ភ្នំពេញ៖ PeopleStories ជាអង្គការ​​អភិវឌ្ឍន៍​ដែលបំពេញ​ការងារ​ជួយ​ដល់​វិស័យ​​អប់រំ​នៅ​ជនបទ​​ប្រទេស​កម្ពុជា បានទទួល​រង្វាន់​ជា​គម្រោងសិក្សា​តាម​អេឡិចត្រូនិក​ល្អ​បំផុត​​ពី​ LearnX Awards​ ឆ្នាំ​២០២៤​។​

ពានរង្វាន់​នេះ​ទទួលស្គាល់​សាលា​ឌីជីថល​ចល័ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត (MDS) ​ជា​គំនិត​ផ្តួចផ្តើម​ត្រួសត្រាយ​ដែល​បង្កើតឡើង​ដើម្បី​នាំយក​ការរៀនសូត្រ​តាម​ឌីជីថល​ដល់​សហគមន៍​ដាច់ស្រយាល​នៅ​ទូទាំងប្រទេស​កម្ពុជា​។

ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី ២៦​ ខែវិច្ឆិកា ឆ្នាំ ២០២៤​ ក្នុងអំឡុងពេល​ពិធី​មួយ​​រៀបចំឡើង​ដោយ LearnX ​ជា​កម្មវិធី​ផ្តល់រ​ង្វាន់​អន្តរជាតិ​របស់​អូស្ត្រាលី ដែល​ប្រារឰ​ឡើង​នូវ​ឧត្តមភាព​ក្នុងការ​សិក្សា ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង​ទេពកោសល្យ​។​

អ្នកស្រី វីចតូរៀ មីឡូស្កេវស្គី ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ PeopleStories បានទទួល​យកពានរ​ង្វាន់​នេះ​ក្នុងនាម​ក្រុម​របស់​អ្នកស្រី​​។ អ្នកស្រី​បាន​សម្តែង​ការដឹងគុណ និង​បានលើកឡើង​ពី​អំណាច​ផ្លាស់ប្តូរ​​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ​។​

អ្នកស្រី វីចតូរៀ បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានទទួល​រង្វាន់​ដ៏​គួរឱ្យ​គោរព​នេះ​។ វា​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​ការខិតខំ​ប្រឹងប្រែង​ដែល​ក្រុមការងារ​របស់​យើង​បាន​នាំយក​ការអប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​ដល់​កុមារ​ក្រីក្រ​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា»។​

អ្នកស្រី​បន្ដថា​៖ "​សាលាឌីជីថល​ចល័ត​​របស់​យើង​កំពុង​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា ដោយ​យក​វាពីសកម្មភាព​ជជែក​បែប​ស្ងៀម​ស្ងាត់​ទៅសកម្មភាព​រស់​រវើក​លើ​ឌីជីថល​ និង​ការបើកទ្វារ​សម្រាប់​កុមារ​រាប់ពាន់នាក់​ដែលមាន​កម្រិត​សិទ្ធិ​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព»​។​

សាលារៀន​​​កង់​បួន​

​សាលា​ឌីជីថល​ចល័ត​មិនមែន​គ្រាន់តែ​ជា​ថ្នាក់រៀន​ដែល​កំពុងដំណើរការ​នោះទេ វា​ជា​មជ្ឈមណ្ឌល​សិក្សា​ចល័ត​ ​ដែល​បំពាក់​ឧបករណ៍​យ៉ាង​ពេញលេញ ដែល​នាំមក​នូវ​ការអប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ទៅកាន់​ភូមិ​ដាច់ស្រយាល​។​

អ្នកស្រី វីចតូរៀ និងក្រុម​ការងារ កែច្នៃ​រ៉ឺម៉ក​ម៉ូតូ​ទៅជា «​សាលារៀន​​​កង់​បួន» ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្តល់ឱ្យ​កុមារ​នូវ​ឱកាស​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​ រូបថត សហការី​

