ភ្នំពេញៈ ការបង្ហាញពីភាពរីករាយ ទាន់សម័យ សេចក្តីសុខ សុភមង្គលដ៏អស្ចារ្យ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងកត្តាសង្គមអូសទាញផ្សេងៗ ក៏ដូចជាការចង់សាករសជាតិគ្រឿងស្រវឹងដោយបុគ្គលម្នាក់ៗ គឺជាមូលហេតុននាំឱ្យមានការទទួលទានគ្រឿងស្រវឹង។ ការផ្សព្វផ្សាយពីគ្រឿងស្រវឹងក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន កាន់តែមានវិសាលភាព ទាំងក្នុងបណ្តាញសង្គម និងផ្ទាំងផ្សព្វផ្សាយផ្សេងៗនៅតាមដងផ្លូវនានា នៅតាមភូមិ-ឃុំ-ស្រុក-រាជធានី-ក្រុង និងខេត្ត។
ក្នុងពេលថ្មីៗកន្លងមកនេះថែមទាំងមានការផ្សាយពាណិជ្ជកម្ម ដ៏ហួសហេតុលើប៉ុស្តិ៍ទូរទស្សន៍ខ្លះ ក្នុងកម្មវិធីប្រដាល់ ដែលឱ្យយុវជនឡើងគាស់ក្រវិលស្រាបៀរមើលរង្វាន់ ហើយផឹកបង្ហាញអ្នកទស្សនានៅលើសង្វៀនប្រកួត ក្នុងពេលផ្សាយផ្ទាល់។
តាមរយៈរឿងនេះយុវជនខ្លះគិតថា ការផ្សាយពាណិជ្ជកម្មមានរង្វាន់ និងកត្តាសង្គមមួយចំនួន ពិតជាទាក់ទាញឱ្យមានការទទួលទានគ្រឿងស្រវឹង។ ចំណែកអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការជំរុញការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ បញ្ជ្រាបការយល់ដឹងពីគ្រឿងស្រវឹង និងកាត់បន្ថយការផ្សព្វផ្សាយនៅទីសាធារណៈឱ្យបានច្រើន ជាដំណោះស្រាយល្អបំផុត។
លោក ស ថេត អគ្គស្នងការនគរបាល ជាតិបានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេស ត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ ខណៈឆ្លងកាត់យុទ្ធនាការនាប៉ុន្មានថ្ងៃមកនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។ ឆ្លងកាត់យុទ្ធនាការប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុននៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់ភាពអនាធិបតេយ្យលើការមិនគោរពច្បាប់ចរាចរណ៍។
លោក សុខ សឹង្ហៈ អាយុ ៣០ ឆ្នាំ ជាប្រជាពលរដ្ឋនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចេះសេពគ្រឿងស្រវឹង តាំងពីអាយុ ១៧ ឆ្នាំ ថ្លែងថា ដោយសារការចូលរួមកម្មវិធីផ្សេងៗក្នុងសង្គមក៏សាកល្បង ម្តងបន្តិចៗ ហើយពេលខ្លះត្រូវបានគេណែនាំឱ្យផឹក ពេលខ្លះទៀតដោយសារមិត្តភក្តិអូសទាញ រួមទាំងខ្លួនឯងមានចំណង់ផងនោះ នាំឱ្យមានភាពស៊ាំនឹងការទទួលទាន រហូតដល់គិតថា ពេលជួបគ្នាបើមិនបានសេពគ្រឿងស្រវឹង ហាក់បីដូចជាខ្វះអ្វីម្យ៉ាង។
លោកនិយាយថា៖ «បើបានផឹកស្រាចេះតែមានរឿងនិយាយពីនេះពីនោះ បន្ថយភាពតានតឹងសប្បាយខ្លះដែរ»។
លោកថ្លែងថា ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ជាជ្រុង ១ ជំរុញឱ្យមានការសេពសុរាកាន់តែខ្លាំង ព្រោះគិតថា អាចនឹងត្រូវរង្វាន់ដូចអ្នកដែលធ្លាប់ត្រូវដែរ តែការពិតជាក់ស្តែងមានតែពិបាកក្នុងខ្លួន គ្រោះថ្នាក់ចរាចរណ៍ ខកខានការងារ ធ្វើអ្វីមិនកើតដោយសារតែរឿងសេពសុរាប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹងមានភាពទាក់ទាញឱ្យចង់ផឹកដែរដោយសារ គេមានដាក់ជារង្វាន់ មានជាឡាន ម៉ូតូ លុយ អ៊ីចឹងទៅ ចេះតែមានអារម្មណ៍ថា ផឹកទៅក្រែងបានឡានជិះនឹងគេ ឬបានម៉ូតូថ្មីជិះនឹងគេ»។
