ភ្នំពេញៈ ក្រសួងកសិកម្មនឹងអនុវត្តកម្មវិធីនយោបាយកសិកម្មទំនើបសាកល្បង នៅសហគមន៍ក្នុងស្រុក ២ នៃខេត្តកំពង់ចាម និងកំពង់ធំ ដោយផ្តោតលើបន្លែ ស្រូវ ស្វាយចន្ទី និងម្រេច ដោយឱ្យកសិករងាកមកធ្វើកសិកម្មរួមគ្នាដែលមានស្តង់ដាដើម្បីធានាបរិមាណផ្គត់ផ្គង់ និងមានស្ថិរភាពទីផ្សារ។
សហគមន៍កសិកម្មទំនើបនេះ នឹងមានការគ្រប់គ្រងច្បាស់លាស់ មានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់មានបច្ចេកទេសផលិតត្រឹមត្រូវមានថ្លៃដើមផលិតទាប កសិផលមានគុណភាពស្តង់ដា ព្រមទាំងមានផែនការផលិតជាក់លាក់ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារបាន និងបែងចែកភាគលាភដល់សមាជិកប្រកបដោយសមធម៌។នេះបើតាមឯកសារទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងកសិកម្ម កំពុងលើកទឹកចិត្តដល់ប្រជាកសិករនៅគ្រប់បណ្តាខេត្តឱ្យងាកមកធ្វើកសិកម្មបែបទំនើបនិងស្របតាមលក្ខណៈបច្ចេកទេសវិញ ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក។ បញ្ហានេះក៏ដូចនឹងអ្វីដែលលោកឃឹមហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងដែរថា សហគមន៍កសិកម្មទំនើបនេះសង្កត់ធ្ងន់លើផ្នែកផលិតកម្មដែលធ្វើយ៉ាងណាឱ្យគុណភាពកសិផលរបស់កសិករមានលក្ខណៈស្តង់ដាហើយធ្វើឱ្យថ្លៃដើមរបស់កសិករធ្លាក់ចុះនិងធ្វើឱ្យបរិមាណផ្គត់ផ្គង់របស់ប្រជាកសិករមានស្ថិរភាព។
ចំពោះសហគមន៍ប្រភេទនេះ គឺទាមទារឱ្យកសិករយកដីឬក៏ដំណាំចម្ការធ្វើជាដើមទុន។ ក្រសួងមិនលើកទឹកចិត្តចំពោះការដាក់ជាថវិកាទេ ដោយសារតែក្រសួងចង់ធានានូវកម្រិតបរិយាបន្ននិងការបែងចែកភាគលាភជាសមធម៌ដល់សមាជិកនីមួយៗ។
លោក ឃឹម ហ្វីណង់ បានថ្លែងថា៖ «ដូច្នេះបើសិនជាយើងលើកទឹកចិត្តឱ្យកសិករយកថវិកាមកដាក់ នោះវាស្មើនឹងបើកក្រុមហ៊ុនចូលហ៊ុនគ្នារកស៊ីដូច្នោះដែរ។ ការងារនេះយើងចង់ជួយដល់អ្នកចង់ធ្វើកសិកម្មពិតប្រាកដ ហើយគាត់មានលទ្ធភាពនៅតែបន្តផលិតដដែលតែក្នុងទម្រង់រួមគ្នា និងលក់រួមគ្នាដើម្បីទទួលបានផលចំណេញរួមគ្នា»។
បើតាមលោក ឃឹម ហ្វីណង់ នៅក្នុងដំណាក់កាលសាកល្បងនេះ គឺក្រសួងកសិកម្ម ចាប់ផ្តើមពីខេត្តមួយចំនួនសិនហើយផ្តោតលើដំណាំ ៤ ប្រភេទ ដូចជា បន្លែ ស្រូវ ស្វាយចន្ទី និងម្រេច។ មិនមែនមានតែខេត្តកំពង់ចាម និងកំពង់ធំទេ ការងារនេះអាចធ្វើឡើងបានគ្រប់ទីកន្លែងសមស្រប ហើយខេត្តបាត់ដំបង ក៏នឹងមានគម្រោងសហគមន៍កសិកម្មទំនើបចាប់ផ្តើមក្នុងពេលឆាប់ៗដែរ។
ក្នុងនោះក្រសួងកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយធនាគារវីងដោយធនាគារវីងបានតម្កល់ប្រាក់ ៥ លានដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាកាប្រាក់ទាប ចន្លោះពី ៧ ទៅ ៨ ភាគរយ ក្នុង ១ ឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ។
បើទោះជាកម្មវិធីនេះទើបបង្កើតឡើងថ្មីក្តីតែសម្រាប់លោក សូត្រ ថា ដែលជាសមាជិកសហគមន៍ម្នាក់មានបទពិសោធន៍ក្នុងការងារធ្វើកសិកម្មនៅក្នុងសហគមន៍ស្រាប់ គឺលោកនឹងត្រៀមខ្លួនចូលរួមក្នុងកិច្ចដំណើរការសាកល្បងនេះ។
