បាត់ដំបងៈ នៅលើទីវាលមានទេសភាពខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកដែលយូរៗម្តងគេឃើញទោរទន់ទៅតាមកម្លាំងខ្យល់បក់ នោះហើយគឺជាដើមស្រូវដែលត្រូវបានដាំដោយប្រើជីសរីរាង្គកាបូនធ្យូងអង្កាមរបស់ប្រជាកសិករជាង ១០ គ្រួសារ រស់នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
កំពុងឈរពីមុខវាលស្រែរបស់ខ្លួនដែលមានដើមស្រូវកំពុងដាក់គ្រាប់ លោក សៀន ហៀង អាយុ ៥២ ឆ្នាំ គឺជាកសិករ ១ រូប ក្នុងចំណោមកសិករជាង ១០ គ្រួសារ ដែលបានដាំស្រូវដោយប្រើជីសរីរាង្គកាបូនធ្យូងអង្កាមនេះ។
លោកបានផ្តល់បទបង្ហាញដល់ក្រុមអ្នកសារព័ត៌មានកាលពីខែធ្នូថ្មីៗនេះថា លោកមានដីទំហំ ៣ ហិកតា ហើយកាលពីមុនលោកបានធ្វើស្រែដាំស្រូវប្រភេទពូជស្រងែស្រាលក្នុង ១ ឆ្នាំ ២ ដង ដោយប្រើតែប្រភេទជីគីមី (អ៊ុយរ៉េ) ប៉ុណ្ណោះ។ លុះបន្ទាប់ពីលោកបានយល់ដឹងពីកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុហៅកាត់ថា CCCA3 ក្រោមការគាំទ្រពីក្រសួងបរិស្ថាន លោកក៏បានប្តូរមកប្រើជីសរីរាង្គកាបូនធ្យូងអង្កាមវិញដែលមកទល់ពេលនេះ មានរយៈពេល ១ ឆ្នាំហើយ។
លោកបានប្រាប់ថា៖ «ខ្ញុំប្រើជីសរីរាង្គកាបូនធ្យូងអង្កាមបាញ់លើដំណាំស្រូវវាមិនក្រហល់ក្រហាយលើស្បែក និងមិនប៉ះពាល់សុខភាពទេ។ រីឯជីគីមីវិញពេលយើងបាញ់ក្នុងស្រែវាបំភាយក្លិនមិនល្អ និងប៉ះពាល់ដល់បរិស្ថានទៀតផង»។
លោកបានបន្ថែមថា កាលពីលោកនៅប្រើជីគីមីអ៊ុយរ៉េ គឺទិន្នផលស្រូវក្នុង ១ ហិកតា ផ្តល់ផលប្រហែល ៦ តោន ច្រើនណាស់ទៅហើយ ខណៈការប្រើជីគីមីនោះអស់ក្នុងចន្លោះពី ៧ ទៅ ៨ ការុង ក្នុងដីស្រែ ១ ហិកតា និងបានចំណាយលើការទិញជីអស់ប្រាក់ជិត ២ លានរៀលឯណោះ។ ប៉ុន្តែក្រោយពីលោកប្តូរមកប្រើជីសរីរាង្គកាបូនធ្យូងអង្កាមសាកល្បង ការធ្វើស្រែលើកទី១ លោកទទួលផលបានជាង ៨ តោន ក្នុង ១ ហិកតា ហើយស្រូវមានកួរច្រើន និងដើមធំល្អជាងប្រើជីគីមី។
លោកបានឱ្យដឹងថា ការប្រើជីសរីរាង្គកាបូនធ្យូងអង្កាម គឺវាជួយដីឱ្យមានជីជាតិ និងជួយដល់បរិស្ថាន ព្រោះវាផ្ទុកសារធាតុកាបូននៅក្នុងដី។ ទោះបីយ៉ាងណាលោកក៏នៅប្រើជីគីមី ១ ទៅ ២ ការុង លាយនឹងជីអង្កាមខ្លះដែរ ពីព្រោះថា ដីដែលធ្លាប់តែប្រើជីគីមី បើមិនប្រើ គឺមិនបានទេ។
លោក សែម សាវុធ មន្ត្រីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជានៃក្រសួងបរិស្ថានបានលើកឡើងក្នុងកម្មវិធីសិក្ខាសាលាស្តីពីការអភិវឌ្ឍជីវភាពក្នុងតំបន់ការពារធម្មជាតិ និងការធ្វើកសិកម្មធន់នឹងអាកាសធាតុនៅខេត្តបាត់ដំបងថា នេះគឺជាដំណាក់កាលទី៣ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ឬThe Cambodia Climate Change Alliance-Phase III (CCCA3) ដែលបានកសាងសមិទ្ធផលបន្ទាប់ពីដំណាក់កាលទី១ និងទី២ (២០១០-២០១៤, ២០១៤-១៩) ដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបដល់អ្នកពាក់ព័ន្ធ ជាពិសេសដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ គឺគាត់ទទួលបានចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
គម្រោងទាំងនេះ គឺទទួលបានជំនួយពីសហភាពអឺរ៉ុប ពីប្រទេសស៊ុយអែត និងពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងទឹកប្រាក់សរុបចំនួន ១១ ៨៦៨ ៨៩៥ ដុល្លារសហរដ្ឋអាមេរិក ហើយគម្រោង (CCCA3) នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤។
