សៀមរាបៈ ក្រៅតែពីមានសក្តានុពលផ្នែកទេសចរណ៍តាមរយៈប្រាង្គប្រាសាទនានា ខេត្តសៀមរាបក៏នៅមានតំបន់សហគមន៍ចំនួន ១៧ កន្លែងទៀត ដែលកំពុងតែរួមចំណែកទាក់ទាញភ្ញៀវបរទេសផងដែរ ក្នុងនោះគ្រាន់តែសហគមន៍រទេះក្របី ១ អាចទាក់ទាញភ្ញៀវបរទេសក្នុង ១ ខែៗ បានចន្លោះពី ៦០០ ទៅ ៧០០ នាក់។
តាមរយៈសហគមន៍រទេះក្របីនេះមិនត្រឹមតែចូលរួមបង្កើនសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ដប៉ុណ្ណោះទេ តែថែមទាំងជួយអភិរក្សនិងបង្ហាញពីគុណតម្លៃប្រពៃណីនៃការស្រឡាញ់សត្វគោក្របីរបស់ខ្មែរដល់ភ្ញៀវទេសចរបរទេសទៀតផង។ម្យ៉ាងទៀតទេសចរណ៍សហគមន៍នេះក៏បានបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏ដូចជាអ្នករស់នៅជុំវិញនោះឱ្យមានការងារធ្វើផងដែរ។នេះជាការលើកឡើងរបស់លោក ធីម សេរីវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
មិនខុសអីពីការលើកឡើងខាងលើនោះទេ ជាក់ស្តែងអ្នកស្ត្រី ចិក ធឿត អាយុ ៥៧ ឆ្នាំ ជាសមាជិកសហគមន៍រទេះក្របីនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាបបានប្រាប់ថា អ្នកស្រីមានសត្វក្របីឈ្មោលចំនួន ២ ក្បាល ហើយបានចូលជាសមាជិកក្នុងសហគមន៍រទេះក្របីនេះបានជិត ២ ឆ្នាំមកហើយ។
អ្នកស្រីបានឱ្យដឹងថា ក្នុងសត្វក្របី ១ ក្បាលសហគមន៍ឱ្យប្រាក់ខែ ៥០ ដុល្លារ ដូច្នេះបើគិតទាំងប្រាក់ខែរបស់អ្នកស្រីដែលបម្រើការនៅក្នុងសហគមន៍នេះចំនួន ១២០ ដុល្លារផងសរុបទៅបានចំនួន ២២០ ដុល្លារ ក្នុង ១ ខែ ហើយបើថ្ងៃណាមិនសូវមានភ្ញៀវគឺអ្នកស្រីអាចជួយវេចនំអន្សមក្នុងសហគមន៍សម្រាប់ធ្វើជាអាហារសម្រន់ដល់ភ្ញៀវផងដែរ។
ស្ត្រីដែលមានដើមកំណើតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាបរូបនេះបានបន្តថា អ្នកស្រីតែងក្រោកពីព្រលឹមចេញពីផ្ទះធ្វើដំណើរដោយជិះកង់មកកាន់សហគមន៍ហើយពេលល្ងាចអ្នកស្រីត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះវិញដែលមានទីតាំងនៅជិតសហគមន៍ ចំណែកក្របីរបស់អ្នកស្រីគឺទុកនៅក្នុងសហគមន៍។
អ្នកស្រីបានរៀបរាប់ថា ដោយសារមានវ័យចំណាស់ អ្នកស្រីមិនដឹងថានឹងរកចំណូលអ្វីបានតាមវិធីណាទេ។ រីឯការធ្វើស្រែចម្ការរបស់អ្នកស្រីក៏មិនសូវជាពឹងផ្អែកលើកម្លាំងសត្វគោក្របីដូចមុនទៀតដែរ ព្រោះគេប្រើម៉ាស៊ីនជំនួសកម្លាំងគោក្របីអស់ទៅហើយ តែអ្នកស្រីនៅតែស្រឡាញ់សត្វគោក្របីដដែល។
អ្នកស្ត្រី ចិក ធឿត បានប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តបើទោះជាខ្ញុំមានវ័យចំណាស់មែន តែសហគមន៍បានផ្តល់ការងារឱ្យខ្ញុំបានធ្វើគ្រាន់ចិញ្ចឹមជីវិត។ ខ្ញុំបានប្រាក់ខែនេះគ្រាន់ដោះស្រាយជីវភាពរបស់គ្រួសារខ្ញុំសមរម្យ។ការងារនេះខ្ញុំក៏ចូលរួមអភិរក្សប្រពៃណីរទេះគោ-ក្របីដែរ»។
