​បាត់ដំបង​: នៅក្នុង​អាណាចក្រ​នៃ​គំនូរជីវចល​និង​សេរីភាព​ក្នុងការ​ច្នៃប្រឌិត ឆ្នាំ​ ២០២៣ គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ស្ទូ​ឌី​យោ​គំនិត​ច្នៃប្រឌិត​កម្ពុជា​ហ្វារ (PCS) ជា​សហគ្រាស​សង្គម​រប​ស់​កម្ពុជា ​ដែល​អភិវឌ្ឍ​លើ​វិស័យ​សិល្បៈ​គំនូរជីវចល​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ច្នៃប្រឌិត​។​

(PCS) បានទទួល​ដំណឹង​ល្អ​ពី​ការជ្រើសរើស​ចូលរួម​ប្រកួត​ពានរង្វាន់ ​World Summit Awards (WSA) ឆ្នាំ​ ២០២៤ ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុង​ប្រភេទ​វប្បធម៌ និង​បេ​តិក​ភណ្ឌ​ជាមួយ​ជំ​នូរ​ជីវ​ច​ល​បរិស្ថាន​ «​បុត្រី​នៃ​មាតា​ធម្មជាតិ​» ដែល​បង្ហោះ​លើ​អ៊ីន​ធឺ​ណិ​ត​កាលពី​ឆ្នាំ ២០១៩​។​

​យោងតាម ​(PCS)​ បានឱ្យដឹងថា ចំពោះ​ការជ្រើសរើស​ក្នុង​បញ្ជី​ប្រកួត​ពានរង្វាន់​នេះ​ទទួលស្គាល់​មាតិកា​ឌីជីថល​ដ៏​ល្អ​បំផុត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​ពី​ជុំវិញ​ពិភពលោក​ដែល​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សង្គម​។​

​លោក ហួត ដា​រ៉ា នាយក​​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ​បាន​ថ្លែងថា​៖«​យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបានតែងតាំង​បន្ទាប់ពី​រយៈពេល ​១៦ ​ឆ្នាំ​នៃ​ការបង្កើត​របស់​កម្ពុជា​ដើម្បី​ប្រ​យោជន៍​សង្គម ការការពារ​កុមារ សមភាព​យេនឌ័រ សិទ្ធិ​កម្មករ ការអភិរក្ស​បរិស្ថាន ការការពារ​សុខុមាលភាព​សង្គម​និង​ការពង្រឹង​អំណាច​តាមរយៈ​សិល្បៈ​»​។​

​វា​ជាការ​សម្គាល់​លើក​ទី ​១ ​នៃ​គំនូរជីវចល​របស់ (PCS)​ ដែល​ត្រូវ​បានដាក់​បញ្ចាំង​នៅ​បរទេស​ក្នុង​មហោស្រព​នានា​ពី​ប្រទេស​ចិន​ដល់​ហ្ស​ក​ហ្ស៊ី​។​

​គំនូរជីវចល​នេះ​ត្រូវ​បានដាក់​បញ្ចាំង​នៅក្នុង​មហោស្រព​ភាព​យន្ត​អន្តរជាតិ​ចំនួន ​៥ រួមទាំង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា មហោស្រព​ភាពយន្ត​យុវជន ​Schenzen​ ឥណ្ឌូ​នេ​ស៊ី​ CRAFT Animfest  ​ម​ហោ​ស្រព​គំនូរជីវចល​អន្តរជាតិ Tbilisi និង​មហោស្រព​ភាពយន្ត​អាស៊ី​តៃប៉ិ​។​

​លោក​ដា​រ៉ា បាន​បន្ដថា​៖«​យើង​ជឿជាក់​លើ​ការប្រើប្រាស់​បច្ចេក​​វិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ហើយ​សង្ឃឹមថា ការ​ចូលរួម​ប្រកួត​ជំ​នូរ​ជីវ​ច​ល​របស់​យើង​នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង​អំពី​ការងារ​ច្នៃប្រឌិត​ដែល​កំពុង​ធ្វើ​នៅ​កម្ពុជា​។​យើង​នឹង​រង់ចាំ​រហូតដល់​ការប្រកាស​អ្នកឈ្នះ​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០២៤»​។​

​ក្នុងចំណោម​ស្នាដៃ​ដែល​ទទួល​បានការ​សាទរ​របស់ខ្លួន គំនូរ​​ជីវ​ច​ល «​បុត្រី​នៃ​មាតា​ធម្មជាតិ​» មាន​ភាព​លេចធ្លោ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សារ​ចំណេះដឹង​អំពី​បរិស្ថាន ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​និង​ជាទី​ចាប់អារម្មណ៍​របស់​ទស្ស​និក​ជន​ទូទាំង​ពិភពលោក​។​

