​បាត់ដំបង​: ស្ថិតនៅលើ​មហា​បឹង​ទន្លេសាប តំបន់​ព្រែក​ទាល់​នៃ​ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ជា​ភូមិឋាន​បណ្ដែត​ទឹក​បង្ហាញ​ភាព​វិសេស​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។ នៅ​តំបន់​សមុទ្រ​ទឹកសាប​នេះ ចំពោះ​លទ្ធភាព​ទទួលបាន​ការ​អប់រំ​សម្រាប់​កុមារ​តូចៗ ពួកគេ​ត្រូវ​បញ្ជា​ចង្កូតទូក​ទៅកាន់​សាលារៀន​ដោយ​ខ្លួនឯង​។​

​នាពេល​ព្រឹក​ព្រលឹម កុមារ​អាយុ​ត្រឹម ៦-៧​​ ឆ្នាំ ចេះ​ជំនាញ​បើកទូក​កាណូត​យ៉ាង​ប៉ិនប្រសព្វ ជា​ទម្លាប់​ដែល​ពួកគេ​តែងតែ​អនុវត្ដ​រៀងរាល់ថ្ងៃ​។ កុមារី ម៉ាប់ ស្រី​និ​ច បាន​នាំ​ប្អូន​ ២​ នាក់​ទៀត បញ្ឆេះ​ម៉ាស៊ីន​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទូក​ស្មាច់​តូច ចេញដំណើរ​ពី​ផ្ទះ​ឆ្ពោះទៅកាន់​សាលារៀន​។​

​ស្រី​និ​ច​អាយុ ១៤ ឆ្នាំ មិនបាន​ទៅ​រៀន​ដូច​សព្វដង​នោះទេ នៅ​ថ្ងៃ​សៅរ៍ សិស្ស​រៀន​ថ្នាក់​ទី៤ រូបនេះ ជាមួយ​សិស្សានុសិស្ស​ផ្សេងទៀត​មាន​ភារកិច្ច​សម្អាត​ថ្នាក់រៀន​។ កុមារ​រស់នៅ​ភូមិ​បណ្ដែត​ទឹក​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ រូបនេះ​បាន​និយាយថា ខ្លួន​បាន​បើកទូក​ម៉ាស៊ីន​ដោយ​ខ្លួនឯង និង​ពេលខ្លះ​ខកខាន​មិនបាន​ទៅ​សាលា​​រៀន ដោយសារតែ​គ្មាន​ម​ធ្យោ​បាយ​ធ្វើដំណើរ ពេល​ឪពុកម្ដាយ​មានធុរៈ​ប្រើប្រាស់​ទូក​។ យ៉ាងណាក្តី ស្រី​និ​ច បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ភាគច្រើន​មិនបាន​រៀន​ដោយសារ​ជីវភាព​ក្រីក្រ គ្មាន​ទូក​ជិះ​មក​រៀន ខ្វះ​សម្ភារ​»​។​

​នៅ​សហគម​បណ្ដែត​ទឹក មិន​សុទ្ធតែ​មានគ្រួសារ​មានលទ្ធភាព​ទិញ​ទូក​សម្រាប់​ជា​ជល​ជំនិះ​ឱ្យ​កូនៗ​ជិះ​មក​រៀន​នោះទេ ដោយ​គ្រួសារ​ជួប​នូវ​បញ្ហាលំបាក​ដើម្បីឱ្យ​កូនៗ​ទទួលបាន​នូវ​ការអប់រំ​។​

​ការផ្ដោត​សំខាន់​លើ​ការអប់រំ​ គឺជា​គោលដៅ​ចាំបាច់​របស់​សហ​គម​ន៍​ក្នុងការ​ប្រែក្លាយ​ជីវភាព ដោយ​អ្នកផ្ដល់​ការអប់រំ និង​ជន​គំរូ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កុមារ​នៅក្នុង​សហ​គម​ន៍​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ​មិន​គ្រាន់តែ​អំពី​ការផ្សារភ្ជាប់​ចម្ងាយ​ផ្លូវកាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​អំពី​ការបង្កើន​សក្តានុពល​និង​ការបង្កើត​អនាគត​ដោយ​សង្កត់ធ្ងន់​លើ​ការអប់រំ​ដែល​អាច​ផ្លាស់​ប្តូរជីវិត​នៅក្នុង​សហគមន៍​ដូចជា​ព្រែក​ទាល់​។​

