កំ​ពតៈ មនុស្ស ១​ ​ក្រុម​មាន​គ្នា​ ៤ ​ទៅ ​៥​ នាក់​ ដែល​អ្នកខ្លះ​កាន់​កាមេរ៉ា​ថតរូប និង​ខ្លះ​កាន់ដៃដ្រូន​ភ្នែក​រំពៃមើល​ផ្ទៃ​ទឹកសមុទ្រ​ ខណៈ​ពួកគេ​កំពុង​ជិះទូក​ម៉ាស៊ីន​ ១ គ្រឿង ​ធ្វើដំណើរ​សង្កេត​សត្វ​ផ្សោត​ដ៏​អស្ចារ្យ​នៅ​សហគមន៍​ព្រែក​ត្នោត​កាលពី​ចុងឆ្នាំ​មុន​។ នោះ​គឺជា​សកម្មភាព​ក្រុម​ការ​​ងារ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា ​(MCC)​ និង​មន្ត្រី​ជំនាញ​ជល​ផល​ខេត្តកំពត ព្រមទាំង​សហ​គម​ន៍​នេសាទ​បាន​ចុះ​សង្កេត​រកមើល​សត្វ​ផ្សោត​សមុទ្រ​។​

​ហ្វូង​ផ្សោត​ពណ៌​ផ្កាឈូក ឬ​ហៅថា​ផ្សោត​ឃ្លៀច​ ១ ​ហ្វូង ​ងើបឡើង​ពី​ក្នុង​ផ្ទៃ​ទឹកសមុទ្រ​ជាមួយនឹង​ភាពសប្បាយ​រីករាយ​លោត​ដេញចាប់​ត្រី​ស៊ី បែក​ទឹក​ខ្ចាយ ត្រូវបាន​ក្រុមការងារ​អភិរក្ស​សមុទ្រ​ថត​បាន​ទាំង​រូបភាព​សន្លឹក​និង​រូប​វីដេអូ​។​

​លោក ស សូ​រិន្ទ នាយ​ខណ្ឌ​​រដ្ឋបាល​ជលផល​ខេត្តកំពត​បានឱ្យដឹងថា សកម្ម​ភាពចុះ​ស្រាវ​​ជ្រាវ​សត្វ​ផ្សោត​សមុទ្រ​នៅ​ខេត្ត​កំពត​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០២២  រហូតដល់​ដាច់​ឆ្នាំ​ ២០២៣ ដើម្បី​ស្រង់​ស្ថិតិ​សត្វ​​ផ្សោត​សមុទ្រ ប៉ុន្តែ​ជា​លទ្ធផល​នៅតែ​មិនទាន់​កំណត់​បានទេ​។​ហេតុនេះហើយ​ទើប​ឆ្នាំ​ ២០២៤​ នេះ​ក្រុមការងារ​ជំនាញ និង​អង្គ​ការ​ដៃគូ​នៅ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​កំណត់​ឱ្យបាន​ចំនួន​សត្វ​ផ្សោត​ទាំងនោះ​។​

​លោក​បាន​ប្រាប់ថា សត្វ​ផ្សោត​ពណ៌​ផ្កាឈូក ឬ​ផ្សោត​ឃ្លៀច​មិនមែន​ទើប​តែមាន​វត្តមាន​ក្នុង​សមុទ្រ​ខេត្តកំពត​នោះទេ តែ​ច្រើន​ឆ្នាំ​ហើយ​ដែល​សត្វ​ផ្សោត​នោះ​ត្រូវបាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ជារឿយៗ ប៉ុន្តែ​មិន​ធ្លាប់បាន​ស្រង់​ស្ថិតិ​ឱ្យ​ច្បាស់លាស់​ទេ​។​​លុះដល់​មាន​កិច្ចសហការ​ជាមួយ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​កាលពី​ឆ្នាំ ​២០២២ ទើប​មានការ​ស្រាវជ្រាវ​រាប់​ចំនួន​។​

​តាម​ការសង្កេត​បឋម​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២៣ ក្រុមការងារ​ស្រាវជ្រាវ​បាន​ប្រទះឃើញ​សត្វ​​ផ្សោត​ឃ្លៀច​ប្រមាណ​ពី ៤០ ​ទៅ​ ៤៦​ ក្បាល​។ ចំណែក​ប្រភេទ​ផ្សោត​ក្បាលត្រឡោក​មាន​ប្រ​មាណ​ពី ​៣០ ទៅ​ ៤០​ ក្បាល​ដែល​កំពុង​រស់នៅក្នុង​តំបន់​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ សហគមន៍​នេសាទ​ច​ង្ហោ​ន និង​សហគមន៍​នេសាទ​ព្រែក​ត្នោត​។ នេះ​បើតាម​លោក ស សូ​រិន្ទ​។​

