កំពង់ចាម: សហគមន៍​កសិកម្ម​សំបូរ​មានជ័យ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​​ចាម បាន​អភិវឌ្ឍ​ខ្លួន​គួរឱ្យកត់សម្គាល់​ក្នុងការ​អនុវត្ត​កសិកម្ម និង​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ដោយសារ​ការកសាង​ប្រឡាយ​បេតុង​ថ្មី​។ ដោយ​ទទួលបាន​មូលនិធិ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ទិន្នផល​ស្រូវ​ប្រសើរឡើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​សម្រួល​ដល់​ការដាំដុះ​ស្លឹកគ្រៃ ប្រែក្លាយ​វា​ទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​សហ​​គម​ន៍​មូលដ្ឋាន​ថែម​ទៀតផង​។

លោក ផុត សារិទ្ធ សមាជិក​សហគមន៍ បាន​រាយការណ៍​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ទិន្នផល​ស្រូវ ​ខណៈដែល​អ្នកស្រី​ ម៉ម គឹមហុង បានលើកឡើង​ពី​ការបង្កើន​ផលិតភាព​ដំណាំ​កសិកម្ម ដូចជា ស្លឹកគ្រៃ​។ សហគមន៍ ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១០ ជាមួយ​សមាជិក​ចំនួន ៨៨​ នាក់ បាន​កើន​ឡើងដល់​ជិត ២ ​ពាន់​នាក់​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឱ្យ​ទទួលបាន​ទិន្នផល​ស្លឹកគ្រៃ ១ ៥០០​ តោន​ ក្នុង​ ១ ​ឆ្នាំ​។

លោក ​សារិទ្ធ​ និយាយថា​៖ «​នៅពេល​ដើម​ស្លឹកគ្រៃ​ងាយស្រួល​ដាំ និង​អាច​ដាំ​បាន​នៅ​គ្រប់​ទីកន្លែង ប្រជាពលរដ្ឋ​រួមទាំង​ចាស់ៗ​កាន់តែច្រើន​នាំគ្នា​ដាំ ខណៈ​អ្នក​បង្កបង្កើនផល​ស្រូវ​បង្កើន​បរិមាណ​ដី​ដាំ ដោយសារ​មាន​ប្រភពទឹក​គ្រប់គ្រាន់​»​។ ទោះជា​យ៉ាងណាក៏ដោយ ចាប់តាំងពី​មាន​ប្រឡាយទឹក​បេតុង​មក ទិន្នផល​ស្រូវ និង​ស្លឹកគ្រៃ​របស់លោក​បាន​កើនឡើង​។

ដោយ​បង្ហាញ​ពី​ការរីកចម្រើន និង​ជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​កសិកម្ម​របស់​សហគម​ន៍ លោក​ ប៉ែន វុទ្ធី សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សហ​​គម​ន៍​កសិកម្ម​សំបូរ​មានជ័យ​បានលើកឡើង​ពី​សមិទ្ធផល​ជាក់ស្ដែង​របស់​ប្រជា​​សហគមន៍​។ លោក​ថ្លែងថា​៖ «​ទីផ្សារ​ស្លឹកគ្រៃ​ប្រចាំឆ្នាំ​របស់​យើង​តែ ១​មុខ​លក់បាន​ជាង ១ ៥០០ ​តោន ដោយ​ពង្រីក​រយៈពេល​ផ្គត់ផ្គង់​របស់​យើង​ពី ៦ ទៅ ១១ ​ខែ ​ក្នុង ១ ​ឆ្នាំ​»​។

ប្រែក្លាយ​កាកសំណល់​ទៅជា​មាស​​បៃតង

​ក្រៅពី​ប្រើប្រាស់​គល់​ស្លឹកគ្រៃ ស្លឹក​របស់​វា​ត្រូវបាន​ប្រែក្លាយ​ទៅជា​ប្រភព​ឱសថ​បុរាណ ផ្តល់​ចំណូល​បន្ថែម​ដល់​សហគមន៍​។ ក្នុង​ឆ្នាំ ២០១៨ សហគមន៍​បាន​ព្យាយាម​ស្វែងរក​វិធី​កែច្នៃ​ស្លឹកគ្រៃ​ទៅជា​ប្រេង ព្រោះ​ការបោះ​ចោល​មិន​ប្រើ បន្ទាប់ពី​កាត់​គល់​វា ចេះតែ​បណ្តាលឱ្យមាន​កាកសំណល់​យ៉ាងច្រើន​។