លោក សុខ សឹង្ហៈ ថ្លែងថា តាមរយៈការផ្សព្វផ្សាយអប់រំ បានធ្វើឱ្យពលរដ្ឋមួយចំនួន មានការយល់ដឹងខ្លះៗហើយ ពីបញ្ហាដែលកើតឡើងដោយគ្រឿងស្រវឹង ហើយមិនអាចគ្រប់គ្រងសតិបាន ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាក្នុងសង្គម។
ដោយឡែក លោក ស៊ុន ឆេកូ អាយុជាង ៤០ ឆ្នាំ ប្រជាពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញនិយាយថា ការផ្សព្វផ្សាយពីគ្រឿងស្រវឹងគួរតែបិទតែម្តងល្អជាង ព្រោះការផ្សព្វផ្សាយពីគ្រឿងស្រវឹងនេះ មិនមែនមានតែអ្នកសេពគ្រឿងស្រវឹងទេដែលមើល នៅមានប្រជាជនជាច្រើនទៀត រួមមានទាំងក្មេងៗផង។
ការផ្សព្វផ្សាយគ្រឿងស្រវឹងផ្តល់រង្វាន់ ក៏គួរតែ មិនឱ្យមានផងដែរ ព្រោះនេះជាកត្តាជំរុញលើកទឹកចិត្តកាន់តែខ្លាំងប៉ុន្តែការផ្សព្វផ្សាយផលប៉ះពាល់ដែលបណ្ដាលមកពីការសេពគ្រឿងស្រវឹង ឱ្យបានច្រើនទម្រង់ទៅកាន់សាធារណជន អាចនឹងកាត់បន្ថយបាននូវការប្រើប្រាស់គ្រឿងស្រវឹង រួមទាំងការបង្ហាញទិន្នន័យគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងស្រវឹង ការបង្កើតស្ព៉ត ប្រៀបធៀបគុណសម្បត្តិ និងគុណវិប្បត្តិ នៃការសេពឬមិនសេពគ្រឿងស្រវឹង ព្រមទាំងការបន្ថែមពន្ធសម្រាប់ការលក់ និងការផលិត ឬនាំចូលគ្រឿងស្រវឹង គឺជារឿងល្អ។
លោកថ្លែងថា៖ «ការធ្វើពាណិជ្ជកម្មគ្រឿងស្រវឹង ជាផ្នែកមួយជួយរកចំណូលចូលរដ្ឋ ប៉ុន្តែត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឱ្យ ចំណូលបែរនាំមកនូវការខាតបង់ធនធានមនុស្សទៅវិញ ពិតណាស់ផលិតផលគ្រឿងស្រវឹងគឺជាផ្នែកមួយនៃសេដ្ឋកិច្ច តែត្រូវគិតពីផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍សាធារណៈ»។
លោក សុខ វង្ស អាយុជាង ៤០ ឆ្នាំ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និយាយថា ការផ្សព្វផ្សាយពីគ្រឿងស្រវឹងមិនថារូបភាពបែបណានោះទេ គឺមិនផ្តល់ផលចំណេញដល់សង្គមជាតិឡើយ។ ជាក់ស្តែងបច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍កើតឡើងរាល់ថ្ងៃភាគច្រើនពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូច្នេះការផ្សព្វផ្សាយតាមផ្ទាំងប៉ាណូធំៗលើដងផ្លូវ គឺមិនត្រឹមត្រូវសោះតែម្ដង។
លោកថ្លែងថា៖ «វាជះឥទ្ធិពលដល់ ពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ គាត់នឹងមានអារម្មណ៍ថា ការផឹកស្រា ការលក់ស្រា ការមានហិង្សាក្នុងគ្រួសារគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមក ពីស្រា ជារឿងធម្មតាក្នុងសង្គមរបស់ខ្លួន»។
