ភ្នំពេញៈ អ្នកជំនាញ​មាន​សុ​ទិដ្ឋិ​និយម​ថា ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​របស់​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ក្រុងព្រះសីហនុ (SSEZ) នឹង​កើនឡើង​ថែមទៀត​ក្នុង​ឆ្នាំ ​២០២៤ នេះ ខណៈ​ក្នុង​ឆ្នាំ ២០២៣ សម្រេចបាន​ជាង ៣,៣​ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ១/៣​ ដង​ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២២​។​

​ស្ថិតិ​របស់ SSEZ ទើប​ចេញផ្សាយ​ថ្មីៗ​នេះ បង្ហាញថា ចន្លោះ​ពី​ខែមករា​-​ធ្នូ ឆ្នាំ​ ២០២៣ ទំហំ​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​របស់​រោងចក្រ​/​សហគ្រាស នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប  ៣ ៣៦២​ លាន​ដុល្លារ​កើនឡើង ៣៤,៨៦​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ទឹកប្រាក់​នាំចេញ នាំចូល​របស់ SSEZ គឺ​ស្មើនឹង​ ៧,១៨​ ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ នាំចូល​ទំនិញ​សរុប​កម្ពុជា​ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤៦,៨៣​ ពាន់​លាន​ដុល្លារ​។​

​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល SSEZ នឹង​បន្ត​កើនឡើង

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែមករាថា កំណើន​រោង​​ចក្រ​/​សហគ្រាស​ថ្មីៗ​ដែល​មក​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បានធ្វើឱ្យ​ទឹកប្រាក់​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ និង​ទឹកប្រាក់​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​កើន​ជា​បន្តបន្ទាប់​។​

​លោក​បន្ថែមថា មូលហេតុ​ដែល SSEZ អាច​ទទួលបាន​រោងចក្រ​/​សហគ្រាស​មក​បណ្តាក់ទុន​កាន់តែច្រើន គឺ​ដោយសារ​ស្ថាន​ភាព​នយោបាយ និង​សន្តិសុខ​នៅ​កម្ពុជា​ល្អប្រសើរ  ​ច្បាប់​វិ​និ​​យោគ​មាន​លក្ខណៈ​អំណោយ​ផល និង​នៅ​ជិត​កំពង់ផែ​ទឹក​​ជ្រៅ​ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការដឹកជញ្ជូន​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ស្ថាន​ភាព​សេដ្ឋកិច្ចពិភពលោក​ពេលនេះ​មិនទាន់​ល្អ ប៉ុន្តែ​ខ្ញុំ​មានជំនឿថា ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​របស់​កម្ពុជា ពិសេស​បណ្តា​រោងចក្រ​/​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹង​កើនឡើង​ច្រើន​ទៀត​។ មូល​ហេតុដែល​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​កម្ពុជា​កើនឡើង គឺ​ដោយសារតែ​ការបណ្តាក់ទុន​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា មាន​ភាព​អំណោយផល​ច្រើន​សម្រាប់​វិនិយោគិន​»​។​

​លោក​បន្ថែមថា ភាគច្រើន​នៃ​រោងចក្រ​/​សហគ្រាស​នៅក្នុង SSEZ គឺមាន​ម្ចាស់​ជា​វិ​និ​យោ​​គិ​ន​មកពី​ប្រទេស​ចិន និង​មាន​ផលិតផល​ចម្រុះ​ជាច្រើន ពិសេស​ផលិតផល​កាត់ដេរ គ្រឿង​ម៉ា​ស៊ីន អេឡិចត្រូនិក អគ្គិសនី គ្រឿងសង្ហារិម ក្តារបន្ទះ និង​រោងចក្រ​ផលិត​សម្បក​កៅស៊ូ​​កង់​យានយន្ត ជាដើម​។ ទំនិញ​ដែល​ផលិត​បាន​ភាគច្រើន​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ អាមេរិក អឺរ៉ុប និង​ក្នុង​ទ្វីបអាស៊ី​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ជាទូទៅ​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺមាន​ភាពងាយស្រួល​ស​ម្រា​ប់​វិនិយោគិន ទាំង​ការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ និង​នីតិវិធី​នៃ​ការបំពេញ​ឯកសារ​នាំចេញ​-​នាំចូល​ជាដើម​។ ការកើនឡើង​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​របស់ SSEZ គឺ​បញ្ជាក់​ពី​សមត្ថភាព​នៃ​ផលិតកម្ម​នៅ​ទីនោះ និង​កំណើន​នៃ​រោងចក្រ​/​សហគ្រាស​ផងដែរ​។

