ភ្នំពេញៈ ការជំរុញឱ្យរថយន្តដឹកទំនិញកែច្នៃដឹកកម្មករកាត់ដេរប្តូរជារថយន្តមានកៅអីអង្គុយឬជារថយន្តក្រុងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំពោះកម្មករ ប៉ុន្តែដំណើរការនេះនៅតែមិនសម្រេចបានតាមគោលដៅព្រោះកត្តាជីវភាពរបស់អ្នកបើកបរ ខណៈក្នុងឆ្នាំ ២០២៣ មានកម្មករនិយោជិតជួបគ្រោះថ្នាក់ការងារនិងគ្រោះថ្នាក់ចរាចរណ៍ទាំងប្រុស និងទាំងស្រីសរុប ១៤ ៣១២ នាក់។
កំពុងដេកក្នុងអង្រឹងដែលខ្សែម្ខាងចងនឹងចង្រឹងទ្រុងដែកផ្សាភ្ជាប់នឹងរថយន្តក្រោមម្លប់ដើមស្នាយ ១ ដើម ជាមួយនឹងចំហាយកម្តៅពេលថ្ងៃត្រង់ គឺលោក សុខខៃ ប្រសើរ អ្នកបើករថយន្តដឹកកម្មករកាត់ដេរក្នុងចំណោមអ្នកបើកបរ ៤ នាក់ផ្សេងទៀត។
អំឡុងពេលកំពុងរង់ចាំដល់ពេលល្ងាចដើម្បីប្រមូលដឹកកម្មករទៅលំនៅឋានវិញនោះលោក សុខខៃ ប្រសើរ បាននិយាយថា លោកបានប្រកបមុខរបរជាអ្នកបើករថយន្តដឹកកម្មករកាត់ដេររយៈពេល ៧ ឆ្នាំមកហើយ ហើយរថយន្តចំណុះ ២ តោនកន្លះ ១ គ្រឿងនេះ គឺលោកបានពីការខ្ចីពីធនាគារចំនួន ១៥ ០០០ ដុល្លារ។ ប៉ុន្តែការធ្វើជំនួញជាមួយបងប្អូនកម្មករកាត់ដេរនេះមិនបានសល់លុយកាក់សម្រាប់ធ្វើជាអ្នកមានអីទេ។
បុរសសម្បុរស្រអែមមកពីភូមិ ត្រពាំងឈូក ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺរូបនេះបានបន្តថា ដើម្បីឱ្យទាន់ម៉ោងចូលធ្វើការគឺលោកត្រូវក្រោកពីទៀបភ្លឺបើកដើរប្រមូលកម្មករក្នុងភូមិហើយត្រូវបន្តដំណើរជាង ២០ គីឡូម៉ែត្រទៀតទើបដល់រោងចក្រនៅកំបូល។
រីឯប្រាក់សេវាដឹក គឺលោកត្រូវយកពីបងប្អូនកម្មករក្នុងម្នាក់ៗ ៦ ម៉ឺនរៀលដែលសរុបក្នុង ១ ខែបានប្រហែល ៧៥០ ដុល្លារដែរហើយថ្វីបើ ថ្លៃសេវាដឹកមើលទៅឃើញថា បានគ្រាន់បើក៏ពិតមែនតែត្រូវចំណាយទៅវិញស្ទើរតែមិនសល់ប្រាក់ចំណេញ ៤០ ម៉ឺនរៀលផងក្នុង ១ ខែ។ម្យ៉ាងទៀតបើសមត្ថកិច្ចតម្រូវឱ្យកែពីរថយន្តដឹកទំនិញមកជារថយន្តមានកៅអីនោះក៏កាន់តែទៅមិនរួចទៀតព្រោះដឹកបានមនុស្សតិច។
លោក សុខខៃ ប្រសើរ ថ្លែងថា៖ «ប្រាក់ថ្លៃឈ្នួលដែលខ្ញុំប្រមូលបានពីកម្មករគ្រាន់តែទប់ទល់ការចំណាយទៅវិញស្ទើរមិនរួចខ្លួនផង។ខែខ្លះខ្ញុំបង់ទៅធនាគារមិនគ្រប់ផងអត់សល់អីទេហើយណាមួយប្រេងសាំងក៏ថ្លៃទៀត»។