​អ្នកគ្រូ កៃ ស្រី​សុខ ជា​គ្រូ​ទើប​ចេញមក​បង្រៀន​នៅ​ឆ្នាំ​ទី​១​ ក្រោយពី​សិក្សា​ផ្នែក​គរុកោសល្យ​រយៈ​​ពេល ​៤ ​ឆ្នាំ នៅ​ក្រុង​សៀមរាប បាន​និយាយថា កុមារ​នៅទីនេះ រស់នៅ​ដាច់ស្រយាល​ពី​ទីប្រជុំជន​ផង និង​កត្ដា​ជីវភាព​ផង ដែល​ធ្វើឱ្យ​ពួកគេ​ជាច្រើន​មិនអាច​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី១២​ នោះទេ​។​

​ដោយ​បញ្ហា​ខ្វះ​គ្រូបង្រៀន និង​សមត្ថភាព​នៃ​ការអាន​អក្សរ​ខ្មែរ​របស់​កុមារ​នៅ​ភូមិ​បណ្ដែត​ទឹក​នៅមានកម្រិត​ទាប​ខ្លាំង​ធ្វើឱ្យ​កញ្ញា​ ស្រី​សុខ​ ចាប់អារម្មណ៍​ចាប់យក​ជំនាញ​គ្រូបង្រៀន​នៅក្នុង​សហគមន៍​របស់ខ្លួន​។

អ្នកគ្រូដែល​ទទួល​ជំនួយ​សិក្សា​ពី​អង្គការ​គាំទ្រ​ដោយ​សមាគម​សាសនា​កាតូលិក​ឱ្យដឹងថា កញ្ញា​មានគំនិត​ចង់​ធ្វើជា​គ្រូបង្រៀន​នៅ​សហគមន៍​នេះ​តាំងពី​រៀន​ថ្នាក់​ទី៦ នៅ​ថ្នាក់​អនុវិទ្យាល័យ ផ្នែក​ផែនដី និង​ជីវវិទ្យា​។ តែ​លទ្ធផល​នៃ​ការប្រឡង ជាប់​ត្រឹម​គ្រូ​បឋម​។​

​កញ្ញា​ ស្រី​សុខ ប្រាប់ ​ភ្នំពេញ​​ ប៉ុស្ដិ៍​ថា​៖ «​ក្មេងៗ​នៅទីនេះ​ជួនកាល​មក​រៀន​ជួនកាល​អត់​។ ពេល​សួរ​ទៅ ពួកគេ​និយាយថា អត់​មាន​មធ្យោបាយ​ធ្វើដំណើរ​។ ឪពុកម្ដាយ​ត្រូវ​ទៅ​រាយ​មង នេសាទ​ត្រី​។ ខ្ញុំ​តែងតែ​ផ្ដែផ្ដាំ​ដល់​កុមារ​មាន​ទូក​ជិះ​ជួយ​ចូល​យក​មិ​ត្ដ​ភក្ដិ​បានមក​រៀន​ផង​»​។​

​លោក ​វន ពិសី នាយក​សាលាបឋមសិក្សា​ព្រែក​ទាល់ ស្ថិតក្នុង​ភូមិ​ព្រែក​ទាល់ បានឱ្យដឹងថា បច្ចុប្បន្ននេះ សិស្ស​សរុប ២៨០ នាក់ និង​ស្រី ១៣២ នាក់​។​

​នាយក​សាលា​ដែល​ខិតខំ​អភិ​​វ​ឌ្ឍ​សាលាបឋមសិក្សា​តាំងពី​នៅ​ជា​ផ្ទះ​បណ្ដែត​ក្បូន​រហូតដល់​បាន​អគារ​ពី​សប្បុរសជន​ខ្ពស់​ផុតពី​ផ្ទៃ​ទឹក​រដូវវស្សា​ក្នុង​ឆ្នាំ ​២០១៩ បាន​គ្រប់គ្រង​សាលារៀន​នេះ​តាំងពី​ឆ្នាំ​ ២០១០​។

លោក​ឱ្យដឹងថា​៖ «​ក្រៅពី​ការចូលរួម​បង្កើត​សមិទ្ធផល​អគារ​សាលា ខ្ញុំ​មាន​មោទនភាព​ចំពោះ​សហគមន៍​ដែលមាន​អ្នកគ្រូ​ជា​អតីត​សិស្ស​នៅទីនេះ​បានមក​ចូលរួម​អភិវឌ្ឍ​សហគមន៍​តាមរយៈ​ការខិតខំ​ប្រឹង​​ប្រែង​ប្រឡង​ចូល​ក្របខ័ណ្ឌ និង​ខ្លះទៀត​បង្រៀន​ក្នុងនាម​ជា​គ្រូ​ជាប់ កិច្ចសន្យា​»​។​

