បាត់ដំបងៈ ត្រី និងអំបុក អ្នកផងអាចនឹងគិតថា វាគ្រាន់តែជាអាហារសាមញ្ញប៉ុណ្ណោះ តែមានសហគ្រាសមួយក្នុងក្រុងបាត់ដំបងបាន និងកំពុងកែច្នៃឱ្យទៅជាអាហារសម្រេច និងគ្រោងនាំចេញទៅប្រទេសចិន ប្រមាណ ១៥ តោន ហើយក៏ត្រៀមនឹងនាំចេញទៅប្រទេសកូរ៉េ និងជប៉ុនផងដែរ។
ស្ថិតក្នុងសម្លៀកបំពាក់ខោអាវពណ៌ស ដែលនៅលើក្បាលមានគ្របទៅដោយក្រណាត់ស្បៃស្តើងពណ៌លឿងដែលកំពុងឈរម្តុំគ្នាទៅតាមទីតាំងធ្វើការងារ ប្រសិនបើគេមើលមួយភ្លែតអាចនឹងគិតថា ជាក្រុមគ្រូពេទ្យ។ ក៏ប៉ុន្តែតាមការពិតទៅអ្នកទាំងនោះ គឺជាក្រុមការងារដែលកំពុងធ្វើសកម្មភាពវេចខ្ចប់កែច្នៃត្រី និងអំបុកក្នុងសហគ្រាស ហេង ច័ន្ទនីអង្គរមាស ដែលស្ថិតក្នុងភូមិរំចេក ២ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង។
កញ្ញា វាសនា វេជ្ជរ៉ាវ៉ា អាយុ ២៩ ឆ្នាំ ដែលជាម្ចាស់សហគ្រាស (Heng Channy Angkor Meas) បានប្រាប់ថា សហគ្រាសកែច្នៃត្រីជាត្រីសាច់ផ្សំគ្រឿង និងអំបុកកែច្នៃរបស់គ្រួសារកញ្ញាបានចាប់ផ្តើមពីឆ្នាំ ២០១៧ តែកាលនោះគ្រាន់តែជាអាជីវកម្មតាមបែបលក្ខណៈគ្រួសារប៉ុណ្ណោះ។ រីឯការផលិតក៏ធ្វើឡើងដោយម៉ាស៊ីនកែច្នៃដែរ ដូច្នេះហើយទម្រាំតែចេញជាផលិតផលសម្រេច គឺត្រូវប្រើពេលយូរថ្ងៃទើបរួច។
លុះចូលដល់ឆ្នាំ ២០១៩ បន្ទាប់ពីកញ្ញាចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង និងចូលរួមជាមួយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ទើបខាងស្ថាប័នពាក់ព័ន្ធផ្តល់ជាម៉ាស៊ីន ខណៈក្រសួងបរិស្ថានតាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុបានជួយជាគម្រោងក្នុងការបណ្តុះបណ្តាលដើម្បីរៀបចំជាអាងប្រព្រឹត្តិកម្មដើម្បីចម្រោះកាកសំណល់ និងទឹកកខ្វក់មិនឱ្យបំភាយក្លិនអាក្រក់ចូលទៅក្នុងបរិយាកាស។
កញ្ញា វេជ្ជរ៉ាវ៉ា បានប្រាប់ថា៖ «ដោយសារពីមុនមកខ្ញុំមិនបានយល់ដឹងធ្វើតែតាមទម្លាប់មិនគិតដល់ផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពមនុស្ស ប៉ុន្តែពេលនេះក្រោមការជួយទំនុកបម្រុងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ក្នុងការបណ្តុះបណ្តាលទើបខ្ញុំប្រើប្រាស់ទុកដាក់កាកសំណល់ដែលពីមុនចេះតែបោះចោលមិនយកចិត្តទុកដាក់»។
កញ្ញា វេជ្ជរ៉ាវ៉ា បានបនុ្តថា នៅក្នុងសហគ្រាសរបស់កញ្ញាមានកែច្នៃអំបុក( អំបុកសារាយសមុទ្រ អំបុកផ្លែឈើចម្រុះ អំបុកពិសេស អំបុកចេក និងអំបុកធម្មជាតិ)។ ចំពោះត្រីវិញ គឺកញ្ញាជ្រើសរើសយកតែត្រីរ៉ស់និងត្រីអណ្តែងមកទេ គឺកែច្នៃជាប្រភេទត្រីឆ្ងាញ់ធម្មជាតិ ត្រីឆ្ងាញ់ទន្លេសាប ត្រីឆ្អើរបាត់ដំបង ត្រីរសជាតិហឹរ និងត្រីរសជាតិល្ង ហើយក្រៅពីនោះក៏មានកែច្នៃជាកាហ្វេម្សៅចេក ចេកល្ងស និងចេករសជាតិត្រីផងដែរ។