PeopleStories បាន​បំប្លែងរ៉ឺម៉ក​ម៉ូតូ​ចាស់​ទៅជា​ថ្នាក់រៀន​ចល័ត ដោយ​បំពាក់​វា​ជាមួយ​កុំព្យូទ័រ​យួរដៃ កម្មវិធី​អប់រំ និង​បណ្ដាញ​ផ្ទុក​ទិន្នន័យ​ចល័ត​ ដើម្បី​ធានាបាន​នូវ​ការ​ចូលរៀន​ដោយ​មិនបាច់​ភ្ជាប់​អ៊ីនធឺណិត​ឥតឈប់ឈរ​។​

«​សាលារៀន​​​កង់​បួន» ធ្វើដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្តល់ឱ្យ​កុមារ​នូវ​ឱកាស​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​

អ្នកស្រី វីចតូរៀ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​គំនិត ​សាលាឌីជីថល​ចល័តបានបង្ហាញ​​​ជា​អ្នក​ផ្លាស់ប្តូរ​ហ្គេម​។ កុមារ​ជាច្រើន​នៅតាម​តំបន់​ជនបទ​មិនដែល​មានឱកាស​ប្រើ​កុំព្យូទ័រ​ពីមុនមក​ទេ ពេល​នេះពួកគេ​អាច​រៀន​ប្រើ​វាបានហើយ​»​។​

​អ្នកស្រីបន្ដថា​៖ «សាលា​ឌីជីថល​ចល័ត​របស់​យើង​មិន​ត្រឹមតែ​នាំមក​នូវ​ចំណេះដឹង​ផ្នែក​ឌីជីថល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកទឹកចិត្ត​ដល់​ការគិត​ប្រកបដោយ​ការត្រិះរិះ​ ការច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា ដែល​ទាំងអស់នេះ​មាន​សារៈសំខាន់​នៅក្នុង​ពិភព​ក​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​នេះ»​។​

បង្កើន​ប្រសិទ្ធភាព​​ការអប់រំ​នៅ​ជនបទ​កម្ពុជា​

នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ការអភិវឌ្ឍន៍​ទីក្រុង និង​លទ្ធភាព​ទទួលបាន​ការ​អប់រំ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ទោះជា​យ៉ាងណាក៏ដោយ សហគមន៍​ជនបទ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​​ផ្នែក​អប់រំ​សំខាន់ៗ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់គ្រាន់ ធនធាន​មាន​កម្រិត និង​អក្ខរកម្ម​ឌីជីថល​ទាប​។​

PeopleStories មានបំណង​បិទ​គម្លាត​នេះ​ដោយ​ផ្តល់ឱ្យ​កុមារ​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​ពិភព​ឌីជីថល​ដែល​កាន់តែខ្លាំង​ឡើង​។​

ចាប់តាំងពី​ការបើក​ដំណើរការ​ក្នុង​ឆ្នាំ២០២២ មក សាលាឌីជីថល​ចល័ត​​ បានផ្តល់​ម៉ោង​សិក្សា​ជាង ៣ម៉ឺន​ម៉ោង ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​ជាង ១២០០​នាក់​។​

គំនិត​ផ្តួចផ្តើម​នេះ​បាន​មើលឃើញថា ​កុមារ​អភិវឌ្ឍ​ជំនាញ​សំខាន់ៗ​ដែល​នឹង​បម្រើ​ពួកគេ​ពេញ​មួយជីវិត​របស់​ពួកគេ​។​

អ្នកស្រី វីចតូរៀ បាន​រំឭកថា៖ «​​នៅពេល​យើង​ណែនាំ​សាលាឌីជីថល​ចល័ត​​ជា​លើកដំបូង​ទៅកាន់​សហគមន៍​ជនបទ ពួកគេ​មាន​ភាព​រំជើបរំជួល និង​ភាព​ភ័យព្រួយ​ជាច្រើន​​។​ ​កុមារ​មានចិត្ត​ចង់​រៀន ប៉ុន្តែ​ក៏​ភ័យខ្លាច​ដែរ​។ មនុស្ស​ជាច្រើន​មិនដែល​ប៉ះ​កុំព្យូទ័រ​យួរដៃ​ពីមុនមក​ទេ​។ ឥឡូវនេះ បន្ទាប់ពី​វគ្គ​មួយចំនួន ពួកគេ​មិន​ត្រឹម​តែមាន​ផាសុកភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​នោះទេ ពោលគឺ​ពួកគេ​កំពុង​រីកចម្រើន​»​។​

