ភ្នំពេញៈ ក្រុមហ៊ុនរចនាព្រលានយន្តហោះលំដាប់ពិភពលោក Foster+Partners បានចាត់ទុកថា «ព្រលានយន្តហោះអន្តរជាតិតេជោ» ថា ជាព្រលានយន្តហោះដ៏សំខាន់នៅក្នុងចំណោមព្រលានយន្តហោះនានាលើពិភពលោក ដែលឆ្លុះបញ្ចាំងពីនិមិត្តសញ្ញារបស់ខ្លួនជាច្រកទ្វារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងមានតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម។
យោងតាមក្រុមហ៊ុន Foster+Partners ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ កំពុងបន្តដំណើរការសាងសង់យ៉ាងរហ័ស។ ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង គម្រោងនេះផ្តល់នូវចក្ខុវិស័យថ្មីមួយសម្រាប់កម្ពុជា។ ការរចនានេះបង្កប់នូវអត្ថន័យទីកន្លែងដ៏រឹងមាំ ដោយទាក់ទាញការបំផុសគំនិតពីអរិយធម៌ដ៏ចំណាស់បំផុតមួយលើផែនដី និងឆ្លើយតបទៅនឹងអាកាសធាតុត្រូពិក។
ក្រុមហ៊ុនបានឱ្យដឹងថា ជារួម ផែនការមេដែលឈ្នះការប្រកួតប្រជែងដោយការអនុវត្តរួមមានផែនការសម្រាប់ទីក្រុងព្រលានយន្តហោះថ្មីដែលមានអគារចំណតអ្នកដំណើរដ៏ទំនើបនៅចំកណ្ដាលព្រលានយន្តហោះនេះនឹងផ្តល់បទពិសោធន៍ដល់អ្នកដំណើរកម្រិតខ្ពស់បំផុត និងកំណត់ស្តង់ដាថ្មីសម្រាប់និរន្តរភាពនៃព្រលាន។
លោក Stefan Behling ប្រធានស្ទូឌីយោ Foster + Partners បានឱ្យដឹងថា ព្រលានយន្តហោះនេះគឺជាផ្នែកមួយនៃអគារសាធារណៈដ៏សំខាន់បំផុតដែលឆ្លុះបញ្ចាំងពីឋានៈនិមិត្តសញ្ញារបស់ខ្លួនថា ជាច្រកផ្លូវឆ្ពោះទៅកាន់ទីក្រុង និងមានតួនាទីដ៏សំខាន់ក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម។
លោកថ្លែងថា៖«ព្រលានយន្តហោះអន្តរជាតិតេជោថ្មី នឹងក្លាយជាផ្នែកមួយសំខាន់នៃការអភិវឌ្ឍជាបន្តរបស់រាជធានីភ្នំពេញក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរតំបន់ និងអន្តរគំរូដ៏សំខាន់របស់ប្រទេសកម្ពុជា»។
យោងតាមក្រុមហ៊ុន អគារស្ថានីយអ្នកដំណើរនេះមានអគារចំកណ្តាលដ៏សំខាន់មួយដែលមានសសររាងកោង ២ នៅសងខាងដែលបង្កើនប្រសិទ្ធភាពចម្ងាយថ្មើរជើង។ អគារចំកណ្តាលគឺមានកន្លែងសម្រាប់អ្នកដំណើរ ប្រកបដោយសុវត្ថិភាព និងច្រកអន្តោប្រវេសន៍ និងហាងលក់រាយនៅក្រោមដំបូលរាងកោង។
លោក Nikolai Malsch ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Foster + Partners បានឱ្យដឹងថា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសកម្ពុជា ព្រលានយន្តហោះនេះ នឹងក្លាយជាច្រកទ្វារនៃនិមិត្តសញ្ញាសម្រាប់ភ្ញៀវទេសចរ។
លោក Nikolai Malsch ឱ្យដឹងថា៖ «ដោយកត្តាជំរុញនៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា និងបេតិកភណ្ឌសម្រាប់ការសាងសង់ ការរចនាស្ថានីយអ្នកដំណើរនេះតំណាងឱ្យវប្បធម៌កម្ពុជាដ៏ទំនើប។ ដំបូលស្ថានីយអ្នកដំណើរ គឺជាការរំលេចនៃពន្លឺ និងជានិមិត្តសញ្ញាសម្រាប់ការធ្វើដំណើររបស់អ្នកដំណើរគ្រប់រូប»។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSACC) បានឱ្យភ្នំពេញ ប៉ុស្តិ៍ដឹងកាលពីថ្ងៃទី ២៥ ខែធ្នូ កន្លងមកថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺជាព្រលានយន្តហោះឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដោយសារព្រលានយន្តហោះនេះ សង់លើផ្ទៃដីទំហំ ២ ៨០០ ហិកតានៃក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ ការកសាងព្រលានយន្តហោះនេះសម្រេចបានជាង ៥៨ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ ព្រលានយន្តហោះនេះចាប់ផ្តើមកសាងក្នុងឆ្នាំ ២០១៩។ព្រលាននេះគឺជាការបោះទុនរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគកម្ពុជាបរទេស (OCIC) គ្រប់គ្រងភាគហ៊ុន ៩០ ភាគរយ និង SSCA កាន់កាប់ ១០ ភាគរយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន OCIC នៅលើគេហទំព័ររបស់ខ្លួន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ថា ជាមួយនឹងវត្តមានរបស់ TIA នឹងមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍអាកាសចរណ៍របស់កម្ពុជា ព្រោះវាអាចគ្រប់គ្រងការហោះហើរត្រង់ចម្ងាយឆ្ងាយពីគោលដៅផ្សេងទៀតជាច្រើនជុំវិញពិភពលោក។
លោកថ្លែងថា៖ «យើងរំពឹងថា នៅពេលព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ យើងនឹងអាចស្វាគមន៍គោលដៅចម្ងាយឆ្ងាយថ្មីៗ មួយចំនួនដោយផ្ទាល់មកកាន់ប្រទេសយើង។ នៅពេលនេះយើងអាចមើលឃើញថា ចំនួនការមកដល់របស់ភ្ញៀវទេសចរបានកើនឡើងជាបណ្តើរៗហើយ នៅពេលដែលព្រលានយន្តហោះត្រូវបានបញ្ចប់ និងបើកដំណើរការ វានឹងដើរតួសំខាន់ក្នុងការស្វាគមន៍ជើងហោះហើរថ្មីៗមួយចំនួនផ្សេងទៀត។
ស្ថិតិក្រសួងទេសចរណ៍ ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជិត ៤,៩២ លាននាក់ កើនឡើង ១៥៦,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំណោមភ្ញៀវទាំងអស់ គឺភ្ញៀវមកពីប្រទេសថៃមានចំនួនច្រើនជាងគេ៕