ការប្រើរថយន្តដឹកទំនិញកែច្នៃជារថយន្តដឹកកម្មករនិយោជិតកាត់ដេរនេះក៏មន្ត្រីជំនាញនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈចាត់ជាផ្នែកមួយនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែរ។ ប៉ុន្តែត្រូវបានលោកប្រសើរប្រាប់ថា ជាញឹកញយលោកក៏ត្រូវបានខាងភាគីរោងចក្រកាត់ដេររួមទាំងអង្គការដែលធ្វើកាងារពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍អញ្ជើញលោកក៏ដូចជាអ្នកបើករថយន្តដឹកកម្មករផ្សេងទៀតចូលរួមរៀនសូត្រក្នុងរោងចក្រហើយលោកក៏យល់ដឹងខ្លះៗដែរ។
ដោយឡែកលោក ពៅ សុភា អាយុ ២៤ ឆ្នាំ ដែលត្រូវទទួលរ៉ាប់រងចិញ្ចឹមប្រពន្ធកូន ៣ នាក់ទៀតនិងមានលំនៅម្តុំភ្នំប្រសិទ្ធិ៍ ហើយក៏ជាអ្នកបើករថយន្តដឹកកម្មករមួយរូបដែរនោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមានរថយន្តប្រភេទដឹកទំនិញហើយកែច្នៃផ្សាដែកធ្វើទ្រុងសម្រាប់ដឹកកម្មករដែលក្នុង ១ រថយន្តអាចផ្ទុកមនុស្សបានប្រហែល ៥០ នាក់ ក្នុងមនុស្សម្នាក់ ត្រូវយកថ្លៃសេវាដឹក ៥ ទៅ ៦ ម៉ឺនរៀល ក្នុង ១ ខែទៅតាមទីតាំងផ្ទះជិតផ្ទះឆ្ងាយ។
លោកឱ្យដឹងបន្តថា ពាក់ព័ន្ធការប្រកាសឱ្យអ្នកបើកបររថយន្តដឹកកម្មករមកកែសម្រួលជារថយន្តប្រភេទមានកៅអីអង្គុយ នោះគឺសម្រាប់លោកផ្ទាល់មិនទាន់អាចធ្វើទៅបានទេ ព្រោះបើរៀបចំឱ្យមានកៅអីគឺដឹកបានតែ ២០ ទៅ ២៥ នាក់ប៉ុណ្ណោះដែលត្រូវបាត់អ្នកជិះអស់ពាក់កណ្តាលឯណោះហើយបើបាត់អ្នកជិះចំណូលក៏បាត់ដែរ។
លោកថ្លែងថា ការខ្ចីបុលលុយពីធនាគារជាង ១ ម៉ឺនដុល្លារមកទិញរថយន្តកូរ៉េ ១ គ្រឿងចំណុះ ២ តោនកន្លះ ដើម្បីដឹកកម្មករកាត់ដេរនិងយកលុយបានពីសេវាដឹកទៅបង់ធនាគារវិញវាត្រូវការសន្សំខ្លាំងណាស់។
លោកថ្លែងថា៖ «ទោះជាខ្ញុំដឹកមនុស្សច្រើនក្តីតែពេលបើកបរតាមផ្លូវខ្ញុំមានការប្រុងប្រយ័ត្នជានិច្ចធានាសុវត្ថិភាពដល់អ្នកជិះហើយខ្ញុំដាក់ដែកឱ្យគាត់តោងដែរហ្នឹង។បើខ្ញុំដាក់កៅអីមិនអាចទប់ទល់នឹងការចំណាយបានទេ»។
ដោយលើកឡើងទាក់ទិននឹងការជិះរថយន្តកែច្នៃនេះត្រូវបានអ្នកស្រី សាន ស្រីមុំ អាយុ ៣៨ ឆ្នាំ នៅភូមិប្រចក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា ក្នុងនាមជាកម្មករកាត់ដេរនៅរោងចក្រ ១ ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាអ្នកជិះរថយន្តដឹកកម្មករឈរដែរនោះបានចំណាយលើសេវាជិះរថយន្ត ១៣ ម៉ឺនរៀលក្នុង ១ ខែ ខណៈដែលបានប្រាក់ខែគោលត្រឹម ២០៤ ដុល្លារក្នុង ១ ខែ។
អ្នកស្រី សាន ស្រីមុំ និយាយថា៖ «ខ្ញុំជិះឡានពេលខ្លះកំពុងបើកស្រាប់តែជាន់ប្រាំងធ្វើឱ្យអ្នកជិះដួលគរលើគ្នាមានពកក្បាលនិងគ្រេចដៃជើងក៏មាន បើមានឡានជាកៅអីវិញក៏ខ្ញុំសប្បាយចិត្តដែរ»។