លក្ខណៈ​សំខាន់​មួយ​នៃ ​សាលាឌីជីថល​ចល័តគឺ​វិធីសាស្ត្រ​សិក្សាប្រកប​ដោយ​បរិយាប័ន្ន​​របស់​វា ដែល​រួមបញ្ចូល​គ្នា​នូវ​មេរៀន​ឌីជីថល​ជាមួយនឹង​សកម្មភាព​ផ្ទាល់​។​

​គំរូ​នេះ​អនុញ្ញាត​ឱ្យមាន​គម្រោង​ជា​ក្រុម ហ្គេម​ឌីជីថល និង​លំ​ហាត់​ដោះស្រាយ​បញ្ហា ដែល​ទាំងអស់នេះ​បំពេញបន្ថែម​កម្មវិធីសិក្សា​ជាតិ​របស់​កម្ពុជា​។​

​ការរួមបញ្ចូល​គ្នា​នៃ​ការសិក្សា​បែប​ឌីជីថល និង​សកម្មភាព​អន្តរ​កម្ម​ដោយផ្ទាល់​នេះ ធានាថា ​កុមារ​មិន​ត្រឹមតែ​ទទួលបាន​ជំនាញ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹងសមត្ថភាព​នៃ​ការគិត និង​ហេតុផល​របស់​ពួកគេ​ផងដែរ​។​

​វគ្គ​នៃ​ការគិត​បែបត្រិះរិះពិចារណា​

​សមាសធាតុ​លេចធ្លោ​នៃ​សាលា​ឌីជីថល​ចល័ត​គឺជា​វគ្គ​សិក្សា​នៃ​ការគិត​ប្រកបដោយ​ការត្រិះរិះ​ពិចារណា​ ដែលមាន​សារៈសំខាន់​ក្នុងការ​កែលម្អ​សមត្ថភាព​វែកញែក​របស់​សិស្ស​។​

អ្នកនាង អេនឌ្រាស​ ហ្វីឈើរ​ ប្រធាន​អ្នកចងក្រង​​ការ​សិក្សា​អេឡិចត្រូនិក​​របស់ PeopleStories និង​អ្នក​ស្ម័គ្រចិត្ដ​បានកត់សម្គាល់​ថា​ វគ្គ​សិក្សា​បានទទួល​ជោគជ័យ​យ៉ាងសំខាន់ ដោយ​កុមារ ៩៧​ភាគរយ​ បង្ហាញ​ពី​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​នៅក្នុង​ជំនាញ​​របស់​ពួកគេ​។​

អ្នកនាង អេនឌ្រាស បាន​និយាយថា៖ «​យើង​បានឃើញ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៅក្នុង​វិធី​ដែល​កុមារ​ទៅរក​ការដោះស្រាយ​បញ្ហា​ ។ តាមរយៈ​វគ្គ​សិក្សា​នេះ ពួកគេ​បាន​រៀន​សួរ​ការ​សន្ម​ត់ វាយតម្លៃ​ព័ត៌មាន​យ៉ាង​ត្រចះត្រចង់ និង​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការយល់ដឹង»​។​​

​វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​សិទ្ធិអំណាច​ដល់​កុមារ​ក្នុង​ការគិត​ដោយ​ខ្លួនឯង ​ជា​ជំនាញ​ដ៏​សំខាន់​នៅក្នុង​សេដ្ឋកិច្ចពិភពលោក ដែល​ផ្តល់​តម្លៃ​ដល់​ការច្នៃប្រឌិត និង​​​កាន់តែខ្លាំង​ឡើង​។​

​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​​ បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដែល​បង្ហាញ​ពី​តួនាទី​នៃ​ការអប់រំ​ឌីជីថល​ក្នុងការ​អភិវឌ្ឍន៍​រប​ស់​កម្ពុជា​។​

