រៀមបញ្ចប់ការសិក្សានាពេលដ៏ខ្លីខាងមុខរូបនេះ បន្ដថា៖«ខ្ញុំបានដឹងពីសិស្សច្បងថា ការងារក្នុងវិស័យមេកានិក អាចមានប្រាក់ខែ ៤០០ ដុល្លារក្នុង ១ ខែពេលចូលដំបូង ដែលអាស្រ័យទៅលើចំណេះដឹង និងជំនាញរបស់យើង»។
យោងតាមការស្ទង់មតិប្រាក់ឈ្នួលសរុបរបស់ Talentnet Mercer ឆ្នាំ ២០២៣ បង្ហាញថានៅកម្ពុជា វិជ្ជាជីវៈផ្នែកវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រមិនត្រឹមតែលេចធ្លោនៅក្នុងទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ បើធៀបនឹងមុខជំនាញផ្សេងទៀត។ អត្ថប្រយោជន៍ពីវិជ្ជាជីវៈទាំងនេះមានលើសពីមុខជំនាញដ៏ពេញនិយមទូទៅ ដូចជា គ្រប់គ្រងអាជីវកម្ម គណនេយ្យ វិស្វកម្មគីមី និងវិទ្យាសាស្ត្រកុំព្យូទ័រទាក់ទងនឹងសក្តានុពលរកប្រាក់ចំណូល។
លោក Nicolas បាននិយាយថា៖«គោលបំណងរបស់យើងគឺដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងការនាំយកដំណោះស្រាយផ្នែកធនធានមនុស្សទៅកាន់ទីផ្សារ បំណងឱ្យអតិថិជនអាចពង្រឹងមិនត្រឹមតែប្រសិទ្ធភាពក្នុងប្រតិបត្តិការធនធានមនុស្សប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណើនកម្លាំងការងារ ដូចដែលយើងបានធ្វើនៅកន្លែងផ្សេងទៀតនៅជុំវិញតំបន់»។
លោកឆាយ ភៀន ជាសាស្ដ្រាចារ្យផ្នែកវិស្វកម្មមេកានិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមេកានិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ឆ្នាំ ២០១៨។
លោកយល់ស្របចំពោះការសិក្សាស្រាវជ្រាវខាងលើថា ការរៀនជំនាញមេកានិកនេះទីផ្សារខ្ពស់ ព្រោះកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលពិតជាត្រូវការជំនាញវិស្វកម្ម និងវិទ្យាសាស្ត្រដើម្បីយកមកអភិវឌ្ឍ ក៏ដូចជាកៀរគរអ្នកវិនិយោគឱ្យមកបើករោងចក្រ សហគ្រាសនៅកម្ពុជា។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅពេលពួកគាត់រៀនចប់ ពួកគាត់អាចចូលបម្រើការក្នុងគ្រឹះស្ថានរដ្ឋ និងឯកជន ឬអាចបើកជាអាជីវកម្មខ្លួនឯងក៏បាន។ បើតាមការអង្កេតសព្វថ្ងៃអ្នករៀនជំនាញវិស្វកម្មនៅមានចំនួនតិច ឯទីផ្សារការងារកំពុងតម្រូវការខ្ពស់។ តាមរយៈមិត្តភក្ដិរួមជំនាន់គាត់ទៅធ្វើការតាមបណ្ដាក្រុមហ៊ុននានា គាត់តែងឱ្យខ្ញុំរកនិស្សិតដែលទើបរៀនចប់ជាច្រើនណាស់ចូលធ្វើការ»។ លោក ភៀន បាននិយាយថា៖«ប្រាក់ចំណូលអាស្រ័យលើសមត្ថភាពរបស់និស្សិតម្នាក់ៗ តែប្រាក់ខែទាបបំផុតក៏បាន ៣០០ ដុល្លារដែរ។ នៅពេលគាត់ធ្វើការបាន ១ ឆ្នាំ ឬ ២ ឆ្នាំ គាត់អាចឡើងចន្លោះពី ៣៥០ ទៅ ១ ២០០ ដុល្លារ»។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតតែលោកមិនបានដឹងអំពីវិធីសាស្ដ្រនៃការស្រាវជ្រាវចំពោះមុខវិជ្ជាសិក្សារបស់សិស្ស-និស្សិតយ៉ាងណាក៏ដោយ ក៏ក្នុងនាមលោកជាអ្នកស្រាវជ្រាវម្នាក់ លោកជឿជាក់លើការស្រាវជ្រាវរបស់ក្រុមហ៊ុន Talentnet។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំជឿជាក់លើការស្រាវជ្រាវនេះថា មានភាគរយត្រូវខ្ពស់។ ដូច្នេះ និស្សិត ឬបងប្អូនប្រជាពលរដ្ឋគួរតែអានរបាយការណ៍ស្រាវជ្រាវ និងជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួនឆ្ពោះទៅរកវិស័យប៉ុន្មានដែលគេសិក្សាឃើញ បើសិនជាពួកគាត់ចាប់អារម្មណ៍។ ទោះបីជាមុខវិជ្ជាទាំងនោះជាជំនាញមានទីផ្សារខ្ពស់យ៉ាងណាក៏ដោយ ក៏បុគ្គលិកខ្លះមិនចូលចិត្ដជំនាញទាំងនោះដែរ។ ចំពោះអ្នកចូលចិត្ដ គួរតែសប្បាយរីករាយ និងតម្រង់ឆ្ពោះទៅកាន់ទីផ្សារការងារនេះ»។
នៅក្នុងវិស័យការងារប្រទេសកម្ពុជា និស្សិតដែលទើបបញ្ចប់ការសិក្សា នឹងចាប់ផ្តើមអាជីពផ្នែកវិស្វកម្មអេឡិចត្រូនិក ច្បាប់ វិស្វកម្មមេកានិក និងវិទ្យាសាស្ត្រ ទទួលលទ្ធផលជាមួយកំណើនប្រាក់ខែខ្ពស់បំផុតនៅឆ្នាំ ២០២៣។
យោងតាមការស្រាវជ្រាវខាងលើ បានបង្ហាញថា វិស្វកម្មអេឡិចត្រូនិកមានអត្រាការដំឡើងប្រាក់បៀវត្សរ៍ ១៤ ភាគរយបន្ទាប់មកច្បាប់មាន ១២ ភាគរយដោយទាំងផ្នែកវិស្វកម្មមេកានិក និងវិទ្យាសាស្ត្របានកើនឡើង ១០ ភាគរយ។ ការសិក្សាត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញ ជាទីបណ្ដុំឧស្សាហកម្មឈានមុខជាង ១៥០កន្លែង ដែលរបាយការណ៍ស្ទង់មតិប្រាក់ឈ្នួលសរុប Talentnet Mercer សម្រាប់ឆ្នាំ ២០២៣ បានបង្ហាញថា និស្សិតទើបបញ្ចប់ការសិក្សាបានទទួលការដំឡើងប្រាក់បៀវត្សរ៍ ១០ ភាគរយ ដែលលើសពីអត្រាអតិផរណាជាតិ។ របាយការណ៍បានលាតត្រដាងអំពីទិន្នន័យរបស់អង្គភាពការងារចំនួន ១០៦ក្នុងចំណោម ១១ ឧស្សាហកម្មផ្សេងៗគ្នា។ ការស្ទង់មតិបានប្រមូលការងារចំនួន ៣ ០៣៤ ដោយសាកសួរទៅកាន់បុគ្គលិក ៥៦ ៨៤៨ នាក់៕