​លោក​មាន​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា បើ​អាច សូមឱ្យ​អ្នកគ្រូ​ស្ម័គ្រចិត្ដ​បង្រៀន​ជាច្រើន​ឆ្នាំ និង​ជា​អ្នក​នៅក្នុង​សហគមន៍​ស្រាប់ ឱ្យ​ពួក​គេ​បាន​ចូល​ក្របខ័ណ្ឌ​រដ្ឋ​។ បើតាម​លោក​ពិសី បច្ចុប្បន្ននេះ​គ្រូ​ទាំង​មាន​ក្របខ័ណ្ឌ គ្រូ​ជាប់កិច្ចសន្យា និង​បណ្ណារក្ស​ស្ម័គ្រចិត្ដ​មាន​ចំនួន​ ៨ នាក់ សុទ្ធតែ​ស្ដ្រី​។​

​ការជួយ​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​រាប់បញ្ចូល​ទាំង​ភូមិ​បណ្តែត​ទឹក ​គឺជា​កម្មវិធី​ជំនួយការ​អប់រំ​ដែល​អង្គការ​អេ​ដ អេ អាក​ស្យុ​ង (AEA)​ បាននិងកំពុង​អនុវត្ត​។ AEA ​ជា​អង្គការ​អន្តរជាតិ​មួយ​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​នៅ​តំបន់​ក្រី​​ក្រ​របស់​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​នេះ​។​

​គម្រោង​សំខាន់ៗ​រួមមាន​ការបង្កើត​ប​ណ្ណា​ល័យ​នៅ​សាលាបឋមសិក្សា​កោះ​ជី​វាំង​ក្នុង​ខេត្តបាត់ដំបង​។ គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹង​​ប្រែង​យ៉ាង​ទូលំទូលាយ​ក្នុងការ​លើកកម្ពស់​អក្ខរកម្ម​និង​ធនធាន​អប់រំ​នៅក្នុង​សហគមន៍​ទំនាប​លិច​ទឹក​នៃ​បឹង​ទន្លេសាប​។​

​ជាមួយ​សៀវភៅ​អ៊ី​ន​ធឺ​ណិ​ត​និង​ទូរទស្សន៍​ឆ្លាត​វៃ​បណ្ណាល័យ​បម្រើ​ជា​ធនធាន​អប់រំ​ដ៏​សំខាន់​ជាពិសេស​នៅក្នុង​ទីតាំង​ដាច់ស្រយាល​និង​តំបន់​លិច​ទឹក​។ កាលពី​ថ្ងៃទី ២០​ ខែមករា​លោក​វ៉ន សំភាស់ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Aide et Action (AEA) បានឱ្យដឹងថា ទិវា​អប់រំ​អន្ដរជាតិ ទើបត្រូវ​បានអនុម័ត​ប្រារព្ធ​ឡើងជា​លើក​ទី៦  ហើយ​នៅ​ថ្ងៃទី ២៤ ខែមករា ពិភពលោក​ទាំងមូល​រៀបចំ​ទិវា​នេះ​។​

​អង្គការ​បាន​ផ្តល់ជំនួយ​ដល់​សិស្ស​ក្រីក្រ​ជាង​ ១០០ សាលា នៅ​ទូទាំងប្រទេស ដែល​ផ្ដល់​អា​ហា​រូប​ត្ថ​ម្ភ​ជាង​ ១០០០​ ចាន​ក្នុង​មួយថ្ងៃ ផ្ដល់​ទូក​ជាង ២០ គ្រឿង បណ្ណាល័យ​ចល័ត បណ្ណាល័យ​ឌីជីថល អគ្គិសនី​សូ​ឡា ក៏ដូចជា ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​គ្រូ​មតេយ្យ​ជាង ៤០ នាក់​ជួសជុល​ថ្នាក់រៀន ផ្ដល់ប្រាក់​ឧបត្ថម្ភ ហើយ​ចំពោះ​សាលាបឋមសិក្សា អង្គ​ការផ្ដល់​អាហារូបករណ៍​ដល់​កុមារ​ក្រីក្រ សម្ភារ​សិក្សា​ផ្សេងៗ​។​

