ភ្នំពេញៈ សកម្មភាពប្រជាពលរដ្ឋទៅមកជញ្ជូនត្រី លើកដាក់លើគោកគរជាគំនរធំៗ សម្រាប់ធ្វើត្រីប្រហុកនៅដងទន្លេសាបម្តុំគីឡូម៉ែត្រលេខ ៩ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ បានបាត់ស្រមោលអស់ បន្សល់ទុកនូវក្លិនស្អុយត្រីតិចៗនៅកន្លែងធ្វើត្រីប្រហុក ដែលត្រូវបានគេលាងសម្អាតហើយ ក្រោយរដូវត្រីត្រូវលើកដំបូងបញ្ចប់ទៅ។
សំឡេងម៉ាស៊ីនធ្វើត្រីប្រហុក ធ្លាប់តែលាន់ឮទ្រហឹងអឺងកង នៅទីនោះក៏បានប្រែក្លាយទៅជាស្ងាត់ ហើយម៉ាស៊ីនទាំងនោះត្រូវបានគេលាងសម្អាតលើកឡើងលើគោករក្សាទុក ដើម្បីរង់ចាំទទួលធ្វើត្រីប្រហុកម្តងទៀតដែលអាចត្រូវនៅខ្នើតក្រោយ។
លោក ម៉ូត ហូសាន់ ម្ចាស់អាជីវកម្មដាយត្រីក្នុងបឹងទន្លេសាបនៅសង្កាត់ច្រាំងចំរេះប្រាប់ថា រដូវត្រីត្រូវលើកដំបូង ដែលទើបបញ្ចប់ទៅនេះ ទិន្នផលត្រីដែលប្រមូលបានហាក់មានការកើនឡើង ហើយថែមទាំងមានតម្លៃថោកទៀតផង។ អ្នកនេសាទរូបនេះអំពាវនាវដល់ប្រជាពលរដ្ឋ ឆ្លៀតមកទិញត្រីធ្វើប្រហុកហូបឱ្យបានច្រើន នៅរដូវត្រីត្រូវលើកទី២ ខាងមុខនេះ ខណៈរូបលោក ក៏កំពុងត្រៀមលក្ខណៈនេសាទលើកទី២ ផងដែរ។
លោកថ្លែងថា៖ «សូមបងប្អូនប្រជាពលរដ្ឋយើងចុះមកធ្វើត្រីប្រហុកឱ្យបានច្រើន ព្រោះត្រីឥឡូវធូរៗថ្លៃទេ តម្លៃត្រីរយៈពេលប្រមាណ ២ ឆ្នាំនេះ ១ គីឡូ តែ ១ ពាន់រៀលជាងទេ ចំណែកតម្លៃ ២ ពាន់ ឬ ២ ពាន់ជាងដោយសារត្រីវ៉ៃហើយទេ»។
កំពុងឈរនៅលើដាយត្រីលេខ ៤ រង់ចាំលើកត្រីដែលនេសាទបានតិចតួច ពីក្នុងទន្លេ លោក ម៉ូត ហូសាន់ ប្រាប់ថា ក្នុងរដូវនេសាទឆ្នាំ ២០២៣-២០២៤ នេះ ត្រីត្រូវវគ្គដំបូងលោកនេសាទបាន ៥០ តោន ដែលមានភាគច្រើនជាត្រីរៀល និងត្រីស្លឹកឬស្សី។ ក្រោយត្រីត្រូវវគ្គដំបូងបញ្ចប់ទៅ ការនេសាទដោយដាក់ដាយត្រីលើកម្តងបានត្រីតែប្រមាណតែ ២០ ទៅ ៣០ គីឡូក្រាមប៉ុណ្ណោះ ជាប្រភេទត្រីនៅសេសសល់តាមទន្លេ។
អ្នកនេសាទរូបនេះប្រាប់ទៀតថា នៅថ្ងៃទី ១២-១៣ ខែមករា ឆ្នាំ ២០២៤ នេះ លោកនឹងចាប់ផ្តើមរៀបចំផ្លាស់ប្តូររបៀបនេសាទ ដើម្បីចាំចាប់យកត្រីនៅរដូវត្រីត្រូវវគ្គចុងក្រោយ គឺដោយដាក់ដាយឱ្យត្រូវនឹងពេលវេលាទឹកមិនសូវហូរខ្លាំងវិញម្តង នោះគឺការនេសាទដោយដាក់ដាយកៀរ។