​សាច់​រឿងនេះ​និយាយ​អំពី ធីតា ដែល​ត្រូវបាន​ហៅថា បុត្រី​នៃ​មាតា​ធម្មជាតិ​។ នាង​បានទទួល​មរតក​វេទ​មន្ដ​ដើម្បី​ការពារ​ធម្ម​ជាតិ​ពី​គ្រប់​ប្រភព​នៃ​ការបំពុល​និង​ការបំផ្លិចបំផ្លាញ​។​

​រួមជាមួយ​មិត្តភក្តិ​ ២ ​នាក់​របស់​នាង ធីតា ចាប់ផ្តើម​ដំណើរ​ផ្សង​​ព្រេង​ទូទាំងប្រទេស​កម្ពុជា​ជាមួយ​វេទមន្ដ និង​សមត្ថភាព​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពិភព​​វិញ្ញាណ​រួមគ្នា​តស៊ូ​ការពារ​មាតា​ធម្មជាតិ​។​

​ជា​សិល្បការិនី និង​ជា​សហ​អ្នក​និពន្ធ​រឿងនេះ ម៉ម ឡូ​រ៉ា បាន​ថ្លែងថា​៖ «​យើង​ពិត​ជាមាន​មោទន​ភាព​ក្នុងការ​ចែករំលែក​ភាព​យន្ត​គំនូរជីវចល​នេះ​ឱ្យ​ហួស​ពី​ព្រំដែន​កម្ពុជា​។​ខ្សែភាពយន្ត​នេះ​ដោះស្រាយ​បញ្ហា​សកល​៖​ការ​ការពារ​ភពផែនដី​របស់​យើង​។​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​តែង​តែមាន​មិនចេះចប់​ហើយ​ការ​ដោះ​​ស្រាយ​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​ជាស​កល​»​។​

​គំនិត​មួយ​នេះ​គឺ​បាន​ផ្តើមឡើង​មកពី​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ក​ #1RiverMusicFestival ទៅជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​សម្រាប់​សកម្មភាព​បរិស្ថាន​។​

​សមិទ្ធផល​នេះ អាច​សម្រេចបាន​តាមរ​យៈ​ការគាំទ្រ​ពី​ដៃគូ​សំខាន់ៗ រួមមាន ក្រសួងបរិស្ថាន UNDP ​នៅ​កម្ពុជា និង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។​ជាងនេះទៅទៀត សហភាព​អឺរ៉ុប​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​បាន​ចូលរួម​គាំទ្រ​បន្ថែម​ដើម្បី​រួមចំណែក​ដល់​ភាពជោគជ័យ​នៃ​គម្រោង​នេះ​។​

«​បុត្រី​នៃ​មាតា​ធម្មជាតិ​» ដែល​បញ្ចូល​សំឡេង​ដោយ​សិល្បករ​ជាច្រើន ជាពិសេស​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បី​របស់​កម្ពុជា វណ្ណដា ជា​ចលករ​បំផុស​យុវជន​ឱ្យ​ក្លាយជា​អ្នក​សង្គ្រោះ​បរិស្ថាន និង​មាន​ចូល​មើល​ជាង​ ៤​ លាន​ដង​ នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​។​

​កញ្ញា ឡូ​រ៉ា ថ្លែងថា​៖ «​ភាពយន្ត​នេះ​បង្ហាញ​ពី​របៀប​ដែល​យុវជន​នៅ​កម្ពុជា​កំពុងធ្វើការ​យ៉ាងសកម្ម​ ដើម្បី​ការពារ​បរិស្ថាន​ក្នុង​បំណង​បំផុសគំនិត​មនុស្ស​ជុំវិញ​ពិភព​លោក​ឱ្យ​ចូលរួម​សកម្មភាព​នេះ​»​។​

​បុគ្គល​ម្នាក់​ដែល​នៅ​ពីក្រោយ​ការផលិត​គំនូរជីវចល​យុទ្ធនាការ​នេះ​គឺ​លោក យ៉ាន់ អា​ធី​សុខ ជា​អ្នកបង្កើត​គំនូរជីវចល​និង​ជា​អ្នក​ថត​វីដេអូ​ បាន​ចាប់អារម្មណ៍​ពេល​បាន​ឮថា«​បុត្រី​នៃ​មាតា​ធម្មជាតិ​» ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ប្រកួត​ពានរង្វាន់​ឆ្នាំ ​២០២៤​។​

​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​រំភើបចិត្ត​ណាស់​ដែល​ដឹង​គំនូរជីវចល​បរិស្ថាន​នេះ​បាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​ឈ្នះ​ពានរង្វាន់​ដែល​ជំរុញ​ទឹកចិត្ត​យុវជន​របស់​យើង​ឱ្យ​ផ្តោតលើ​គំនូរជីវចល និង​បញ្ហា​សង្គម​»​។​