លោក​បន្តថា ភាព​វិជ្ជមាន​នៃ​សកម្មភាព​ផលិតកម្ម និង​ទឹកប្រាក់​នាំចេញ នាំចូល​ជា​លំដាប់​នេះ ក៏ដោយ​សារ​តែ​កម្ពុ​ជាមាន​ទីផ្សា​រ​ទទួល​ទិញ​កាន់តែច្រើន ព្រម​ជាមួយនឹង​ការចូល​ជាធរ​មាននៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​, កូរ៉េ​, កិច្ច​ព្រមព្រៀង RCEP, និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​ពី​ប្រទេស​មួយចំនួន​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​ចំនួន​ទឹកប្រាក់​នាំចេញ នាំចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​នឹង​កើនឡើង​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៤ នេះ ខណៈ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ពិភព​លោក​គឺ​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២៣»​។ លោក​បាន​បន្តថា​៖ «​សម្រាប់​ចំនួន​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែល​វិ​និ​យោគ​នៅ​កម្ពុជា​ក៏​កំពុង​កើន​​ឡើង​ច្រើន​ផងដែរ​»​។​

​តម្លៃ​ថាមពល​ជា​ផ្នែក​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគិន​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប៉រ បាន​និយាយថា បើសិន​កម្ពុជា​អាចធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់តែ​ទាប​ថែមទៀត​នោះ វា​នឹង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​បញ្ចេញ​ទុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។ តម្លៃ​អគ្គិសនី​ទាប នឹង​ជួយ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​ដែល​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​កាន់តែខ្លាំង​។​

​លោក​ប្រាប់ថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិ​និ​យោគិន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ចំណាយ​ទៅលើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាលណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរ​ភាព និង​តម្លៃ​ទាប អ្នកវិនិយោគ​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​ចំនួន​ក្រុមហ៊ុន​បណ្តាក់ទុន​នៅ SSEZ បន្ត​កើនឡើង​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ បានឱ្យដឹងថា គិត​មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន ២៣១ មកពី ១០​ ប្រទេស​កំពុងបើក​ដំណើរ​ការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជាមួយនឹង​ទុនវិនិយោគ​ជាង ១,២ ​ពាន់​លាន​ដុល្លារ​។ បន្ថែម​លើ​នេះ​ក៏មាន​រោងចក្រ​ចំនួន ៣២​ កំពុង​សាង​សង់ និង​គ្រោង​បើក​ដំណើរការ​ពេល​ឆាប់ៗ​។ SSEZ កំពុង​ដើរតួនាទី​សំខាន់​នៅក្នុង​ការ​ស្រូប​ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរ​ទេស​ចូលមក​កម្ពុជា​។​

​ស្ថានភាព​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឆ្នាំ​ ២០២៣

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​នៃ​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៣ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ២២,៦៥ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តជាតិ កើនឡើង ១,៨​ ភាគរយ​ពី​ចំនួន ២២,២៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២​។ ទន្ទឹមនឹង​ការនាំ​​ចេញ កម្ពុជា​ក៏​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​ចំនួន ២៤,១៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥ ​ភាគរយ​ពី​ចំនួន ២៥,៤៦​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប ៤៦,៨៣​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ៤៧,៧១ ​ពាន់​លាន​ដុល្លារ​៕