បើតាម កញ្ញា វេជ្ជរ៉ាវ៉ា សម្រាប់ត្រីកិនកែច្នៃ និងអំបុកកែច្នៃគឺសហគ្រាសគ្រោងនឹងនាំចេញទៅប្រទេសចិនចំនួន ១៥ តោនក្នុងពេលឆាប់ៗនេះ ចំណែកឯខាងប្រទេសកូរ៉េខាងត្បូងក៏ត្រៀមនឹងនាំចេញផលិផលកែច្នៃទាំង ២ ប្រភេទនេះដែរ តែមិនដឹងថានឹងមានចំនួនប៉ុន្មានតោនទេ។ ដោយឡែកខាងអ្នកជំនួញបង់ក្លាដែសក៏កំពុងដំណើរការការិយាល័យសម្រាប់លក់នៅក្នុងប្រទេសជប៉ុន ១ ទៀតដែរ ដើម្បីនាំផលិតផលកែច្នៃរបស់កញ្ញាចេញទៅលក់នៅទីនោះ។
កញ្ញាបានបន្ដថា ពាក់ព័ន្ធនឹងការនាំចេញនេះ ខាងក្រសួងពាណិជ្ជកម្មកំពុងរៀបចំជាវិញ្ញាបនបត្រដល់សហគ្រាសរបស់កញ្ញាដើម្បីបានយកទៅដាក់លក់នៅលើទីផ្សារអន្តរជាតិតែម្តង។ ចំពោះប្រភេទត្រីកែច្នៃជាត្រីម៉ដ្ឋនេះមានទម្ងន់ចាប់ពី ៥០ ក្រាម ១០០ ក្រាម ២០០ ក្រាម ៥០០ ក្រាម រហូតដល់ ១ គីឡូក្រាម ហើយនៅក្នុងសហគ្រាសរបស់កញ្ញាមានបុគ្គលិកប្រុសស្រីដែលកំពុងជួយការងារទាំងអស់ចំនួន ១៨ នាក់។
កញ្ញាបានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្ត និងមានទំនុកចិត្តទៅលើក្រសួងពាក់ព័ន្ធរួមនឹងក្រសួងពាណិជ្ជកម្មដែលជួយធ្វើកម្មសិទ្ធិបញ្ញាឱ្យយើង។ បរទេសចាប់អារម្មណ៍ផលិតផលសហគ្រាសរបស់ខ្ញុំ គឺតាមរយៈក្រសួងពាក់ព័ន្ធរបស់កម្ពុជាយើង។ ផលិតផលយើងផ្តល់ទំនុកចិត្តដល់អតិថិជនដោយសារផលិតផលយើងមានរសជាតិហើយ ថែមទាំងមានស្តង់ដាទៀត ហ្នឹងហើយជាទំនុកចិត្ត»។
កញ្ញាក៏ឱ្យដឹងដែរថា កន្លងមក កញ្ញាតែងតែចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅតាមខេត្តមួយចំនួន ឬតាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឬតាមរយៈភូមិ ១ ផលិតផល ១ គឺស្ថាប័នទាំងអស់បានជួយជំរុញសហគ្រាសរបស់កញ្ញា ដើម្បីឱ្យគេស្គាល់។ ការជួយជំរុញនេះបានធ្វើឱ្យផលិតផលកែច្នៃក្នុងស្រុករបស់កញ្ញាកាន់តែមានការគាំទ្រច្រើន តែផលិតផលកែច្នៃនេះក៏នៅមិនទាន់បានដាក់លក់នៅតាមម៉ាតឬតាមផ្សារទំនើបនៅឡើយដែរ។
ដោយឡែកលោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីចុងខែធ្នូឆ្នាំមុនថា នៅក្នុងឆ្នាំ ២០១០ ក្រសួងបរិស្ថានបានបង្កើតគម្រោង ១ ហៅថា គម្រោងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជាហៅកាត់ (CCCA) ហើយបានអនុវត្តពីដំណាក់កាលទី១ ដល់ទី៣ ដែលកំពុងបន្តមកទល់ពេលនេះ។
គម្រោងនេះក្រសួងបរិស្ថានទទួលបានការឧបត្ថម្ភគាំទ្រមូលនិធិពីសហគមន៍អឺរុបពីប្រទេសស៊ុយអែត និងពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ហើយតាមរយៈមូលនិធិនេះ គឺក្រសួងបរិស្ថានបានសហការផ្តល់មូលនិធិដល់គម្រោងអនុវត្តនៅក្នុងដំណាក់កាលទី៣ ហៅថា (CCCA3) បាន ២២គម្រោងក្នុងខេត្តបាត់ដំបង។
លោកស្រីបានថ្លែងថា៖ «ក្នុង ២២ គម្រោងយើងបានផ្តល់ជូនសហគ្រាសធុនមធ្យម និងសហគ្រាសធុនតូច។ នេះជាឱកាសមួយដែលបង្ហាញពីការជំរុញរបស់រាជរដ្ឋាភិបាលទៅដល់សហគ្រាសធុនមធ្យម និងធុនតូចដើម្បីចូល-រួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»៕