លោក ​ឆេង ថុង ប្រធាន​ក្រុមប្រឹក្សា​​ភិ​បាល​នៃ​សហគមន៍​កសិកម្ម​សំបូរ​មាន​​ជ័យ​ពន្យល់ថា​៖ «​យើង​បាន​ស្រាវជ្រាវ​លើ​បច្ចេកទេស​កែច្នៃ ដោយ​សហការ​ជាមួយ​សិប្បកម្ម​នៅ​ខេត្តសៀមរាប និង​សិក្សា​ពី​ជំនាញ​របស់​ពួកគេ​»​។ «​នៅ​ចុងឆ្នាំ​ ២០១៩ យើង​បាន​ផ្តួចផ្តើម​សិប្បកម្ម​ផ្ទាល់ខ្លួន ​ដើម្បី​កែច្នៃ​ប្រេង​​ស្លឹកគ្រៃ​ដោយ​ជួយសង្គ្រោះ​ស្លឹក​ពី​កាក​​សំណល់​ដែល​សហគមន៍​របស់​យើង​ចាប់ផ្តើម​ដាំ​ដុះ​រុក្ខជាតិ​នៅ​ឆ្នាំ​ ២០១៦»​។​ ជាមួយនឹង​សមត្ថភាព​របស់​សហគម​ន៍​ក្នុង​ការកែច្នៃ​ស្លឹកគ្រៃ លោក​អាចបង្កើត​ប្រាក់ចំណូល​បន្ថែម​តាមរយៈ​ការលក់​ស្លឹក​ដែល​ទុកចោល​ជា​កាកសំណល់ ឬ​ប្រើ​ជា​ជី​។

លោក​ ថុង ​បានឱ្យដឹងថា​៖ «​យើង​លក់​ស្លឹក​ដែលជា​ធម្មតា​ចាត់ទុកជា​របស់​គ្មាន​ប្រយោជន៍​បន្ទាប់ពី​កាត់​ដើម​ហើយ ឥឡូវនេះ​យើង​អាច​រកប្រាក់​ចំណូល​បាន​ខ្លះ​ពី​ពួកវា​»​។

ប្រេង​ស្លឹកគ្រៃ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​នៃ​ស្រុក​ស្ទឹងត្រង់ ត្រូវបាន​ទទួលស្គាល់​ដោយ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពង់ចាម​។

លោក​ ពូន រុន ប្រធាន​​មន្ទីរបាន​ថ្លែង​ការគាំទ្រ និង​លើក​ទឹក​​ចិ​ត្ដ​ចំពោះ​ការកែច្នៃ​សំណល់​ផលិតផល​កសិកម្ម​ទៅជា​ផលិតផល​មានគុណ​​ប្រយោជន៍​ផ្សេងៗ​ទៀត​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខាង​មន្ទីរ​បាន​គាំទ្រ​ក្នុង​ការជួយ​រៀបចំ​ឯកសារ បទដ្ឋាន​ទាំង​អនាម័យ គុណភាព និង​ការ​វេច​ខ្ចប់​ដើម្បីឱ្យ​ផលិតផល​សិប្បកម្ម​ប្រេង​ស្លឹក​​គ្រៃ​របស់​សហគមន៍​ត្រូវបាន​ទទួលស្គាល់​។ ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​សហគម​ន៍ ដែល​ពួកគាត់​រិះរក​វិធី​កែច្នៃ​ស្លឹកគ្រៃ​ដ៏​សម្បូរ​ក្នុង​មូលដ្ឋាន​ពួកគាត់​»​។