លោក​បាន​ថ្លែងថា​៖ «​នៅពេលដែល​រដ្ឋាភិបាល​របស់​យើង​លើកកម្ពស់​ឌីជីថល​ភាវូបនីយកម្ម ខ្ញុំ​មាន​មោទនភាព​ដែល​ឃើញ​លទ្ធផល​​ដែល PeopleStories កំពុង​បង្កើត​នៅក្នុង​សហគមន៍​ជនបទ​។ ការច្នៃប្រឌិត​ប្រភេទ​នេះ​គឺ​ពិតជា​អ្វីដែល​ក្មេងជំនាន់ក្រោយ​របស់​យើង​ត្រូវការ​ដើម្បី​រក្សា​ការប្រកួតប្រជែង និង​ច្នៃប្រឌិត​នៅក្នុង​ពិភពលោក​ដែល​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​»​។​

អ្នកស្រី វីចតូរៀ​ ជាអ្នក​នៅ​ពីក្រោយ PeopleStories ជាអង្គការ​ដែល​ប្តេជ្ញា​ជួយ​កុមារ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​អនាគត​ដ៏​ត្រចះត្រចង់។ រូបថត សហការី​

ជម្នះ​​ឧបសគ្គ​នៅ​តំបន់​ដាច់ស្រយាល​

​ទោះបីជា​សាលាឌីជីថល​ចល័តទទួល​​ជោគជ័យ​ក៏ដោយ ក៏​ដំណើរ​នេះអាច​ដើរ​ទៅ​ដោយ​រលូន​​នោះទេ​។ ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​របស់ PeopleStories ប្រឈមមុខ​គឺ​ការខ្វះ​អ៊ី​ន​ធឺ​ណែ​ត​ដែល​អាចប្រើ​ការ​បាន​នៅក្នុង​តំបន់​ជនបទ​។​

​ជាការ​ឆ្លើយតប ក្រុមការងារ​បាន​បង្កើត​បណ្ដាញ​ផ្ទុក​ទិន្នន័យ​ពីចម្ងាយ​ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ផ្តល់នូវ​ការរៀន​តាម​ឌីជីថល​តាម​គេហទំព័រ​ដែលមាន​គុណ​ភាព​ខ្ពស់ ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​ការតភ្ជាប់​អ៊ីនធឺណិត​។​

​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ គឺជា​គន្លឹះ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៃ​គម្រោង ដោយ​អនុញ្ញាតឱ្យ «សាលា​កង់​បួន​»​ នាំយក​ការរៀនសូត្រ​ទៅកាន់​តំបន់​​ដែលគ្មាន​​ធនធាន​ឌីជីថល​។​

អ្នកស្រី វីចតូរៀ បាន​ឱ្យដឹងថា​៖ «​​យើង​ត្រូវតែមាន​ធនធាន​។ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ការតភ្ជាប់​អ៊ី​ធឺ​ណិ​ត​គឺ​មិន​ស៊ីសង្វាក់​គ្នា​ល្អ​បំផុត។ ដូច្នេះ​យើង​បាន​រចនា​ប្រព័ន្ធ​ដែល​អនុញ្ញាតឱ្យ​យើង​រក្សាទុក​មាតិកា​ចាំបាច់​ទាំងអស់​នៅក្នុង​ស្រុក​​។​ ​តាម​វិធី​នេះ សិស្ស​របស់​យើង​នៅតែ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពីបទ​ពិសោធន៍​សិក្សា​ដែល​ផ្អែកលើ​អ៊ី​ន​ធឺ​ណេ​ត សូម្បីតែ​នៅក្នុង​តំបន់​ដាច់ស្រយាល​បំផុត​ក៏ដោយ»​។​​

​សម្លឹង​ទៅមុខ​៖ ការធ្វើ​មាត្រដ្ឋាន​សាលា​ឌីជីថល​ចល័ត​

​ការទទួលស្គាល់​ពី LearnX បាន​ផ្តល់ឱ្យ PeopleStories នូវ​ការជំរុញ​ដ៏​សំខាន់ ដោយ​ជួយ​សប្បុរសធម៌​ទាក់ទាញ​ដៃគូ និង​អ្នកគាំទ្រ​ថ្មី​។​

