​ភ្នំពេញ៖ នៅពេល​​ពិភពលោកមាន​​គោលដៅ​​​បញ្ចប់​ជំងឺរបេង​នៅ​ឆ្នាំ២០៣០​ ជំងឺ​នេះ​នៅតែ​ជា​ឃាតករ ​ឈានមុខ​ជាសកល​ ជាពិសេស​ប៉ះពាល់​ដល់​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​។​

របាយការណ៍​ជំងឺរបេង​សកល​ឆ្នាំ២០២៤ របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ចេញ​ផ្សាយ​នៅ​ចុងខែ​តុលា​នេះ បាន​បង្ហាញ​ពី​វឌ្ឍនភាព​ប្រកបដោយ​ក្តីសង្ឃឹម និង​បញ្ហា​ប្រឈម​ដ៏​គួរឱ្យ​បារម្ភ​​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង​។​

កម្ពុជា ​ជា​ប្រទេស​មានអត្រា​​ខ្ពស់ ធ្វើជា​គំរូ​ដល់​ការប្រយុទ្ធ​ប្រឆាំង​ជា​សកលចំពោះ​​ជំងឺរបេង ដោយ​បង្ហាញ​ពី​ការបោះ​ជំហាន​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​អត្រា​កើត​ជំងឺរបេង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក ប៉ុន្តែ​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែល​អាច​រារាំង​ដល់​គោលដៅ​ឆ្នាំ២០៣០​​។

​លោក ជួន សុខ​ចំរើន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខាណា​ (KHANA) បាន​ឱ្យដឹង​ថា ស្របតាម​ចក្ខុវិស័យ​របស់​អង្គការ​សុខភាព​ពិភពលោក ស្តីពី «​ពិភពលោក​គ្មាន​ជំងឺរបេង» កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​លោក ចំរើន បាន​កត់សម្គាល់ថា៖ «​គោលដៅ​របស់ WHO គឺ​កាត់បន្ថយ​ការស្លាប់​របស់​ជំងឺរបេង​បាន​ ៩០ភាគរយ​ និង​អត្រា​កើត​ជំងឺរបេង ៨០ភាគរយ​ បើ​ប្រៀបធៀប​ទៅនិង​កម្រិត​ឆ្នាំ ២០១៥​ នៅ​ឆ្នាំ ២០៣០​»។​

​លោក​​បានបង្ហាញ​ការពិត​សំខាន់ៗ ដោយ​គូសបញ្ជាក់​ជំងឺរបេង​ជា «​ឃាតករ​ជំងឺឆ្លង​កំពូល​ទូទាំង​ពិភពលោក​» និង​សង្កត់ធ្ងន់​លើ​​​កិច្ចខិតខំ​ប្រឹងប្រែង​ជាប់លាប់​ក្នុងការ​ស្វែងរក និង​ព្យាបាល​គ្រប់​ករណី​ជំងឺរបេង​។

​លោក​បាន​គូសបញ្ជាក់​ពី​លក្ខណៈ​ខ្យល់​នៃ​ជំងឺ ដោយ​បន្ថែម​ថា ជំងឺរបេង​អាច «​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ទីកន្លែង​»​។​​

​យោងតាម​របាយការណ៍​របស់ WHO ក្នុង​ឆ្នាំ២០២៣ មនុស្ស​ប្រមាណ ១០,៨លាន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺរបេង​នៅ​ទូទាំង​ពិភពលោក ខណៈ​​ចំនួន​ករណី​ដែល​ត្រូវបាន​រាយការណ៍ និង​ធ្វើ​រោគវិនិច្ឆ័យ​ជា​ផ្លូវការ​គឺ ៨,២លាន​នាក់​ក្នុង​ឆ្នាំ២០២៣​ ពោលគឺ​កើនឡើង​បន្តិច​ពី​ឆ្នាំមុន (២០២២) ប៉ុន្តែកើន​ឡើង​ដល់​ ១៥​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​មុនជំងឺ​រាតត្បាត​សកល​។​

​អត្រា​ឆ្លង ឬ​ករណី​ថ្មី​ក្នុង​មនុស្ស ១០ម៉ឺននាក់ បាន​កើនឡើង​តិចតួច​ត្រឹមតែ ០,២​ភាគរយ​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ ដែលជា​សញ្ញា​នៃ​ស្ថិរភាព​។​