​លោក​បាន​ប្រាប់ថា​៖ «​សត្វ​​ផ្សោត​វា​រស់នៅ​តំបន់​នោះ​ដោយសារ​ទី១ បរិស្ថាន​ល្អ ទឹកស្អាត ហើយ​សម្បូរ​ចំណី ព្រមទាំង​មានការ​ការពារ​ពី​ក្រុម​ល្បាត​របស់​មន្ត្រីរដ្ឋបាល​ជ​ល​ផល​បានល្អ​។ ទន្ទឹមនឹង​យើង​ក៏បាន​ទម្លាក់​ប្រអប់​បេតុង​ធ្វើជា​ជម្រក​សិប្ប​និម្មិត​ការពារ​នៅ​តំបន់​នោះ​ជាច្រើន​ប្រអប់​ផងដែរ​»​។​

​មន្ត្រី​ជំនាញ​ដដែល​ប្រាប់ថា​ការងារ​ស្រាវជ្រាវ​បន្ត​ឆ្នាំ​ ២០២៤ ​នេះ​ក្រុមការងារ​នឹងដាក់​បន្ថែម​ឧបករណ៍​ស្រូប​សំឡេង​សត្វ​​ផ្សោត​ទៅក្នុង​ទឹកសមុទ្រ​។ ជា​មួយ​គ្នា​នោះ​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​អ្នកនេសាទ​ចូលរួម​ការពារ​តំបន់​នេះ​ឱ្យបាន​កាន់តែ​ប្រសើរ បើ​មានការ​ចាប់បាន​សូម​រាយការណ៍ និង​លែង​ចូល​ជម្រក​ធម្មជាតិ​វិញ​។  

​លោក​ថា​៖ «​ឆ្នាំ​ ២០២៤​ នេះ យើង​មាន​ផែនការ​ជាមួយ​អង្គ​ការអភិរក្ស​សមុទ្រ​កម្ពុជា MCC បន្ត​តាមដាន និង​ដាក់​ប្រដាប់​ចាប់​សំឡេង ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា​តើ​ហ្វូង​[​ផ្សោត​សមុទ្រ​កំពត​] វា​មាន​ប៉ុន្មាន​ហ្វូង ហើយ​មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​?»​។​

​ការអភិរក្ស​សត្វ​ផ្សោត​នេះ​មិន​ត្រឹមតែ​ជាការ​ថែរក្សា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN នោះទេ ប៉ុន្តែ​ក៏​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​នៅ​ខេត្តកំពត​ផងដែរ​។ សត្វ​ផ្សោត​ពណ៌​ផ្កាឈូក​តែង​ងើបឡើង​នៅពេល​ទឹកសមុទ្រ​មិនសូវមាន​រលក​ចន្លោះ​ពី​ខែវិច្ឆិកា ដល់​ខែមីនា ពេលព្រឹក​មុន​ថ្ងៃ​រះ និង​ពេល​​រសៀល​ចន្លោះ​ពី​ម៉ោង ​៣​ ទៅ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត​។  

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពេល​ចុះ​អង្កេត​សត្វ​ផ្សោត​នៅ​សហ​គម​ន៍​នេសាទ​ព្រែក​ត្នោត​កាល​ពី​ខែធ្នូ ឆ្នាំមុន កញ្ញា ភាន់ សុភា​នី អ្នកសិក្សា​ស្រាវជ្រាវ​ថនិកសត្វ​សមុទ្រ​នៃ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​បានឱ្យដឹងថា តាម​ការ​ចុះ​ស្រាវជ្រាវ​កន្លងមក ក្រុម​ការ​ងារ​បាន​ប្រទះឃើញ​សត្វ​ផ្សោត​ជាច្រើន​ហ្វូង​ដែល​ក្នុង ​១​ ហ្វូង​មាន​ប្រមាណ​ពី​ ៨​ ទៅ ​១៥ ​ក្បាល​។​