អ្នកស្រី វីចតូរៀ បាន​សង្កត់ធ្ងន់ថា ពានរង្វាន់​នេះ​មិន​ត្រឹមតែ​ផ្តល់​សុពលភាព​ដល់​ការងារ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ជនបទ​កម្ពុជា​។​

​អ្នក​នាង​​បាន​និយាយថា៖ «​​ការទទួលស្គាល់​នេះ​អនុញ្ញាតឱ្យ​យើង​បង្ហាញ​ពីលទ្ធផល​​ដែល​យើង​មាន និង​ដើម្បី​បង្ហាញថា ​វា​អាចទៅរួច​ក្នុងការ​ផ្តល់នូវ​ការអប់រំ​ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​ជ្រុង​ដាច់ស្រយាល​បំផុត​នៃ​ពិភពលោក»។​

​ជាមួយនឹង​ប្រជាជន​ជាង ១២​ លាន​នាក់​រស់នៅក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា តម្រូវការ​សម្រាប់​កំណែទម្រង់​ការអប់រំ​នៅតែ​ជាបន្ទាន់​។​

PeopleStories ប្តេជ្ញា​ធ្វើ​មាត្រដ្ឋាន​សាលា​ឌីជីថល​ចល័ត និង​ពង្រីក​វិសាលភាព​របស់ខ្លួន​ទៅកាន់​សហគមន៍​កាន់តែច្រើន​។​

​អង្គការ​សប្បុរសធម៌​កំពុង​ពិភាក្សា​ជាមួយ​អ្នកវិនិយោគ​ដែល​ចែករំលែក​ទស្សនៈវិស័យ​របស់ខ្លួន​សម្រាប់​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​ដែល​ចេះអក្សរ​តាម​ឌីជីថល និង​ផ្តល់​សិទ្ធិអំណាចដល់​ពួកគេ​​។​

អ្នកស្រីបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​​យើង​ទើបតែ​ចាប់ផ្តើម​។ សាលា​ឌីជីថល​ចល័ត ​បាន​បង្កើត​ភាពខុសប្លែក​គ្នា​នៅក្នុង​ជីវិត​របស់​កុមារ​ជាច្រើន​រួចហើយ ហើយ​យើង​ពិតជា​រំភើប​ក្នុងការ​ឈានដល់​កាន់តែច្រើន​។​ ​យើង​ជឿជាក់ថា កុមារ​គ្រប់រូប មិន​ថា​ពួកគេ​រស់នៅ​ទីណា​នោះទេ សម​នឹង​ទទួលបាន​ឱកាស​ដើម្បី​ដោះ​សោ​សក្តានុពល​របស់​ពួកគេ»​។​

​អំពី​ PeopleStories ​

​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៧​ PeopleStories គឺជា​អង្គការ​សប្បុរសធម៌​ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង និង​កម្ពុជា ដែល​ធ្វើ​ការងារ​ជួយ​កុមារ​នៅតាម​ជនបទ​ក្នុងប្រទេស​កម្ពុជា​ឱ្យមាន​លទ្ធភាព​​បញ្ចប់​ការសិក្សា​របស់​ពួកគេ​។​

​អង្គការ​នេះ​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ផ្តល់​អាហារូបករណ៍ សាងសង់​អគារសិក្សា និង​ផ្តល់​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​។​

​ដោយមាន​ការគាំទ្រ​ពី​អ្នកស្ម័គ្រចិត្ត​​ជាង ៣០ នាក់​នៅ​ទូទាំង​ពិភពលោក និង​ក្រុម​ការងារ​ក្នុងស្រុក​ PeopleStories បន្ត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ដោយ​ផ្តល់ឱ្យ​កុមារ​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួលបាន​ជោគជ័យ និង​បំបែក​វដ្ត​នៃ​ភាពក្រីក្រ​។​

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី PeopleStories និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ពួកគេ សូម​ចូលទៅ​កាន់​គេហទំព័រ www.PeopleStoriesCharity.org៕​