កំពង់ឆ្នាំងៈ កាលពីឆ្នាំ ២០១៨ លោក គង់ ឃី មិនអាចរកវិធីសាស្ត្រដាំដំណាំឱ្យបានល្អឡើយដោយពេលនោះលោកគ្រាន់តែជាកសិករដ៏សាមញ្ញាម្នាក់ប៉ុណ្ណោះ តែសម្រាប់បច្ចុប្បន្ន លោកចេះពីវិធីដាំដំណាំផ្សេងៗ ជាពិសេសដើមល្ហុងបានជិត ២០០ ដើម ដោយក្នុង ១ ដើម អាចទទួលបានផ្លែប្រហែល ១០០ គីឡូក្រាម ហើយក្នុងដើមល្ហុង ១ ដើមលោកក៏អាចបំបៅចេញជាកូនល្ហុងបាន ១០០ ដើមទៀតផង។ រីឯសាច់ល្ហុងបានពីកូនបំបៅក៏មានរសជាតិដូចដើមមេវាដែរ។
ដោយមើលឃើញពីការវិវឌ្ឍផ្នែកការដាំដុះដំណាំកសិកម្មក្នុងប្រទេសនិងពីការប្រកួតប្រជែងផលដំណាំនាំចូលដែលភាគច្រើនត្រូវគេដឹងថាអ្នកបរិភោគប្រឈមនឹងបន្លែប្រើសារធាតុគីមីលើសលប់នោះបានធ្វើឱ្យលោក គង់ ឃី ដែលជាអ្នកស្រឡាញ់ការដំដុះបានចំណាយពេល ៥ ឆ្នាំទើបទទួលបានជោគជ័យលើវិស័យកសិកម្ម។
ដំណាំដែលលោក គង់ ឃី ដាំមានដូចជា ស្ពៃក្តោប ស្ពៃចង្កឹះ ខាត់ណាដើម ប៉េងបោះខ្ទឹមស្លឹករួមដំណាំសម្រាប់រដូវកាលខ្លីនិងដំណាំហូបផ្លែរដូវកាលវែងជាច្រើនប្រភេទទៀត។
បើទោះបីពេលនេះលោកមានវ័យ ៦៤ ឆ្នាំហើយក្តី តែលោកនៅតែស្រឡាញ់វិស័យកសិកម្ម។លោកបាននិយាយថា មុនឆ្នាំ ២០១៨ លោកបានដាំតាមលក្ខណៈធម្មជាតិទាំងអស់ តែនៅថ្ងៃមួយដើមល្ហុងរបស់លោកបានដួលនឹងដី ហើយវាចាប់ចេញឫស្សីតាមដើម។ បន្ទាប់មកលោកបានបញ្ឈរដើមល្ហុង ១ ដើមនោះវិញ ហើយយកកាំបិតទៅឆូតសម្បកនិងយកដីទៅរុំបានប៉ុន្មានថ្ងៃវាក៏ដុះឫសឡើង។
លោកបានថ្លែងថា៖ «មុនដំបូងខ្ញុំមិនដឹងពីបច្ចេកទេសបណ្តុះឫសអីទេ តែខ្ញុំបានយកដីដែលមានស្លឹកឈើងាប់រលួយមកលាយជាមួយកម្ទេចចំបើងហើយខ្ញុំរុំ។ ក្រោយមកទៀតទើបខ្ញុំស្រាវជ្រាវរកឃើញពពួក M150 ពពួកកាប៉ិ ពពួកទឹកត្រីអ៊ីចឹងទៅ លាយជាមួយដីហើយការប្រើវិធីលើកក្រោយនេះវាឆាប់ដុះលឿន អ៊ីចឹងរយៈពេលខុសគ្នាប្រហែល ១០ ថ្ងៃ»។