អ្នកស្រី សាន ស្រីមុំ ថ្លែងថា នៅក្នុងរោងចក្រកាត់ដេរដែលកំពុងធ្វើការបច្ចុប្បន្នក៏មាននគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការបានចុះទៅបង្រៀនផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់កម្មករជាញឹកញាប់ដែរ ហើយក៏បានយល់ដឹងខ្លះៗដែរស្តីពីច្បាប់ចរាចរណ៍នេះ។
សម្រាប់អ្នកជំនាញដែលធ្វើការងារជាមួយកម្មករនិយោជិតកាត់ដេរលោក អាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជាឱ្យដឹងថា ការកែប្រែបច្ចេកទេសរថយន្តដឹកកម្មករនិយោជិតកាត់ដេរនាពេលបច្ចុប្បន្ននៅមិនទាន់មានការកែប្រែច្រើននៅឡើយទេពោលគឺកម្មករនៅតែជិះរថយន្តឈរប្រជ្រៀតគ្នាដដែល។ រីឯអ្នកបើកបររថយន្តដឹកកម្មករវិញដែលអ្នកខ្លះគ្មានជំនាញបើកបរចេះបើកបរតាមគ្នាគ្មានការបណ្តុះបណ្តាលពីសាលាជំនាញបើកបរត្រឹមត្រូវហើយអ្នកខ្លះក៏បើកបរក្នុងស្ថានភាពស្រវឹងដែរចំពោះបញ្ហាកែប្រែរថយន្តដឹកកម្មករនេះ គឺខាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) រួមនឹងស្ថាប័នពាក់ព័ន្ធបានជជែកគ្នាច្រើនលើកមកហើយថានឹងគួររៀបចំជារថយន្តក្រុងឬរថយន្តកែច្នៃដែលមានបច្ចេកទេសត្រឹមត្រូវតែនៅមិនទាន់មានក្រុមហ៊ុនណាមួយធ្វើវិនិយោគនៅឡើយទេ។
លោកបញ្ជាក់ថា៖ «រឿងនេះវាអាចពាក់ព័ន្ធនឹងការចំណាយព្រោះបច្ចុប្បន្ននេះកម្មករចំណាយតិចលើសេវាជិះរថយន្តរួម។ប៉ុន្តែបើរថយន្តថ្មីជិះបានគ្នាតិចជាងមុនហើយវាអាចខាងក្រុមហ៊ុនចេញថ្លៃធ្វើដំណើរបន្ថែមឬក៏រដ្ឋអាចជួយផ្នែកណាមួយអ៊ីចឹងទៅហើយក្រុមហ៊ុនកំពុងតែពិបាកហើយបើបន្ថែមចំណាយទៀតក៏ជាបញ្ហាដែរ»។ «តាមពិតទៅរឿងរថយន្តដឹកកម្មករដូចជាមិនទាន់មានការកែលម្អអីទេព្រោះឥឡូវនៅប្រើរថយន្តចាស់កែច្នៃខុសស្តង់ដាបច្ចេកទេសនិងប្រើរឺម៉កចាស់ដដែល។អ្វីដែលជាផែនការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជា (ប.ស.ស) រួមនឹងសហជីពធ្លាប់ជជែកគ្នានោះគឺគេចង់ឱ្យមានរថយន្តថ្មីឬរថយន្តកែច្នៃតាមបច្ចេកទេសតែនៅតែដដែលនៅឡើយ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាឱ្យដឹងថា កន្លងទៅខាងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធបានខិតខំជំរុញឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនទាន់បានកំណត់ជាលក្ខណៈផ្លូវច្បាប់ឱ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរនោះជាយ៉ាងម៉េចទេ?