​កញ្ញា​បាន​បន្តថា អ្វីដែល​ក្រុម​​ការងារ​ស្រាវជ្រាវ​បានឃើញ​គឺ​សត្វ​ផ្សោត​បាន​ហែល​ជា​ក្រុម​ជាមួយ​កូនៗ​របស់​វា​។ តាមរយៈ​ការថត​ដោ​យ្រ​ដូន ឃើញ​មានកូន​សត្វ​ផ្សោត​តូចៗ​ថ្មីៗ​ជាច្រើន ដែល​អាច​បញ្ជាក់ថា ចំនួន​សត្វ​ផ្សោត​កំពុងមាន​ការកើនឡើង​។​

ផ្សោត​ពណ៌​ផ្កាឈូក​មានតែ​នៅក្នុង​ខេត្តកំពត និង​កោះកុង​ប៉ុណ្ណោះ​ ដែល​សរុបទៅ​អាចមាន​ចន្លោះ​ពី​ ១០០ ទៅ​ ២០០​ ក្បាល​។ ប្រភព​ដដែល​បន្តថា ដើម្បី​រក្សា​ចំនួន​ផ្សោត​ឱ្យនៅ​គង់វង្ស និង​បន្ត​កើន​​ឡើង MCC​ បាន​សហការ​ជា​មួយ​សហគមន៍​នេសាទ​ឱ្យជួយ​ថែរក្សា និង​កត់ត្រា​ចំនួន​ផងដែរ​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​គម្រោង​អភិរក្ស​ថនិកសត្វ​សមុទ្រ​របស់​យើង​បាន​សហការ​ជាមួយ​សហ​គម​ន៍​មូលដ្ឋាន​ផ្ទាល់ ដូចជា​ខាង ប្រជា​នេសាទ​។ យើង​ផ្តល់ជូន​គាត់ នូវ​ប្រតិទិន ហើយ​ឱ្យ​គាត់​ចូល​​រួម​កត់ត្រា​នៅ​រាល់ពេល​បានឃើញ ផ្សោត​ក្នុងពេល​ចុះ​នេសាទ​»​។  

​អ្នកសិក្សា​ស្រាវជ្រាវ​ថនិកសត្វ​សមុទ្រ​រូបនេះ​បានឱ្យដឹងថា MCC ក៏បាន​អនុវត្ត​វិធីសាស្ត្រ​មួយចំនួនទៀត​ដើម្បី​រក្សា​សត្វ​ផ្សោត​ឱ្យនៅ​គង់វង្ស និង​កើន​ឡើង​បាន​នោះ​គឺ​ការទម្លាក់​ប្រអប់​បេតុង​សិប្បនិម្មិត​សម្រាប់​ឱ្យ​ត្រី​ដែលជា​ចំណី​ផ្សោត​អាច​ពង​កូន​បាន និង​ការពារ​ការនេសាទ​ខុសច្បាប់​ប្រើ​ទូក​អូស​។​

​អ្នកស្រី ណាវ យេ អាយុ ៤៧ ​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​សហគម​ន៍​នេសាទ​ច​ង្ហោ​ន​បានឱ្យដឹងថា ប្រជា​សហគមន៍​នេសាទ​បានរួម​គ្នា​ថែរក្សា​សត្វ​ផ្សោត​ពណ៌​ផ្កាឈូក​ដោយបាន​ចូលរួម​ធ្វើ​ប្រអប់​បេតុង​យកទៅ​ទម្លាក់​ក្នុង​តំបន់​ដែល​សត្វ​ផ្សោ​តរស់​​នៅ ព្រមទាំង​ចុះ​ល្បាត​ថែរក្សា​ជា​ញឹកញាប់​។

អ្នកស្រី​បន្តថា​ ការរក្សា​វត្តមាន​សត្វ​ផ្សោត​នេះ​អំណោយផល​ដល់​ប្រជា​សហ​​គម​ន៍​ឱ្យ​អា​ចរក​ចំណូល​បន្ថែម តាមរយៈ​ការជូន​ទេសចរ​ជិះទូក​កម្សាន្ត​មើល​ផ្សោត​។​

​អ្នកស្រី​ថ្លែងថា​៖ «​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ អាចមក​មើល​ផ្សោត​នៅ​សហគមន៍​យើងខ្ញុំ​បាន ផ្សោត​ងើបឡើង​មិនមែន​តែ​ក្នុង​សហគមន៍​ព្រែក​ត្នោត​ទេ សហគមន៍​ពួក​ខ្ញុំ​ក៏​ផ្សោត​ផុស​ឡើង​ដែរ​។ ជាមួយគ្នា​នោះ​ភ្ញៀវ​ទេសចរ​ក៏​អាច​មើល​ទេសភាព​កោង​កាង និង​មើល​សត្វ​ស្លាប​ទៀតផង​»​។​

