ភ្នំពេញៈ ជាមួយនឹងចំនួនប្រជាជនអាស៊ី រួមទាំងប្រជាជនខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក ក្រុមហ៊ុននាំចេញអង្ករកម្ពុជាជាច្រើនបានសម្លឹងឃើញឱកាសទីផ្សារដ៏មានសក្តានុពលសម្រាប់នាំចេញអង្ករទៅទីនោះ។
កាលពីថ្ងៃទី ២០ ខែមករា Amru Rice(Cambodia) ដែលជាក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ និងនាំចេញអង្ករឈានមុខគេមួយរបស់កម្ពុជា បាននាំចេញអង្ករក្រអូបប្រភេទអង្ករផ្កាម្លិះប្រណីតជាច្រើនតោនទៅលក់នៅគ្រប់ទីតាំងទាំងអស់នៃផ្សារទំនើប Shun Fat ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) លោក សុង សារ៉ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមហ៊ុនលោកបាននាំចេញអង្ករលើកដំបូងចំនួន ៤០ តោន ឬ ២ កុងតឺន័រ ដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទីតាំងផ្សារទំនើប Shun Fat ដែលជាទីផ្សារធំមួយក្នុងចំណោមទីផ្សារអាស៊ីជាច្រើននៅទីនោះ ខណៈតម្រូវការអង្ករប្រណីតមានចំនួនច្រើន។
លោកថ្លែងថា៖ «យើងទើបដឹកជញ្ជូនអង្ករក្រអូបប្រណីតរបស់យើងចំនួនតិចតួចទៅផ្គត់ផ្គង់នៅគ្រប់ទីតាំងផ្សារទំនើប Shun Fat ដើម្បីបម្រើប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនអាស៊ីដែលកំពុងរស់នៅអាមេរិក រួមទាំងប្រជាជនអាមេរិកបានភ្លក្សរសជាតិអង្ករប្រណីតយើងផងដែរ។ តាមព័ត៌មានដែលខ្ញុំទទួលបានពេលនេះ គឺអង្កររបស់យើងទាំងអស់នៅផ្សារទំនើបត្រូវបានលក់អស់ហើយ។ នេះគឺជាសញ្ញាមួយល្អណាស់»។
លោកលើកឡើងថា៖ «ខ្ញុំនឹងនាំចេញជាថ្មីដែលមានចំនួនពី ៤ ទៅ ៥ កុងតឺន័រក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីបម្រើតម្រូវការខ្ពស់នៅទីនោះ»។
ការនាំចេញបរិមាណបច្ចុប្បន្ននៅតែមានកម្រិតទាប ប៉ុន្តែសក្តានុពលធំ
លោក ឡាយ ឈុនហួរ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd បានប្រាប់ឱ្យដឹងផងដែរថា ប្រទេសអាមេរិក គឺជាអតិថិជនអង្ករក្រអូបឈានមុខគេ និងមានសក្តានុពលសម្រាប់កម្ពុជាក្នុងការទាញយកប្រយោជន៍ និងពង្រីកការនាំចេញ ខណៈដែលប្រទេសជិតខាងនានា ដូចជាប្រទេសថៃ កំពុងនាំចេញក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំទៅទីនោះ។
លោកបន្តថា៖ «តាមការសង្កេតរបស់ខ្ញុំ អាមេរិកជាទីផ្សារដ៏ធំមួយដែលមានប្រជាជនកម្ពុជា និងប្រជាជនអាស៊ីរស់នៅទីនោះច្រើន។ បើយើងប្រៀបធៀបនឹងអឺរ៉ុប អាមេរិកជាកន្លែងដែលប្រជាជនកម្ពុជា និងជនជាតិអាស៊ីរស់នៅច្រើនជាងគេ។ ការណ៍នេះបញ្ជាក់ថាយើងមានទីផ្សារកាន់តែធំសម្រាប់អង្កររបស់យើងនៅទីនោះ។ ប៉ុន្តែតម្រូវការទីផ្សារភាគច្រើនគឺអង្ករក្រអូប»។
យោងតាមលោក ឈុនហួរ ក្រុមហ៊ុនរបស់លោកបាននាំចេញអង្ករប្រហែលពី ២០-៣០ កុងតឺន័រ ក្នុង ១ ឆ្នាំទៅកាន់ទីផ្សារអាមេរិក ដោយសារតែកម្ពុជាមិនទាន់បានធ្វើការផ្សព្វផ្សាយទូលំទូលាយនៅទីនោះ។
