ជាមួយ​​រាងស្រឡូន​​ខ្ពស់​ ស្នាម​ញញឹមស្រស់​ យុវតី​សម្បុរសណ្ដែកបាយ​ ប៊ុន ជាវត្តី មិន​ខ្លាច​នឹងអាប់​​​រូប​សម្រស់​ ជាមួយ​​ការហ្វឹកហាត់​ហក់លោត​ដូច​បុរស ដើម្បីសម្រេច​ក្ដីសុបិន​ជា​មន្ត្រីការពារជាតិ​ដ៏​មានសមត្ថភាព​​​តាមរយៈ​ការ​សិក្សា​ពី​សាលា​យោធា​ដ៏ល្បី​នៅ​ប្រទេស​បារាំង។

អនុសេនីយ៍ទោ ប៊ុន ជាវត្តី ​ទើប​តែ​បាន​បញ្ចប់​ការសិក្សា​វគ្គហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃ​សាធារណរដ្ឋ​បារាំង កាលពី​ខែ​សីហាកន្លង​ទៅ​នេះ និង​កំពុង​បម្រើការ​នៅ​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ។

មាន​ទីកំណើតកើត​ជា​នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង កញ្ញា​គឺ​​ជា​កូនច្បង​ក្នុង​គ្រួសារ​​ មាន​បងប្អូន​បីនាក់។ ខុស​ប្លែក​ពី​នារី​ជាច្រើន​ដែល​ប្រាថ្នា​​អាជីព​ការងារ​​ស្រាលៗ​ក្នុង​ម្លប់​ វត្តី បែរជា​ដាក់​គោលដៅ​បន្ត​វេន​ពី​ឪពុកដែល​បម្រើការ​ជា​ទាហាន។

យុវតី​វ័យ​ ២៤​ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ ថា៖ «ជាក់ស្ដែង​អាជីព​នៃ​ក្ដីស្រមៃ​របស់​ខ្ញុំ​គឺ ឯកសណ្ឋាន​មួយនេះ​ឯង​ ព្រោះអី​ខ្ញុំស្រឡាញ់ ដោយសារ​តែ​ប៉ា​ខ្ញុំ​គាត់​ជាទាហាន​ អ៊ីចឹងនៅពេលដែលខ្ញុំ​ឃើញគាត់ស្លៀក​ឯកសណ្ឋាន​ម្ដងៗ ខ្ញុំ​មើលឃើញថា​ប៉ាខ្ញុំសង្ហា​ណាស់​ អ៊ីចឹងទៅ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ស្រឡាញ់​តាំង​ពី​ពេលហ្នឹងមក»​។

អ្វី​ដែល​ វត្តី រឹតតែគោរព​​ចងចាំ​​​នោះ​គឺការ​លះបង់របស់ឪពុកចំពោះ​​​​អាជីព​ការងារ។ ទោះ​លោក​​មិនសូវ​មាន​ពេល​វេលា​​សម្រាប់​គ្រួសារ តែ​ការ​ស្មោះស្ម័គ្រ​បម្រើប្រទេស​ជាតិ ជាអ្វី​ដែល​ជំរុញ​ឱ្យ​យុវតី​រូបនេះមាន​មោទនភាព​​​​ដើរ​តាម​គន្លង​របស់​ឪពុក។

កញ្ញា​បាន​លះបង់ឱកាស​​អាជីព​ការងារ​ផ្សេងទៀត​ មក​ចាប់​យក​ការ​ហ្វឹកហាត់​ ឆ្ពោះទៅ​កាន់​ឯកសណ្ឋាន​ក្នុង​​​​ក្ដី​ស្រមៃ​។

កញ្ញា​បាន​រំឭក​ប្រាប់​ពី​​ការ​សម្រេចចិត្ត​ដ៏​ច្បាស់លាស់​យ៉ាងដូច្នេះថា៖​ «នៅ​ឆ្នាំ​២០១៧​ហ្នឹង​ខ្ញុំ​បាន​ចប់​សញ្ញាប័ត្រ​ទុតិយភូមិ។ ​មុនខ្ញុំ​ជាប់ទាហាន​ហ្នឹង ​ខ្ញុំ​បាន​ជាប់គ្រូ​បឋម​រួចហើយ ខ្ញុំ​បាន​ចូល​រៀន​វគ្គគរុកោសល្យ​ពីរ​ខែ​។ ​ខ្ញុំ​ក៏​បាន​ដាក់ពា​ក្យ​ប្រឡង​ចូល​ហ្វឹកហាត់នៅ​សាលា ដល់ពេលខ្ញុំជាប់ទាហាន ខ្ញុំ​សម្រេចចិត្ត​ថា​ ជ្រើសរើសខាងទាហាន»។