​លោក​ សំភាស់ នាយក​អង្គការ AEA ប្រចាំ​កម្ពុជា ថ្លែងថា​៖«​ក្រោយ​វិ​បត្ដ​កូ​វីដ ​១៩ មាន​កុមារ​ប្រមាណ ៨០០ នាក់ ខណៈ​សិស្ស​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​មាន​ប្រមាណ ៨០ នាក់ ទទួល​ការសិក្សា​បំប៉ន​ដើម្បី​សមា​រណកម្ម​ក្រោយ​កុមារ​ខកខាន​ការសិក្សា​ជាង​ ២​ ឆ្នាំ​»​។​

​បញ្ហា​ប្រឈម​របស់​កុមារ​ក្រីក្រ​នៅលើ​បឹង​ទន្លេសាប​

​ស្របតាម​បេសកកម្ម​ជា​សកល​របស់​ពួកគេ ​(AEA) សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ​ដើម្បី​បង្កើត​ជម្រើស​នៃ​ការអប់រំ​និង​កែលម្អ​លទ្ធភាព​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាជន​ដែល​មិន​រាប់បញ្ចូល​។ អង្គការ និង​ដៃគូ​បានចាប់ផ្តើម​គម្រោង​ផ្តល់​ការអប់រំ​កុមារ​តូច ដល់​កុមារ​ជាង​ ១៣ ០០០​ នាក់​នៅក្នុង​ភូមិ​បណ្តែត​ទឹក​ចំនួន ​១៣៧​ នៅតាម​ដង​ទន្លេសាប​និង​បឹង​ទន្លេសាប​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ពិសេស​នៅក្នុង​សហគមន៍​បណ្តែត​ទឹក​របស់​កម្ពុជា​។​

​លោក សំភាស់ បាន​កោត​សរ​សើរ​ចំពោះ​អ្នកគ្រូ​លោកគ្រូ​ទាំង​មាន​ក្របខ័ណ្ឌ ជាប់កិច្ចសន្យា​និង​ស្ម័គ្រចិត្ដ​ដែល​លះបង់​កម្លាំងកាយ​ចិ​ត្ដ​ក្នុង​ការផ្ដល់​ការអប់រំ​ដល់​កុមារ​នៅលើ​ភូមិ​បណ្ដែត​ទឹក​តាំងពី​កវែកកឆ្នាំង​រហូតដល់​មានការ​អភិវឌ្ឍ​អគារសិក្សា និង​រចនាសម្ព័ន្ធ​នានា​។​

​ទោះបីជា​កុមារ​នៅ​ភូមិ​បណ្ដែត​​ទឹក​មាន​ជីវភាព​ខ្វះខាត​ច្រើន​យ៉ាងណាក្តី ក៏​លោក​សំភាស់ មើលឃើញថា កុមារ​នៅតាម​ជាយ​ដែន​នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី​មានការ​លំបាក​ជាង​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ពួកគេ​រស់នៅ​រាយប៉ាយ​ឆ្ងាយ​ពីគ្នា ដែល​ពិបាក​ធ្វើការ​កៀរគរ​មក​ទទួល​ការអប់រំ ខណៈ​ភូមិ​បណ្ដែត​ទឹកជា​លំនៅឋាន​ប្រ
​មូល​ផ្ដុំ​ក្បែរ​សាលារៀន​»​។​

​លោក​បន្ដថា តួ​អង្គជា​បុគ្គល​គំរូ​ពិតជា​ដើរតួ​សំខាន់​ក្នុងការ​ទាក់ទាញ​ឱ្យ​កុមារ​ខិតខំ​យក​គំរូ​តាម​។ ជាក់ស្ដែង អ្នកស្រី ចាន់​និមល ដែល​ខិតខំ​តស៊ូ​ពុះពារ​សិក្សា​ដើម្បី​ស្វែងរក​ពន្លឺជីវិត​ថ្មី​ពី វិស័យ​អប់រំ​។ AEA បានទទួល​​ស្គាល់​ពី​តម្លៃ​នៃ​រឿងរ៉ាវ​ជីវិត​របស់​អ្នកស្រី​ហើយ​បានរៀបចំ​ការ​ចែកចាយ​សៀវភៅ​របស់​អ្នកស្រី​ដល់​កុមារ​ចំនួន​ ៥​ ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស​ដោយ​សង្ឃឹម​ថា​ជាការ​បំផុសគំនិត​និង​លើក​ទឹក​​ចិត្ត​ពួកគេ​ឱ្យ​ផ្តល់​អាទិភាព​ដល់​ការរៀនសូត្រ​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​។​

