​ភ្នំពេញៈ ចាប់តាំងពី​រដ្ឋា​ភិ​បាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ កាលពី​ខែកញ្ញា ឆ្នាំ​ ២០២២ វា​បានក្លាយ​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ធ្វើការ​កៀរគរ​ចំណូល​ក្នុងស្រុក​ដើម្បី​កាត់បន្ថយ​ការខ្ចី​បុល​ពី​ក្រៅ​ប្រ​ទេស​យកមក​អភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ចាំបាច់​នានា​។​ 

​សញ្ញា​ថ្មី​នៃ​ប្រភព​ទុន​នៅក្នុង​ស្រុក​របស់​រដ្ឋ​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​ ២០២២ បានប្រកាសថា ការ​​បោះផ្សាយ​មូល​ប​ត្រ​បំណុល​រដ្ឋ ដែលមាន​តម្លៃ​ប្រហែល ៣០០ ​លាន​ដុល្លារ បានចាប់ផ្តើម​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២ ដែលជា​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ​រៀបចំ​ជាពិសេស​សម្រាប់​វិនិយោគិន​ស្ថាប័ន​ដូចជា បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ក្រុមហ៊ុន​ធានា​​រ៉ាប់រង និង​ធនាគារ​ជាដើម​។​

​សម្រាប់​មូល​ប​ត្រ​បំណុល​រដ្ឋ​នេះ ត្រូវ​ចេញ​ដោយមាន​តម្លៃ​ស្មើ ១​ លាន​រៀល ​ក្នុង ១ ​ឯក​តា និង​ការទូទាត់​អត្រា​ការប្រាក់​ជា​រៀងរាល់ ៦​ ខែម្តង​។ ធនាគារជាតិ​នៃ​កម្ពុជា (NBC)​ ត្រូវបាន​ជ្រើសរើស​ជា​ជា​ភ្នាក់ងារ​បោះផ្សាយ​មូល​ប​ត្រ​នេះ​។​

​ក្រសួង​កត់សម្គាល់ថា​៖ «​វិនិយោគិន​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​កាត់​​បន្ថយពន្ធ​កាត់​ទុក​លើ​ការប្រាក់​ដែល​បានទទួល​ពី​ការកាន់កាប់ និង​ការជួញដូរ​មូល​ប​ត្រ​បំណុល​រដ្ឋ ចំនួន ៥០​ ភាគរយ ដែល​គិត​ជា​រូបិយប័ណ្ណ​ក្នុងស្រុក និង​ការលើកលែង​ពន្ធលើប្រាក់ចំណេញ​មូលធន​លើ​ការទិញ និង​ជួញដូរ​មូល​​ប​ត្រ​រយៈពេល ៣ ​ឆ្នាំ​»​។​

​នៅក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី CSX កាលពី​ខែឧសភា ឆ្នាំ​ ២០២២ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា មូល​ប​ត្រ​បំណុល​​រដ្ឋ​អាចធ្វើឱ្យ​រដ្ឋ​អាច​ប្រមូល​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បាន​។​

​លោក​ថ្លែងថា​៖ «​មូល​ប​ត្រ​បំណុល​រដ្ឋាភិបាល​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​មូល​ប​ត្រ​​កម្ពុជា និង​ផ្តល់នូវ​តម្លៃ​គោល​សម្រាប់​ការជួញដូរ​មូល​ប​ត្រ​សាជីវកម្ម និង​ការ​វិភាគ​ហិរញ្ញវត្ថុ ដូច​ករណី​នៅ​ប្រទេស​នានា​ដែលមាន​វិស័យ​មូល​ប​ត្រ​កំពុង​រីកចម្រើន​ផងដែរ​»​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយ័ត​​ករ​មូល​ប​ត្រ​កម្ពុជា​ (SERC)​ បាន​ប្រាប់ថា សម្រាប់​មូល​ប​ត្រ​បំណុល​គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​រដ្ឋាភិបាល​ទាំងស្រុង​ក្នុងការ​សម្រេច​បោះផ្សាយ​នូវ​ទំហំ​ទឹកប្រាក់​និង​ចំនួន​នៃ​សញ្ញា​បណ្ណ​។​

​លោក​ថ្លែងថា​៖ «​ផ្សា​រមូល​ប​ត្រ​កម្ពុជា​សាទរ​សម្រាប់​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល ដោយសារ​វា​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​ចូលរួមចំណែក ឬ​ប្រមូល​សាច់ប្រាក់​ពី​ក្នុងស្រុក​ដើម្បី​ដាក់បញ្ចូល​ក្នុង​សេចក្តីត្រូវការ​»​។​

​លោក​បន្តថា សម្រាប់​ផ្សារ​មូល​ប​ត្រ​កម្ពុជា វា​គឺជា​ឧបករណ៍​មួយ​ដែល​អាចឈាន​ទៅដល់​ការចុះបញ្ជី ឬក៏​ឈានទៅដល់​ការជួញដូរ​ជាទី​ផ្សារ​ទី​២ នៅក្នុង​ផ្សារ​មូល​ប​ត្រ ប៉ុន្តែ​សម្រាប់​ការបោះ​ផ្សាយ​នេះ​វា​ទាមទារ​ពេលវេលា​បន្ថែមទៀត​ដោយសារ CSX មិនទាន់​អាច​សម្រេចបាន​នៅក្នុង​ពេលនេះ​ទេ​។​

​លោក​ថ្លែងថា​៖ «​ទោះបីជា​យ៉ាងណា វា​ក៏​ជា Benchmark មួយ​ដ៏​ល្អ មានន័យថា កាលណា​មាន​បណ្ណ​បំណុល​វា​គឺជា​ការកំណត់ថ្លៃ​មួយ​សម្រាប់​ប្រភេទ​បណ្ណ​បំណុល​ក្នុងស្រុក​។ ការណ៍​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​ទីផ្សារ​អាច​រៀនសូត្រ​ពី​ការងារ​ទាំងអស់នេះ​»​។​