ដោយមានដីទំហំ ១ ម៉ឺនម៉ែត្រការ៉េ ឬស្មើ ១ ហិកតា និងបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសលាយផ្សំជីកំប៉ុសនិងពីបច្ចេកទេសដាំដុះពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក គង់ ឃី បានយកដីមួយចំណែកជីកស្រះចិញ្ចឹមត្រីនិងសល់ប៉ុន្មានលោកដាំដំណាំចម្រុះ ក្នុងនោះមានដាំដើមល្ហុងជិត ២០០ ដើមផង។ ចំពោះដំណាំដែលលោកដាំចែកជារដូវកាលគឺទី១ ដំណាំអាយុក្រោម ១ ខែ(ខ្ទឹមស្លឹក ស្ពៃសាឡាដ ខាត់ណាជាដើម។ ទី២ ដំណាំក្រោមអាយុ ១ ឆ្នាំ (ត្រសក់ សណ្តែកកួ ត្រឡាច ននោងម្រះ។ល។)និងទី ៣ មានដំណាំអាយុកាលលើសពី ១ ឆ្នាំមានចេក ដូង ស្វាយល្ហុង។ល។)ដែលដំណាំទាំងអស់នេះលោកដាំតែម្នាក់ឯងដោយមិនប្រើកម្មករទេ ហើយលោកអាចប្រមូលផលពេញៗ ១ ឆ្នាំតែម្តង។
បុរសដែលរស់នៅភូមិឫស្សីដូច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរូបនេះ ឱ្យដឹងថាចំពោះល្ហុងរបស់លោកដាំជាពូជល្ហុងថៃដែលក្នុង ១ ដើមអាចផ្តល់ផ្លែជាង ១០០ គីឡូក្រាម ហើយក្នុង ១ ផ្លែៗទម្ងន់ចន្លោះពី ៧ ទៅ ៨ គីឡូក្រាម។ក្នុងផ្លែល្ហុងខ្ចី ១ គីឡូក្រាមថ្លៃ ១ ០០០ រៀល ហើយបើទុំថ្លៃ ១ ៥០០ រៀល រីឯផ្លែល្ហុងអ្នកផ្សេង ១ គីឡូក្រាមថ្លៃ ៧០០ រៀលទេ នៅលើទីផ្សារតែផ្លែល្ហុងគេទុកបានតែ ២ ទៅ ៣ ថ្ងៃខូចហើយ ដែលខុសពីល្ហុងរបស់លោកអាចទុកបា ន៥ ថ្ងៃក៏មិនទាន់ទន់សាច់ តែលោកនៅបូមទឹកស្រោចនៅឡើយទេ។
បើតាមលោក គង់ ឃី ដោយសារលោកទទួលបានជោគជ័យក្នុងការធ្វើកសិកម្ម ទើបខាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានផ្តល់វិញ្ញាបនបត្រ (កសិកម្មល្អ) ក្នុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះលោកក៏បានចងក្រងជាសហគមន៍មានសមាជិកចំនួន ៤៨ គ្រួសារហើយក៏មានកសិករមកពីគ្រប់រាជធានី ខេត្តផ្សេងមកដកស្រង់បទពិសោធនៅកសិដ្ឋានរបស់លោកស្ទើររាល់ថ្ងៃដែលក្នុង ១ ខែៗអាចមានពី ២០ ទៅ ៣០ នាក់។ ចំពោះផលដំណាំដូចជាស្ពៃក្តោប ស្លឹកខ្ទឹម ប៉េងបោះ ឬបន្លែស្លឹកផ្សេងទៀតក្នុង ១ ថ្ងៃលោកអាចប្រមូលបានពី ១០ ទៅជាង ២០ គីឡូ។
លោកបានបញ្ជាក់ថា៖ «តាមបទពិសោធន៍ផ្ទាល់ គឺខ្ញុំបានចងក្រងឯកសារជាង ១០០ មេរៀនហើយសម្រាប់ទុកជូនអ្នកដែលចង់ចេះពីបច្ចេកទេសដាំដំណាំ។ខ្ញុំធ្វើបែបនេះដើម្បីទុកជាស្នាដៃរបស់ខ្ញុំ ណាមួយបើខ្ញុំស្លាប់ទៅក៏នៅស្នាដៃខ្ញុំដែរ»។