វេជ្ជបណ្ឌិត Tereza Kasaeva នាយក​នៃ​កម្មវិធី​ជំងឺរបេង​សកល​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​សង្កត់ធ្ងន់​ថា៖ «​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង​ជាស​កល​ទាមទារ​ការប្តេជ្ញាចិត្ត​ដែល​មិន​ផ្លាស់ប្តូរ​។ ថ្វីត្បិតតែ​មានធ្លាក់ចុះ​ អំឡុង​ពេល​​ជំងឺ​រាតត្បាត​កូវីដ​-១៩​​ក៏ដោយ ក៏​យើង​កំពុង​ឃើញ​កិច្ចខិតខំ​ប្រឹងប្រែង​​​ដែលនៅ​តែ​មាន​​ក្តីសង្ឃឹម​»​។​

​​​ជំងឺរបេង​មាន​អត្រា​​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ចំនួន ៣០ រហូត​​ដល់ ៨៧ភាគរយ​​នៃ​ករណី​ទូទាំង​ពិភពលោក​។ ប្រទេស​ចំនួន​ប្រាំ រួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន និង​ប៉ា​គី​ស្ថាន សរុប​មាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​បន្ទុក​ជំងឺរបេង​ពិភពលោក​។​​

យុទ្ធសាស្ត្រ​បញ្ចប់​ជំងឺរបេង​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បានកំណត់​ក្នុង​ឆ្នាំ២០១៥ មាន​គោលបំណង​កាត់បន្ថយ​អត្រា​កើត​ជំងឺរបេង​ចំនួន ៥០ភាគរយ​ និង​ការស្លាប់​ដោយសារ​ជំងឺរបេង​ចំនួន ៧៥​ភាគរយ​ឆ្នាំ ២០២៥​ បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ឆ្នាំ ២០១៥​​។​

​ទោះជា​យ៉ាងណាក៏ដោយ ការកាត់បន្ថយ​ជា​សកល​បាន​ធ្លាក់ចុះ​តិច​តួច​ ដោយមាន​ការថយចុះ​ត្រឹមតែ ៨,៣​ភាគរយ​នៃ​អត្រា​ឆ្លង​ និង​ការថយចុះ ២៣​ភាគរយ​ នៃ​អត្រា​មរណៈ​នៅ​ឆ្នាំ ២០២៣​​។​

កម្ពុជា​៖ ករណី​មានការ​រីកចម្រើន​ជា​លំដាប់

​បទពិសោធន៍​របស់​ក​ម្ពុ​ជា​ជាមួយនឹង​ជំងឺរបេង​ឆ្លុះបញ្ចាំង​ពី​ការ​វិវត្ដន៍​ និង​ការធ្លាក់ចុះ ចំពោះ​​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាន់តែ​ទូលំទូលាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០០០ អត្រា​កើត​ជំងឺរបេង​នៅ​កម្ពុ​ជាមាន​ជាង ៥០០ ករណី​ក្នុង​មនុស្ស ១០ម៉ឺននាក់​។​ ​តាមរយៈ​កម្មវិធីប្រយុទ្ធ​​ប្រឆាំង​​ជំងឺរបេង​ដ៏​ខ្លាំងក្លា និង​ការគាំទ្រ​ពី​អន្តរជាតិ តួលេខ​នេះ​បាន​ធ្លាក់ចុះ​ជា​លំដាប់​មក​ត្រឹម​ ៣២០ ករណី​ក្នុងចំណោម​ ១០​ម៉ឺន​នាក់​នៅ​​ឆ្នាំ២០២២​។

​​របាយការណ៍​ជំងឺរបេង​សកល​ឆ្នាំ២០២៤ នេះ​ គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្នុង​បញ្ជី​តាមដាន​ជំងឺរបេង​សកល ជា​ប្រទេស​ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ជា​បន្ត​សម្រាប់​ការបង្ការ និង​គ្រប់គ្រង​ជំងឺរបេង​។​

​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​កម្ពុជា​គឺ​ការបញ្ចប់​ការស្ទង់មតិ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង​ថ្នាក់ជាតិ​លើក​ទី​បី​នៅ​ខែកក្កដា ឆ្នាំ២០២៤​​។ 