លោកបន្ថែមថា៖ «មូលហេតុទាំងនោះ បណ្ដាលមកពីការផ្សព្វផ្សាយទូលំទូលាយពេកពីស្រា ដោយសារការផ្សព្វផ្សាយទាំងនេះបានធ្វើឱ្យអ្នកលក់រាល់ថ្ងៃ គ្មានបានគិតដល់សុខសុវត្ថិភាពអ្នកប្រើប្រាស់ទេ កូនក្មេងក៏លក់ឱ្យ ឪពុកម្ដាយផឹកកូនអង្គុយមើលពេលខ្លះផឹកជាមួយទៀត គ្រប់កម្មវិធីអត់ស្រាមិនសប្បាយ នេះហើយកើតមកពីការផ្សព្វផ្សាយទូលំទូលាយពេក»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា មានចំណុច ២ សំខាន់ៗទាក់ទងគ្នាដោយមិនអាចញែកគ្នាដាច់ ទី១ គឺទាក់ទងជាមួយនឹងការអប់រំ បញ្ហាសង្គម ប្រពៃណីវប្បធម៌ របស់ជាតិសាសន៍ ចំណែកចំណុចទី២ គឺទាក់ទងនឹងទិដ្ឋភាពសេដ្ឋកិច្ច។
លោកបញ្ជាក់ថា កន្លងមកការអប់រំពីគ្រឿងស្រវឹងមានទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ ហើយក្រសួងពាក់ព័ន្ធក៏មានការចូលរួមច្រើនផងដែរ។ ក្នុងនោះរួមមានការប្រកាសរបស់ក្រសួងសុខាភិបាលពីការប្រើប្រាស់គ្រឿងស្រវឹង ការរឹតបន្តឹង និងការអនុវត្តច្បាប់ ព្រមទាំងការចូលរួមផ្សព្វផ្សាយអប់រំពីអង្គការសង្គមស៊ីវិលផ្សេងៗផង។
ជាមួយគ្នានោះទិដ្ឋភាពក្នុងសង្គមក៏បានបង្ហាញថា កាលណាទទួលទានស្រវឹងច្រើនហួសប្រមាណ ពិតជាហេតុនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតបាត់បង់ជីវិតផងដែរ ប៉ុន្តែបញ្ហានៅត្រង់ថា តើបុគ្គលខ្លួនឯងបានយល់ បានស្តាប់ ទទួលយកការណែនាំ និងបដិបត្តិឱ្យចៀសឆ្ងាយពីគ្រឿងស្រវឹង កម្រិតណាប៉ុណ្ណោះ។ ដោយឡែកចំពោះទិដ្ឋភាពសេដ្ឋកិច្ចគឺ ក្រុមហ៊ុន រោងចក្រផលិតចែកចាយ ឬការនាំចូលគ្រឿងស្រវឹងផ្សេងៗ ក៏បានផ្តល់ផលចំណេញសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិមួយចំនួនផងដែរ ហេតុនេះការបិទសិទ្ធិ អាចនាំឱ្យប៉ះពាល់ដល់ដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងមិនអាចទៅបិទសិទ្ធិឈ្មួញ ឬក៏ខាងរោងចក្រ ឬក៏ការនាំចូលបានទេ ប៉ុន្តែធ្វើម៉េចយើងជំរុញ ការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ ការយល់ដឹងពីគ្រឿងស្រវឹងឱ្យបានច្រើន ល្អជាងការហាមប្រាមបិទសិទិ្ធ ទៅដល់ឈ្មួញ ឬអ្នកប្រកបមុខរបរអាជីវកម្មលក់គ្រឿងស្រវឹងហ្នឹងប្រសើរជាង ហើយត្រូវកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងនៅទីសាធារណៈឱ្យបានច្រើន»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ទាក់ទងនឹងការអប់រំបញ្ជ្រាបការយល់ដឹងពីគ្រឿងស្រវឹង ក្រសួងអប់រំបានដាក់ចូលក្នុងមុខវិជ្ជាជាច្រើន ក្នុងកម្មវិធីសិក្សាមានដូចជាភាសាខ្មែរ សីលធម៌ពលរដ្ឋ និងប្រវត្តិវិទ្យា ដោយសារតែ គោលដៅសំខាន់ នៃការអប់រំកម្រិតមធ្យមសិក្សា ក៏ដូចជាបឋមសិក្សា ពោលគឺនៅសាលាចំណេះទូទៅ ក្រសួងត្រូវធ្វើយ៉ាងណា ឱ្យសិស្សានុ-សិស្សក្លាយជាពលរដ្ឋល្អពេញលេញ មានទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលពលរដ្ឋល្អនេះមិនសម្រាប់តែប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកផងដែរ។
លោកស្រីថ្លែងថា៖ «ការអប់ចំណេះដឹងទាក់ទងគ្រឿងស្រវឹងនេះ ត្រូវបានបញ្ចូលទាំងមុខវិជ្ជាភាសាខ្មែរ ដែលនៅក្នុងនោះយើងបានលើកពីការអប់រំបែបព្រះពុទ្ធសាសនា ក៏ដូចជាអត្ថបទនានាក៏បង្ហាញពីតថភាពសង្គម ដែលជាលក្ខណៈអប់រំ ក្នុងនោះការណែនាំមិនឱ្យសេពគ្រឿងស្រវឹង ឬអំពើអបាយមុខផ្សេងៗ ក៏ត្រូវបានបញ្ជ្រាបយ៉ាងច្រើន»។