​អានុភាព​នៃ​ការអប់រំ​

​ដើម្បី​អបអរ​ទិវា​អប់រំ​អន្ដរជាតិ​ជាមួយ​អង្គការ AEA អ្នកស្រី ប៊ុន ចាន់​និមល អគ្គនាយក និង​ស្ថាបនិក Sastra Film បាន​ថ្លែង​ពី​គំរូ​ជោគជ័យ​របស់ខ្លួន​ដល់​កុមារ​ក្នុង​សហគម​ក្រីក្រ​ដើម្បីឱ្យ​ពួកគេ​ផ្ដល់​អាទិភាព​ចម្បង​លើ​ការអប់រំ​ជាជាង​ការប្រញាប់​ចេញ​រកប្រាក់​។​

​អ្នកស្រី ប៊ុន ចាន់​និមល បាន​រំឭកថា ដោយមាន​ការលើក​ទឹក​ចិ​ត្ដ​តាមរយៈ​ការអាន​រឿង​ពី​សំណាក់​និស្សិត​ជនជាតិ​ជប៉ុន អ្នកស្រី ក៏ដូចជា​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ក្រុង​ប៉ោយ​​ប៉ែត​នាពេល​បច្ចុប្បន្ន មាន​អារ​ម្ម​​ណ៍​ភ្ញាក់ខ្លួន និង​តាំងចិត្ដ​ខិតខំ​ប្រឹងប្រែង​សិក្សា​។ ជា​គំរូ​ដល់​កុមារ​នៅ​ភូមិឋាន​ដាច់ស្រយាល អ្នកស្រី​ចាន់​និមល ជា​ម្ចាស់​ផលិត Sastra Film បាន​លើកឡើងថា​៖ «​ដើម្បី​ការសិក្សា​ខ្ញុំ​សុខ​ចិ​ត្ដ​ស្នាក់នៅ​ក្នុង​វត្ដ និង​ពុះពារ​ឧ​ប​សគ្គ​ជាច្រើន​ទៀត​។ នៅពេល​ខ្ញុំ​រៀន​ចប់ ធ្វើ​ការងារ និង​បង្កើត​ក្រុមហ៊ុន​ដ៏​ជោគជ័យ ជីវភាព​ខ្ញុំ​ផ្លាស់ប្ដូរ​ខ្ញុំ​ចង់​ចែករំលែក​ហេតុ​ផល​ដ៏​ចាំបាច់​នៃ​ការរៀនសូត្រ​»​។​

​ដូច្នេះ អ្នកស្រីបាន​ចងក្រង​ពី​ជីវិត​របស់​អ្នកស្រី ដោយ​ផ្ដោត​តែ​លើ​ការសិក្សា​សម្រាប់​កុមារ​អាន ដែលជា​សៀវភៅសរសេរ​មាន​រូប​ភាព និង​សំណេរ​ខ្លីៗ​។ អ្នក​ស្រី មានបំណង​ជំរុញ​ទឹក​ចិ​ត្ដ និង​កុំ​បោះបង់​ការសិក្សា​។​

​ថ្លែង​ទៅកាន់​លោកគ្រូ​អ្នកគ្រូ​ក្នុង​បន្ទប់​សាលារៀន ដែល​សង់​ខ្ពស់​ផុតពី​ដី​ប្រមាណ​ ៤ ​ម៉ែត្រ អ្នក​​ស្រី ចាន់​និមល ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ពេល​កូនៗ​បាន​អាន​សៀវភៅ​ឱ្យ​ឪពុកម្ដាយ​ពួកគាត់​ស្ដាប់ ពួក​​គាត់​នឹង​លែង​ហៅ​កូនៗ​ជួយ​ការ​​ងារ​រកលុយ ដោយ​មើលឃើញ​ពី​អនាគត​កូនៗ​ជាង​ការ​រកលុយ​ចំពោះមុខ​»​។

អ្នកស្រីឱ្យដឹងថា អ្នកស្រី​បាន​ចងក្រង​សៀវភៅ ​«​ខ្ញុំ​ត្រូវតែ​រៀន​» ​និង​បន្ដ​គាំទ្រ​បោះ​ពុម្ព​ចំនួន​ ៥ ម៉ឺន​ក្បាល​ ដោយ​អង្គ​ការ អេ​ដ អេ អាក​ស្យុ​ង ដោយ​គិតថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​សិស្សានុសិស្ស​។ «​ពេល​យើង​នៅ​ក្មេង យើង​រៀន ហើយ​ពេល​រៀន​ចប់ យើង​ប្រកប​កិច្ច​ការងារ ក៏ដូចជា​មកជួយ​អភិវឌ្ឍ​សហគមន៍​»​។​

