​ភ្នំពេញៈ ខណៈ​កសិផល​របស់​កម្ពុជា​ភាគច្រើន​ពឹងផ្អែក​លើ​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ទីផ្សារ​ពិភពលោក ជាពិសេស​បណ្ដា​ប្រទេសជិតខាង​ដូចជា ថៃ និង​វៀតណាម ហើយ​តម្លៃ​តែង​ប្រែ​ប្រួល និង​មិនមាន​ស្ថិរភាព​នោះ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​ពាណិជ្ជកម្ម គ្រោង​នឹង​បង្កើត​ទីផ្សារ​លក់ដុំ​នៅ​ទូទាំងប្រទេស ដែលជា​វិធានការ​ដើម្បី​រក្សា​ស្ថិរ​​ភាព​ថ្លៃ និង​ជាពិសេស​បើកចំហ​ទីផ្សារ​បន្ថែមទៀត​សម្រាប់​ក​សិ​​ករ​ដែល​ងាយ​ទទួលរង​គ្រោះ​បំផុត​ដោយសារតែ​ការ​ក្រឡុក​ទីផ្សារ​ពី​សំណាក់​ក្រុម​ឈ្មួញ​។​

​លោក ស៊ា​ង ថៃ រដ្ឋលេខា​ធិ​ការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​​ ២៣ ខែមករា បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​នៃ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​សិក្សា​លទ្ធភាព​បង្កើត​ផ្សារ​លក់ដុំ​ទំនិញ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រោម​ការ​​គ្រប់គ្រង​របស់​ក្រសួង​ពាណិជ្ជ​កម្ម ដើម្បី​ប្រកាស​ពី​សមាសភាព​ក្រុមការងារ​ដែល​នឹង​រួមមាន​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាង​នាយក​ដ្ឋា​ន​នៃ​ក្រសួង​នៃ​ក្រសួង​ពាណិជ្ជ​កម្ម និង​តំណាង​មន្ទីរ​ពាណិជ្ជកម្ម​រាជ​​ធានី​-​ខេត្ត ជា​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ជាច្រើនរូប​។​

​ក្រសួង​បញ្ជាក់ថា​៖ «​ក្រុមការងារ​នេះ ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​សិក្សា​ពី​លទ្ធភាព​បង្កើត​ផ្សារ​លក់ដុំ​ទំនិញ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម សម្រាប់​ទិញ​-​លក់ទំនិញ​ជា​កសិផល សំដៅ​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​កកស្ទះ​ទំនិញ​ក្នុង​រដូវ​ប្រមូល​ផល​»​។​

​កាលពី​ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំ​ចេញ​កសិផល​ជាង ៨,៤ ​លាន​តោន ធ្លាក់ចុះ ១,៩ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ និង​មាន​ទឹកប្រាក់​នាំចេញ​ជាង ៤,៣​ ពាន់​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​អង្ករ​មានតម្លៃ​ជាង ៥៦៧​ លាន​ដុល្លារ ស្រូវ ៩៣៩ ​លាន​ដុល្លារ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ជាង ២,៧៩៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​កសិក​ម្ ម​រុក្ខា​ប្រ​មា​ញ់ និង​នេសាទ (MAFF)​។​

​លោក សុង សារ៉ន ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia)​ ដែលជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​នឹង​បើក​ទីផ្សារ​ក្នុងស្រុក​សម្រាប់​កសិផល ជាពិសេស​កសិករ​ដែល​តែងតែ​ប្រឈមមុខ​នឹង​បញ្ហា​តម្លៃ​ក្នុង​រដូវ​ប្រមូល​ផល​។​