លោកស្រីបញ្ជាក់ថា ក្រសួងអប់រំក៏បានសហការ និងធ្វើការជាមួយមន្ទីរអប់រំជុំវិញខេត្ត ក្រុង ដើម្បីពង្រឹងបទបញ្ជាផ្ទៃក្នុង ជាក់ស្តែងក្រសួងបានចេញសេចក្តីណែនាំថ្មី ពេលបើកបវេសនកាលថ្មីឆ្នាំ ២០២៣-២០២៤ ទាក់ទងនឹងស្តង់ដាសាលារៀនគំរូ ក្នុងនោះក្រៅពីការអប់រំពីគ្រឿងស្រវឹង ក្រសួងក៏មានការណែនាំពីបញ្ហាសីលធម៌ ការរស់នៅរួមគ្នាក្នុងសាលា និងអ្វីដែលអាចធ្វើបាន ឬធ្វើមិនបាននៅក្នុងសាលារៀនផងដែរ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៣ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពេលលោកចុះបេសកកម្មនៅក្រៅប្រទេស បានទទួលព័ត៌មានពីការផ្សព្វផ្សាយហួសហេតុ ១ តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍។ ការផ្សាយនោះ គឺជាពាណិជ្ជកម្មទាក់ទងនឹងគ្រឿងស្រវឹង ដែលឱ្យយុវជនឡើងគាស់ក្រវិលកំប៉ុងស្រាបៀរហើយទទួលទានគ្រឿងស្រវឹងលើឆាកនៃការផ្សព្វផ្សាយក្នុងពេលផ្សាយផ្ទាល់ លើកម្មវិធីដែលមានអ្នកចូលមើលច្រើន។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្លាមៗលោកបានបញ្ជាពីក្រៅប្រទេសទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើការបញ្ឈប់កុំឱ្យមានការផ្សព្វផ្សាយបែបនោះទៀត។ ជាមួយការលើកឡើងនោះ លោកក៏បានផ្តាំទៅពិធីករពិធីការិនីទាំងអស់ កុំធ្វើជាគំរូក្នុងការទទួលទានគ្រឿងស្រវឹងនៅលើឆាក ឬក្នុងកម្មវិធីផ្សាយផ្ទាល់ផ្សេងៗ។
លោកថ្លែងថា៖ «ការផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូជារឿងមួយ ប៉ុន្តែត្រូវដាក់ពាក្យអប់រំភ្ជាប់ជាមួយផ្ទាំងនោះផងដូចជា «ស្រវឹងកុំបើកបរ» អ៊ីចឹងទៅ ប៉ុន្តែរឿង ១ ទៀត ក្នុងកម្មវីធីវាយបុក ហើយឱ្យមានអ្នកទៅគាស់ផឹកទៅអី គឺអត់ទេ សូមឱ្យស្ថានីយទូរទស្សន៍ទាំងអស់ឈប់ឱ្យធ្វើបែបនេះ»។
កាលពីថ្ងៃទី ៩ ខែមករា ក្រសួងព័ត៌មានបានជូនដំណឹង ក្រើនរំឭក ដល់ទៅអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិតចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសរាចរស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន ដូចជាការហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ និងមិនឱ្យជំរុញលើកទឹកចិត្ត ដោយប្រើពាក្យអូសទាញពលរដ្ឋឱ្យសេពគ្រឿងស្រវឹងហួសហេតុពេក។ មិនត្រូវ យកស្ត្រី ឬអានីតិជនក្រោម ១៨ ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះទេ ព្រោះជាហេតុនាំឱ្យប៉ះពាល់សិទ្ធិ និងតម្លៃស្ត្រីខ្មែរ។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវដាក់បញ្ជូលសារក្រើនរំឭលមួយចំនួនតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី គឺ «ពិសារគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសារដោយការទទួលខុសត្រូវ» ។