លោក រុន ​លើកឡើងថា ក្រៅពី​កិច្ច​រដ្ឋបាល មន្ទីរ​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពង់ចាម តែងតែ​ជំរុញ និង​លើក​ទឹក​ឱ្យ​សហគមន៍​ចូលរួម​ដាក់តាំង​ផលិតផល​របស់ខ្លួន​នៅក្នុង​ពិព័រណ៍​ថ្នាក់​ខេត្ដ និង​ថ្នាក់ជាតិ​ថែមទៀត​។

ការកែច្នៃ​ប្រេង​ស្លឹកគ្រៃ​តាមបែប​ប្រពៃ​​ណី​ត្រូវ​ធ្វើតាម​ជំហាន​ជា​បន្តបន្ទាប់ ចាប់តាំងពី​ការប្រមូល​ផល​ស្លឹកគ្រៃ​ដើម្បី​រក្សាបាន​ក្លិនក្រអូប​របស់​វា​។ វិធីសាស្ត្រ​បុរាណ​ប្រើការ​ចំហុយ​ដោយ​ចំហាយ​ទឹក ដែល​ស្លឹកគ្រៃ​ដាក់​ក្នុង​ឆ្នាំង​ចំហុយ រួច​ហូរ​មកជា​មួយ​ទឹក ហើយ​បន្ទាប់មក ប្រេង​ត្រូវបាន​រក្សាទុក ក្រោយពេល​បង្ហូរទឹក​នៅ​ផ្នែក​ខាងក្រោម​នៃ​កែវ​អស់​។

​អ្នកស្រី ហាក់ ចំរើន អ្នក​កាន់​គម្រោង​សិប្បកម្ម​កែច្នៃ​ប្រេង​ស្លឹកគ្រៃ​សហគមន៍​សំបូរ​មានជ័យ​។ហុង រស្មី

អ្នកស្រី ហាក់ ចំរើន ជា​អ្នក​កាន់​គម្រោង​សិប្បកម្ម​កែច្នៃ​ប្រេង​ស្លឹកគ្រៃ​នៃ​សហ​​គម​ន៍​កសិកម្ម​សំបូរ​មានជ័យថ្លែងថា​៖ «​បន្ទាប់មក​បង្ហូរទឹក​នៅ​ផ្នែក​ខាងក្រោម​ចេញ​អស់ ដោយសារ​ទឹកធ្ងន់​ជាង​ប្រេង ប្រេង​ស្លឹកគ្រៃ​បាន​ក្លាយជា​ផលិតផល​សម្រេច​ដែល​សុទ្ធ​»​។ ស្លឹកគ្រៃ​ដែល​ត្រូវបាន​កាត់ចេញ​ពី​គល់​ក្នុង​បរិមាណ​ ១៥០ ​គីឡូក្រាម អាច​ផលិត​បាន​ប្រេង​ស្លឹកគ្រៃ​កន្លះ​លីត្រ ខណៈដែល​ស្លឹក​ទាំងនេះ​មានតម្លៃ ៤០០ ​រៀល​ ក្នុង ​១ ​គីឡូក្រាម​។

អ្នកស្រី ​ចំរើន បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ប្រសិនបើ​ស្លឹកគ្រៃ​ត្រូវបាន​ហាល​ស្ងួត​ខ្លាំង លទ្ធផល​ប្រេង​ចេញមក​មាន​ពណ៌​លឿងចាស់ និង​បរិមាណ​តិចជាង​កន្លះ​លីត្រ ហើយ​បើ​ហាល​មិនសូវ​ស្ងួត​ខ្លាំង ប្រេង​បាន​ច្រើនជាង តែមាន​សភាព​ថ្លា​។ វា​មានគុណ​​ភាពល្អ​ដូចគ្នា គ្រាន់តែ​ប្រេង​ពណ៌​ដិត​មាន​ក្លិន​ខ្លាំង​ជាង​»​។

ក្នុង​ឡ​ដុត​រម្ងាស់ ដែល​ទទួលបាន​បរិមាណ​ប្រេង​ស្លឹក​​គ្រៃ​កន្លះ​លីត្រ​នោះ សហគមន៍​បាន​យក​ប្រេង​ច្រក​កូន​ដប​ក្នុង​ចំណុះ​ ១០​ មី​ល្លី​លិ​ត្រ លក់​តម្លៃ ​១៧ ០០០ ​រៀល​ ១ ​កូន​ដប​នៅលើ​ទីផ្សារ​។

