ភ្នំពេញ៖ រយៈពេលជាយូរមកហើយ សង្គមកម្ពុជាបានចាត់ទុកការពិភាក្សាអំពីការរួមភេទ និងបញ្ហាផ្លូវភេទជាបម្រាម ជាពិសេសនៅក្នុងសាលារៀន និងសហគមន៍។
បទដ្ឋានប្រពៃណីដែលបានចាក់ឫសយ៉ាងជ្រៅបានរារ៉ាំងពីការជជែកបញ្ហាផ្លូវភេទ និងសុខភាពបន្តពូជជាសាធារណៈ។
ឪពុកម្តាយ និងអ្នកចាស់ទុំតែងតែជៀសវាងការសន្ទនាលើប្រធានបទទាំងនេះ ដោយជឿថា ការរក្សាភាពស្ងៀមស្ងាត់នឹងមិនបង្កើតកំហុស និងថែរក្សាបាននូវសីលធម៌ក្នុងចំណោមយុវវ័យ។
ទោះជាយ៉ាងណាក៏ដោយ ផ្នត់គំនិតនេះបានចាប់ផ្តើមផ្លាស់ប្តូរ ជាពិសេសជាមួយនឹងការកើនឡើងនៃយុវវ័យសម័យថ្មី ឬ Generation Z ដែលទាមទារឱ្យមានការពិភាក្សាពីព័ត៌មានទាំងនេះ និងបើកចំហរបន្ថែមទៀតជុំវិញសុខភាពផ្លូវភេទ។
នៅក្នុងកម្មវិធី «មិត្ដអប់រំមិត្ដ» យុវតី លេខ ការី អាយុ ២០ ឆ្នាំ មកពីខេត្តរតនគិរី បានក្លាយជាទូតសុច្ឆន្ទៈម្នាក់ក្នុងចំណោមបីនាក់របស់អង្គការ Plan International Cambodia។
កញ្ញាបាននិយាយថា៖ «ខ្ញុំបានក្លាយជាសមាជិកនៃអង្គការ Plan International Cambodia ដោយទទួលស្គាល់ថា ខ្ញុំជាសមាជិកសកម្ម និងក្លាហាន។ ខ្ញុំត្រូវបានផ្តល់ឱកាសឱ្យទទួលបានការបណ្តុះបណ្តាល និងចូលរួមសិក្ខាសាលានៅភ្នំពេញ។ ឥឡូវនេះខ្ញុំអាចស្ម័គ្រចិត្តជាមួយសមាជិកជាន់ខ្ពស់»។
អង្គការបានបើកដំណើរការគម្រោងនេះ ដោយផ្តល់ជូននូវថ្នាក់រៀនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសម្រាប់យុវជនដែលមានអាយុពី ១២ ទៅ ២៤ ឆ្នាំ។
យុវតីជនជាតិដើមភាគព្រៅ បានជំនះសម្ពាធប្រពៃណីរបស់ឪពុកម្តាយក្នុងការរៀបការទាំងវ័យក្មេងដើម្បីបន្តការសិក្សា។
ការី នៅតែបន្ដពុះពារសិក្សារៀនសូត្រ បើទោះបីជាស្ថានភាពគ្រួសារលំបាក និងមិនត្រូវបានលើកទឹកចិត្ដពីសំណាក់ឪពុកម្ដាយតាំងពីដំបូង។
យុវតី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅក្នុងស្រុករបស់ខ្ញុំ [ស្រុកតាវែង] ក្រុមរបស់ខ្ញុំចុះទៅទាំង ២០ភូមិក្នុងឃុំចំនួន ២ តាមរយៈយុវជនអប់អរំយុវជនអំពីបញ្ហាសុខភាពបន្ដពូជ»។
Green Lady Cambodia បង្កើតឡើងដោយក្រុមយុវជន បង្ហាញឧទាហរណ៍ពីការផ្លាស់ប្តូរនេះ ដោយជំរុញឱ្យមានការពិភាក្សាបើកចំហបន្ថែមទៀតលើបញ្ហា ដូចជា សុខភាពមករដូវ និងអំពើហិង្សាផ្អែកលើយេនឌ័រ។
អ្នកតស៊ូមតិវ័យក្មេងទាំងនេះបានបង្ហាញពីសារៈសំខាន់នៃបញ្ហាសុខភាពផ្លូវភេទ ក្នុងការដោះស្រាយតម្រូវការមិនទាន់ឆ្លើយតបរបស់យុវជនកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ ដែលការយល់ខុសអំពីសុខភាពផ្លូវភេទនៅតែរីករាលដាល។
អ្នកនាង ហុក សុវណ្ណវត្តី ស្ថាបនិក Green Lady Cambodia ដោយផ្តល់ជូននូវផលិតផលសំឡីអនាម័យស្ដ្រី ដែលអាចប្រើឡើងវិញបាន មានអនាម័យ មិនប៉ះពាល់ដល់បរិស្ថាន និងតម្លៃសមរម្យ។
អ្នកនាងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «វាផ្តល់អត្ថប្រយោជន៍ទាំងសុខភាព និងសន្សំសំចៃ ជាពិសេសសម្រាប់អ្នកដែលមានអាឡែស៊ី ដូចជាខ្ញុំ ឬអ្នកដែលចង់ផ្លាស់ប្តូរទម្លាប់ និងការពារបរិស្ថាន។ សំឡីអនាម័យមិនត្រូវបានរចនាឡើងសម្រាប់ពាក់លើសពី ៣ ឬ ៤ ម៉ោងនោះទេ ប៉ុន្តែរបស់យើងអាចពាក់បានយូរ។ វាក៏ល្អសម្រាប់សុខភាពទ្វារមាសដែរ»។