​ស្រដៀង​គ្នា​នោះ លោក អ៊ុក​ សុវណ្ណារិទ្ធ អាយុ ៥២ ​ឆ្នាំ ជា​ប្រធាន​សហគមន៍​នេសាទ​ព្រែក​​ត្នោត​បានឱ្យដឹង​ដែរ​ថា សហ​-​គម​ន៍​របស់លោក​ក៏មាន​ការចូល​​រួម​ថែរក្សា​សត្វ​ផ្សោត​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ និង​អភិរក្ស​ធនធានធម្មជាតិ​ផ្សេងៗ​ទៀតផង​ដែរ​។

លោក​ថា ការ​មកលេង​កម្សាន្ត​ក្នុង​សហគមន៍​នេសាទ​ព្រែក​ត្នោត ភ្ញៀវទេសចរ​មិន​ត្រឹមតែ​អាច​មើល​ផ្សោត​ដ៏​អស្ចារ្យ​នោះទេ ប៉ុន្តែ​ក៏​អាច​មើល​ផ្កាថ្ម ស្មៅ​សមុទ្រ​ស្ទូចត្រី​កម្សាន្ត និង​មើល​ទេសភាព​កោង​កាង​ទៀតផង​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​មាន​ទូក​ ២ ​គ្រឿង​ សម្រាប់​ដឹក​ភ្ញៀវ​​ទេសចរ​កម្សាន្ត តំបន់​សហ​គម​ន៍​មាន​ទទឹង​ ៣​ គីឡូ  បណ្តោយ​ ៣ ​គីឡូ អ៊ីចឹង​យើង​ដឹក​គាត់​មើល​ជុំវិញ​តំបន់​សហគមន៍​ទាំងអស់​ឱ្យតែ​គាត់​ចង់ទៅ​មើល ជិះ​ម្តង​តម្លៃ​ ១៥​ដុ ល្លារ​ទៅ​មើល​ស្មៅ​សមុទ្រ​ក៏បាន ផ្កាថ្ម​ក៏បាន ផ្សោត​ក៏បាន​»​។​

​លោក សេង ប៊ុណ្ណា នាយ​​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះ​កុង​បានឱ្យដឹង​ដែរ​ថា សកម្មភាព​នាំ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​សត្វ​​ផ្សោត​ពណ៌​ផ្កាឈូក​នៅ​ខេត្ត​​កោះកុង មិនសូវមាន​ទេ​។ សត្វ​ផ្សោត​ពណ៌​ផ្កាឈូក​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​ ៣០​ ក្បាល រស់នៅ​ម្តុំ​មាត់ពាម ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ។ លោក​ថា មន្ត្រី​ជំនាញ​កំពុង​សកម្ម​ក្នុង​ការងារ​អភិរក្ស ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឱ្យបាន​យល់ដឹង និង​ចូលរួម​អភិរក្ស បើក​មាន​ករណី​ជាប់​មង​ត្រូវ​ដោះលែង​វិញ​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្លាប់បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​ថា  ​កាលពី​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ ​២០២៣​ ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​ថនិកសត្វ​សមុទ្រ​នៃ​អង្គកា​អភិរក្ស​សមុទ្រ​កម្ពុជា​បាន​ចុះ​ស្រាវ​ជ្រាវ និង​ប្រទះឃើញ សត្វ​ផ្សោត​ដែលមាន​ទាំង​ផ្សោត​ក្បាល​​ត្រឡោក និង​ផ្សោត​ពណ៌​ផ្កាឈូក​ចំនួន​ជាង ​៥០​ ក្បាល ​ដែល​បញ្ជាក់​ពី​ភាពជោគជ័យ​ក្នុង​កិច្ច​​សហការ​ល្អ​ក្នុងការ​អភិរក្ស​។​

​ក្រសួង​បញ្ជាក់ថា​៖ «​វត្តមាន​នៃ​សត្វ​ផ្សោត​ទាំងនេះ​ឆ្លុះ​បង្ហាញ​ពី​ជោគជ័យ​នៃ​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​ជា​ដៃគូ និង​ស្ថា​ប័ន​ពាក់ព័ន្ធ​ក្នុងការ​អភិរក្ស​ធន​ធាន​ជលផល​ដ៏​កម្រ និង​មានតម្លៃ​ទាំងនេះ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​សម្រាប់​កម្ពុជា​និយាយ​ដោយ​ឡែក និង​សម្រាប់​ពិភពលោក​និ​យាយ​ជារួម​»៕