ដើមឡើយ​ការ​សម្រេច​ចិត្ត​របស់ វត្តី បាន​ធ្វើ​ឱ្យ​​​ក្រុមគ្រួសារ​រារែកនឹង​ទទួលយកដែរ​ ដោយយល់ឃើញថា នារី​​​​គួរ​តែ​រើស​ការងារ​ស្រួល​មិន​ទាមទារ​កម្លាំងកាយ​ធ្ងន់ធ្ងរ។​

យុវតី​រូបនេះ​បាន​រំឭក​ប្រាប់ថា៖ «ពីដំបូងពិបាកដែរ ដោយសារ​ម៉ាក់ និង​ប៉ា​គាត់​អត់​ចង់ទេ ណា​មួយ​យើង​កូនស្រី​។ ហើយ​ធម្មតា​ពេល​ដែលចូល​ហ្វឹកហាត់​ទាហាន​ហ្នឹង​ វាពិបាក​ ត្រូវការ​កាយសម្បទា​ហ្វឹកហាត់ខ្លាំង អត់សូវ​មានពេល​​ផ្ទាល់ខ្លួនទេ​ អ៊ីចឹង​ពីដំបូង​រាងពិបាកដែរ គាត់​អត់ចង់ឱ្យខ្ញុំ​មកសោះ»។

កញ្ញា វត្តី ទទួលបានការគាំទ្រច្រើន​​ពី​​មិត្តភក្ដិ​ តែជារឿយៗ​កញ្ញា​នៅតែ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ថា ហេតុអ្វី​​បាន​ជា​ស្រឡាញ់អាជីព​​ពិបាក​ដូច្នោះ។

សកម្មភាពលោតឆ័ត្រយោងរបស់អនុសេនីយ៍ទោ ប៊ុន ជាវត្តី ​។ រូបថត សហការី

កញ្ញាបាន​បន្តទៀតថា៖ «មានមតិមួយចំនួនដែរ ដែលលើក​​ឡើង​ថា យើងស្រី យើងទៅ​ទាហានធ្វើអី ពិបាក​ណាស់​ នៅ​រៀន​គ្រូ​ទៅ​ស្រណុក​ជាង​។ ប៉ុន្តែ​បើសម្រាប់ខ្ញុំ​តែម្ដង ខ្ញុំស្រឡាញ់អាជីព​បែបការ​ផ្សងព្រេង​ ខ្ញុំចូលចិត្ត​បែប​ការ​លោតហក់​អីអ៊ីចឹងទៅ អ៊ីចឹង​យើង​បានជួបអ្វី​ថ្មីៗ​ច្រើន»​។

ដោយ​ជ្រើសរើស​យក​ការងារក្នុងក្ដីស្រមៃ យុវតី​រូបនេះ​បានចាប់ផ្ដើម​​ចូល​​​ហ្វឹកហាត់​នៅ​សាលា​នាយទាហាន​សកម្ម​ឃុំ​ត្មាតពង នៅខេត្ត​​កំពង់ស្ពឺ ក្នុង​វ័យ ១៨​ឆ្នាំ។

សម្រាប់​ការហ្វឹកហាត់​រយៈពេល ៤​ឆ្នាំ មុន​នឹង​ទទួល​បាន​បរិញ្ញាប័ត្រ​យោធា វត្តី សិក្សា​លើ​មុខ​វិជ្ជា​ចំណេះដឹង​ទូទៅ វិទ្យាសាស្ត្រ​នយោបាយ និង​វិទ្យាសាស្ត្រ​សង្គម។ រីឯ​វគ្គសិក្សាជំនាញ មានការហ្វឹកហ្វឺន​កាយសម្បទា ការ​សិក្សា​នៅលើ​ទីលាន និង​ក្នុងថ្នាក់។

យុវតី​រូបនេះ​​បាន​រៀបរាប់​ពី​​ការប្រឈម​ថា៖ «ចំពោះ​ការ​ហ្វឹក​ហាត់គឺ​រាងពិបាក គឺ​ទី១​សម្រាប់​យើង​មនុស្ស​ស្រី​យើង​ត្រូវ​ពិបាក​ជាង​ប្រុសៗបន្តិច​ ដោយសារ​​កម្លាំង​យើង​អត់សូវដល់។ អ៊ីចឹង​ចំពោះ​៣​ខែ​ដំបូង​ ពួកខ្ញុំ​អត់​បាន​ចេញ​ចុងសប្ដាហ៍ទេ គឺ​ពួក​ខ្ញុំ​នៅតែ​ក្នុង​បន្ទាយ អាហ្នឹង​​ហ្វឹកហាត់​​ដំបូង»។

កញ្ញា​ត្រូវ​អនុវត្ត​​​កីឡាខ្ជាប់ខ្ជួន ចម្រុះ​រួមមាន​ការ​ហែលទឹក និង​ការ​រត់​ឧបសគ្គជាដើម ក្រៅពី​​ចុះសមយុទ្ធ​ដើរយប់​ពីរបី​ថ្ងៃជាប់​គ្នា ដែល​ជា​បទពិសោធន៍​មិនអាចបំភ្លេចបាន​សម្រាប់ វត្តី។

យុវតី​រូបនេះ​​បាន​រៀប់រាប់ថា៖ «អីដែលខ្ញុំចាំជាងគេ​​ហ្នឹង​គឺ​ពួកខ្ញុំចុះ​សមយុទ្ធ​នៅកំពង់ចាម ហើយ​ពេលហ្នឹ​ងយើង​ដើរ​បីយប់បីថ្ងៃជាប់​គ្នា ជាមួយ​កាំភ្លើងមួយដើម និង​សាកាដូធ្ងន់ ហើយ​ង​អត់បានគេងទៀត ​​ដើរ​ដល់​ទៀប​ភ្លឺម៉ោង ៣។ ចំណុចហ្នឹង​ពិបាកខ្លាំង តែ​​បើ​ឱ្យយំតែម្ដង​គឺអត់ទេ ព្រោះយើង​ជាអ្នក​សម្រេច​ចិត្ត​ជ្រើសរើស​ដើរផ្លូវហ្នឹង ហើយ​ត្រូវ​តែទទួលយក ហើយជម្នះ​វាឱ្យទាល់តែបាន ខ្ញុំ​មិនដែលនឹកឃើញថា​ចង់​បោះបង់វា​ទេ»។

សកម្មភាពហ្វឹកហាត់ជាមួយយោធាជនជាតិបារាំង អំឡុងពេលកញ្ញា​សិក្សា​វគ្គហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃ​សាធារណរដ្ឋ​បារាំង។ រូបថត សហការី

បន្ថែមពីការ​ប្រកាន់ខ្ជាប់​វិន័យ​ទាហាន​ដ៏​រឹង​ រួមមាន​ការហ្វឹកហ្វឺន​​ជំនាញ​ឆ័ត្រយោង​ នៅ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​​ផង​នោះ វត្តី ក៏​បាន​ចាប់ផ្ដើម​រៀន​បារាំង​តាំង​ពី​ឆ្នាំ​ ២០១៩ ​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​យោធាកម្ពុជា និង​យោធាបារាំង​។

កញ្ញា​បាន​ឱ្យដឹង​ថា៖ «​ពួកគាត់បាន​ឱ្យ​គ្រូ​ដែល​ជា​គ្រូភាសាបារាំង​មក​បង្រៀន​ពួកខ្ញុំ។ ​ពួក​ខ្ញុំ​បាន​ចាប់ផ្ដើម​រៀនភាសា​បារាំង ហើយ​​ដោយឃើញថា​មានសិស្ស​ច្បង​គាត់ធ្លាប់​ចេញទៅបន្តការ​សិក្សា អ៊ីចឹង​ខ្ញុំ​ក៏​មានទឹកចិត្ត​ថា ខ្ញុំ​​នឹង​ខំ​រៀន​បារាំង​ដើម្បី​ឱកាស​មួយ​ហ្នឹង»។

​បន្ទាប់​ពីបញ្ចប់បរិញ្ញាប័ត្រ​យោធា នៅ​សាលានាយទាហានសកម្ម ក្នុង​ឆ្នាំ​ ២០២២ កញ្ញា​វត្តី ​បានមក​រាជធានី​ភ្នំពេញ ដោយ​ចូលបម្រើការ​នៅ​​នាយកដ្ឋានទាក់ទង​អន្តរជាតិ នៃ​ក្រសួងការពារ​ជាតិ។ ក្រោយពី​បម្រើការ​បាន​​​​រយៈពេល​មួយឆ្នាំ​ វត្តី ក៏​បានដឹង​ដំណឹង​ពីសហប្រតិបត្តិការ​យោធា​បារាំង​ប្រចាំនៅ​​កម្ពុជា​អំពី​ឱកាសទៅ​បន្ត​​សិក្សា​ហ្វឹកហាត់​​ជំនាញ​វិស្វកម្ម​នៅ​ប្រទេស​បារាំង​រយៈ​ពេល​មួយ​ឆ្នាំ។

យុវតី​រូបនេះ​បាន​ប្រាប់ថា៖ «អ៊ីចឹង​​ពេលហ្នឹង មានបេក្ខភាពដូចជា ៨​នាក់ហើយ​យើង​ក៏​មានការ​ធ្វើតេស្ត​សម្ភាស​ផ្ទាល់ជាមួយ​​ប្រធាន​កិច្ចសហប្រតិបត្តិការ»។

ដោយសារ​តែ កញ្ញា​​ វត្ថី មានចំណេះដឹង​ភាសា​បារាំង​ស្ទាត់ជំនាញ និង​ថែមទាំង​បាន​សិក្សា​​ភាសាបារាំង​ជំនាញការទូត នៅ​វិទ្យាស្ថានភាសា​បារាំងទៀតនោះ កញ្ញា​ត្រូវ​បាន​ជ្រើសរើស​ជាបេក្ខភាព​ពី​ប្រទេស​កម្ពុជា ទៅ​រៀន​វគ្គហ្វឹកហ្វឺន​ជំនាញវិស្វកម្ម នៅ​សាលា​វិស្វកម្ម École du Genie នៅ​ខេត្ត​អង់ហ្សេ (Angers) ប្រទេស​បារាំង។

កញ្ញា​បាន​និយាយ​ថា៖ «ក្នុងចំណោម​អ្នកទៅ​រៀន​វគ្គ​នេះ​សរុប ១០៣ មាន​តែម្នាក់​មក​ពី​ប្រទេស​កម្ពុជា ខ្ញុំ​មានអារម្មណ៍​ថា​​មាន​មោទនភាព​​ជា​ខ្លាំង​ដែល​បានទៅរៀន​តំណាង​ឱ្យ​ប្រទេ​ស​កម្ពុជា​»។

ការ​សិក្សា​រយៈ​ពេល​មួយ​​ឆ្នាំ​ ​ផ្ដោត​លម្អិត​ទៅលើ​ជំនាញ​វិស្វកម្មរួមមាន​​យុទ្ធវិធី​ពាក់ព័ន្ធ​នឹង​ទ័ព​វិស្វកម្ម ​ ការ​ដាក់មីន ដាក់អន្ទាក់ ស្វែងយល់​ពី​​គ្រឿង​ចក្រ ​​​​ដែលយើង​អាច​ប្រើប្រាស់នៅ​ក្នុងជំនាញ​វិស្វកម្ម ដែល​ដើរតួ​យ៉ាង​​សំខាន់​​ក្នុង​វិស័យ​កងទ័ព​។

យុវតី​រូបនេះ​បាន​ពន្យល់ថា៖ «ជំនាញ​វិស្វកម្ម​គឺជា​ជំនាញ​មួយ​ដែល​យើង​ដាក់​ចូល​ក្នុង​ជំនាញ​ថ្មើរ​ជើង​ដែរ​អាច​ ជួយ​ដល់​កម្លាំង​ថ្មើរជើង​នៅពេល​​ប្រយុទ្ធ​ជាក់ស្ដែងបាន​។ ឧទាហរណ៍​ថា​ដូចជាការ​សាងសង់​លេណ​ដ្ឋាន អ៊ីចឹង​ប្រសិន​បើ​អត់មានខាង​​ទ័ព​វិស្វកម្ម​ទេ គឺ​អត់អាច​មានលេណដ្ឋាន​បានទេ»។

ប៊ុន ជាវត្តី ជាមួយគ្រួសារ។ រូបថត សហការី

ការហ្វឹកហាត់នៅប្រទេសជឿនលឿនធ្វើឱ្យ កញ្ញា វត្តី មាន​អារម្មណ៍​រំភើប និង​​មោទនភាព​ដែល​អាច​ជម្នះ​ការ​លំបាកផ្នែក​យេនឌ័រ វប្បធម៌​ ទំនៀមទម្លាប់ ម្ហូបអាហារ អាកាសធាតុ និង​កម្រិត​កាយសម្បទាជានារីភេទ​ ដែល​មាន​ត្រឹមតែ ៨​នាក់ ក្នុង​ចំណោម​បុរស​ ៩៥​នាក់​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញពិភពលោក។

ក្រៅពី​ការលំបាក​ទាំងនេះ វត្តី ស្ទើរ​តែ​មិនជឿថា​ខ្លួនអាច​មក​ដល់​ថ្ងៃនេះ ដោយកញ្ញា​បាន​រៀបរាប់​ថា៖ «មាន​ច្រើនគ្រោះថ្នាក់ ទី១​ផ្នែក​យុទ្ធ​វិធី​គឺ​ពួកខ្ញុំ​បានចុះទីលាន​​ច្រើនដង​នៅ​តាមខេត្ត នៅ​តាម​អង្គភាព​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​បារាំង​ហ្នឹង គឺ​យើង​ចុះ​​យុទ្ធ​វិធី​ជាក់ស្ដែង​គឺ​បី​ដូច​ជា​យើង​កំពុង​ស្ថិត​នៅ​ក្នុង​សង្គ្រាម​ពិតៗ​ មានការបាញ់​ មានការធ្វើដំណើរ​​តាមរថក្រោស រថពាសដែក»​។

ក្រោយពី​បញ្ចប់ការ​សិក្សា​​នៅ​ឆ្នាំ ២០២៤ ដោយ​នាំ​យកចំណេះដឹង​ពីប្រទេសជឿនលឿន​​​មក​បម្រើការ​នៅ​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​ក្រសួង​ការពារ​ជាតិ​ កញ្ញា វត្តី ចង់លើកទឹកចិត្ត​ស្ត្រី​ក្នុង​វិស័យ​ការពារ​ជាតិ ឱ្យ​ហ៊ានសាកល្បង​​​ដើម្បីសម្រេច​គោលដៅអាជីព​ក្នុង​ក្ដី​ស្រមៃរបស់ខ្លួន។

យុវតី​រូបនេះ​បាននិយាយ​ថា៖ «​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ ខ្ញុំ​គិត​ថា​ស្ត្រី​​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​ទំនាក់ទំនងផ្សេងៗ ក៏ដូចជាពិធីការ និងមានការងារ​​ជាច្រើនដែល​គាត់ធ្វើបាន និយាយ​រួម​បុរស​ធ្វើបាន គាត់​ក៏​ធ្វើបានដូចគ្នា»។

កញ្ញា​ក៏​បាន​លើកពីចំណុច​សំខាន់​នៃ​ការ​ទទួលបាន​​​ឱកាស​ទៅសិក្សា​ជំនាញយោធា​​ផង​ដែរថា ចំណេះដឹង​ភាសាបារាំង​ និង​បច្ចេកទេស​គឺ​ពាក់ព័ន្ធ​នឹង​ផ្នែកយុទ្ធវិធី ដែល​​អនុញ្ញាត​​ឱ្យ​នាយទាហានទាំងអស់​យល់ដឹង និង​ត្រៀម​ខ្លួនរួច​ជា​ស្រេច​​ក្នុងការ​ប្រយុទ្ធ​នៅក្នុងសង្គ្រាម​ជាក់ស្ដែង។

ក្រោយពីបញ្ចប់ការសិក្សា​វគ្គហ្វឹកហ្វឺន​ជំនាញវិស្វកម្ម​នៅប្រទេសបារាំង​ និង​អនុសេនីយ៍ទោ ប៊ុន ជា​វត្តី បាន​ដាក់​គោលដៅ​កាន់តែ​វែងឆ្ងាយ។

សកម្មភាពហ្វឹកហាត់ជាមួយយោធាជនជាតិបារាំង អំឡុងពេលកញ្ញា​សិក្សា​វគ្គហ្វឹកហ្វឺន​ជំនាញ​វិស្វកម្ម នៅសាលាវិស្វកម្ម (Ecole du Genie) នៃ​សាធារណរដ្ឋ​បារាំង។ រូបថត សហការី