លោកបានបន្ថែមថា៖ «តាមពិតទៅ យើងចាំបាច់ត្រូវធ្វើសកម្មភាពពាណិជ្ជកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់អង្កររបស់យើងដល់អ្នកប្រើប្រាស់ ហើយក្រុមហ៊ុន នាំចេញផ្សេងទៀតត្រូវរួមគ្នា ដើម្បីលើកកម្ពស់ការនាំចេញ»។
ទស្សនៈវិស័យជំរុញការនាំចេញ
លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹង នាពេលកន្លងមកកម្ពុជាធ្លាប់បាននាំចេញអង្ករប្រណីតទៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែក្នុងបរិមាណតិច គឺមិនទាន់ពង្រីកចូលទៅទីផ្សារនេះបានច្រើនទេ។
លោកបញ្ជាក់ថា ថ្មីៗនេះក្រុមហ៊ុន Amru Rice (Cambodia) កំពុងនាំចេញទៅកាន់ទីផ្សារអាស៊ីឈានមុខគេមួយក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដោយមានការគាំទ្រពីស្ថានអគ្គកុងស៊ុល និងតំណាងសភាពាណិជ្ជកម្មនៅទីនោះ ដើម្បីជួយសម្រួលដល់ការនាំចេញ។
លោកបញ្ជាក់ថា៖ «វាជាមោទនភាពជាតិក្នុងវិស័យស្រូវអង្កររបស់យើង ការណ៍ដែលយើងពង្រីកការនាំចេញទៅអាមេរិក។ ខ្ញុំក៏សូមជម្រាបជូនថា អាមេរិកគឺជាទីផ្សារធំមួយសម្រាប់អង្ករក្រអូប ព្រោះប្រទេសនេះនាំចូលអង្ករក្រអូបពីប្រទេសថៃប្រមាណ ៦០ ម៉ឺនតោនក្នុង ១ ឆ្នាំ។ ដូច្នេះអាមេរិក គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់យើង ដូច្នេះអាមេរិក គឺជាទីផ្សារថ្មីមួយសម្រាប់កម្ពុជា ដែលទាមទារឱ្យមានសកម្មភាពផ្សព្វផ្សាយ និងទីផ្សារកាន់តែទូលំទូលាយ ហើយថែមទាំងតម្រូវឱ្យយើងយល់ដឹងពីតម្រូវការជាក់ស្តែង និងលក្ខខណ្ឌផ្លូវច្បាប់ផ្សេងៗទៀតនៃការនាំចូលនៅទីនោះផងដែរ»។
លោកថ្លែងថា៖ «សម្រាប់សហព័ន្ធស្រូវអង្ករ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើនាពេលកន្លងមកនៅលើទីផ្សារអាមេរិក ហើយយើងក៏សង្ឃឹមថា យើងនឹងមានក្រុមហ៊ុននាំចេញកាន់តែច្រើនដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារនេះផងដែរ»។
យោងតាមលោក សារ៉ន ជាមួយនឹងតម្រូវការខ្ពស់អង្ករក្រអូបប្រណីតនៅទីផ្សារអាមេរិក លោកគ្រោងនឹងបង្កើនការផ្គត់ផ្គង់របស់លោក ដើម្បីដណ្តើមចំណែកទីផ្សារនៅទីនោះ។
លោកបន្ថែមថា៖ «តាមពិតពួកគេចង់បានអង្ករប្រភេទប្រណីតនេះច្រើនពីកម្ពុជាយើង គឺគេចង់នាំចូលរាប់ម៉ឺនតោនពីយើង។ ប៉ុន្តែយើងមិនមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដល់ពួកគេទេនាពេលនេះ»។
លោកប្រាប់ទៀតថា លោកគ្រោងនឹងបង្កើនការផ្គត់ផ្គង់បន្ថែមទៀតក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
យោងតាមទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោនទៅទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០២៣ កើនឡើង ៣ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ការនាំចេញនេះ ទទួលបានប្រាក់ចំណូលចំនួន ៤៦៦ លានដុល្លារកើនឡើង ១៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ អង្ករកម្ពុជាត្រូវបាននាំចេញទៅ ៦១ ប្រទេសនិងដែនដីតាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣៕