បាត់​ដំបងៈ​ សំណល់​ថង់​ប្លា​ស្ទិ​ក បាន​បង្ក​បញ្ហា​ជាច្រើន​ដល់​បរិស្ថាន​ ក៏​ប៉ុន្ដែ​តា​មរយៈយុទ្ធ​នាការ​បញ្ជ្រាប​ចំណេះដឹ​ង​សាលា​បឋម​សិក្សា​សម្តេច​ជា​ស៊ីម ក្នុង​ក្រុង​បាត់​ដំបង​ ត្រូវបាន​ការិ​យាល័​យ​អប់រំ​យុវជន ​និង​កីឡា​ចាត់​ទុក​ជា​សាលាគំរូ​ ១ ​ដែល​គ្មាន​ថង់​ប្លា​ស្ទិ​ក​ ក្នុង​ចំណោម​សាលា​បឋម​សិក្សា​ចំនួន​៣៥​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុតកីឡា​កំពុង​ឈរ​តម្រៀប​គ្នា​ជា​ក្រឡា​ចត្រង្គ ​ក្រុម​សិស្ស​ប្រុស​ស្រី​តូចៗ ​បានឈរ​នៅ​ពីមុខ​ជួរ​ក្រុម​សិស្សានុ​សិស្ស​ផ្សេងទៀ​ត ​ដោយ​នៅដៃ​ពួក​គេ​ មាន​កាន់​បដា​សរសេរ​ជាពាក្យ​ស្លោក​ថា ​«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។ ​

នេះ​គឺជា​សារ​នៅ​ក្នុង​យុទ្ធ​នា​ការ​បញ្ជ្រាប​ចំណេះដឹង​ស្តីពី​គុណវិ​បត្តិ​នៃ​ការប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក រ​បស់​សា​លា​បឋម​សិក្សា​សម្តេច​ជា​ស៊ីម ​ក្នុង​ក្រុង​បាត់​ដំបង។ ជា​មួយ​គ្នានេះ​ទិដ្ឋភា​ពនៅ​ក្នុង​បរិ​វេណ​សា​លា​បឋមសិក្សា​មួយ​នេះ ​មាន​លម្អ​ដោយ​សួន-​ច្បារ​ហើយ​ក៏​មិន​ឃើញ​មាន​សំណល់​សំរាម​នៅ​លើ​កម្រាល​បេតុង​អ្វីដែរ។

លោកស្រី​ ឃ​ន​ យ៉ា​រ៉ា​ន់ ​នាយិ​កា​សាលា​ប​ឋមសិក្សា​សម្តេច​ជាស៊ីម​បាន​ផ្តល់​បទ​សម្ភាស​ន៍ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​បរិវេណ​សាលាកាលពីចុងខែធ្នូ​ ឆ្នាំមុនថា​ សាលា​បឋម​សិក្សាសម្តេចជាស៊ីម​បាន​ចូលជា​មួយ​ក្រសួង​បរិស្ថាន​ក្នុង​ការធ្វើ​យុទ្ធនា​ការ​បញ្ជ្រាប​ការ​យល់ដឹង​ស្តីពី​ការប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​បាន​ចំនួន​ ២​លើក​រួច​មក​ហើយ​។ 

លោក​ស្រីនា​យិ​កា ​បាន​ឱ្យដឹ​ងថា ​កាល​ពី​ឆ្នាំ​២០១៨-​២០១៩ ​គឺ​សាលា​បាន​ឈប់​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​ និងប្រអប់​ស្នោ​រួច​ទៅហើ​យ ​គ្រាន់​តែ​ថា​កាលនោះ​​ការ​អនុវត្ត​បាន​ត្រឹម​តែ​ ៨០ ​ភាគរយ​ទេ​ តែ​មក​ទល់​ពេល​នេះ​ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ និង​ប្រអប់​ស្នោ​នៅ​ក្នុង​បរិវេណ​សាលា​ គឺ​គ្មាន​សោះ​តែ​ម្តង​។​

នៅ​ពី​ក្រោយ​កា​រធ្វើ​ឱ្យ​សាលា​មាន​បរិស្ថាន​ល្អ​នេះ​ លោក​ស្រី ​ឃ​ន​ យ៉ា​រ៉ា​ន់ បាន​ប្រាប់​ថា​ ជាវិធាន​ការ​គឺ​ពីដំ​បូង​ខាង​សាលា​បាន​ផ្សព្វ​ផ្សាយ​ដល់​លោក​គ្រូ​ អ្នកគ្រូ​បន្ទុក​ថ្នាក់ដើម្បី​ឱ្យ​គាត់​ដឹង​ទាំង​អស់​គ្នា​ហើយ​គាត់​ចូល​រួម​។​ បន្ទាប់​មក​សា​លា​បាន​ផ្សព្វ​ផ្សាយ​បន្ត​ដល់​សិស្ស​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ គឺ​សាលា​ប្រជុំ​ជាមួយ​មាតា​បិតា​សិស្ស​ធ្វើ​ម៉េច​ឱ្យ​គាត់​ជួយ​គាំ​ទ្រមក​សា​លា​រៀន​វិញ​។​

គឹម សារុំ

​លោកស្រី​បន្ត​ថា​៖«​ខ្ញុំ​ក៏ដូចជា​លោក​គ្រូ​ អ្នកគ្រូ​យល់​ថា​ ការ​បំបាត់​ថង់​ប្លា​ស្ទិ​ក​គឺមាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​។​ពីមុន​សាលា​ខ្ញុំ​ប្រើ​ប្រអប់​ស្នោ​ និង​ថង់ប្លា​ស្ទិ​ក​ អ៊ីចឹង​យើង​ត្រូវការ​ចំណាយ​ធន​ធាន​ច្រើន​ក្នុងការ​ប្រមូល​សំរាម​ប្លាស្ទិ​ក​ហ្នឹង​។ ​ពីមុន​ខ្ញុំ​ចំណាយ​ពី​ ៣០ ​ទៅ​ ៤០ ​ថង់ ​សម្រាប់​ដាក់​សំរាមប្លា​ស្ទិ​ក​ក្នុង​១​ថ្ងៃ​។​ ប៉ុន្តែ​ក្រោយពី​សិស្ស​យល់ដឹ​ង​ទៅ​គឺ​យើង​ប្រើ​ថង់​តែ​១​ ឬ​ ២​ ទេ​ក្នុង​ ១​ ថ្ងៃ​ គឺ​សម្រាប់​ប្រមូល​ថង់​ពី​ក្រៅ​សាលា​ដែល​ពលរដ្ឋ​បោះ​ចោល​»​។​

បើតាម​លោក​ស្រី​នាយិកា ​ ​កាល​ពីមុន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ពេល​មាន​ថង់​ប្លា​ស្ទិ​ក​ច្រើន​ឬក៏​មាន​កម្ទេច​សំរាម​កក​ចោល​យូរ​ ​កូន​សិស្ស​ក៏ទៅ​ប្រមូល ​អ៊ីចឹង​វា​ក៏ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សុខ​ភាព​ពួក​គាត់​ដែរ​ ​ប៉ុន្តែ​ក្រោយពី​មាន​ការ​ធ្វើ​យុទ្ធ​នាការ​ជា​បន្ត​បន្ទាប់​មក​លោក​ស្រី​បានមើល​ឃើញ​ថា ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ ហើយ​មាន​ការ​កាត់​បន្ថយ​ការ​បោះ​សំរាម​ចោល​នៅ​តាម​ដង​ផ្លូវ​សា​ធារ​ណៈ​ដែល​មិន​ដូច​ពី​ពេល​មុន​ទៀត​ឡើយ​។​

លោក​ស្រីបាន​​ថ្លែង​ថា​៖ «​សាលា​បាន​ផ្សព្វ​ផ្សាយ​ដល់​មាតា​ បិតា​សិស្ស ​តែបើ​ពួក​គាត់​មិនបាន​ចូលរួ​ម​ប្រជុំ​នៅ​សាលា​ទេ​គឺ​ខាង​សាលា​ចុះទៅ​ផ្សព្វ​ផ្សាយ​តាម​ភូមិ​ឃុំ​តែម្តង​។​ ខាង​សាលា​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ អ៊ីចឹង​យើង​គិតថា​បាន​ជោគ​ជ័យ​ បើ​ទោះ​មិន​បាន​ ១​០០ ភាគរយ​ក្តី​ តែ​ឃើញ​ថា​ ការបោះ​ចោល​ថង់​ប្លា​ស្ទិ​កមាន​ការ​កាត់បន្ថយ​បាន​ច្រើន​»​។​

​បើ​តាម​លោកស្រី​នាយិកា​ ឃ​ន ​យ៉ា​រ៉ា​ន់​ ម្តង​ម្កាល​គឺ​សាលា​បាន​ដឹក​នាំ​សិស្ស​ធ្វើ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ពី​ការមិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ នៅ​តាម​ដង​ផ្លូវ​ ទីប្រជុំ​ជន​មួយ​ចំនួន ​ក្នុង​ក្រុង​បាត់​ដំបង ​ដែលមាន​សិស្សា​​នុ​សិស្ស​កម្រិត​បឋម​សិក្សា​ដើរ​ជា​ក្បួន​។​ សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ពេល​ហែក្បួន​ គឺ​ពួក​គាត់​ចាប់​អារម្ម​ណ៍​ជាពិសេសគឺពួកគាត់​ចាប់​អារ​ម្មណ៍​លើ​ការ​ស្រែក​របស់​ក្មេង​(​សិស្ស​)​ ដូចជា​ឮ​សម្រែក​ឬក៏​ឃើញ​ផ្ទាំង​បដា​ដែល​សិស្ស​កាន់​ជា​ដើម​។​ បច្ចុប្បន្ន​សាលាប​ឋមសិក្សា​សម្តេច​ជាស៊ីម​ ក្នុង​ឆ្នាំ​សិក្សា​២០២៤​នេះ​ មាន​សិស្ស​សរុប​ចំនួន​ ២ ០២៣​ នាក់ ​(ស្រី ៩៩១​ នាក់​)​ និង​មាន​អគារ​ចំនួន ​៥​ ខ្នង​ ស្មើ​ ៣៨ ​បន្ទប់​។

​​ទាក់​ទង​នឹង​រឿង​សំរាម​នេះ ជា​រឿយៗ ​នៅ​ពេល​លោក​ស្រី​ចូល​រួម​ប្រជុំ​នៅ​តាម​ឃុំ​ម្តងៗ ​គឺ​លោក​ស្រី​តែង​លើក​ពី​ការ​សម្អាត​បរិស្ថាន​ក្នុង​សា​លា​រៀន​ ហើយ​តែង​តែ​សំណូម​ពរ​ឱ្យ​អាជ្ញា​ធរឃុំ​ជួយ​សហការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​បន្ត​។ «​ពីព្រោះ​បើនៅ​តាម​សាលា​រៀន​ស្អាត​ហើយ​ស្រាប់​តែ​មើល​ទៅ​ក្នុងសហ​គមន៍​មាន​សុទ្ធតែ​សំរាម​ក៏​មិន​កើត​ដែរ​ តែ​ឥឡូវ​ខ្ញុំ​ឃើញ​ថា​មាន​ការ​កាត់​បន្ថយ​ការ​បោះ​ចោល​សំរាម​តាម​ទី​សា​ធារ​ណៈ ​មិន​ដូច​កាល​ពី​មុន​ទៀត​ឡើយ​»​។​

​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​លោក​ យី ​សុង​គី​ ប្រធាន​មន្ទីរអប់រំ​ យុវជន ​និង​កីឡា​ខេត្ត​បា​ត់ដំបង​​បា​នទេ ​ក៏ប៉ុន្តែ​​លោក​ ទ្រី​ ហាក់​ ប្រធានការិ​យាល័យ​អប់រំ​យុវជន​ និង​កីឡា​ក្រុងបាត់​ដំបង​បាន​ឱ្យ​ដឹង​ថា​ ចំពោះ​ការអនុវត្ត​យុទ្ធ​នាការ​ «​ថ្ងៃ​នេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ស្រប​តាម​ក​ម្មវិធី​ថ្នាក់​ជាតិ​នេះ ​គឺជា​បញ្ហា​សំខាន់​ដែល​ត្រូវ​អនុវត្ត​ទាំង​សាលា​មតេយ្យ ​សាលា​បឋម​សិក្សាទាំង​អនុ​វិទ្យា​ល័យ ​និង​វិទ្យា​ល័យ​ពោល​គឺ​អនុវត្ត​ទាំង​អស់​អំពី​យុទ្ធ​នាការ​នេះ​។

 

គឹម សារុំ

ដោយ​ឡែក​​ទាក់​ទង​នឹង​ការ​ប្រមូល​ទុក​ដាក់​សំរាម​នេះ ​គឺ​នៅ​គ្រប់​សាលា​ទាំងអស់​បាន​យក​ចិត្តទុ​កដាក់​ពី​ផល​ប៉ះពាល់​នៃកា​រប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​។ ​បើ​ទោះបី​នៅមាន​មែន​ តែ​ខាង​សា​លា​នីមួយៗ​តែង​ប្រមូល​ទុកដា​ក់​បាន​ត្រឹមត្រូវ​ ហើយ​ខាង​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក៏បាន​មក​ប្រមូល​ទាន់​ពេល​វេលា​ដែរ។​

លោក​បាន​ប្រាប់​ថា ​នៅ​តាម​សា​លា​រៀន​ក្នុង​ក្រុង​បាត់​ដំបង​បាន​អនុវត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើរឿង​បរិស្ថាន​នេះ​ប៉ុន្តែ​ក្នុង​ចំណោម​សាលា​បឋម​សិក្សា​ចំនួន​៣៥​  ក្នុង​ក្រុង​បាត់​ដំបង​គឺមានតែ​សាលា​បឋម​សិក្សា​សម្តេច​ជាស៊ីម​មួយ​ទេ​ ដែល​ក្លាយ​ជា​សា​លា​គំរូ​ អនុ​វត្ត​បាន​ល្អ​ជាង​គេ​ពាក់​ព័ន្ធ​ការ​អនុវ​ត្តមិន​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

លោក​បានថ្លែង​ថា​៖«​ការ​មិន​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​យើង​បាន​អនុវត្ត​យូរ​មក​ហើយ​ តែ​ពេល​នេះ​យើង​ពង្រឹង​បន្ថែម​។​ ក្នុង​ការ​ពង្រឹង​នេះ​ធ្វើ​ឱ្យ​នៅ​តាម​សាលា​មាន​បរិ​ស្ថា​នល្អ​ស្រស់​ស្អាត និង​
សិស្សានុ​សិស្ស​មាន​សុខ​ភាព​ល្អ​»​។​

​លោក​ស្រី ​ឃួន វិ​ច្ឆិកា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជ​ន និង​កីឡា​បាន​ថ្លែង​ថា​ ការ​បញ្ជ្រាប​សា​លារៀន​ស្អាត ​​និង​បរិ​ស្ថាន​ស្អាត​តាំង​ពី​កម្រិត​បឋម​សិក្សា​នេះ ​គឺ​ដើម្បី​បណ្តុះ​ទម្លាប់​សិស្សតាំង​ពី​តូច​ឱ្យ​ជាប់​ជា​អត្ត​ច​រិត​ក៏ដូច​ជា​អត្តសញ្ញាណ​របស់​កុមារដើម្បី​ឱ្យ​ការ​អនុវត្ត​នេះ​ជាប់​បន្ត​រហូត​ដល់​ពួក​គាត់​ធំ​ និង​ក្លាយ​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​។​ កម្មវិធី​សាលា​រៀន​ស្អាត​នេះ​ត្រូវ​បាន​បញ្ចូល​ជា​សូច​នា​ករ​មួយ​ក្នុង​សា​លា​រៀន​គំរូ​។​

លោក​ស្រី​បានបញ្ជាក់ថា​៖ «​ក្រសួងអប់រំ​បាន​ និង​កំពុង​អនុវត្ត​ចាប់​ពី​ឆ្នាំ​សិក្សា ​២០២៣-​២០២៤​។​ នេះសម្រាប់​សាលា​រៀន​គ្រប់​កម្រិត ​និង​នៅទូទាំងប្រទេស​ ដូច្នេះ​ក្រសួង​អប់រំនឹង​មាន​ធ្វើ​ការ​វាយ​តម្លៃ​សា​លារៀ​ន​គំរូ​ក្នុង​ពេល​អនា​គត​»៕

គឹម សារុំ