លោក សូត្រ ថា អាយុ ៦០ ឆ្នាំនិយាយថា លោកជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជិត ២ ពាន់នាក់ ក្នុងសហគមន៍កសិកម្មសំបូរមានជ័យស្ថិតក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹង ត្រង់ខេត្តកំពង់ចាម។
សហគមន៍មួយនេះបានចងក្រងបង្កើតឡើងតាំងពីឆ្នាំ ២០១០ ហើយសហគមន៍កសិកម្មសំបូរមានជ័យមានដំណាំស្រូវ កៅស៊ូ ស្វាយចន្ទី ចេក ម្នាស់ និងដំណាំស្លឹកច្រើនប្រភេទទៀតពិសេសដំណាំស្លឹកគ្រៃតែម្តង។ ដោយសារតែសហគមន៍មានកិច្ចដំណើរការល្អផ្នែកផលិតកសិផលរួមទាំងការផលិតពូជស្រូវសម្រាប់លក់ផងនោះទើបក្រសួងកសិកម្មជ្រើសរើសធ្វើជាសហគមន៍កសិកម្មទំនើបសាកល្បង។
បើតាមលោក សូត្រ ថា បច្ចុប្បន្នលោកមានដី ៥ ហិកតា សម្រាប់ធ្វើស្រូវនិងដាំដំណាំបន្លែស្លឹក ១ ឆ្នាំពេញ ១ ឆ្នាំតែម្តង ហើយកសិផលប្រមូលបានពីចម្ការលោកបានដឹកទៅសហគមន៍ដើម្បីឱ្យសហគមន៍លក់ឱ្យ។ ចំពោះលុយបានពីការលក់ផលដំណាំបើផាត់ការចំណាយគ្រប់បែបយ៉ាងគឺលោកអាចសល់ក្នុង ១ ខែៗជាង ១ លានរៀលដែរ។
ចំពោះក្រសួងកសិកម្មមានកម្មវិធីជួយសហគមន៍កសិកម្មសំបូរមានជ័យ ឱ្យងាកមកធ្វើកសិកម្មបែបទំនើបលោកសប្បាយចិត្ត។
លោកសូត្រ ថា និយាយថា៖ «ការធ្វើកសិកម្មរួមគ្នានេះល្អមែនទែនព្រោះក្រសួងធានារកទីផ្សារឱ្យក្រសួងមានលុយឱ្យសហគមន៍ខ្ចីធ្វើដើមទុនតែយើងមិនយកដីទៅដាក់រួមគ្នាទេ ព្រោះសហគមន៍ទិញដីរួមគ្នាបាន ១៣ ហិកតាហើយ។ យើងគ្រាន់តែធ្វើកសិកម្មរួមគ្នានៅលើដីដែលទិញរួមគ្នាតែប៉ុណ្ណោះ»។
ដោយឡែកអ្នកស្រី ថា សុខហ៊ាង អាយុ ៤៥ ឆ្នាំ បានប្រាប់ដែរថា ការសាកល្បងរបស់ក្រសួងកសិកម្មនេះបានជួយសហគមន៍ពិសេសកសិករមិនបារម្ភពីរឿងទីផ្សារ។ «ក្រសួងមានប្រាក់កម្ចីដល់សហគមន៍ហើយគាត់ចង់ឱ្យយើងធ្វើលើដីរួម ១៣ ហិកតា ក្នុងសហគមន៍តែម្តង»។
ក្រសួងកសិកម្ម ឱ្យសហគមន៍កសិកម្មសំបូរមានជ័យ ជ្រើសរើសសាកល្បងធ្វើជាសហគមន៍កសិកម្មទំនើបមួយដែលត្រូវចំណាយប្រាក់ប្រហែល ៧០ ម៉ឺនដុល្លារ លើផ្ទៃដី ១៣ ហិកតា។ ក្នុងនោះរៀបចំជាផ្ទះសំណាញ់ជាង ១០០ ខ្នង និងរកដៃគូសម្រាប់ទទួលទិញបន្លែពីសហគមន៍។ ចំពោះប្រាក់ត្រូវចំណាយ ១ ផ្នែកជាទុនមានស្រាប់ក្នុងសហគមន៍ ១ ផ្នែកទៀតខ្ចីពីក្រសួងកសិកម្ម រួមនឹងប្រាក់ក្នុងគម្រោងផ្សេងៗទៀត។
បើតាមលោកឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ បច្ចុប្បន្នសហគមន៍មានសមាជិកជិត២ពាន់គ្រួសារ និងមានផ្ទៃដីសរុបជាង ២ ពាន់ហិកតា។ ចំពោះដំណាំហូបផ្លែមានដូង ចេក ម្នាស់។
ចំណែកស្លឹកគ្រៃក្នុង ១ ថ្ងៃៗនាំចេញទៅទីផ្សារក្នុងស្រុកជាង ៣ តោន។ ចំពោះសហគមន៍កសិកម្មទំនើបដែលបង្កើតឡើងថ្មី ១ ទៀត គឺសមាជិកចាស់ដដែលហើយនឹងអាចដំណើរការដាំបន្លែក្នុងខែឧសភា ឆ្នាំ ២០២៤។ ជាជំហានដំបូងត្រូវដាំស្ពៃតឿ ខាត់ណា-ដើម ព្រោះមានក្រុមហ៊ុនក្នុងស្រុក ១ តម្រូវឱ្យដាំ។
លោក ឆេង ថុង បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា សហគមន៍កសិកម្មទំនើបនឹងទទួលបានជោគជ័យព្រោះមានក្រសួងកសិកម្មជួយហើយយើងក៏មានទីផ្សារស្រាប់ដែរ។ ម្យ៉ាងខាងក្រសួងជួយស្ទើរតែទាំងស្រុង ហើយកសិករយើងចាំតែផលិតទេ»។ ពាក់ព័ន្ធការងារសហគមន៍កសិកម្មទំនើបនេះដែរភ្នំពេញប៉ុស្តិ៍បានទូរស័ព្ទទៅលោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមដែរ តែត្រូវលោកបដិសេធធ្វើអត្ថាធិប្បាយ៕