ការស្ទង់មតិ​នេះ​មាន​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​ពី​ការប៉ាន់ប្រមាណអត្រា​ឆ្លង​ ផ្តល់​ទិន្នន័យ​សំខាន់ៗ​ដែល​នឹង​ជូនដំណឹង​អំពី​យុទ្ធសាស្ត្រ​គ្រប់គ្រង​ជំងឺរបេង និង​ណែនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​សម្រេចបាន​គោលដៅ​បញ្ចប់​ជំងឺរបេង​ឆ្នាំ២០៣០ របស់​អង្គការ​សុខភាព​ពិភពលោក​។​

​លទ្ធផល​ចុងក្រោយ​ត្រូវបាន​​​រំពឹងថា​នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​របាយការណ៍​ជំងឺរបេង​ឆ្នាំ២០២៥ ដែល​ជួយ​បង្កើន​ការ​កែ​សម្រួល​​គោលនយោបាយ​ជាមួយនឹង​ការសង្កេត​កាន់តែ​ទូលំទូលាយ​របស់​អង្គការ​សុខភាព​ពិភពលោក ដោយសារតែ​ជំងឺរបេង​សកល​បានឃើញ​ការកើនឡើង​​​ក្នុង​ឆ្នាំ​២០២៣​។​

​ការកាត់បន្ថយ​ទាំងនេះ​បាន​បង្ហាញ​​ពី​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រីក​សេវា​ពិនិត្យ​រោគរបេង ការកែលម្អ​លទ្ធភាព​ទទួលបាន​ការ​ព្យាបាល និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ព្យាបាល​ដោយ​សង្កេត​ផ្ទាល់ វគ្គ​ខ្លី (DOTS) របស់​អង្គការ​សុខភាព​ពិភពលោក​។​

​កម្មវិធី​ជាតិ​ជំងឺរបេង (NTP) នៅ​កម្ពុជា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង ដោយ​ផ្តល់​សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ និង​មាន​គោលបំណង​ពិនិត្យ និង​ព្យាបាល​ប្រជាជន​ដែលមាន​ហានិភ័យ​ខ្ពស់ រួមទាំង​អ្នក​ផ្ទុកមេរោគ​អេដស៍​ផងដែរ​។​​

លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​​លើក​ឡើង​​ពី​បញ្ហា​ប្រឈម​ដ៏​ទូលំទូលាយ​ដោយ​បញ្ជាក់ថា៖ «​ជំងឺរបេង (TB) ត្រូវបាន ផ្សារភ្ជាប់ យ៉ាងខ្លាំងជាមួយ​នឹងភាពក្រីក្រ និងកង្វះ នៃតម្រូវការជា មូលដ្ឋាន ដូចជា ការថែទាំសុខភាព គ្រប់គ្រាន់ អាហារូបត្ថម្ភ និងលក្ខខណ្ឌ រស់នៅ​។ ការដោះស្រាយ​ជំងឺរបេង​មានន័យថា​មិន​ត្រឹមតែ​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដោះស្រាយ​កត្តា​កំណត់​សង្គម​ដែល​ជំរុញ​ការរីក​រាលដាល​របស់​វា»​។

​ទោះជា​យ៉ាងណា កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​។ បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​គឺ​ការធានា​ឱ្យមាន​លទ្ធភាព​ទទួលបាន​សេវា​ជំងឺរបេង​ជា​បន្តបន្ទាប់​នៅតាម​តំបន់​ជនបទ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​សុខភាព​មាន​កម្រិត​។

​​លើសពីនេះ ដោយសារ​ជំងឺរបេង​នៅតែ​មិន​ត្រូវបាន​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​នៅក្នុង​សហគមន៍​ជាច្រើន បុគ្គល​ម្នាក់ៗ​អាច​ស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ទាន់ពេលវេលា ដែល​បង្កើន​លទ្ធភាព​នៃ​ការចម្លង​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា៖ «​ការកើនឡើង​តិចតួច​នៃ​អត្រា​ឆ្លង​ដែល​បាន​សង្កេតឃើញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​អាច​ឆ្លុះបញ្ចាំង​ពី​សំណល់​ប៉ះពាល់ជំងឺ​​​​កូវីដ​-១៩​ ដោយសារ​ធនធានមន្ដ្រី​សុខាភិបាល​ត្រូវ​ពង្រឹង​លើ​វិបត្ដិកូវីដ​-១៩​ ដោយ​ងាក​ចេញពី​​ជំងឺរបេង​ជាចម្បង​»។​