ដោយសហការជាមួយ UNFPA និងអង្គការផ្សេងៗ អ្នកនាង សុវណ្ណវត្តី ស្រមៃចង់បញ្ចូលជំនាញនេះទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអប់រំផ្លូវភេទដ៏ទូលំទូលាយ (CSE) បានឈានចូលសាលារៀន និងសហគមន៍នៅកម្ពុជា ជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ទាំងនៅក្នុងគោលនយោបាយអប់រំ និងអាកប្បកិរិយាក្នុងសង្គម។
សេចក្តីណែនាំនៃ CSE តំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ កាត់បន្ថយការមានផ្ទៃពោះក្នុងវ័យជំទង់ និងការការពារការឆ្លងជំងឺកាមរោគ (STIs) ក្នុងចំណោមយុវជន។
យោងតាមរបាយការណ៍ជំងឺអេដស៍ជាសកលឆ្នាំ ២០២៤ របស់ UNAIDS ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៥ ការឆ្លងមេរោគអេដស៍ថ្មីបានថយចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលការស្លាបដោយសារជំងឺអេដស៍ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលឆ្លុះបញ្ចាំងពីភាពប្រសើរឡើងក្នុងការព្យាបាល និងការទទួលបានសេវាថែទាំសុខភាព។
ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា UNFPA បានដាក់ឱ្យដំណើរការកម្មវិធី Youth Health Mobile App ក្នុងឆ្នាំ ២០២៣ ដើម្បីផ្តល់ឱ្យក្មេងជំទង់នូវភាពងាយស្រួលនៃព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។
កម្មវិធីនេះបានឈានដល់ការទាញយកជាង ៣២៤០០០ នៅលើប្រព័ន្ធប្រតិបត្តិការ Android តែឯងគឺផ្អែកលើកម្មវិធីសិក្សាថ្នាក់ជាតិ CSE ដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធសាលារៀនចាប់ពីថ្នាក់ទី ៥ ដល់ទី១២។
វាគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងសមភាពយេនឌ័រ សុខភាពផ្លូវចិត្ត និងតំណភ្ជាប់ទៅនឹងជំនួយផ្លូវចិត្ត។
ការឆ្លើយតបរបស់ក្រសួងអប់រំ
ដោយទទួលស្គាល់ពីតម្រូវការនៃការផ្លាស់ប្តូរ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូល CSE ទៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ។
យោងតាមក្របខណ្ឌកម្មវិធីសិក្សាចំណេះដឹងទូទៅ និងអប់រំបច្ចេកទេស ដែលចេញក្នុងឆ្នាំ ២០១៥ ដោយក្រសួងអប់រំ យុវជន និងកីឡា អប់រំសុខភាព គឺជាមុខវិជ្ជាមួយដែលសិក្សាអំពីមូលហេតុ ការបង្ការ និងការថែទាំសុខភាពបឋម គ្រប់ជ្រុងជ្រោយ ដោយឈរលើសិទ្ធិនិងយេនឌ័រជាមូលដ្ឋាន។
មុខវិជ្ជាអប់រំសុខភាព មានសមាសភាគដូចខាងក្រោម៖ សុខភាពបឋម សុខភាពផ្លូវចិត្ត សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ សុខភាពនិងបរិស្ថាន សុខភាពនិងជំនឿ សុខភាពនិងសេដ្ឋកិច្ច គោលបំណងនៃការសិក្សាមុខវិជ្ជាអប់រំសុខភាពគឺធានាឱ្យសិស្សមាន៖ ចំណេះដឹងសុខភាពស្របតាមការលូតលាស់រាងកាយនិងស្មារតីប្រកបដោយលក្ខណៈ វិទ្យាសាស្ត្រ បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ និងវិធីជួយសង្គ្រោះបឋម គុណតម្លៃនិងឥរិយាបថដែលនាំឱ្យពួកគេអភិវឌ្ឍខ្លួនប្រកបដោយសុខភាពពេញលេញ ទាំងកាយប្រាជ្ញាស្មារតីនិងចេះទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រសួងអប់រំបានដាក់បញ្ចូលកម្មវិធីសិក្សាសុខភាពបន្ដពូជ ដែលប្អូនៗសិស្សានុសិស្សបានសិក្សាអំពីការរីកលូតលាស់នៃរាងកាយ ក៏ដូចជាប្រព័ន្ធសុខភាពបន្ដពូជ វិធីសាសាស្ដ្រក្នុងការថែរក្សាសុខភាពដើម្បីចៀសវាងជំងឺឆ្លងនានា ការការពារការមានផ្ទៃពោះ សីលធម៌ក្នុងការគោរពគ្នាទៅវិញទៅមក គោរពច្បាប់ ចៀសវាងការបំពានរាងកាយ»។