យុវតី​រូបនេះ​បាន​ប្រាប់ថា៖ «ទីមួយគឺ​គោលដៅ​ក្នុង​អាជីពការងារ​របស់ខ្ញុំ ខ្ញុំ​ចង់ទៅបន្ត​ថ្នាក់ការពារជាតិ​នៅ​ប្រទេសបារាំង ដែល​ជា​សាលា​ចុង​ក្រោយ សាលាធំជាងគេ​ សាលាសង្គ្រាម (The War College ឬ École de Guerre) សម្រាប់​វិស័យយោធា​នៅ​ប្រទេស​បារាំង និង​បន្ត​កិច្ចសហប្រតិបត្តិការ​រវាងយោធា​បារាំង និង​កម្ពុជា​ឱ្យ​កាន់តែ​ស្អិត​រមួត»​។ឮ

​​ស្ត្រីដែល​មាន​ការ​​​​សិក្សា​ខ្ពស់ខ្ពស់​ផ្នែកយោធារូបនេះ​ក៏បាន​សម្ដែង​ការ​ដឹកគុណ​ដល់​​​សន្តិភាព និង​នយោបាយ​ឈ្នះឈ្នះ​ ​ដែលនាំ​ឱ្យ​ឯកភាពជាតិពេញលេញ​ រួមទាំង​​​បុគ្គលសំខាន់ៗ​​ដែល​ដើរតួនាទី​ក្នុង​អាជីព​ការងារ​​ដ៏គួរ​ឱ្យ​ស្ញប់ស្ញែង​នេះ​ផង​ដែរ។

​កញ្ញារៀបរាប់ថា៖ «នាងខ្ញុំ​សូមអរគុណ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់ជាន់ថ្នាក់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត  អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទង​អន្តរជាតិ ក្រសួង​ការពារជាតិ ​ដែល​ផ្ដល់​ឱកាស និង​តែង​តែជំរុញ​លើក​ទឹកចិត្ត​ ដល់​នាយទាហាន​ក្រោម​ឱវាទ ឱ្យ​ចេញ​ទៅ​បន្ត​ការ​សិក្សា​​​ក៏​ដូចជា​ស្វែង​រក​ចំណេះ​ដឹង​ផ្សេងៗ​ ដើម្បី​ពង្រឹង​នៅ​ក្នុង​អាជីព​ការងារ​»។

កញ្ញា វត្តី ក៏​ថ្លែងអំណរគុណដល់ស្ថានបេសកកម្ម​ផ្នែក​ការពារ​បារាំង​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់​វគ្គសិក្សា​ភាសា​បារាំង ដែល​នាំមក​នូវ​ឱកាស​បន្តការ​សិក្សា​នៅបរទេស។

ទន្ទឹម​នឹងនោះ កញ្ញា​ វត្តី បាន​បង្ហាញ​​អ្នកដែលផ្ដល់​កម្លាំង​ចិត្តដ៏ឱ្យ​​កញ្ញា​​តស៊ូ​ដល់​ទីបំផុតនោះ ដោយ​កញ្ញា​និយាយ​​ទាំងរលីងរលោង​ថា៖ «ជាចុងក្រោយ​សូមអរគុណ​ដល់​ក្រុម​គ្រួសារ ម៉ាក់ ហើយប៉ា ដែលជាទឹកចិត្ត​ដល់សំខាន់​​របស់​​ខ្ញុំ​ក្នុងការ​ហ្វឹកហាត់ មិនថា​នៅ​ខ្មែរ ឬ​នៅប្រទេស​បារាំង​ទេ​។ ម៉ាក់​ប៉ា​ខ្ញុំ​គាត់​តែង​តែ​និយាយ​ថា គាត់អត់មាន​ដើមទុ​ន​អី​ឱ្យ​ខ្ញុំទេ តែ​ខ្ញុំ​តែងតែ​ឆ្លើយទៅ​វិញ​ថា គាត់បាន​ផ្ដល់​​ជីវិត​នេះ​ដល់​ខ្ញុំ​ដែល​ខ្ញុំ​អាច​មាន​ថ្ងៃ​នេះបាន​»៕