ការដាក់ដំណើរការ​នូវ​គំនិតផ្តួចផ្តើម ក្នុងការ​ផ្តល់ការប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក​ស្តីពី​កម្មវិធី​ជំងឺរបេង នៅ​សណ្ឋាគារសាន់វេ ក្នុងរាជធានី​ភ្នំពេញ កាលពីឆ្នាំ ២០១៩។ រូបថត Post Staff

ការប្រៀបធៀប និងគោលដៅក្នុងតំបន់

ក្នុងតំបន់ អាស៊ីអាគ្នេយ៍ មានអត្រា​អ្នក​ផ្ទុក​ជំងឺ​របេង​ចំនួនជិត ៤៥​ភាគរយ​នៃករណី​ទូទាំងពិភពលោក ជាមួយនឹងអត្រាកើតជំងឺខ្ពស់នៅទូទាំងប្រទេសកម្ពុជា ហ្វីលីពីន និង ឥណ្ឌូនេស៊ី។

អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញថា ​តំបន់អាស៊ីអាគ្នេយ៍​​មាន​អត្រា​ធ្លាក់​ចុះ​​តិចតួច នៃការ​ឆ្លង​ជំងឺរបេង។ ប៉ុន្តែដូចប្រទេសកម្ពុជា ប្រទេសផ្សេងទៀត ប្រឈមមុខ នឹងឧបសគ្គ ដែលគំរាម កំហែង ដល់ វឌ្ឍនភាព។

របាយការណ៍ បានបន្ដ​ថា៖ «​ទោះបីជាមាន​បញ្ហា​ប្រឈម​ទាំងនេះ​ក៏ដោយ ក៏តំបន់អាស៊ីអាគ្នេយ៍​នៅតែ​ប្តេជ្ញាចិត្ត ចំពោះ​យុទ្ធសាស្ត្រ​បញ្ចប់​ជំងឺ​របេងទាំង​អត្រា​ឆ្លង​ និងការស្លាប់​នៅ​ឆ្នាំ​២០២៥ ​ឆ្ពោះទៅរកការលុបបំបាត់នៅឆ្នាំ២០៣០»។

តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់អង្គការ​សុខភាព​ពិភពលោក រួមទាំងប្រទេសកម្ពុជា​ផងដែរ​បាន​ប្រឈម​មុខនឹង​ការ​បរាជ័យ​ក្នុងការ លុបបំបាត់​ជំងឺ​របេង ដោយសារ​ជំងឺ​រាតត្បាត។

របាយការណ៍នេះបានបន្ថែម​ថា ប្រទេស​នៅក្នុង​តំបន់នេះ​កំពុងផ្តោតកាន់តែខ្លាំងលើការការពារ​ជំងឺរបេង​ការធ្វើ​រោគវិនិច្ឆ័យ ឆាប់រហ័ស​និងការព្យាបាល​សម្រាប់​ជំងឺរបេង​ដែលធន់​នឹង​ថ្នាំ។

ថវិកានិង​ ទៅ​ថ្ងៃ​អនាគត

ការសម្រេច​បាន​នូវ​ការលុបបំបាត់​ជំងឺ​របេង នៅ​ឆ្នាំ២០៣០ នៅតែជាការ​ខិត​ខំ​ដ៏​លំបាក​មួយ​ ដោយសារ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​និង រចនា​សម្ព័ន្ធបាន ប្រឈម មុខជា​សកល។

គោលដៅ​របស់ WHO រួម មាន​ការកៀរគង ប្រាក់​ចំនួន ២២ ពាន់លានដុល្លារ​ជារៀង​រាល់ឆ្នាំ​នៅឆ្នាំ ២០២៧ សម្រាប់​សេវា ជំងឺ​របេង និង ៥ ពាន់លាន​ដុល្លារ ផ្សេងទៀត​ជារៀង​រាល់ឆ្នាំ​សម្រាប់ការ​ស្រាវជ្រាវ ជំងឺ​របេង។

បច្ចុប្បន្ន​នេះ​ការ​ផ្តល់មូលនិធិ​នៅមាន កម្រិត​ទាប នៃ​តួលេខ​ទាំងនេះ​ដោយ​មាន​ត្រឹម​តែ ៥,៧​ពាន់លាន​ដុល្លារដែលត្រូវបាន​លើកឡើងក្នុងឆ្នាំ២០២៣។