លោកថ្លែងថា៖ «សម្រាប់រថយន្តបច្ចុប្បន្នដែលជាប្រភេទរថយន្តដឹកទំនិញហើយបានកែច្នៃជារថយន្តដឹកកម្មករនេះ បើនិយាយតាមមាត្រាច្បាប់តែម្តងគឺច្បាប់ហាមឃាត់ការ ប្រើប្រាស់ប្រភេទរថយន្តដឹក ទំនិញទៅដឹកមនុស្ស។ អ៊ីចឹងនិយាយដោយខ្លីទៅរថយន្តដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ ១ ភាគធំដែលបច្ចុប្បន្នមានប្រហែលជា ៦០ ភាគរយហ្នឹងគឺជាប្រភេទរថយន្តដែលប្រើប្រាស់ខុសច្បាប់»។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានជាអង្គការមូលនិធិបង្ការរបួសអាស៊ីបានខិតខំជំរុញដល់ស្ថាប័នរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធដើម្បីពិនិត្យមើលលទ្ធភាពនៅក្នុងការជំរុញការប្រើប្រាស់ប្រភេទរថយន្តដឹកអ្នកដំណើរដូចជារថយន្ត ១៥ កៅអី ៣៥ ឬ ៤០ កៅអីជាដើមដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនមនុស្សសម្រាប់ដឹកជញ្ជូនអ្នកដំណើរហ្នឹងសម្រាប់ផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត»។
លោកបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយការយល់ដឹងរបស់អ្នកបើកបររថយន្តដឹកកម្មករមួយចំនួនគាត់មិនបានដឹងថាគាត់ប្រើប្រាស់រថយន្តប្រភេទខុសច្បាប់ទេ? គាត់ឃើញគេទិញដឹកកម្មករបានគាត់ក៏ទិញយកមកដឹកដែរ ដោយកម្មករខ្លួនឯងដែលពេលខ្លះគាត់ចង់បានសេវាដឹកជញ្ជូនធូរថ្លៃ។
លោកថ្លែងថា អ្នកបើកបររថយន្តដឹកកម្មករពី ៦០ ទៅ ៨០ ភាគរយបានទៅរកកម្ចី ដើម្បីទិញរថយន្តហើយកម្ចីនោះមានអត្រាការប្រាក់ខ្ពស់មានចន្លោះពីជាង ១០ ទៅជិត ២០ ភាគរយ ដូច្នេះក្នុង ១ ខែៗត្រូវចំណាយខ្ពស់ ស្របពេលដែលការទទួលបានសេវាដឹកជញ្ជូននៅទាបដែលមិនទាន់អាចផ្លាស់ប្តូររថយន្តកៅអីមានផាសុកភាពបាន។
លោក បញ្ញា បញ្ជាក់ថា ដើម្បីឱ្យមានរថយន្តដឹកកម្មករមានសុវត្ថិភាពបានត្រូវពិនិត្យរកវិធីជួយអ្នកបើកបរឱ្យគាត់មានលទ្ធភាពទៅទិញរថយន្តដឹកអ្នកដំណើរក្នុងអត្រាការប្រាក់ទាបពី ៥ ទៅ ៦ ភាគរយក្នុង ១ ឆ្នាំ។ ឱ្យអ្នកបើកបរមានចំណូលតាមរយៈដំឡើងប្រាក់ឈ្នួលថ្លៃដឹកកម្មករឬភាគីរោងចក្រជួលគាត់តែម្តងឬយកគាត់ធ្វើជាបុគ្គលិកតែម្តងដើម្បីគាត់មានចំណូលបន្ថែមយកទៅបង់ការប្រាក់និងពិនិត្យលើកត្តាផ្លូវ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្មករជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍ពេញ ១ ឆ្នាំ ២០២៣ មានជនរងគ្រោះសរុប ១៤ ៣១២ នាក់។ឆ្នាំ ២០២២ មានកម្មករជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍សរុបចំនួនប្រមាណ ១៤ ៩១៦ នាក់៕