​លោក​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​ទាំង​​ស្រុង​ដែលមាន​ទីផ្សារ​លក់ដុំ​សម្រាប់​វិស័យ​កសិកម្ម ដោយសារ​យើង​ផលិត​បាន​ច្រើន ប៉ុន្តែ​មិនមាន​ទីផ្សារ​ដែល​អាច​ប្រមូល​ផលិតផល​ទាំងអស់នោះ​នៅ​កន្លែង​តែមួយ​។ ក្នុងនាម​អាជីវករ​ ១ ​រូប ទីផ្សារ​លក់ដុំ​មិន​ត្រឹមតែ​រក្សា​ស្ថិរភាព​តម្លៃ​សម្រាប់​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​កន្លែង​កណ្តាល​ដែល​អ្នកទិញ​ទាំងអស់​អាច​ដឹងថា​យើង​មាន​ស្តុក​ប៉ុន្មាន​សម្រាប់​ដំណាំ​នីមួយៗ ហើយ​បន្ទាប់មក​យើង​អាច​បើក ឬ​ទាក់ទាញ​អ្នកទិញ​កាន់តែច្រើន ដើម្បី​ទិញ​ផលិតផល​ទាំងនោះ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានឱ្យដឹងថា ទីផ្សារ​លក់ដុំ​នឹង​ដើរតួ​​ដ៏​សំខាន់​ក្នុងការ​រក្សា​ការប្រែប្រួល​តម្លៃ​ក្នុង​វិស័យនេះ ពិសេស​ក្នុង​រដូវ​ប្រមូល​ផល​កសិករ​តែង​ប្រឈម​នឹង​បញ្ហា​ដោយសារ​មិនមាន​ទីផ្សារ​ដើម្បី​លក់​។​

​លោក​លើកឡើងថា​៖ «​យើង​មើលឃើញថា គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​ដែល​វា​នឹង​ក្លាយជា​កាតាលីករ​ថ្មី​មួយ​សម្រាប់​វិស័យនេះ ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​តម្លៃ ខណៈ​វា​ក៏​នឹង​ក្លាយជា​កន្លែង​មួយ ដែល​ទាំង​អ្នកទិញ​ក្នុងស្រុក និង​បរទេស​អាចម​ករក​ទិញ និង​ចរចា​តម្លៃ​នៅពេល​យើង​ប្រមូលបាន​ផលិតផល​ទាំងអស់​ដាក់​នៅ​កន្លែង​តែ​ ១​ នៅក្នុង​ទីក្រុង និង​ខេត្ត​ទូទាំងប្រទេស​»​។​

​បើតាម​របាយការណ៍រ​បស់​ក្រសួង​កសិកម្ម​ដែល​បញ្ជាក់​អំពី​ផលិតផល​កសិកម្ម​ចម្រុះ​ដែល​រួមបញ្ចូល​ក្នុង​ប្រ​ភេទ​ផ្សេងទៀត​រួមមាន ដំឡូង​មី​ស្ងួត​ចំនួន ១,២​ លាន​តោន ដំឡូង​មី​ស្រស់​ចំនួន ១,៩​ លាន ម្សៅដំឡូង​មី​ជាង ៣៦ ០០០​ តោន កាកសំណល់​ដំឡូង​មី​ជាង ៧៤ ០០០​ តោន និង​ស្វាយចន្ទី ៤២០ ០០០ ​តោន ពោត ៧១ ០០០ ​តោន និង​សណ្ដែកសៀង​ជាង ៥៤ ០០០​ តោន​។​

​ចំណែក​ការនាំចេញ​ផ្លែ​ឈើ គឺ​ចេក​ស្រស់​ជិត ២៩០ ០០០ ​តោន ស្វាយ​ស្រស់​ជាង ១៦០ ០០០ តោន តំណាប់​ស្វាយ​ជាង ២៧០ ០០០ តោន និង​មៀន​ស្រស់​ចំនួន​ជាង ១៧០ ០០០ ​តោន​។ ការនាំចេញ​កសិផល​ផ្សេងទៀត​រួមមាន​ប្រេងដូង​ជាង ៧៩ ០០០ តោន ម្រេច​ជាង ៦ ០០០​ តោន និង​បន្លែ​ចម្រុះ ២២០​ តោន​កើន​ជិត ៥៤០ ០០០​តោន​នៅក្នុង​ផលិតផល​កសិកម្ម ១០០​ មុខ​ផ្សេងៗ​គ្នា​។​

​ក្រសួង​ឱ្យដឹងទៀតថា កាលពី​ឆ្នាំ​ ២០២៣ កសិករ​ធ្វើស្រែ​ប្រាំង​បាន ៥៥៤ ២១០ ​ហិកតា ប្រមាណ ១១១,២៥​ ភាគរយ​នៃ​ផែនការ​កំណត់​ចំនួន ៤៩៨ ១៧០​ ហិកតា​៕