លោកថ្លែងថា៖ «ខែកន្លងមកយើងដាក់ដាយមូល ដែលត្រូវនឹងទឹកហូរខ្លាំង ចំណែកខែបន្ទាប់នេះគេហៅថាដាក់ដាយកៀរ ដែលគេធ្វើរបៀបដូចឈ្នាងបង្គីយើងអ៊ីចឹង ហើយគេនៅចាំកៀរយកត្រី ព្រោះទឹកវាអត់សូវហូរ»។
លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋបាលកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា វគ្គដំបូងនៃរយៈពេលត្រីត្រូវដែលអំណោយផលដល់ការនេសាទត្រីសម្រាប់ធ្វើប្រហុក ឆ្នាំនេះទិន្នផលត្រីហាក់បានច្រើនជាងឆ្នាំមុន ហើយតម្លៃថោក។
លោកថា ត្រីត្រូវច្រើនហើយថ្លៃថោកនេះ គឺអំណោយផលល្អដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើត្រីប្រហុក ទុកហូបលក្ខណៈគ្រួសារ។
លោកថ្លែងថា៖ «បើនិយាយពីរកស៊ីតម្លៃថោក យើងបានលុយតិច ប៉ុន្តែបើនិយាយពីអ្នកទិញគេចង់បានតម្លៃថោក ដើម្បីបានផលច្រើន ចំណាយតិច អ៊ីចឹងត្រីមានតម្លៃថោកគឺចំណេញដល់ប្រជាពលរដ្ឋអ្នកធ្វើប្រហុកផ្អក»។
បើតាមលោក ហាំង តុង ក្នុងរដូវត្រីត្រូវលើកដំបូង ការនេសាទដោយដាយត្រី អាចនេសាទបានក្នុងមួយម៉ោងគិតជាមធ្យម ចាប់ពី ៨០០ គីឡូក្រាម ទៅ ១ តោន ចំណែកតម្លៃជាមធ្យម ១ ពាន់រៀល ក្នុង ១ គីឡូក្រាម ថោកជាងឆ្នាំមុនដែលមានតម្លៃជាង ២ ពាន់រៀល ក្នុង ១ គីឡូក្រាម។
យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ត្រីត្រូវច្រើន ហើយថ្លៃថោក ក៏អាចមានផលប៉ះពាល់ខ្លះៗ ដល់អ្នកប្រកបអាជីវកម្មដាយត្រី ព្រោះត្រីថោករកចំណូលបានតិច ប៉ុន្តែថ្លៃកម្មករនៅតែដដែល ហើយបើការនេសាទបានតិចផងនោះ នឹងមានការខាតបង់ខ្លះៗ ផងដែរ។
ផ្ទុយពីលោក ហាំងតុង អ្នកនេសាទម្នាក់ទៀតគឺ លោក សឺ ម៉ៅ អ្នកគ្រប់គ្រងដាយត្រីលេខ ១៥ នៅកំពង់ដភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងលើកដៃចង្អុលស្រែកប្រាប់កម្មករឱ្យប្រមូលលើកដាក់ត្រីឱ្យមានរបៀបនៅលើដាយត្រីនោះ ប្រាប់ថា លោកមិនមានការទោម្នេញចំពោះតម្លៃត្រី ដែលមានការចុះថោកសម្រាប់ឆ្នាំនេះទេ ព្រោះអាជីវកម្មនៅតែដំណើរការបានប្រហាក់ប្រហែលឆ្នាំមុន ដោយសារបានទិន្នផលត្រីច្រើនជាងឆ្នាំមុនយោង។
លោកថ្លែងថា៖ «ថ្វីបើតម្លៃត្រីថោក ប៉ុន្តែយើងនេសាទបានច្រើនជាងឆ្នាំមុន អ៊ីចឹងចំនួនទិន្នផលត្រីច្រើនស៊ីសងគ្នាទៅត្រីថោកក៏មិនអីដែរ»។