អ្នកស្រី ចំរើន ជា​អ្នក​មកពី​ឃុំ​ទួល​សំបួរ​អះអាងថា​៖ «​ខ្ញុំ​ធ្លាប់​ឃើញ​ប្រេង​ស្លឹកគ្រៃ​ដាក់លក់​តាម​ពិព័រណ៍​ផ្សេងៗ​ដែរ​តែមាន​លក្ខណៈ​ខុសពី​សហ​គម​ន៍​យើង​។ យើង​ប្រើ​ប្រេង​សុទ្ធ ១០០ ​ភាគរយ និង​មាន​ក្លិន​ឈ្ងុយ​»​។

ដៃ​ម្ខាង​កាន់​សៀវភៅ និង​ប៊ិក ខណៈ​ដៃ​ម្ខាង​ទៀត​កាន់​ដបប្រេង​ស្លឹកគ្រៃ អ្នក​​ស្រី​បាន​រៀបរាប់ថា​៖ «​ប្រហែលជា​ខ្ញុំ​នៅ​ខ្វះ​តិច​និក​ក្នុងការ​បញ្ចុះបញ្ចូល  ឬ​អាចមកពី​ឌី​ហ្សា​ញ​មិនសូវ​ទាក់ទាញ យើង​មិនទាន់​អាច​ដាក់លក់​ផលិតផល​យើង​នៅតាម​ម៉ា​ត ផ្សារ​ទំនើប និង​ឱសថស្ថាន​បាន​នៅឡើយ​ទេ​»​។

បច្ចុប្បន្ននេះ​អរគុណ​ដល់​បណ្ដាញ​សង្គម ផលិតផល​ប្រេង​​ស្លឹកគ្រៃ​អាច​លក់បាន​ប្រមាណ​ជាង ២០ លីត្រ​ ក្នុង ​១ ​ខែ​។ អ្នកស្រី​និយាយថា គ្រាន់តែ​ស្លឹកគ្រៃ​ទិញ​ពី​សមាជិក​មានតម្លៃ ៤០០ ​រៀល​ ក្នុង ​១ ​គីឡូក្រាម និង​កម្លាំង​ពលកម្ម​ម្នាក់ ​១ ​ថ្ងៃ ៣៥ ០០០ ​រៀល ហើយ​បុគ្គលិក​ផ្នែក​លក់​ម្នាក់​ប្រមាណ  ៣​ ម៉ឺន​រៀល ​ក្នុង ១ ​ថ្ងៃ​ទៀត​។

លោក​ ថុង បានលើកឡើង​ពី​អត្ថ​ប្រ​យោ​​ជន៍​នៃ​ប្រេង​ស្លឹកគ្រៃ ដោយ​បញ្ជាក់ថា វា​អាច​បំបាត់​ការ​រលាក​ស្បែក កាត់បន្ថយ​ការឡើង​ក្រហម និង​បំបាត់​ការ​រលាក​តិចតួច​ឬ​សត្វល្អិត​ខាំ​។ វា​ក៏មាន​ប្រសិទ្ធ​​ភាព​ក្នុង​ការបំបាត់​ការឈឺចាប់​សាច់ដុំ និង​សន្លាក់​ផងដែរ​។

លោក ​ថុង ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ការ​ប្រើប្រាស់​ប្រេង​ស្លឹកគ្រៃ​ដ៏​មាន​ប្រសិទ្ធ​​ភាព​បំផុត គឺ​កម្ចាត់​សត្វល្អិត ជាពិសេស​មូស ដោយ​ចាក់​ប្រេង​ ១ ​តំណក់​ទៅលើ​សំឡី ហើយ​ដាក់​វា​នៅ​កន្លែង​ណាមួយ​ក្នុង​បន្ទប់​។ សត្វ​កន្លាត​ក៏​មិន​ហ៊ាន​នៅក្បែរ​ក្លិន​ប្រេង​ស្លឹកគ្រៃ​ដែរ​»៕