បើតាមលោក សាវុធ គម្រោង ១ ក្នុងចំណោមគម្រោងទាំង ២២ ក្នុងខេត្តបាត់ដំបង គឺមានការទាក់ទងនឹងការលើកកម្ពស់សមត្ថភាពធន់ និងអនុវត្តប្រកបដោយចីរភាពហើយគម្រោងនេះបានផ្ដោតទៅលើការជំរុញវិស័យកសិកម្ម។ មានន័យថា ក្រសួងបរិស្ថានផ្តល់ជំនួយទៅដល់សហគមន៍កសិកម្មដែលធ្វើយ៉ាងម៉េចបណ្តុះបណ្តាលស្មារតី និងសមត្ថភាពទាក់ទងនឹងការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកបានបញ្ជាក់ថា៖ «កសិករប្រើជីប្រភេទកាបូន គឺជាប្រភេទជីអង្កាមដែលដុតក្នុងសីតុណ្ហភាព ៧០០ អង្សាសេ គឺក្នុងពេលដុតចេញជាជីនេះ វាមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នមេតាន ឧស្ម័នកាបូនក្នុងបរិយាកាសទេ គឺវាអាចផ្ទុកឧស្ម័នក្នុងដីមិនបញ្ចេញទៅក្នុងបរិយាកាសទេ»។
លោកបានបញ្ជាក់ថា រុក្ខជាតិវាអាចលូតលាស់បានដោយសារកាបូន និងអាហ្សូត អ៊ីចឹងជីសរីរាង្គកាបូនធ្យូងអង្កាមដែលផលិតនេះវាសម្បូរដោយសារធាតុកាបូនដែលធ្វើឱ្យរុក្ខជាតិលូតលាស់បានលឿន ហើយទិន្នផលក៏បានខ្ពស់ដែរ។
លោកថា ជីប្រភេទនេះបានចូលរួមក្នុងការប្រែប្រួលអាកាសធាតុ។ វាចូលរួមជាមួយនឹងការងារបន្សំ ព្រោះនៅពេលដំណាំរបស់កសិករមានទិន្នផលខ្ពស់គាត់អាចមានចំណូលបន្ថែម បើកាលណាគាត់មានចំណូលគឺគាត់យកចំណូលនេះទៅពង្រឹងជីវភាពរបស់គាត់ដែលនេះជាយន្តការបន្សំ។
ពាក់ព័ន្ធនឹងជីសរីរាង្គកាបូនធ្យូងអង្កាមនេះ លោក មុំ ទិត អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនហាសវេនឈ័រ (ខេមបូឌា) HUSKVERNTURES (CAMBODIA) CO.LTD បានលើកឡើងថា ជីសរីរាង្គកាបូនធ្យូងអង្កាមនេះអាចរក្សាសារធាតុចិញ្ចឹមនៅក្នុងដីបានយូរសម្រាប់ដំណាំកសិកម្ម និងជួយដល់បរិស្ថានច្រើន ព្រោះសត្វល្អិតរស់នៅក្នុងដី វាត្រូវការសារធាតុកាបូនជាចំណីអាហារ ហើយបើកាលណាវាមានជីវិត វានឹងជួយបង្កើតជីជាតិដី ហើយដីជាអ្នកផ្គត់ផ្គង់ដល់ដំណាំវិញ។
លោកបានបញ្ជាក់ថា៖ «ជីសរីរាង្គកាបូនធ្យូងអង្កាមមិនបំភាយឧស្ម័នអុកស៊ីហ្ស៊ែនទៅក្នុងបរិយាកាសទេ។ ជីនេះជាទូទៅកសិករភ្ជួរដីកប់បាត់ហើយ អ៊ីចឹងទាក់ទងនឹងការសាយភាពកាបូនទៅក្នុងបរិយាកាស វាគ្មានតែម្តង»។
ចំពោះតម្លៃស្រូវក្នុងខេត្តបាត់ដំបងសម្រាប់ខែធ្នូ ក្នុងឆ្នាំ ២០២៣ គឺមានតម្លៃក្នុង ១ គីឡូក្រាម ១ ៣០០ រៀល គឺថ្លៃជាងឆ្នាំ ២០២២ ដែលមានតម្លៃត្រឹមតែ ១ ០០០ ទៅ ១ ១០០ រៀលប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម។ នេះបើតាមកសិករម្នាក់ទៀតឈ្មោះ ទិត្យ កើ អាយុ ៦០ ឆ្នាំ រស់នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ខណៈកំពុងឈរមើលកូនកត់ត្រាចំនួនការុងស្រូវដែលកម្មករកំពុងលីឡើងដាក់លើរថយន្ដ បុរសដែលមានដីទំហំ ៨ ហិកតារូបនេះ បានប្រាប់ថា គ្រួសាររបស់លោកមានសមាជិកជិត ១០ នាក់ តែលោកបានធ្វើស្រែដោយប្រើជីគីមីភាគច្រើន។ នៅឆ្នាំ ២០២៣ លោកធ្វើស្រូវបានជាង ២០ តោន តែបានលក់ចេញវិញខ្លះ ព្រោះលើសពីការទុកហូប។
លោកប្រាប់ថា៖ «គ្រួសារខ្ញុំធ្វើស្រូវបានច្រើន តែអាស្រ័យទៅតាមអ្នកមានដីស្រែច្រើនដែរទេ ឆ្នាំនេះ (២០២៣) ស្រូវបានថ្លៃគ្រាន់បើជាងឆ្នាំមុនៗ។ ស្រូវសម្រាប់លក់ ខ្ញុំច្រកក្នុង ១ ការុងទម្ងន់ ៦០ គីឡូក្រាម តែមិនដឹងថាគេទិញយកទៅណាទេ»។