លោក ឆេង ឆោម ជាអ្នកគ្រប់គ្រងទូទៅក្នុងសហគមន៍នេះបានឱ្យដឹងថា សហគមន៍រទេះក្របីមានម្ចាស់ជាជនជាតិកូរ៉េហើយបានជួលដីសម្រាប់ធ្វើជាសហគមន៍រទេះក្របីនេះអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។
ប៉ុន្តែនៅសម័យកូវីដ ១៩ សហគមន៍បានបិទ ៣ ឆ្នាំទើបតែបើកឡើងវិញនៅឆ្នាំ ២០២២។ ដោយឡែកបច្ចុប្បន្នសហគមន៍រទេះក្របីមានបុគ្គលិកប្រុសស្រីបម្រើការចំនួន ២០ នាក់ ដោយបានបែងចែកជាផ្នែកៗ។
ចំពោះរទេះសម្រាប់ដឹកភ្ញៀវវិញ គឺនៅរក្សាទម្រង់ជារទេះគោ-ក្របីតាមបែបខ្មែរដដែល ដោយគ្រាន់តែមានការផ្លាស់ប្តូរឈើតួរទេះខ្លះដោយសារឈើរទេះសល់ពីមុនវាពុកផុយមិនអាចទ្រទម្ងន់បាន។លោកបានបន្តថា បច្ចុប្បន្នសហគមន៍មានរទេះក្របីចំនួន ១៦ គ្រឿង ជាកម្មសិទ្ធិរបស់សហគមន៍សម្រាប់ដឹកភ្ញៀវកម្សាន្តនៅតាមភូមិឋានរបស់អ្នកស្រុកដើម្បីមើលទេសភាពវាលស្រែនិងចង់ឱ្យភ្ញៀវបរទេសស្វែងយល់ពីជីវិតរស់នៅរបស់កសិករខ្មែរផង។នេះជាអ្វីដែលសហគមន៍បម្រើដល់ភ្ញៀវដើម្បីឱ្យពួកគាត់មានអារម្មណ៍ជាមួយធម្មជាតិនិងសហគមន៍។
ចំពោះការជិះរទេះក្របីនេះ លោក ឆេង ឆោម បានឱ្យដឹងដែរ ភ្ញៀវអាចមានពេលជិះរទេះលម្ហែអារម្មណ៍បាន៣០នាទី ដោយទទួលបទពិសោធន៍ជាមួយធម្មជាតិផ្ទាល់នៅលើរទេះក្របីតែម្តង។ រីឯតម្លៃវិញក្នុងភ្ញៀវបរទេសម្នាក់ ២០ ដុល្លារ ហើយក្នុងរទេះ ១ គ្រឿងអាចជិះបាន ៣ នាក់ តែបើជាភ្ញៀវក្នុងស្រុកវិញ សហគមន៍យកតែម្នាក់ ៧ ដុល្លារប៉ុណ្ណោះ។
ក្រៅពីនោះ បន្ទាប់ពីចប់ដំណើរកម្សាន្តរួចសហគមន៍ក៏មានជានំខ្មែរដូចជា នំអន្សម និងផ្លែឈើជូនភ្ញៀវបរិភោគដោយមិនគិតថ្លៃបន្ថែមទៀតឡើយ។ ជាទម្លាប់ខ្មែរ គឺការទឹមរទេះគោក្របីគេប្រើ ១ នឹម (គោ ឬក្របី ២ ក្បាល) តែសម្រាប់សហគមន៍នេះគឺប្រើក្របីតែ ១ ក្បាលទេ ហើយវាអាចអូសរទេះបានដូចគ្នា ហើយការដែលលោកធ្វើបែបនេះ គឺដើម្បីបង្ហាត់ក្របីឱ្យវាចេះអូសរទេះតែឯងនិងមើលទៅប្លែកភ្នែកផង។
បើតាមលោក ឆេង ឆោម សមាជិកខ្លះគាត់មានក្របីខ្លួនគាត់ បើគាត់មានក្របី ១ ក្បាល គឺសហគមន៍គិត ១ ខែជូនគាត់ ៥០ ដុល្លារ ហើយបើគាត់បរទេះជូនភ្ញៀវទៀត គឺសហគមន៍ផ្តល់ប្រាក់ខែជូនគាត់ ១២០ ដុល្លារសរុប ១៧០ ដុល្លារ ក្នុង ១ ខែ។
ក៏ប៉ុន្ដែប្រសិនបើអ្នកណាមានក្របី ១ នឹម ហើយបរទេះជូនភ្ញៀវទៀតនោះគឺគាត់ទទួលបានប្រាក់ប្រចាំខែ ២២០ ដុល្លារ។ ការងារនេះបើទោះជាខែខ្លះមិនសូវមានភ្ញៀវគ្មានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងសហគមន៍ក្តីក៏ថៅកែកូរ៉េបើកជូនគាត់គ្រប់ចំនួនដែរ។ដោយក្នុងបុគ្គលិកម្នាក់ជាមធ្យមអាចដឹកភ្ញៀវបានពី ១ ជើងទៅ ២ ជើង តែមានថ្ងៃខ្លះបុគ្គលិកម្នាក់មិនបានដឹកភ្ញៀវបាន ១ ជើងក៏មាន។ក្រៅពីនេះដើម្បីជាការទាក់ទាញអារម្មណ៍ដល់ភ្ញៀវក៏មានរៀបចំជាសួនផ្កាឬជាចម្ការដំណាំផ្សេងៗនិងមានដាំស្រូវបង្កើតជាទេសភាពវាលស្រែសម្រាប់ភ្ញៀវទស្សនាតាមរដូវកាលផងដែរ។