​ប្រទេស​ទាំងឡាយ​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​កម្ចី​ក្រៅ​ស្រុក

លោក ហុង សុ​ហ៊ួ​រ អគ្គនាយក​ផ្សារ​​មូល​ប​ត្រ​កម្ពុជា បាន​លើកឡើងថា ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ត្រូវមាន​ប្រភព​ហិរញ្ញប្បទាន​ច្រើន​ប្រភេទ​ដែល​អាច​ប្រើប្រាស់​ដើម្បី​កៀរគរ​មូលនិធិ​ទៅតាម​ស្ថានភាព ឬ​តម្រូវការ​។​

​លោក​បញ្ជាក់ថា​៖ «​ពិតមែនតែ​ការចាប់​ផ្តើម​កន្លងមក​វា​មាន​ទំហំ​តូច មិនទាន់​ដូច​ប្រទេស​គេ ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា​ចាប់​​ផ្តើម​កើន​ឡើងជា​លំដាប់​។ ការណ៍​នេះ​វា​នឹង​ក្លាយជា​ប្រភព​ទុន​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​នាពេល​អនាគត​»​។​

​លោក​ពន្យល់ថា ប្រភព​ទុន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ​ត្រូវបាន​គេ​ចាត់ទុកជា​ប្រភព​ទុន​មិនចេះ​រីងស្ងួត​ដែល​យើង​អាចមាន​ប្រភព​ទុន​ពី​ក្នុងស្រុក ដូច្នេះ​នៅពេលដែល​វា​ត្រូវមាន​ការអភិវឌ្ឍ​គ្រប់​គ្រាន់​វា​នឹង​ទាក់ទាញ​វិនិយោគិន​ក្រៅ​​ស្រុក​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​វា​ត្រូវតែ​សំខាន់ ព្រោះ​នៅពេលដែល​ប្រទេស​យើង​កាន់​តែ​អភិវឌ្ឍន៍​ខ្លាំង​ឡើងៗ ប្រភព​ហិរញ្ញ​ប្ប​ទាន​មួយចំនួន​ដូចជា​ប្រាក់កម្ចី​ពី​ស្ថាប័ន ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងៗ​នឹងមាន​ទំនោរ​ថយចុះ អត្រា​ការប្រាក់​នឹងមាន​ទំនោរ​កើនឡើង ដូច្នេះ​ភាពអំណោយ​ផល​វា​នឹង​កាន់តែ​ថយចុះ ដែល​នឹង​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ប្រភព​ហិរញ្ញប្បទាន​ថ្មី ដោយសារ​ប្រទេស​យើង​កាន់តែ​រីកចម្រើន យើង​នឹងត្រូវ​ការប្រាក់​កាន់តែច្រើន​ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ទៅមុខ​បន្តទៀត​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​ថា បណ្ណ​បំណុល​សាធារណៈ គឺមាន​សារៈសំខាន់​ណាស់​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍  ​ដូច្នេះ​ការបោះ​បណ្ណ​បំណុល​សាធារណៈ​នេះ​ស្មើនឹង​ប្រជាពលរដ្ឋ​យកលុយ​ទៅ​សន្សំ​ជាមួយ​រដ្ឋាភិបាល ខណៈ​រដ្ឋា​ភិ​បាល​ខ្ចីប្រាក់​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ដោយ​ផ្តល់​អត្រា​ការប្រាក់​ក្នុង​កម្រិត​កំណត់​ណាមួយ​ដល់​ពលរដ្ឋ​វិញ​។​

​លោក​បន្ថែមថា ការខ្ចី​លុយ​ពី​ពលរដ្ឋ​ខ្លួនឯង​នេះ​គឺ​ដើម្បី​យកទៅ​ធ្វើ​ហិរញ្ញ​ប្ប​​ទាន​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវ ស្ពាន ដែលជា​ការចំណាយ​ប្រាក់​ធំៗ ដូច្នេះ​បណ្ណ​បំណុល​នេះ​គឺ​ជួយ​រដ្ឋាភិបាល​ឱ្យមាន​លទ្ធភាព​ប្រមូល​ទុន​ក្នុងស្រុក​យកទៅ​កសាង និង​វា​ក៏​ជួយ​ឱ្យ​កាត់បន្ថយ​ការខ្ចី​បុល​ពី​ក្រៅប្រទេស​។​ 

លោក​បន្តថា​៖ «​ការណ៍​នេះ​ចំណេញ​ទាំងអស់គ្នា គឺ​ប្រជាពលរដ្ឋ​ទទួលបាន​ការប្រាក់​ពីរ​ដ្ឋ ខណៈ​រដ្ឋាភិបាល​ក៏មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​យកទៅ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ចំណាយ​ទៅលើ​ការចាំបាច់​ផ្សេងៗ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។ បើ​ការបោះ​ផ្សាយ​បណ្ណ​បំ​ណុល​របស់​រដ្ឋ​ទទួលបាន​ការគាំទ្រ​ខ្លាំង​នោះ​បង្ហាញ​ពី​ភាពជោគជ័យ​ដល់​រដ្ឋ​ក្នុងការ​កាត់បន្ថយ​បំណុល​ខាងក្រៅ​»​។​

​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាសថា រដ្ឋា​ភិ​​បាល​គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​​បំណុល​រដ្ឋ​មានតម្លៃ ១០០​ លាន​ដុល្លារ​នៅ​ឆ្នាំ ​២០២៤  នេះ​៕