លោកស្រីបានបន្ដថា ក្នុងន័យនេះ ចំពោះបញ្ហាសុខភាពទូទៅ និងសុខភាពបន្ដពូជ រួមទាំងសុវត្ថិភាពក្នុងការរួមភេទ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់ទីមួយ។
ការអប់រំផ្លូវភេទទូទាំងអាស៊ាន៖ ទស្សនវិស័យក្នុងតំបន់
ប្រទេសកម្ពុជាមិនឯកាទេក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនៃការរួមបញ្ចូល CSE ទៅក្នុងសាលារៀនតែឯងនោះ។
នៅទូទាំងតំបន់អាស៊ាន ប្រទេសនានាក៏ប្រឈមមុខនឹងឧបសគ្គស្រដៀងគ្នានេះក្នុងការបំបែកបំរាមវប្បធម៌ និងផ្តល់ឱ្យយុវជននូវចំណេះដឹងដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីសុខភាពផ្លូវភេទរបស់ពួកគេ។
ជាឧទាហរណ៍ យោងតាមអង្គការ Save the Children នៅក្នុងប្រទេសហ្វីលីពីន ការកើនឡើង ៣៥ភាគរយ នៃការមានផ្ទៃពោះក្នុងវ័យជំទង់ចន្លោះឆ្នាំ ២០២១ និង ២០២២ បានជំរុញឱ្យមានការអប់រំផ្លូវភេទកាន់តែទូលំទូលាយទាំងនៅផ្ទះ និងនៅក្នុងសាលារៀន។
សារព័ត៌មានឥណ្ឌូនេស៊ី Antara បានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ីប្រឈមមុខនឹងការមាក់ងាយ និងការយល់ខុសជាបន្តបន្ទាប់ជុំវិញការអប់រំផ្លូវភេទ ដោយមានការតស៊ូមតិជាច្រើនសម្រាប់ការពង្រឹង CSE ដើម្បីជួយក្មេងជំទង់ធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។
យ៉ាងណាមិញ ប្រទេសថៃបានបោះជំហានទៅមុខយ៉ាងសំខាន់ដោយការកែប្រែកម្មវិធីសិក្សាផ្នែកសុខភាព និងការអប់រំកាយរបស់ខ្លួន ដើម្បីរួមបញ្ចូលប្រធានបទ ដូចជា សមភាពយេនឌ័រ និងការតំរង់ទិសផ្លូវភេទ ទោះបីជាបញ្ហាប្រឈមនៅតែមានក្នុងការដោះស្រាយបញ្ហា ដូចជាការពន្យារកំណើត និងការយល់ព្រមផ្លូវភេទក៏ដោយ។
វៀតណាម និងឡាវក៏កំពុងធ្វើការដើម្បីពង្រីក CSE ជាពិសេសនៅក្នុងសហគមន៍ជនជាតិភាគតិច និងជនបទ ដែលលទ្ធភាពទទួលបានព័ត៌មាននៅមានកម្រិត។
ឥទ្ធិពលនៃការអប់រំផ្លូវភេទដ៏ទូលំទូលាយ
អត្ថប្រយោជន៍នៃ CSE ពិតជាមានច្បាស់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ការអប់រំផ្លូវភេទដ៏ទូលំទូលាយផ្តល់ឱ្យយុវជននូវចំណេះដឹង ជំនាញ អាកប្បកិរិយា និងតម្លៃដែលត្រូវការដើម្បីការពារសុខភាពរបស់ពួកគេ និងធ្វើការជ្រើសរើសប្រកបដោយការទទួលខុសត្រូវអំពីជីវិតផ្លូវភេទ និងបន្តពូជរបស់ពួកគេ។
WHO បានឱ្យដឹងថា៖ «ការស្រាវជ្រាវបង្ហាញថា ការអប់រំផ្លូវភេទដ៏ទូលំទូលាយ CSE នាំឱ្យមានការពន្យាពេលសកម្មភាពផ្លូវភេទ ការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃអំពើហិង្សា និងការរំលោភបំពាន។ លើសពីនេះទៅទៀត វាជំរុញឱ្យមានការគោរព ការយល់ព្រម និងស្វ័យភាពរាងកាយ ជួយយុវជនបង្កើតទំនាក់ទំនងដែលមានសុខភាពល្អ និងយល់ពីសិទ្ធិរបស់អ្នកដទៃ»។
តាមរយៈការបង្រៀនយុវជនអំពីការពន្យារកំណើត ការយល់ព្រម និងសុខភាពផ្លូវភេទ ការអប់រំផ្លូវភេទដ៏ទូលំទូលាយ CSE ជួយកាត់បន្ថយអត្រានៃការមានផ្ទៃពោះដោយអចេតនា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ៕