​ការប្ដេជ្ញា​ចិ​ត្ដ​លើ​វិស័យ​អប់រំ​

​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២ គី​​ឡូ​ម៉ែត្រ​សាល​បឋមសិក្សា​ឃុំ​កោះ​ជី​វាំង មាន​សិស្ស ៣៤២​ នាក់ (​ស្រី​ ១៩៦ នាក់​) ជាមួយ​គ្រូ​ង​បង្រៀន ១០ នាក់​។​

​លោក​ខេង សំណាង​ជាប​ណ្ណា​​រក្ស​របស់​អង្គការ អេ​ដ អេ អាក​ស្យុ​ង បាន​ដំណើរ​បណ្ណាល័យ​ចល័ត កាលពីដើមឆ្នាំ​ ២០២៣​។ ដោយ​ធ្វើការ​ចល័ត​បណ្ណាល័យ​ទៅកាន់​សាលា​ចំនួន ​៦ នៃ​ឃុំ​កោះ​ជី​វាំង លោក​ សំណាង បានឱ្យដឹងថា ការអាន​ពិតជា​មាន​សារៈសំខាន់ និង​ពេញនិយម​ចំពោះ​កុមារ​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ការបង្កើត​បណ្ណាល័យ​ចល័ត​នេះ បានផ្ដល់​ជាការ​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ពួកគាត់​ចូល​ចិ​ត្ដ​ការអាន និង​ការរៀន​សូត្រ​។ យើងខ្ញុំ​មិន​ត្រឹមតែ​ផ្ដល់​សៀវភៅអាន​ប្រមាណ ៧០០ ក្បាល​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ក៏បាន​ណែនាំ​ដល់​ឪពុកម្ដាយ​កុំ​បញ្ចប់​ការសិក្សា​របស់​កូនៗ និង​នាំ​ពួក​គាត់​ទៅតាម​ផ្សារ​និង​តាម​ព្រៃ​»​។​

​ថ្វីដ្បិតតែ​ត្អូញត្អែរ​ពី​ជីវភាព​គ្រួសារ​ក្រីក្រ រួមទាំង​ស្ថានភាព​នៃ​ការធ្វើដំណើរ​លំបាក កុមារា សឿង ម៉េង​អ៊ី រៀន​ថ្នាក់​ទី៩ នៃ​វិទ្យាល័យ​កោះ​ជី​វាំង និង​កុមារី រ៉េ​ន ស្រី​ពេជ្រ រៀន​ថ្នាក់​ទី ៩ នៅតែ​បង្ហាញ​គោលដៅ​ជីវិត​។​

​កុមារី ស្រី​ពេជ្រ​ និយាយថា​៖ «​បើសិនជា​ម្ចាស់​ទូក (​ជា​មិ​ត្ដ​ភក្ដិ​រួម​ថ្នាក់​) មិន​បានមក​រៀន ខ្ញុំ​ក៏​មិនអាច​ដែរ​ដោយសារ​ខ្ញុំ​សុំ​គាត់​ជិះទូក​មកជា​មួយ​ដែរ​។ កុមារា ម៉េង​អ៊ីបាន​និយាយថា ខ្លួន​ចង់​ក្លាយជា​មគ្គុទេសក៍​ទេស​ចរណ៍​ដើម្បី​ជួយ​ទាក់ទាញ​ភ្ញៀវ​មកលេង​កម្ពុជា ជាពិសេស​តំបន់​សហគមន៍​របស់​កុមារា​រូបនេះ​។​

​កុមារា​រូបនេះ​បញ្ជាក់ថា​៖ «​ដោយសារ​ជីវភាព​មិន​ធូរធារ​ក្រៅពី​ការនេសាទ​ និង​ចិញ្ចឹម​ក្រពើ ទេសចរណ៍​តាម​សហគមន៍ ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ជុំវិញ​ពិភពលោក​បានដែរ​។​ដូច្នេះហើយ​ទើប​ខ្ញុំ​ចង់​ធ្វើជា​មគ្គុទ្ទេសក៍​ទេសចរណ៍​»៕