​ដោយ​បន្ថែម​ការសរសើរ​មួយ​ផ្សេងទៀត​ចំពោះ​សមិទ្ធផល​របស់​ពួកគេ​ស្ទូ​ឌី​យោ​បានបង្ហាញ​ពី​ក្តី​​ប្រាថ្នា​ថ្មី​មួយ​បន្ទាប់ពី​ភាព​ជោគ​ជ័យ​ក្នុងការ​ឈ្នះ​ការប្រកួត​ប្រ​​ជែង​ច្នៃប្រឌិត​ដែល​ផ្តួចផ្តើម​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​កាលពី​ឆ្នាំមុន​។​

​ជ័យជម្នះ​នេះ​ កើតចេញពី​យុទ្ធ​នា​ការ​បរិស្ថាន​ដ៏​មាន​ឥទ្ធិពល​របស់​ពួកគេ «Fight the Monster,#Beat Plastic»​។​ យុទ្ធ​​នា​ការ​នេះ បានទទួល​ការចាប់​អារម្មណ៍​នៅពេល​ដាក់​បង្ហាញ​នៅ​ក្រសួងបរិស្ថាន​កម្ពុជា​ក្នុងអំឡុងពេល​វេទិកា​ជាតិ​ប្លា​ស្ទិ​ក​លើក​ទី ​៣ កាលពី​ខែមេសា​។ លើសពី​គំនូរជីវចល PCS​ បាន​បង្កើត​យុទ្ធនាការ «​គ្មាន​សំរាម ផ្តើម​ពី​អ្នក​!»​ ដែល​គោល​គំនិត​នៃ​យុទ្ធនាការ​នេះ ​ត្រូវបាន​បង្កើតឡើង​សម្រាប់​មូលនិធិ​អាស៊ី​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការបំពុល​សំណល់​មកលើ​បរិស្ថាន​ និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​ក្រចេះ​។​

​នៅក្នុង​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ PCS​ បានបង្ហាញ​គម្រោង​គំនូរជីវចល​កម្មសិទ្ធិ​បញ្ញា (IP) ដំបូង​របស់ខ្លួន​រឿង​ «​បួង សួង​» ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​ដឹកនាំ​ដោយ​លោក មៀល​កុសល គម្រោង​នេះ​លាយ​បញ្ចូល​គ្នា​រវាង​ចលនា ​2D និង​ 3D ​ដែល​បង្ហាញ​ពី​យុគសម័យ​ថ្មី​នៃ​បច្ចេក​វិទ្យា​នៅ​កម្ពុជា​។​

​លោក ដា​រ៉ា បាន​ថ្លែងថា​៖ «​យើង​ខិតខំ​ផលិត​មាតិកា​ដែលមាន​ប្រសិទ្ធភាព​បំផុត​ជាមួយ​ដៃគូ​ផ្តល់​មូលនិធិ​របស់​យើង​ហើយ​នៅពេលណា​ដែល​អាចធ្វើ​ទៅបាន​យើង​ចង់​បង្កើត​មាតិកា​​បន្ថែមទៀត​ដោយ​ខ្លួនឯង​»​។​

​នៅក្នុង​និទានរឿង​ដ៏​ពិសេស ​«​បួងសួង​»​ ទេវតា ព្រះនាម​កិ​មិ​រា​ទេវី ចុះមក​ការពារ​ផែនដី អមដោយ​ចា​តុម្ម​ហា​រា​ជិ​កា អម្ពរ​ពណ៌​សេត ​(​ស​)​ ។​លោក​កុសល ដែលជា​ផលិត​ករ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​គំនូរជីវចល​រយៈពេល​ ២ ​នាទី​គឺ​ផ្តោតទៅលើ​ប្រពៃណី និង​វប្បធម៌​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​តាមរយៈ​ការស្រាវជ្រាវ​អំពី​ប្រវត្តិ​របស់​ទេវតា ព្រះនាម​កិ​មិ​រា​ទេវី​និង​ចាប់ផ្ដើម​បង្កើតជា​សាច់​រឿង​ថ្មី​របស់​យើង​»​។​

​លោក ​ដា​រ៉ា បាន​បន្ដថា ក្នុងនាម​ជា​អង្គការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ចុះហត្ថលេខា​លើ​ការផលិត​គំនូរជីវចល​ផ្ទាល់ខ្លួន​ដែល​អនុញ្ញាត​​ឱ្យ​អ្នកនិពន្ធ និង​សិល្បករ​មាន​សេរីភាព​ទាំងស្រុង​។​ច្បាប់​តែមួយគត់​នោះ​គឺ​បង្កើត​សាច់រឿង​ដែលមាន​សារៈសំខាន់ និង​មាន​អត្ថន័យ​សម្រាប់​ប្រជាជន​កម្ពុជា​៕