អ្នកនេសាទដដែលបន្តថា រយៈពេលត្រីត្រូវលើកដំបូងនៅចន្លោះថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ ដាយត្រីនៅកន្លែងរបស់លោកលើកបានត្រីប្រមាណជាង ១០០ តោន ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុននេសាទបានក្រោម ១០០ តោនប៉ុណ្ណោះ។ ចំនួននេះបញ្ជាក់ថា ត្រីត្រូវច្រើន ប៉ុន្តែភាគច្រើនជាត្រីស្លឹកឬស្សី មិនសូវអំណោយផលល្អ សម្រាប់ប្រជាពលរដ្ឋយកទៅធ្វើត្រីប្រហុកនោះទេ។
លោកថ្លែងថា៖ «១០០ តោនជាងហ្នឹងយើងលក់ឱ្យប្រជាពលរដ្ឋខ្លះ ហើយយើងលក់ឱ្យអ្នកទិញយកទៅធ្វើជាម៉ាំ លើកយកទៅលក់នៅវៀតណាមខ្លះ ហើយក៏មានវារីវប្បករមួយចំនួនទិញយកទៅធ្វើចំណីត្រីផងដែរ មិនមានបញ្ហាសល់នោះទេ»។
កំពុងធ្វើត្រីស្លាតដាក់លក់នៅទីតាំងចែកចាយផលនេសាទ (យឿត្រី) ព្រែកព្នៅ កញ្ញា ជា ចន្នី ហៅស្រីម៉ៅ អាយុ ៣៥ ឆ្នាំ បានឱ្យដឹងថា នៅរដូវត្រីត្រូវ រយៈពេល ២ ឆ្នាំចុងក្រោយនេះ នាងតែងទៅរកទិញត្រី នៅកំពង់ដភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ កញ្ញាថា តាមការចុះទៅទិញជាក់ស្តែង ត្រីឆ្នាំនេះត្រូវច្រើនជាងឆ្នាំមុន ទាំងចំនួនទិន្នផលត្រី និងពេលវេលានេសាទ។
កញ្ញាថ្លែងថា៖ «វគ្គដំបូងនេះត្រីវាត្រូវតាំងពី ២ កើតរហូតដល់ ចប់ខ្នើត គឺថ្ងៃ ១៤ កើត ប៉ុន្តែរាល់ដងត្រីត្រូវចាប់ពី ៥ កើត រហូតដល់ ១០ កើតអស់ហើយ»។
ស្រីម៉ៅ បានបង្ហាញពីការសប្បាយចិត្តដែលត្រីឆ្នាំនេះត្រូវច្រើនជាងឆ្នាំមុន ថែមទាំងធូរថ្លៃ។ តាមការចុះទៅទិញជាក់ស្តែងពេលត្រីត្រូវដំបូងនេះកញ្ញាប្រមូលទិញត្រីបាន ៥០ តោន ធៀបរយៈពេលដូចគ្នាឆ្នាំមុនកញ្ញាទិញបានតែប្រមាណ ៣០ តោនប៉ុណ្ណោះ។ ត្រី ៥០ តោន ដែលប្រមូលទិញបាននេះ កញ្ញាបានយកទៅធ្វើម៊ាំប្រមាណ ៣០ តោន លក់ទៅឱ្យអ្នកកុម្មង់ទិញពីប្រទេសវៀតណាម ក្រៅពីនោះគឺលក់ដូរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុក ដែលត្រូវការត្រីយកទៅធ្វើប្រហុក។
ស្រីម៉ៅ អះអាងថា នឹងបន្តចុះទៅរកប្រមូលទិញត្រីប្រហុកបន្តទៀតនៅពេលរដូវត្រីត្រូវនាពេលខាងមុខ ដែលអាចនឹងត្រូវចន្លោះចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ប៉ុន្តែមិនដឹងថា វគ្គក្រោយនេះត្រីត្រូវច្រើនដូចពេលដំបូងនេះ ឬយ៉ាងណានោះទេ។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឱ្យដឹងថា ការនេសាទតាមគន្លងដាយត្រី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវត្រីត្រូវលើកដំបូងនេះ ចាប់បានត្រីសរុបចំនួន ២ ៨៤០ តោន។