លោកបញ្ជាក់ថា៖ «សហគមន៍រទេះក្របីបង្កើតឡើងនេះមិនសំដៅតែរកប្រាក់ចំណូលទេតែជាការជួយដល់ពលរដ្ឋរស់នៅក្នុង ឬជុំវិញសហគមន៍ឱ្យមានចំណូលចិញ្ចឹមគ្រួសារ។ម្យ៉ាងទៀតចង់អភិរក្សប្រពៃណីរទេះគោក្របីរបស់ខ្មែរយើងដែលកំពុងបាត់ទៅបន្តិចម្តងៗផង ព្រោះពីមុនមកដល់ឥឡូវនៅតែមានអ្នកដើរទិញកង់រទេះនិងរទេះគោក្របីយកទៅលក់ឱ្យប្រទេសជិតខាងទៀត»។
លោកបានថ្លែងថា សម្រាប់ភ្ញៀវជនជាតិកូរ៉េវ័យចំណាស់ៗនៅពេលគាត់ឡើងជិះរទេះគាត់សំពះក្របីសិន ហើយពេលគាត់ចុះពីរទេះវិញគាត់ក៏សំពះក្របីទៀត។
លោកគិតថា ពួកគាត់ប្រហែលចង់អរគុណ ឬសុំខមាទោសដល់សត្វក្របីដែលបម្រើពួកគាត់ ហើយពេលខ្លះភ្ញៀវកូរ៉េជាមនុស្សចាស់ខ្លះមានទឹកភ្នែករលីងរលោងទៀតផង ពីព្រោះបើតាមភ្ញៀវប្រាប់ថា ទិដ្ឋភាពជិះរទេះបែបនេះបានរំឭកពីជីវិតពិតដែលពួកគាត់ធ្លាប់បានឆ្លងកាត់បទពិសោធផ្ទាល់នៅក្នុងជីវិត។
លោក ធីម សេរីវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបឱ្យដឹងថា នៅខេត្តសៀមរាបមានផលិតផលទេសចរណ៍ជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្ត ជាពិសេសគឺបែបទេសចរណ៍សហគមន៍។ អ៊ីចឹងដំណើរការរបស់អ្នកបង្កើតសហគមន៍គឺដូចជាកម្មវិធីទេសចរណ៍របស់សហគមន៍ដែរ ដូចជាគាត់រៀបចំឱ្យមានជារទេះគោរទេះក្របីឬក៏មធ្យោបាយផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរផងនិងដើម្បីកសិករអាចទាញបានចំណូលពីវិស័យទេសចរណ៍ពីក្នុងសហគមន៍របស់គាត់ផង។
លោក សេរីវុទ្ធ បានបញ្ជាក់ថា៖ «នៅក្នុងខេត្តសៀមរាបយើងមានទេសចរណ៍សហគមន៍ចំនួន ១៧ កន្លែងគ្រាន់តែថា អ្នកខ្លះគាត់រៀបចំមានអ្វីៗក្នុងសហគមន៍បានហើយ តែមិនទាន់បានសុំចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ដូច្នេះក្នុងខេត្តរៀបមានជាទ្រង់ទ្រាយបែបជាទេសចរណ៍សហគមន៍ហ្នឹងបាន ១៧ ទីតាំងហើយ»។
បើតាមលោក សេរីវុទ្ធ តំបន់ទេសចរណ៍សហគមន៍ទាំង ១៧ ទីតាំងនេះក៏មានការរៀបចំខុសៗគ្នាទៅតាមតំបន់នីមួយៗដោយផ្អែកទៅលើសក្តានុពលដែលមានស្រាប់ ពោលគឺបើតំបន់នោះមានអីច្រើនស្រាប់គឺគាត់ធ្វើហ្នឹង ទៅតាមផលិតផលជាក់ស្តែងនីមួយៗរបស់គាត់ដូចជា កន្លែងមានសក្ដានុពលផ្នែកព្រៃឈើធម្មជាតិ មានភ្នំ និងមានទឹកធ្លាក់ជាដើម។ និយាយជារួមទៅគឺតំបន់ដែលមានភ្ញៀវទេសចរទៅលេងស្រាប់ ហើយគ្រាន់តែគេរៀបចំកែច្នៃបន្ថែមទៀតតែប៉ុណ្ណោះ៕