មានកសិករច្រើនណាស់ដែលប្រកបអាជីពដាំដំណាំកសិកម្ម តែមានភាគច្រើនមិនទទួលបានជោគជ័យឡើយ។ ប្រការនេះដោយសារពួកគេមិនមានការទទួលខុសត្រូវឬមិនជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ដូចដែល លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំង លើកឡើងថា មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបង្រៀនពីបច្ចេកទេសដាំដំណាំនិងបានផ្សព្វផ្សាយដល់មូលដ្ឋានដើម្បីឱ្យកសិករទទួលបានទិន្នផលល្អ។ប៉ុន្តែមានកសិករខ្លះទាមទារឱ្យផ្តល់ជាទុន ១០០ ភាគរយ ទើបគាត់អាចបង្កបង្កើនផលបាន។
លោកថា៖ «សម្រាប់លោក គង់ ឃី ជាកសិករគំរូឆ្នើម ១ រូបផ្នែកកសិកម្ម ព្រោះគាត់ខិតខំស្វែងយល់បន្ថែមលើអ្វីដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបង្រៀនគាត់។ ពេលបានផលដំណាំគឺគាត់អាចរកទីផ្សារលក់ខ្លួនគាត់បានទៀតផង»។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នមានកសិករគំរូច្រើននៅតាមខេត្តនីមួយៗ ហើយក្រសួងកសិកម្មក៏តែងតែជំរុញមន្ត្រីឱ្យផ្សព្វផ្សាយពីបច្ចេកទេសកសិកម្ម។ ការផ្សព្វផ្សាយនេះមានទាំងបច្ចេកទេសទទួលបានពីការស្រាវជ្រាវរបស់ក្រសួងឬបច្ចេកទេសដែលទទួលបានពីការចែករំលែកបទពិសោធល្អៗពីទីតាំងផ្សេងៗនៅទូទាំងប្រទេស។
លោកបន្តថាជាគោលការណ៍សំខាន់របស់ក្រសួង គឺការចងក្រងនិងប្រមូលផ្តុំឱ្យកសិករធ្វើកសិកម្មតាមបែបគ្រួសារឱ្យងាកមកធ្វើកសិកម្មតាមទម្រង់ឧស្សាហកម្មវិញពោលគឺជាសហគមន៍ខ្នាតធំដែលយើងហៅថាជាសហគមន៍កសិកម្មទំនើបដូចដែលគាត់ដាំបន្លែហ្នឹងគឺយើងលើកទឹកចិត្តឱ្យជាប្រភេទសហគមន៍មានទំហំធំ មានការធ្វើផលិតកម្មរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមធ្លាក់ចុះនិងទំហំនៃការផ្គត់ផ្គង់មាននិរន្តរភាព។
លោកថា៖ «នេះជាអាទិភាពចម្បងរបស់ក្រសួងចំពោះកសិករទាំងអស់ដែលគិតថា ខ្លួនឯងមានបច្ចេកទេសមិនដល់ខ្វះបទពិសោធ។ បញ្ហានេះក្រសួងនឹងផ្តល់ច្រកនេះដើម្បីអនុញ្ញាតឱ្យកសិករទូទាំងប្រទេសអាចចូលរួមជាមួយសហគមន៍បង្កើតបានជាសហគមន៍ខ្នាតធំ ផលិតនូវទំនិញមានគុណភាពស្តង់ដាមានតម្លៃប្រកួតប្រជែងហើយនិងមានបរិមាណផ្គត់ផ្គង់អាចបំពេញតម្រូវការទីផ្សារបាន»៕