វេជ្ជបណ្ឌិត Kasaeva របស់អង្គការសុខភាពពិភពលោកបាន​កត់សម្គាល់ថា៖ «ឧបសគ្គចម្បងក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​គឺ​ការ​ខ្វះខាតថវិកា​គ្រប់គ្រាន់។ យើង​ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​រួម​ដើម្បី​ប្រែ​ក្លាយ​ការ​សន្យា​ទៅ​ជា​ធនធាន ​និង​សកម្មភាព»។

ភាព​ជោគជ័យ​របស់កម្ពុជាជាមួយ DOTS ផ្តល់ក្តីសង្ឃឹម​ដល់ប្រទេស​ដែលមានបន្ទុក ខ្ពស់ដទៃទៀត។ ទោះយ៉ាងណា​ក៏ដោយ​ការសម្រេចបាន នូវគោលដៅឆ្នាំ២០៣០ ទាមទារឱ្យមានការពន្លឿនកិច្ចខិតខំប្រឹងប្រែង ការផ្តល់មូលនិធិយ៉ាងច្រើន​និងការពង្រឹងការការពារសង្គម។

លោកស្រី សាម៉ាន់ថា ផូវើរ នាយិកា​​ USAID បានសរសើរ​កម្ពុជាចំ​ពោះមាគ៌ា​ក្នុងការ​លុបបំបាត់​ជំងឺរបេង និងគ្រុនចាញ់។

លោកស្រី​បាននិយាយ នៅក្នុងសន្និសីទ​សារព័ត៌មានកាល ពីថ្ងៃទី ២៣​ ខែតុលានៅ​ទីក្រុង​ភ្នំពេញ ការផ្តោត​សំខាន់របស់ USAID លើការលុប​បំបាត់ជំងឺរបេង។

លោកស្រី បានថ្លែង​ថា៖ «ប្រទេសកម្ពុជា កំពុង​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​លុបបំបាត់​ជំងឺរបេង​នៅឆ្នាំ ២០៣០​ ហើយ USAID បានសន្យា​បន្ថែមចំនួន ៤ លានដុល្លារ​ដើម្បីគាំទ្រ ដល់កិច្ចខិតខំ​ប្រឹងប្រែង របស់សហគមន៍មូលដ្ឋាន»។

លើសពីនេះទៀត​ការអភិវឌ្ឍន៍ និងការចែកចាយ វ៉ាក់សាំង ជំងឺរបេងថ្មី ដែលរំពឹងទុក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អាចជាការផ្លាស់ប្តូរគួរ​ឱ្យ​កត់​សម្គាល់​។
រហូតមកដល់ពេលនោះ វិធានការបង្ការ ការកែលម្អរោគវិនិច្ឆ័យ និងការធានាលទ្ធភាពទទួល បានថ្នាំនៅតែជាអាទិភាពចម្បង។វឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយអត្រា កើតជំងឺរបេង ផ្តល់នូវសុទិដ្ឋិនិយម ប៉ុន្តែផ្លូវទៅកាន់ឆ្នាំ ២០៣០​ គឺពោរពេញដោយបញ្ហាប្រឈម។

លោក​ចំរើន បានឱ្យ​ដឹង​ថា៖ «នៅកម្ពុជា យើងមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងជំងឺឃ្លង់ (CENAT) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា គោលដៅលុបបំបាត់ជំងឺរបេងត្រូវបានសម្រេច»។ការកាត់​បន្ថយ​ជាសកលនៃអត្រា​ជំងឺរបេង និងអត្រាមរណៈគឺនៅឆ្ងាយពីចំណុចគោលដៅ​របស់អង្គការ សុខភាពពិភពលោក ហើយខណៈពេលដែលប្រទេសកម្ពុជាបាន បោះជំហានគួរឱ្យ​សរសើរ ការកើតឡើងវិញ នៃករណីឆ្លង​អាចរារាំងវឌ្ឍនភាព។

ការអំពាវនាវ របស់វេជ្ជបណ្ឌិត Kasaeva ឱ្យមានការរួបរួម មានសន្ទុះខ្លាំង នៅក្នុង បរិបទនេះ ដោយ​បាន​និយាយថា​៖ «មានតែតាមរយៈការ​ប្តេជ្ញាចិត្តរួមគ្នា របស់យើងប៉ុណ្ណោះ​ទើបយើងអាចបញ្ចប់ ជំងឺរបេងបាន»៕