លោកថា ថ្វីបើត្រីត្រូវលើកដំបូង មានចំនួនច្រើន ប៉ុន្តែការធ្វើត្រីប្រហុកផ្អកតាមការរំពឹងទុករបស់ប្រជាពលរដ្ឋ មិនដូចចិត្តនោះទេ ដោយសារតែ ត្រីត្រូវលើកនេះសម្បូរទៅដោយត្រីស្លឹកឫស្សី និងកូនត្រីឆ្វៀត ដែលមិនសូវអំណោយផលដល់ការធ្វើត្រីប្រហុក។
លោកបញ្ជាក់ថា នៅរដូវត្រីត្រូវលើកក្រោយនេះ អាចនឹងសម្បូរត្រីរៀលដែលគេនិយមយកទៅធ្វើត្រីប្រហុកច្រើន ហើយតាមការរំពឹងទុក នៅពេលបញ្ចប់រដូវត្រីប្រហុកឆ្នាំនេះ ចំនួនទិន្នផល នឹងមានការកើនឡើងផងដែរ។
លោកថ្លែងថា៖ «ខ្ញុំជឿថា ទោះបីជាត្រីត្រូវដំបូងនេះមិនបានគាប់ចិត្តគាត់មែន ប៉ុន្តែមិនមែនអត់នោះទេ គឺពួកគាត់មកទិញត្រីបានតាមចំណែកគួរសមដែលពួកគាត់ត្រូវការដែរ អាហ្នឹងគឺសភាពជាក់ស្តែង ដែលខ្ញុំចុះទៅពិនិត្យ»។
លោកប្រាប់ថា នៅក្នុងឆ្នាំ ២០២៣ មន្ត្រីជំនាញបានសហការបង្ក្រាបបទល្មើសនេសាទ ជាមួយអាជ្ញាធរមូលដ្ឋានបានប្រមាណជាង ២០០ ករណី ដែលចំនួននេះភាគច្រើនជាបទល្មើសឆក់ និងការដាក់ស្បៃមុង។
លោកអះអាងថា នឹងបន្តអនុវត្តការរឹតបន្តឹងច្បាប់ជលផលបន្តទៀតដោយមិនដកដៃ ដើម្បីឱ្យទិន្នផលត្រីកាន់តែមានការកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំក្រោយៗទៀត។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា តាមការសង្កេតជាក់ស្តែងក្នុងរដូវត្រីត្រូវលើកដំបូង សម្រាប់ការនេសាទនៅតាមដាយត្រីនៅរាជធានីភ្នំពេញ ក៏មានការកើនឡើងផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនប្រមាណ ១៧ ភាគរយ។ ត្រីត្រូវលើកដំបូងនេះ ដាយត្រីនៅរាជធានីភ្នំពេញ ចាប់បានត្រីប្រមាណជាង ៨០០ តោន។
លោកថ្លែងថា៖ «មកដល់ថ្ងៃនេះដាយត្រីផ្អាកត្រូវហើយ ដោយសារផុតខ្នើត បើនៅចំខ្នើត ឃើញមានប្រជាពលរដ្ឋច្រើនមកធ្វើប្រហុកផ្អក ជាពិសេសនៅក្រោយយឿត្រីគីឡូលេខ ៩»។
តាមស្ថិតិផលត្រីដែលបានពីការធ្វើអាជីវកម្មនេសាទដាយត្រី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនេសាទដោយដាយត្រីនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ក្នុងឆ្នាំ ២០២១ អនុវត្តបានត្រីចំនួន ៨ ៧០០ តោន ឆ្នាំ ២០២២ អនុវត្តបាន ១៣ ០០០ តោន ឆ្នាំ ២០២៣ អនុវត្តបាន ១៣ ៦៥០ តោន៕