ក្រសួងក៏បានព្រមានថា នឹងទុកពេលសមស្របឱ្យធ្វើការផ្លាស់ប្តូរ និងកែសម្រួលការផ្សាយដែលប៉ះពាល់សីលធម៌សង្គម ហើយក្នុងករណីល្មើសការណែនាំ ក្រសួងនឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្មតែម្តង។
ក្រោយពីមានការប្រកាសហាមការផ្សាយហួសហេតុ ពីរឿងគ្រឿងស្រវឹងនេះ លោក សាំ ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ពិនិត្យមើលការដាក់តាំងផ្ទាំងប៉ាណូ ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ពាក់ព័ន្ធនឹងគ្រឿងស្រវឹង នៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅគោលដៅដែលមានទេសចរឆ្លងកាត់ត្រូវទម្លាក់ការដាក់តាំងផ្ទាំងផ្សព្វផ្សាយទាំងនោះចេញវិញ ដោយជំនួសមកវិញនូវការរៀបចំ តាក់តែង ឱ្យបានសមរម្យ និងមានភាពទាក់ទាញទេសចរ។
លោកបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មពិតជាបាននាំមកនូវចំណូលជូនជាតិ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើចំណូលនោះ មើលទៅមិនសមរម្យ ឬក៏ថ្លឹងថ្លែងមើលទៅមិនចាំបាច់ គួរតែផ្អាកសកម្មភាព និងរុះរើចេញ។
លោកថ្លែងថា៖ «មិនមែនអាងតែមានលុយ មានសេវាចេះតែដាក់ទេ។ ទោះបីយ៉ាងណាក៏ដោយ អ្វីដែលមិនសមរម្យ គឺខ្ញុំបញ្ជាឱ្យរុះរើ នេះជាកិច្ចការងារមួយដែលត្រូវខិតខំរួមគ្នា យើងមានសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានហើយ អាចយោងទៅលើទម្ងន់សេចក្តីប្រកាសណែនាំនោះ សូមឱ្យយន្តការទាំងអស់ពិនិត្យមើល ស្លាកការផ្សព្វផ្សាយពាណិជ្ជកម្ម»។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបានឱ្យដឹងថា វឌ្ឍនភាពក្រោយក្រសួងជូនដំណឹងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិតចែកចាយ នាំចូលស្រាបៀនោះ ក្រសួងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់មានការកែប្រែធ្វើឱ្យបានល្អប្រសើរជាងមុន ក្នុងការផ្សព្វផ្សាយសមស្រប និងសង្គមបច្ចុប្បន្ន។
លោកថ្លែងថា៖ «តាំងពីថ្ងៃដែលយើងចាប់ផ្តើមប្រជុំ ម្ចាស់ស្ថានីយទាំងអស់ បានសន្យាថានឹងគោរពតាមគោលការណ៍ និងអ្វីដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង គឺប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ទាំងអស់ធានាអនុវត្ត ហើយសម្តេចនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថែមទៀត ធ្វើឱ្យម្ចាស់ស្ថានីយជាច្រើនចូលរួម និងបានឯកភាពតាមហ្នឹងផងដែរ»។
នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាល ក៏បានចេញ សេចក្តីប្រកាសព័ត៌មាន អំពីផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង ដែលមានហានិភ័យធ្ងន់ធ្ងរដល់សុខភាព ព្រោះការទទួលទានគ្រឿងស្រវឹង នឹងធ្វើឱ្យមានជំងឺជាច្រើន ដូចជា ក្រិនថ្លើម ប្រព័ន្ធភាពស៊ាំចុះខ្សោយ មានបញ្ហាផ្លូវចិត្ត អសមត្ថភាពផ្លូវភេទ ជំងឺសសៃឈាម និងបេះដូង ធ្វើឱ្យទារកលូលាស់មិនប្រក្រតី លើសឈាម លើសអាស៊ីត លើសជាតិស្ករ មហារីកបំពង់ក បំពង់អាហារ ថ្លើម ពោះវៀន សុដន់ និងមហារីកឈាមជាដើម៕